Cholangiocarcinoma and Gallbladder cancer (ជំងឺមហារីកបំពង់ទឹកប្រមាត់និងជំងឺមហារីកថង់ទឹកប្រមាត់)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ・ជំងឺមហារីកបំពង់ទឹកប្រមាត់និងជំងឺថង់ទឹកប្រមាត់ (Cholangiocarcinoma and Gallbladder cancer) ជាជំងឺដែលកម្រកើតមាន។

    ・ជាទូទៅ គេពិនិត្យរកឃើញជំងឺមហារីកទាំងនេះតាមរយៈការពិនិត្យអេកូ។

    ・ជំងឺមហារីកនៅផ្នែកនេះនៃរាងកាយអាចបណ្ដាលអោយបាត់បង់ជីវិត ប៉ុន្តែ គេអាចព្យាបាលរោគសញ្ញានៃជំងឺទាំងនេះបាន។

    ជំងឺមហារីកបំពង់ទឹកប្រមាត់ជាករណីកម្រ។ មហារីកអាចកើតមាននៅផ្នែកណាក៏បាននៃបំពង់ទឹកប្រមាត់ ប៉ុន្តែ វាច្រើនកើតមាននៅបំពង់ទឹកប្រមាត់ដែលស្ថិតនៅក្រៅសរីរាង្គថ្លើម។ វ័យចាស់និងជំងឺរលាកបំពង់ទឹកប្រមាត់លក្ខណៈក្រិននិងមិនមានមូលហេតុច្បាស់លាស់ (Primary sclerosing cholangitis) ជាកត្តាដែលបង្កហានិភ័យខ្ពស់ធ្វើអោយកើតមានជំងឺមហារីកបំពង់ទឹកប្រមាត់។

    ជំងឺមហារីកថង់ទឹកប្រមាត់ក៏ជាករណីកម្រផងដែរ។ អ្នកជំងឺមហារីកថង់ទឹកប្រមាត់ស្ទើរតែទាំងអស់កើតមានជំងឺក្រួសក្នុងប្រមាត់។ ប្រសិនបើកើតមានជំងឺមហារីកថង់ទឹកប្រមាត់ហើយ អ្នកជំងឺភាគច្រើនអាចមានជីវិតត្រឹមប៉ុន្មានខែទៀតប៉ុណ្ណោះ។ ជំងឺមហារីកនេះ ច្រើនកើតមានចំពោះអ្នកដែលមានក្រួសក្នុងប្រមាត់ទំហំធំ ឬ អ្នកដែលមានការរលាកថង់ទឹកប្រមាត់លក្ខណៈរ៉ាំរ៉ៃនិងធ្ងន់ធ្ងរហើយមានជាលិកាក្រិនទំហំធំនៅថង់ទឹកប្រមាត់។

    ករណីខ្លះគេរកឃើញដុំសាច់លក្ខណៈស្លូតហៅថាប៉ូលីព (Polyp) កើតមាននៅក្នុងថង់ទឹកប្រមាត់។ ប៉ូលីពកម្រនឹងបង្កជា

    រោគសញ្ញាផ្សេងៗ ឬ ត្រូវការការព្យាបាលណាស់។ ករណីបែបនេះច្រើនរកឃើញចំពោះមនុស្សប្រមាណ5%តាមរយៈការពិនិត្យអេកូ។

    ពេលខ្លះ ជាលិកាមហារីកអាចធ្វើអោយស្ទះដល់លំហូរនៃទឹកប្រមាត់ ប៉ុន្តែ ការស្ទះស្ទើរតែទាំងអស់គឺបណ្ដាលមកពីក្រួសក្នុងប្រមាត់។ ទោះជាមានភាគរយតិចក៏ដោយ ក៏អាចមានករណីដែលជាលិកាមហារីកដែលកើតនៅផ្នែកផ្សេងទៀតនៃរាងកាយរាលដាលទៅជាលិកាក្បែរនោះឬឆ្លងចូលសរីរាង្គកូនកណ្ដុរដែលនៅជិតនោះ ហើយធ្វើអោយស្ទះដល់បំពង់ទឹកប្រមាត់។ ជាលិកាមហារីកលក្ខណៈស្លូតដែលកើតមាននៅបំពង់ទឹកប្រមាត់ក៏អាចធ្វើអោយមានការស្ទះនៅបំពង់ទឹកប្រមាត់ផងដែរ។

