Cholestasis (ជំងឺដក់ទឹកប្រមាត់)

  • លក្ខណៈទូទៅ
  • មូលហេតុ
  • រោគសញ្ញា
  • រោគវិនិច្ឆ័យ
  • ការព្យាបាល
 • លក្ខណៈទូទៅ

  ជំងឺដក់ទឹកប្រមាត់ (Cholestasis) ជាស្ថានភាពនៃការថយចុះឬការឈប់នៃលំហូររបស់ទឹកប្រមាត់ ធ្វើអោយមានការដក់។

  ・ជំងឺដែលអាចបង្កជាការដក់ទឹកប្រមាត់ រួមមាន ជំងឺទាក់ទងនឹងថ្លើម បំពង់ទឹកប្រមាត់ ឬ លំពែង។

  ・ជំងឺដក់ទឹកប្រមាត់នឹងបង្ហាញជារោគសញ្ញាផ្សេងៗដូចជា ស្បែកឬផ្នែកសនៃភ្នែកប្រែជាពណ៌លឿង រមាស់ស្បែក ទឹកនោមមានពណ៌ដិត លាមកប្រែជាមានពណ៌ស្រាលនិងមានក្លិនស្អុយ ។ល។

  ・ដើម្បីស្វែងរកមូលហេតុនៃជំងឺនេះ គេភាគច្រើនត្រូវអនុវត្តការពិនិត្យទៅលើរូបភាពវេជ្ជសាស្ត្រ។

  ・ការព្យាបាលជំងឺនេះប្រែប្រួលទៅតាមមូលហេតុនៃជំងឺ ប៉ុន្តែ ក្នុងនោះគេអាចប្រើឱសថដើម្បីកាត់បន្ថយអាការៈរមាស់ស្បែកបាន។

  នៅក្នុងជំងឺដក់ទឹកប្រមាត់ គេសង្កេតឃើញមានការរាំងស្ទះនូវលំហូរនៃទឹកប្រមាត់ដែលជាសារធាតុសំខាន់ផលិតនៅក្នុងថ្លើមសម្រាប់ដំណើរការរំលាយអាហារ ដោយការស្ទះនោះអាចកើតឡើងនៅផ្នែកណាមួយនៃលំហូរពីថ្លើមទៅគល់ពោះវៀនតូច(Duodenum)។ នៅពេលដែលលំហូរនៃទឹកប្រមាត់ត្រូវរាំងស្ទះ សារធាតុពណ៌ហៅថាប៊ីលីរូប៊ីន (Bilirubin) (សារធាតុបន្សល់ពីការបំបែកកោសិកាគ្រាប់ឈាមក្រហមដែលចាស់ឬដែលបានខូចខាត)នឹងចូលទៅក្នុងរួមប្រមូលផ្ដុំច្រើននៅក្នុងសរសៃឈាម។ ជាធម្មតា សារធាតុប៊ីលីរូប៊ីននឹងភ្ជាប់ទៅនឹងសារធាតុទឹកប្រមាត់នៅក្នុងថ្លើម រួចហូរឆ្លងកាត់បំពង់ទឹកប្រមាត់ដើម្បីចូលទៅក្នុងប្រដាប់រំលាយអាហារ ហើយនឹងត្រូវបានបញ្ចេញចោលទៅក្រៅរាងកាយ។ សារធាតុប៊ីលីរូប៊ីនភាគច្រើនត្រូវបានបញ្ចេញចោលតាមលាមក ប៉ុន្តែ វាក៏អាចចូលទៅក្នុងទឹកនោមក្នុងបរិមាណតិចតួចផងដែរ។

  ទិដ្ឆភាពទូទៅនៃសរីរាង្គថ្លើមនិងថង់ទឹកប្រមាត់

  សរសៃឈាមវ៉ែនដែលភ្ជាប់ពីប្រដាប់រំលាយអាហារទៅសរីរាង្គថ្លើម(Portal vein)នឹងទទួលឈាមពីពោះវៀន ក្រពេញអណ្ដើក ក្រពេញលំពែង និង ថង់ទឹកប្រមាត់ ដើម្បីបញ្ជូនទៅក្នុងសរីរាង្គថ្លើម។ នៅពេលPortal veinចូលទៅដល់ថ្លើម វានឹងបែកខ្នែងជាពីរ ខាងឆ្វេងនិងខាងស្ដាំ រួចបែកចេញជាសរសៃឈាមតូចៗបន្តទៀតទៅគ្រប់ផ្នែកនៃថ្លើម។ ឈាមដែលហូរចេញពីសរីរាង្គថ្លើមនឹងឆ្លងកាត់សរសៃវ៉ែនថ្លើម (Hepatic vein) រួចវិលត្រឡប់ចូលប្រព័ន្ធចរន្តឈាមនៅក្នុងរាងកាយវិញ។

