Angina pectoris (ជំងឺត្បៀតសរសៃឈាមបេះដូង ឬ ជំងឺចុកទ្រូង)

  • លក្ខណៈទូទៅ
  • មូលហេតុ
  • បំណែងចែកប្រភេទ
  • រោគសញ្ញា
  • រោគវិនិច្ឆ័យ
  • ការវិវត្តនៃជំងឺ
  • ការព្យាបាល
 • លក្ខណៈទូទៅ

  ជំងឺត្បៀតសរសៃឈាមបេះដូង ឬ ជំងឺចុកទ្រូង ជាជំងឺដែលរួមមានអាការៈឈឺចាប់នៅទ្រូងឬអាការៈថប់ទ្រូងរយៈពេលខ្លី ដែលកើតឡើងដោយសារការខ្វះអុកស៊ីសែនផ្គត់ផ្គង់ទៅដល់កោសិកាសាច់ដុំនៃបេះដូង។

  ・ជំងឺត្បៀតសរសៃឈាមបេះដូង ជាទូទៅ បង្កអាការៈនៅពេលរាងកាយចាប់ផ្ដើមឬកំពុងធ្វើសកម្មភាព ហើយអាការៈនេះបាត់ទៅវិញនៅពេលរាងកាយសម្រាក។

   ・វេជ្ជបណ្ឌិតវិនិច្ឆ័យជំងឺនេះ ដោយផ្អែកទៅលើរោគសញ្ញា លទ្ធផលពិនិត្យចង្វាក់បេះដូង និង លទ្ធផលនៃការថតរូបភាពសរីរាង្គ។

   ・នៅក្នុងការព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូង គេប្រើឱសថជាច្រើនប្រភេទ រួមមាន ឱសថប្រភេទអាស៊ីតនីទ្រិច(Nitrovasodilator) ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β Blockers) ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(Calcium channel blocker) និង អាចអនុវត្តការវះកាត់ រួមមាន ការវះកាត់បញ្ចូលសរសៃលួស (PCI ឬ PTCA)និងការវះកាត់តភ្ជាប់សរសៃឈាមបេះដូង(CABG)។

  អានបន្ថែម
 • មូលហេតុ

  ជាទូទៅ ជំងឺត្បៀតសរសៃឈាមបេះដូងកើតឡើងដោយសារការផ្គត់ផ្គង់ឈាមក៏ដូចជាអុកស៊ីសែនទៅកាន់បេះដូងតិចជាងតម្រូវការធម្មតារបស់បេះដូង។ នៅពេលសរសៃអាកទែបេះដូងកើតមានការត្បៀតធ្វើអោយវារួមតូច វានឹងបង្កអោយចលនាឈាមហូរប្រព្រឹត្តទៅមិនបានពេញលេញ។ ការត្បៀតសរសៃឈាមបែបនេះ ជាទូទៅ កើតឡើងដោយសារការផ្ដុំគ្នាច្រើននៃសារធាតុខ្លាញ់នៅតាមសរសៃអាកទែ(ជំងឺរឹងសរសៃអាកទែ(Arteriosclerosis)) ឬ អាចកើតឡើងដោយសារសកម្មភាពកន្ត្រាក់រួមតូចនៃសរសៃអាកទែបេះដូង។

  ជំងឺរឹងសរសៃអាកទែ(Arteriosclerosis)នឹងបង្កអោយកើតមានជំងឺត្បៀតសរសៃឈាមបេះដូង នៅពេលរាងកាយធ្វើសកម្មភាពញឹកញាប់ឬនៅពេលទទួលរងសម្ពាធផ្នែកស្មារតី ព្រោះនៅពេលនោះ បេះដូងនឹងធ្វើការងារលើសពីធម្មតានិងត្រូវការអុកស៊ីសែនច្រើនជាងធម្មតា។ ប្រសិនបើមានការស្ទះនៅសរសៃអាកទែលើសពី70% នោះវាអាចធ្វើអោយអាការៈនៃជំងឺត្បៀតសរសៃឈាមបេះដូងកើតឡើងទាំងនៅពេលដែលរាងកាយមិនធ្វើសកម្មភាព(សម្រាក)ផងដែរ។