    អានបន្ថែម
  • រោគសញ្ញា

    រោគសញ្ញានៃជំងឺមហារីកបំពង់ទឹកប្រមាត់ ច្រើនចាប់ផ្ដើមកើតមាននៅពេលដែលអ្នកជំងឺមានអាយុ50~70ឆ្នាំ។ រោគសញ្ញានៅដំណាក់កាលដំបូងរួមមានដូចខាងក្រោម។

    ・ខាន់លឿង (រោគសញ្ញានៃស្បែកនិងផ្នែកសនៃភ្នែកប្រែទៅជាពណ៌លឿង)កាន់តែធ្ងន់ធ្ងរ

    ・អារម្មណ៍មិនស្រួលក្នុងពោះ

    ・បាត់បង់ចំណង់អាហារ

    ・ស្រកទម្ងន់

    ・រមាស់ស្បែក

    រោគសញ្ញានឹងកាន់តែធ្ងន់ធ្ងរទៅៗបន្តិចម្ដងៗ។ ពេលខ្លះ អាការៈឈឺពោះខ្លាំងកើតមាននិងបន្តជាប់រហូត ដោយជាទូទៅ វាកើតឡើងដោយសារការស្ទះនៅបំពង់ទឹកប្រមាត់។ លាមកអាចប្រែពណ៌ទៅជាស្លេក។ អ្នកជំងឺនឹងមានអារម្មណ៍អស់កម្លាំងនិងមិនស្រួលក្នុងរាងកាយ។

    ជំងឺមហារីកថង់ទឹកប្រមាត់ក៏បង្ហាញរោគសញ្ញាដូចខាងលើដែរ។ ផ្ទុយទៅវិញ ជំងឺកើតមានប៉ូលីពនៅថង់ទឹកប្រមាត់ស្ទើរតែទាំងអស់នឹងមិនបង្ហាញជារោគសញ្ញាអ្វីនោះទេ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ករណីគេពិនិត្យឃើញថាមានការស្ទះនៅបំពង់ទឹកប្រមាត់ ហើយមិនអាចកំណត់មូលហេតុផ្សេងទៀតបាន គេនឹងសង្ស័យថាអ្នកជំងឺកំពុងកើតមានជំងឺមហារីកបំពង់ទឹកប្រមាត់ឬជំងឺមហារីកថង់ទឹកប្រមាត់ហើយ ជាពិសេស ចំពោះអ្នកដែលមានជំងឺរលាកបំពង់ទឹកប្រមាត់លក្ខណៈក្រិននិងមិនមានមូលហេតុច្បាស់លាស់ (Primary sclerosing cholangitis) ដូច្នេះ អ្នកជំងឺបែបនេះ ត្រូវទទួលការពិនិត្យឈាមជាប្រចាំដើម្បីរកវត្តមាននៃសារធាតុដែលបញ្ចេញពីជាលិកាមហារីក (Tumor marker) ក្រែងមានការកើតជំងឺមហារីកទាំងនេះ។

    រោគវិនិច្ឆ័យត្រូវបានកំណត់តាមរយៈការពិនិត្យរូបភាព។ ជាទូទៅ ដំបូងគេអនុវត្តការពិនិត្យដោយអេកូ។ ករណីខ្លះ ក៏មានការពិនិត្យCTផងដែរ ប៉ុន្តែ ភាគច្រើន លទ្ធផលមិនបង្ហាញការវិនិច្ឆ័យច្បាស់លាស់នោះទេ។ ដូច្នេះ ជាទូទៅ គេអនុវត្តការថតCTក្រោយចាក់បញ្ចូលសារធាតុជំនួយការថត (Contrast medium) ឬ ប្រើប្រាស់ការពិនិត្យMRCP (Magnetic resonance cholangiopancreatography)។

    ប្រសិនបើការពិនិត្យរូបភាពមិនអាចបង្ហាញលទ្ធផលច្បាស់លាស់ទេ គេនឹងអនុវត្តការពិនិត្យ ERCP (Endoscopic retrograde cholangiopancreatography)។ នៅក្នុងវិធីនេះ គេនឹងស៊កបញ្ចូលឧបករណ៍អង់ដូស្កុបពីមាត់ទៅដល់ពោះវៀនតូចរួចស៊កសរសៃលួស(Catheter)តាមឧបករណ៍អង់ដូស្កុបនោះ និងបញ្ចូលសារធាតុជំនួយការថត (Contrast medium)តាមសរសៃលួស(Catheter)ទៅក្នុងបំពង់ទឹកប្រមាត់។ បន្ទាប់មក គេអនុវត្តការថតដោយបញ្ចាំងកាំរស្មីអ៊ិច ដើម្បីពិនិត្យមើលរកផ្នែកមិនប្រក្រតី។ តាមរយៈវិធីនេះ មិនត្រឹមតែអាចថតយករូបភាពនោះទេ គេក៏អាចច្រឹបយកសំណាកជាលិកាដើម្បីយកមកពិនិត្យនៅក្រោមមីក្រូទស្សន៍បានផងដែរ។