  អានបន្ថែម
 • មូលហេតុ

  មូលហេតុនៃជំងឺដក់ទឹកប្រមាត់ (Cholestasis) បែងចែកជាពីរ គឺ មូលហេតុនៅក្នុងថ្លើម និង មូលហេតុនៅក្រៅថ្លើម។

  មូលហេតុនៅក្នុងថ្លើម

  មូលហេតុនៃជំងឺដក់ទឹកប្រមាត់ដែលបណ្ដាលមកពីបញ្ហានៅក្នុងថ្លើម រួមមាន៖

  ・ជំងឺរលាកថ្លើមស្រួចស្រាវ

  ・ជំងឺថ្លើមបណ្ដាលមកពីគ្រឿងស្រវឹង

  ・ជំងឺក្រិនថ្លើមប្រភេទទឹកប្រមាត់គ្មានមូលហេតុច្បាស់លាស់(Primary biliary cirrhosis)ដែលមានរោគសញ្ញារលាកបំពង់ទឹកប្រមាត់និងក្រិន

  ・ជំងឺក្រិនថ្លើមដោយសាររលាកថ្លើមប្រភេទBឬប្រភេទCដែលមានរោគសញ្ញារលាកបំពង់ទឹកប្រមាត់និងក្រិន

  ・ការប្រើប្រាស់ឱសថមួយចំនួន

  ・ឥទ្ធិពលនៃអរម៉ូនទៅលើលំហូរនៃទឹកប្រមាត់ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ

  ・ជំងឺមហារីកដែលរាលដាលដល់ថ្លើម ។ល។

  មូលហេតុនៅក្រៅថ្លើម

  មូលហេតុនៃជំងឺដក់ទឹកប្រមាត់ដែលបណ្ដាលមកពីបញ្ហានៅក្នុងថ្លើម រួមមាន ការកើតក្រួសនៅក្នុងបំពង់ទឹកប្រមាត់ ការរួមតូចនៃបំពង់ទឹកប្រមាត់ ជំងឺមហារីកបំពង់ទឹកប្រមាត់ ជំងឺមហារីកក្រពេញលំពែង ជំងឺរលាកក្រពេញលំពែង ។ល។

  អានបន្ថែម
 • រោគសញ្ញា

  រោគសញ្ញាដែលសម្គាល់ជំងឺដក់ទឹកប្រមាត់ រួមមាន ខាន់លឿង(Jaundice) ទឹកនោមមានពណ៌ដិត លាមកមានពណ៌ស្លេក រមាស់ស្បែកពេញខ្លួន។ល។ ខាន់លឿងបណ្ដាលមកពីសារធាតុប៊ីលីរូប៊ីន (Bilirubin) ប្រមូលផ្ដុំច្រើននៅលើស្បែកច្រើនហួសហេតុ ហើយការបញ្ចេញសារធាតុនេះពីតម្រងនោមទៅក្នុងទឹកនោមច្រើនក៏ធ្វើអោយទឹកនោមមានពណ៌ដិតផងដែរ។ អាការៈរមាស់ស្បែកអាចបណ្ដាលមកពីការប្រមូលផ្ដុំនៃសារធាតុទឹកប្រមាត់នៅលើស្បែក។ អ្នកជំងឺអាចកើតមានដំបៅដោយសារការអេះលើស្បែកដែលរមាស់។ នៅពេលដែលលំហូរនៃសារធាតុប៊ីលីរូប៊ីនទៅក្នុងពោះវៀនមានការស្ទះ សារធាតុនេះនឹងមិនត្រូវបានបញ្ចេញចោលទៅក្រៅរាងកាយតាមរយៈលាមកទេ ដូច្នេះ វាធ្វើអោយលាមកមានពណ៌ស្លេកជាងលាមកធម្មតា។ លាមករបស់អ្នកជំងឺអាចផ្ទុកសារធាតុខ្លាញ់ច្រើន នេះដោយសារតែទឹកប្រមាត់មិនអាចហូរចូលក្នុងពោះវៀនដើម្បីជួយរំលាយសារធាតុខ្លាញ់នៅក្នុងអាហារបាន។ លាមកដែលមានសារធាតុខ្លាញ់ច្រើននឹងមានក្លិនស្អុយជាងធម្មតា។