  ការមានជំងឺខ្វះឈាម(ជំងឺស្លេកស្លាំង)កម្រិតធ្ងន់ធ្ងរ ក៏អាចជាមូលហេតុនៃការកើតមានជំងឺត្បៀតសរសៃឈាមបេះដូងផងដែរ ព្រោះការថយចុះនៃគ្រាប់ឈាមក្រហមឬអេម៉ូក្លូប៊ីនដែលមានតួនាទីដឹកជញ្ជូនអុកស៊ីសែនក្នុងរាងកាយ អាចធ្វើអោយការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់បេះដូងមិនគ្រប់គ្រាន់។

  មានមូលហេតុផ្សេងៗទៀតដែលបង្កអោយកើតមានជំងឺត្បៀតសរសៃឈាមបេះដូង រួមមានដូចជា ជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ ការត្បៀតប្រើសនៃសរសៃអាកទែធំ ការច្រាលឈាមនៅប្រើសនៃសរសៃអាកទែធំ ការឡើងក្រាស់នៃជញ្ជាំងថតក្រោមនៃបេះដូង ដោយសារតែស្ថានភាពទាំងនេះបង្កអោយមានការកើនឡើងនៃតម្រូងការអុកស៊ីសែនក្នុងបេះដូង ឬ ធ្វើអោយផ្លូវចូលនៃឈាមនាំអុកស៊ីសែនចូលទៅកាន់បេះដូងរួមតូចចង្អៀត។

  អានបន្ថែម
 • បំណែងចែកប្រភេទ

  ជំងឺត្បៀតសរសៃឈាមបេះដូងពេលយប់(Nocturnal angina)- អាការៈត្បៀតសរសៃឈាមបេះដូងកើតឡើងនៅពេលកំពុងគេងនៅពេលយប់។

  ជំងឺត្បៀតសរសៃឈាមបេះដូងមានលំនឹង(Stable angina) - អាការៈត្បៀតសរសៃឈាមបេះដូងកើតឡើងនៅពេលធ្វើចលនាឬទទួលអារម្មណ៍តានតឹង ដោយអាការៈឈឺចាប់ឬពិបាកនៅទ្រូងទាំងនេះ ច្រើនកើតឡើងនៅពេលចាប់ផ្ដើមធ្វើសកម្មភាពមួយចំនួនច្បាស់លាស់ដែលគេអាចស្មានដឹងមុន។

  ជំងឺត្បៀតសរសៃឈាមបេះដូងពេលសម្រាក(Angina at rest) - អាការៈត្បៀតសរសៃឈាមបេះដូងកើតឡើងនៅពេលទម្រេតខ្លួនមិនថាពេលថ្ងៃឬពេលយប់ ដោយគេមិនអាចស្មានដឹងពីរំញោចធ្វើអោយកើតអាការៈបានច្បាស់លាស់នោះទេ។ ជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទនេះកើតមានដោយសារចលនានៃសារធាតុរាវនៅក្នុងរាងកាយដែលទទួលឥទ្ធិពលពីទំនាញផែនដីធ្វើឱ្យប្រមូលផ្តុំច្រើនហួសហេតុនៅផ្នែកណាមួយនៃរាងកាយ។ ចលនានៃសារធាតុរាវនៅក្នុងរាងកាយបែបនេះអាចបង្កជាបន្ទុកដល់មុខងារនៃបេះដូង។

  ជំងឺត្បៀតសរសៃឈាមបេះដូងទម្រង់មិនប្រក្រតី(Variant angina) - អាការៈត្បៀតសរសៃឈាមបេះដូងកើតឡើងដោយសារការកន្ត្រាក់ជាប់រហូតនៃសរសៃអាកទែធំរបស់បេះដូង។ ជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទនេះច្រើនបង្កអាការៈនៅពេលរាងកាយសម្រាកមិនធ្វើសកម្មភាព ហើយបង្ហាញរូបភាពចង្វាក់បេះដូងលក្ខណៈពិសេសខុសគេនៅពេលកំពុងកើតមានអាការៈត្បៀតសរសៃឈាមបេះដូង។