    ក្រោយអនុវត្តការពិនិត្យខាងលើ ក្នុងករណីដែលគេសង្ស័យខ្លាំងថាជាមហារីក ប៉ុន្តែ មិនអាចវិនិច្ឆ័យច្បាស់លាស់ គេអាចអនុវត្តបន្តដោយចាក់ម្ជុលតូចមួយពីលើស្បែកទៅកាន់ផ្នែកដែលគេសង្ស័យថាខុសប្រក្រតី ដើម្បីទាញយកជាលិកាសំណាក។ ការចាក់ម្ជុលនេះ វេជ្ជបណ្ឌិតនឹងចាក់ដល់ចំណុចគោលដៅ ដោយផ្អែកទៅលើរូបភាពដែលបានពីការថតអេកូឬការថតCT។

    ដើម្បីពិនិត្យអំពីកម្រិតរាលដាលនៃមហារីក គេអាចនឹងចាំបាច់ត្រូវវះបើកក្នុងទំហំធំដើម្បីមើលផ្នែកដែលមានបញ្ហានោះដោយផ្ទាល់ ដោយនោះជាការវះកាត់បើកពោះ។

    អានបន្ថែម
  • ការព្យាបាល

    ជំងឺមហារីកបំពង់ទឹកប្រមាត់និងជំងឺមហារីកថង់ទឹកប្រមាត់ ស្ទើរគ្រប់ករណី នឹងឆក់យកជីវិតរបស់អ្នកជំងឺ ដោយការព្យាបាលគឺមានប្រយោជន៍ត្រឹមតែដើម្បីគ្រប់គ្រងរោគសញ្ញាប៉ុណ្ណោះ។

    ដើម្បីធ្វើអោយមានលំហូរនៃទឹកប្រមាត់ឡើងវិញនៅផ្នែកដែលស្ទះ គេប្រើវិធីស៊កបញ្ចូលសរសៃលួស(Stent)ដើម្បីបើកផ្នែកដែលកំពុងស្ទះ។ វិធីនេះអាចគ្រប់គ្រងអាការៈឈឺចាប់និងកាត់បន្ថយអាការៈរមាស់ស្បែករបស់អ្នកជំងឺ។ គេអាចបញ្ចូលសរសៃលួស(Stent)នេះនៅក្នុងពេលកំពុងអនុវត្តការពិនិត្យ ERCP។

    ករណីខ្លះ វេជ្ជបណ្ឌិតអាចអនុវត្តការវះកាត់យកជាលិកាមហារីកប្រភេទកាចចេញ ប៉ុន្តែ នៅតែមិនអាចវះកាត់យកចេញបានទាំងស្រុងនោះទេ។ ការព្យាបាលដោយឱសថប្រឆាំងមហារីកឬហៅថាការព្យាបាលដោយគីមី (Chemotherapy) និង ការព្យាបាលដោយវិទ្យុសកម្ម កំពុងស្ថិតក្នុងការស្រាវជ្រាវ។ ក្នុងករណីដែលជាលិកាមហារីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ការព្យាបាលដោយគីមីអាចកាត់បន្ថយរោគសញ្ញាបានមួយកម្រិត ប៉ុន្តែ វាមិនអាចជួយពន្យាជីវិតរបស់អ្នកជំងឺបានឡើយ។

    ក្នុងករណីដែលវេជ្ជបណ្ឌិតរកឃើញមហារីកថង់ទឹកប្រមាត់ដំណាក់កាលស្រាលនៅក្នុងពេលកំពុងវះកាត់ជំងឺក្រួសក្នុងប្រមាត់ គេអាចវះកាត់យកថង់ទឹកប្រមាត់ចេញតែម្ដង ដោយការធ្វើបែបនេះពេលខ្លះអាចធ្វើអោយអ្នកជំងឺជាសះស្បើយពីជំងឺមហារីកទាំងនេះ។

    អានបន្ថែម