  ប្រសិនបើនៅក្នុងពោះវៀនខ្វះទឹកប្រមាត់ នោះការស្រូបសារធាតុកាល់ស្យូមនិងវីតាមីនDក៏មិនអាចប្រព្រឹត្តទៅបានល្អដែរ។ ដូច្នេះ ករណីជំងឺដក់ទឹកប្រមាត់នៅតែបន្តជាលក្ខណៈរ៉ាំរ៉ៃ នោះរាងកាយអ្នកជំងឺនឹងកើតមានកង្វះសារធាតុចិញ្ចឹមទាំងនេះ ធ្វើអោយជាលិកាឆ្អឹងរបស់អ្នកជំងឺមានលក្ខណៈថយចុះ។ ម្យ៉ាងទៀត ការស្រូបវីតាមីនKដែលជាវីតាមីនចាំបាច់សម្រាប់ដំណើរការកំណកឈាមក៏ជួបការលំបាក ធ្វើអោយអ្នកជំងឺងាយកើតអាការៈហូរឈាម។

  ប្រសិនបើអាការៈខាន់លឿងដោយសារជំងឺដក់ទឹកប្រមាត់នៅតែបន្តទៅមុខទៀត នោះស្បែកនឹងវិវត្តទៅជាមានពណ៌ដូចដី ហើយគេឃើញកើតមានស្នាមពណ៌លឿងនៅលើស្បែកកើតឡើងដោយសារបណ្ដុំនៃសារធាតុខ្លាញ់។ រោគសញ្ញាផ្សេងទៀត ដូចជា ឈឺពោះ បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ក្ដៅខ្លួនជាដើម កើតមានអាស្រ័យទៅលើមូលហេតុដើមនៃជំងឺដក់ទឹកប្រមាត់។

  អានបន្ថែម
 • រោគវិនិច្ឆ័យ

  ・ការវាយតម្លៃពីវេជ្ជបណ្ឌិត

  ・ការពិនិត្យឈាម

  ・ ការពិនិត្យរូបភាពវេជ្ជសាស្ត្រ ដូចជា ការពិនិត្យអេកូ ជាដើម ប្រសិនបើការពិនិត្យឈាមបង្ហាញភាពខុសប្រក្រតី

  ・ការវិភាគជាលិកាថ្លើម (Liver biopsy) (ពេលខ្លះ)

  នៅពេលសង្កេតឃើញអ្នកជំងឺកើតមានអាការៈខាន់លឿង វេជ្ជបណ្ឌិតនឹងសង្ស័យថាជាជំងឺដក់ទឹកប្រមាត់ រួចនឹងវាយតម្លៃថាអាចជាមូលហេតុមកពីបញ្ហាក្នុងថ្លើមឬក្រៅថ្លើម ដោយផ្អែកទៅលើការពិនិត្យរោគសញ្ញានិងស្ថានភាពរាងកាយ។

  ករណីអ្នកជំងឺបានចាប់ផ្ដើមប្រើប្រាស់ឱសថមួយចំនួនដែលអាចបង្កផលរំខានធ្វើអោយដក់ទឹកប្រមាត់ គេចាត់ទុកថាវាមានមូលហេតុកើតឡើងនៅផ្នែកខាងក្នុងនៃថ្លើម។ ករណីអ្នកជំងឺកើតមានស្នាមនៃសរសៃឈាមតូចៗនៅលើផ្ទៃនៃស្បែក អាការៈរីកធំនៃក្រពេញអណ្ដើក និង ទាចទឹក វាបង្ហាញថាអ្នកជំងឺមានជំងឺថ្លើមរ៉ាំរ៉ៃហើយបណ្ដាលអោយកើតមានរោគសញ្ញាដក់ទឹកប្រមាត់បែបនេះ។