  ជំងឺត្បៀតសរសៃឈាមបេះដូងមិននឹងនរ(Unstable angina) - អាការៈត្បៀតសរសៃឈាមបេះដូងផ្លាស់ប្ដូរទម្រង់ជាញឹកញាប់។ ឧទាហរណ៍ ដូចជា អាការៈឈឺចាប់កាន់តែខ្លាំងទៅៗឬកាន់តែញឹកញាប់ទៅៗ ឬ ប្រែប្រួលនៅពេលរាកកាយសម្រាកឬប្ដូរចលនាបន្តិចបន្តួច។ មូលហេតុនៃស្ថានភាពបែបនេះ ជាទូទៅ បណ្ដាលមកពីការបែកធ្លាយនៃបណ្ដុំខ្លាញ់ឬការកកើតកំណកឈាមនៅក្នុងសរសៃឈាមធ្វើអោយសរសៃឈាមរួមតូចភ្លាមៗ។ វាអាចវិវត្តទៅជាជំងឺស្ទះសរសៃឈាមបេះដូងដែលមានគ្រោះថ្នាក់ដល់អាយុជីវិត។

  អានបន្ថែម
 • រោគសញ្ញា

  អាការៈនៃជំងឺត្បៀតសរសៃឈាមបេះដូង ជាទូទៅ កើតឡើងនៅពេលអ្នកជំងឺចាប់ផ្ដើមធ្វើចលនារាងកាយ ហើយមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ អាការៈនឹងធូរស្បើយវិញនៅពេលអ្នកជំងឺសម្រាក។ នៅក្នុងចំណោមនោះ មានប្រភេទអាការៈខ្លះដែលអ្នកជំងឺអាចស្មានដឹងអំពីកម្រិតនៃការធ្វើចលនារបស់ខ្លួនដែលអាចបង្កអោយកើតមានអាការៈភ្លាមៗ ប៉ុន្តែ ក៏មានប្រភេទខ្លះដែលគេមិនអាចស្មានដឹងអំពីពេលណានឹងកើតមានអាការៈនោះទេ។ អាការៈនៃជំងឺត្បៀតសរសៃឈាមបេះដូងអាចងាយកើតឡើងនៅពេលអ្នកជំងឺធ្វើសកម្មភាពផ្សេងៗក្រោយបរិភោគអាហាររួច ហើយក៏ងាយកើតឡើងនៅពេលអាកាសធាតុប្រែជាត្រជាក់ផងដែរ ជាពិសេសនៅពេលអ្នកជំងឺដើរលេងនៅថ្ងៃដែលមានខ្យល់ខ្លាំងឬចេញពីបន្ទប់ដែលក្ដៅទៅកន្លែងដែលត្រជាក់ភ្លាមៗ។ អាការៈត្បៀតសរសៃឈាមបេះដូងក៏អាចកើតឡើងដោយសារអារម្មណ៍តានតឹង(ស្ត្រេស)ផងដែរ រួមទាំង អារម្មណ៍ប៉ះទង្គិចខ្លាំងឬសុបិន្តអាក្រក់នៅក្នុងពេលសម្រាន្តជាដើម។

  អ្នកដែលមានបញ្ហាខ្វះអុកស៊ីសែនទៅទ្រទ្រង់មុខងារបេះដូងមិនប្រាកដថានឹងបង្ហាញជាអាការៈត្បៀតសរសៃឈាមបេះដូងនោះទេ។ អាចមានករណីខ្លះដែលស្ថានភាពកង្វះអុកស៊ីសែនទៅកាន់បេះដូងមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ (ជំងឺSilent Myocardial Ischemia)។ មូលហេតុដែលជំងឺនេះមិនបង្ហាញរោគសញ្ញានៅមិនទាន់ត្រូវបានគេយល់ច្បាស់នៅឡើយទេ។ ទោះជាមិនមានរោគសញ្ញាក៏ដោយ ក៏ជំងឺនេះជាស្ថានភាពគ្រោះថ្នាក់ដូចគ្នាទៅនឹងជំងឺត្បៀតសរសៃឈាមបេះដូងផងដែរ។