  រោគសញ្ញាដែលបង្ហាញថាជំងឺដក់ទឹកប្រមាត់បណ្ដាលមកពីមូលហេតុនៅខាងក្រៅថ្លើម រួមមាន អាការៈឈឺពោះប្រភេទមួយចំនួន(ផ្នែកខាងលើនៃពោះខាងស្ដាំ ឬ អាការៈឈឺចាប់លក្ខណៈដាច់ៗនៅស្មាខាងស្ដាំ) អាការៈរីកធំនៃថង់ទឹកប្រមាត់(ដឹងតាមការពិនិត្យដោយស្ទាបឬដោយរូបភាពវេជ្ជសាស្ត្រ) ។ល។

  មានរោគសញ្ញាមួយចំនួនដែលមិនអាចអោយគេសន្មតថាជាបញ្ហានៅក្នុងថ្លើមឬនៅក្រៅថ្លើម។ រោគសញ្ញាទាំងនោះរួមមាន ការបាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ជាដើម។

  ជាទូទៅ គេធ្វើការពិនិត្យឈាម ដោយវាស់កម្រិតនៃអង់ស៊ីម2ប្រភេទនៅក្នុងឈាម នោះគឺ អង់ស៊ីមAlkaline phosphatase (ALP) និង អង់ស៊ីមγ-glutamyltransferase។ អង់ស៊ីមទាំងនេះនឹងបង្ហាញកម្រិតខ្ពស់ខ្លាំងនៅក្នុងអ្នកដែលមានជំងឺដក់ទឹកប្រមាត់។ តាមរយៈការពិនិត្យកម្រិតនៃសារធាតុប៊ីលីរូប៊ីននៅក្នុងឈាមអាចអោយគេសន្មតទៅលើកម្រិតធ្ងន់ធ្ងរនៃជំងឺដក់ទឹកប្រមាត់ ប៉ុន្តែ វាមិនអាចអោយគេប៉ាន់ស្មានដឹងពីមូលហេតុនៃជំងឺនេះទេ។

  ប្រសិនបើគេសង្កេតឃើញភាពខុសប្រក្រតីនៅក្នុងលទ្ធផលពិនិត្យឈាម ភាគច្រើនគេនឹងអនុវត្តការពិនិត្យរូបភាពវេជ្ជសាស្ត្រ(ជាទូទៅគឺការពិនិត្យអេកូ)បន្តទៀត។ បន្ថែមលើការពិនិត្យអេកូ ឬ ជំនួសអោយការពិនិត្យអេកូ អាចមានករណីដែលគេអនុវត្តការពិនិត្យCTឬMRI។ ករណីគេសង្ស័យថាការដក់ទឹកប្រមាត់បណ្ដាលមកពីបញ្ហាថ្លើម គេអាចអនុវត្តការវិភាគជាលិកាថ្លើម(Liver biopsy) ដើម្បីធ្វើរោគវិនិច្ឆ័យចុងក្រោយ។

  ករណីគេសង្ស័យថាការដក់ទឹកប្រមាត់បណ្ដាលមកពីស្ថានភាពស្ទះនៅបំពង់ទឹកប្រមាត់ គេនឹងអនុវត្តការពិនិត្យរូបភាពវេជ្ជសាស្ត្រលើបំពង់ទឹកប្រមាត់កាន់តែលម្អិតជាងករណីខាងលើទៀត ដោយជាទូទៅ គេប្រើប្រាស់វិធីដូចខាងក្រោម៖

  ・Endoscopic retrograde cholangiopancreatography (ERCP): ជាការស៊កបញ្ចូលឧបករណ៍អង់ដូស្កុប(Endoscope)ពីមាត់ទៅកាន់ពោះវៀនតូច រួចចាក់បញ្ចូលសារធាតុជំនួយការថត (Contrast medium)តាមរយៈឧបករណ៍អង់ដូស្កុបនោះ ទៅក្នុងបំពង់ទឹកប្រមាត់និងបំពង់លំពែង ដើម្បីប្រើកាំរស្មីអ៊ិចថតយករូបភាពនៅផ្នែកនោះ។

  ・ Magnetic resonance cholangiopancreatography (MRCP): ជាការថតយករូបភាពMRIនៃបំពង់ទឹកប្រមាត់និងបំពង់លំពែង ដោយប្រើប្រាស់បច្ចេកវិទ្យាពិសេសធ្វើអោយផ្នែកដែលមានសារធាតុរាវនៅក្នុងបំពង់មានលក្ខណៈភ្លឺ ហើយជាលិកាជុំវិញនោះមានលក្ខណៈងងឹត។

  ・ការពិនិត្យអេកូដោយឧបករណ៍អង់ដូស្កុប (Endoscopic ultrasonography): ជាវិធីថតយករូបភាពតាមរយៈការស៊កUltrasonic probeតាមឧបករណ៍អង់ដូស្កុប ពីមាត់ទៅដល់ពោះវៀនតូច។

  អានបន្ថែម
 • ការព្យាបាល

  ・ចំពោះការស្ទះនៅបំពង់ទឹកប្រមាត់ គេព្យាបាលដោយការវះកាត់ឬដោយឧបករណ៍អង់ដូស្កុប(Endoscope)

  ・ចំពោះការស្ទះនៅផ្នែកខាងក្នុងនៃសរីរាង្គថ្លើម គេព្យាបាលទៅតាមមូលហេតុនៃជំងឺ

  ・ចំពោះអាការៈរមាស់ស្បែក គេព្យាបាលដោយប្រើឱសថColestyramine។

  ករណីភាគច្រើននៃការស្ទះនៅបំពង់ទឹកប្រមាត់ អាចព្យាបាលជាសះស្បើយដោយការវះកាត់ឬដោយឧបករណ៍អង់ដូស្កុប(Endoscope)។

  ករណីអ្នកជំងឺមានការស្ទះនៅផ្នែកខាងក្នុងនៃសរីរាង្គថ្លើម គេធ្វើការព្យាបាលទៅតាមមូលហេតុនៃជំងឺ។ ប្រសិនបើគេសង្ស័យថាបណ្ដាលមកពីការប្រើប្រាស់ឱសថ វេជ្ជបណ្ឌិតនឹងសុំអោយអ្នកជំងឺផ្អាកការប្រើប្រាស់ឱសថនោះ។ ប្រសិនបើជំងឺរលាកថ្លើមស្រួចស្រាវជាមូលហេតុនៃការដក់ទឹកប្រមាត់ កាលណាស្ថានភាពរលាកថ្លើមធូរស្រាលទៅវិញដោយឯកឯងទៅតាមពេលវេលា នោះអាការៈដក់ទឹកប្រមាត់ឬខាន់លឿងក៏បាត់ទៅវិញផងដែរ។ ចំពោះអ្នកជំងឺដក់ទឹកប្រមាត់ដែលកំពុងប្រើប្រាស់សារធាតុដែលផ្ដល់ផលប៉ះពាល់ដល់ថ្លើមដូចជាគ្រឿងស្រវឹងឬឱសថមួយចំនួនជាដើម វេជ្ជបណ្ឌិតនឹងណែនាំអោយអ្នកជំងឺឈប់ប្រើប្រាស់សារធាតុទាំងនោះ។

  សម្រាប់ការព្យាបាលអាការៈរមាស់ស្បែក គេប្រើឱសថColestyramineទម្រង់ជាថ្នាំលេប។ ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងសារធាតុម្យ៉ាងនៅក្នុងទឹកប្រមាត់ដែលស្ថិតនៅក្នុងពោះវៀន ដើម្បីទប់ស្កាត់កុំអោយសារធាតុនោះត្រូវបានស្រូបពីពោះវៀនទៅប្រមូលផ្ដុំនៅលើស្បែក។

  ប្រសិនបើការខូចខាតថ្លើមមិនសូវជាធ្ងន់ធ្ងរទេនោះ ការពិសាវីតាមីនKអាចមានប្រសិទ្ធិភាពជួយដល់បញ្ហានៅក្នុងដំណើរការកំណកឈាម។

  ករណីស្ថានភាពដក់ទឹកប្រមាត់នៅតែបន្តរយៈពេលយូរ អ្នកជំងឺអាចត្រូវប្រើប្រាស់ឱសថបំពេញសារធាតុកាល់ស្យូមនិងវីតាមីនD ប៉ុន្តែ វិធីនេះមិនសូវមានប្រសិទ្ធិភាពនៅក្នុងការបង្ការការថយចុះនៃជាលិកាឆ្អឹងបានឡើយ។

  អានបន្ថែម