  រោគសញ្ញាចំពោះមនុស្សចាស់

  ជាទូទៅ ជំងឺត្បៀតសរសៃឈាមបេះដូងបង្ហាញអាការៈឈឺចាប់ឬអារម្មណ៍ថប់នៅផ្នែកខាងក្រោយនៃឆ្អឹងទ្រូង ប៉ុន្តែ មនុស្សភាគច្រើនមិនទទួលអារម្មណ៍ថាឈឺចាប់នោះទេ ប៉ុន្តែ ពួកគេច្រើនរៀបរាប់ថាជាអារម្មណ៍មិនស្រួលឬអារម្មណ៍ដូចត្រូវគេសង្កត់។ ម្យ៉ាងទៀត អាការៈទាំងនោះអាចបង្ហាញនៅផ្នែកស្មា ផ្នែកខាងក្នុងនៃដៃ ខ្នង បំពង់ក ចង្កា ធ្មេញ ជាដើម។

  ចំពោះមនុស្សចាស់ អាការៈអាចខុសប្លែកពីធម្មតា ដូច្នេះ វេជ្ជបណ្ឌិតអាចធ្វើរោគវិនិច្ឆ័យខុស។ ឧទាហរណ៍ មនុស្សចាស់មិនសូវមានអាការៈឈឺចាប់នៅទ្រូងទេ ប៉ុន្តែ ពួកគាត់អាចទទួលអារម្មណ៍ឈឺចាប់នៅខ្នងឬស្មា ដែលធ្វើអោយច្រឡំថាជាជំងឺរលាកសន្លាក់។ ម្យ៉ាងទៀត អាការៈមិនស្រួលអាចបង្ហាញនៅផ្នែកជុំវិញក្រពះ ក៏ដូចជា អាការៈហើមពោះ ដក់ខ្យល់ក្នុងពោះ ជាដើម ជាពិសេស អាការៈបែបនេះច្រើនកើតមាននៅក្រោយពេលបរិភោគអាហារ (មូលហេតុដោយសារក្រោយពេលបរិភោគអាហារ រាងកាយត្រូវការឈាមក្នុងបរិមាណច្រើនដើម្បីជម្រុញដំណើរការរំលាយអាហារ)។ បែបនេះ គេអាចច្រឡំថាអាការៈទាំងនេះបណ្ដាលមកពីជំងឺដំបៅក្រពះឬជំងឺពិបាករំលាយអាហារ។ ក្នុងករណីខ្លះ អាការៈទាំងនេះអាចធូរស្បើយមកវិញ ក្រោយពេលអ្នកជំងឺភើ។ ម្យ៉ាងទៀត មនុស្សចាស់ដែលមានជំងឺវង្វេងឬភ្លេចភ្លាំងអាចនឹងមិនអាចប្រាប់អំពីអាការៈឈឺចាប់របស់ខ្លួនទៅអ្នកដទៃបាន។

  អាការៈត្បៀតសរសៃឈាមបេះដូងអាចមានលក្ខណៈខុសគ្នារវាងបុរសនិងស្ត្រី ដោយស្ត្រីភាគច្រើនទទួលអារម្មណ៍ឈឺចាប់នៅផ្នែកខ្នង ស្មា ឬអារម្មណ៍ក្ដៅក្រហាយនៅចង្កា ឬ អារម្មណ៍ថប់ដូចត្រូវគេសង្កត់។

  អានបន្ថែម
 • រោគវិនិច្ឆ័យ

  ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺត្បៀតសរសៃឈាមបេះដូង ច្រើនផ្អែកលើការរៀបរាប់អំពីរោគសញ្ញារបស់អ្នកជំងឺ។ ការត្រួតពិនិត្យរាងកាយឬការពិនិត្យចង្វាក់បេះដូង ពេលខ្លះមិនបង្ហាញភាពអប្រក្រតីដែលអាចអោយវេជ្ជបណ្ឌិតដឹងអំពីជំងឺនេះបានទេ ប្រសិនបើត្រួតពិនិត្យនៅចន្លោះពេលដែលអ្នកជំងឺគ្មានអាការៈកើតឡើង។ នៅពេលកំពុងកើតមានអាការៈត្បៀតសរសៃឈាមបេះដូង ល្បឿនកន្ត្រាក់បេះដូង(Heart rate, HR)អាចកើនឡើងបន្តិចបន្តួច ហើយសម្ពាធឈាមក៏កើនឡើង ដូច្នេះ វេជ្ជបណ្ឌិតអាចដឹងបានតាមរយៈការប្រើឧបករណ៍ស្ដាប់ចង្វាក់បេះដូង។ ម្យ៉ាងទៀត ភាពអប្រក្រតីនៃសកម្មភាពកន្ត្រាក់របស់បេះដូងអាចពិនិត្យដឹងតាមរយៈឧបករណ៍ត្រួតពិនិត្យចង្វាក់បេះដូង(ECG)។

  ប្រសិនបើជាជំងឺត្បៀតសរសៃឈាមបេះដូងទូទៅ គេអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយស្រួល ដោយផ្អែកលើព័ត៌មានទាក់ទងនឹងប្រភេទនៃអាការៈឈឺចាប់ កន្លែងដែលកើតមានអាការៈឈឺចាប់ ការប្រែប្រួលទៅតាមការធ្វើចលនារាងកាយ ការបរិភោគអាហារ អាកាសធាតុនិងកត្តាផ្សេងៗទៀតគួរជាទីកត់សម្គាល់។

  មានវិធីត្រួតពិនិត្យមួយចំនួនដែលអាចអោយយើងដឹងអំពីបរិមាណខ្វះខាតឈាមទៅកាន់បេះដូង និង ធ្វើរោគវិនិច្ឆ័យទៅលើជំងឺផ្សេងៗទៀតទាក់ទងនឹងសរសៃអាកទែក្នុងបេះដូង ព្រមទាំងអាចអោយយើងវាយតម្លៃទៅលើស្ថានភាពវិវត្តនៃជំងឺទាំងអស់នោះ។ វិធីត្រួតពិនិត្យទាំងនោះរួមមាន វិធីបន្ថែមបន្ទុកទៅលើបេះដូងដោយលំហាត់ប្រាណ(Cardiac stress test) វិធីពិនិត្យបេះដូងដោយអេកូសាស្ត្រ(Echocardiography) វិធីពិនិត្យដោយថតរូបភាពសរសៃអាកទែបេះដូង(Coronary angiogram) វិធីតាមដានចង្វាក់បេះដូង(ECG) វិធីពិនិត្យដោយការថតCT និង វិធីពិនិត្យដោយការថតMRI។ល។

  ការធ្វើរោគវិនិច្ឆ័យតាមវិធីបន្ថែមបន្ទុកទៅលើបេះដូងដោយលំហាត់ប្រាណ(Cardiac stress test)

  នៅពេលសរសៃអាកទែបេះដូងមានការស្ទះនៅផ្នែកណាមួយ បេះដូងក៏នៅតែអាចផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ដែរ ប្រសិនបើរាងកាយស្ថិតក្នុងស្ថានភាពសម្រាកធម្មតា ប៉ុន្តែ នៅពេលដែលបេះដូងមានសកម្មភាពកើនឡើង ការផ្គត់ផ្គង់ឈាមនឹងមិនបានគ្រប់គ្រាន់ទាន់ពេលវេលា។ នៅក្នុងវិធីនេះ គេនឹងអោយអ្នកជំងឺធ្វើលំហាត់ប្រាណ ដូចជាដើរលើម៉ាស៊ីនរត់ឬធាក់កង់ជាដើម ដើម្បីបង្កើនសកម្មភាពរបស់បេះដូង។ ក្នុងករណីអ្នកជំងឺជាអ្នកដែលមិនអាចធ្វើលំហាត់ប្រាណបាន គេនឹងអោយអ្នកជំងឺពិសាថ្នាំដែលបង្កើនល្បឿនកន្ត្រាក់របស់បេះដូង។ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធីនេះ គេនឹងតាមដានស្ថានភាពប្រែប្រួលនៃចង្វាក់បេះដូងរបស់មនុស្ស ដើម្បីសង្កេតមើលភាពខុសប្រក្រតីនៃកង្វះការផ្គត់ផ្គង់ឈាមដែលអាចកើតមានឡើង។ នៅក្រោយពេលគេបន្ថែមបន្ទុកបែបនេះរួចហើយ ជាទូទៅ គេនឹងបន្តពិនិត្យដោយអេកូសាស្ត្រឬការពិនិត្យដោយRadio Isotope ដើម្បីដឹងអំពីផ្នែកនៃរាងកាយដែលកំពុងខ្វះការផ្គត់ផ្គង់ឈាមអោយបានកាន់តែច្បាស់។ ការពិនិត្យទាំងនេះមានប្រយោជន៍នៅក្នុងការវិនិច្ឆ័យដើម្បីដឹងថាតើចាំបាច់ត្រូវអនុវត្តការពិនិត្យដោយថតសរសៃអាកទែឬការវះកាត់តភ្ជាប់សរសៃឈាម(CABG)ដែរឬទេ។

  ការធ្វើរោគវិនិច្ឆ័យដោយអេកូសាស្ត្រ(Echocardiography)

  ជាវិធីដែលគេប្រើឧបករណ៍ពិនិត្យអេកូដើម្បីថតយករូបភាពរបស់បេះដូង។ តាមវិធីនេះ គេអាចឃើញអំពីទំហំរបស់បេះដូង ចលនារបស់សាច់ដុំបេះដូង ចលនាឈាមឆ្លងកាត់ប្រើសបេះដូង និង ដំណើរការមុខងាររបស់ប្រើសបេះដូង។ ការពិនិត្យដោយអេកូបែបនេះអាចអនុវត្តទាំងនៅពេលអ្នកជំងឺនៅស្ងៀមនិងនៅពេលអ្នកជំងឺធ្វើចលនា។ ក្នុងករណីមានការស្ទះការផ្គត់ផ្គង់ឈាម គេនឹងសង្កេតឃើញភាពមិនប្រក្រតីនៃមុខងារច្របាច់ឈាមរបស់ថតក្រោមខាងឆ្វេងរបស់បេះដូង។

  ការធ្វើរោគវិនិច្ឆ័យដោយថតរូបភាពសរសៃអាកទែបេះដូង(Coronary angiogram)

  ជាវិធីដែលគេប្រើសារធាតុសម្រាប់ថតរូបភាពវេជ្ជសាស្ត្រ(Contrast medium)ដែលមិនអោយវិទ្យុសកម្ម(កាំរស្មីអ៊ិច)ឆ្លងកាត់ ដើម្បីថតយករូបភាពនៃសរសៃអាកទែបេះដូង។ ការពិនិត្យនេះជាវិធីដែលអាចធ្វើរោគវិនិច្ឆ័យលើជំងឺសរសៃអាកទែបេះដូងបានសុក្រឹតជាងគេ ហើយគេអនុវត្តវិធីនេះនៅពេលវេជ្ជបណ្ឌិតពិបាកធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់។ ម្យ៉ាងទៀត គេធ្វើការពិនិត្យដោយវិធីនេះនៅពេលត្រូវវាយតម្លៃថាត្រូវជ្រើសរើសយកបច្ចេកវិទ្យាតភ្ជាប់សរសៃអាកទែបេះដូង(Coronary artery bypass grafting, CABG)ឬបច្ចេកវិទ្យាPercutaneous coronary intervention (PCI)។ វិធីនេះអាចប្រើដើម្បីពិនិត្យដឹងអំពីស្ថានភាពកន្ត្រាក់ជាប់រហូត(ញ័រ)នៃសរសៃអាកទែបានផងដែរ។ ចំពោះអ្នកជំងឺមួយចំនួនតូចដែលមានរោគសញ្ញានៃជំងឺត្បៀតសរសៃឈាមបេះដូង ហើយរកឃើញភាពខុសប្រក្រតីនៅពេលគេពិនិត្យដោយវិធីបន្ថែមបន្ទុកដោយលំហាត់ប្រាណ ប៉ុន្តែ បែរជាមិនឃើញមានភាពខុសប្រក្រតីនៅពេលគេពិនិត្យតាមរយៈការថតសរសៃអាកទែបេះដូងទៅវិញ។ ក្នុងចំណោមអ្នកជំងឺបែបនេះ អាចមានករណីដែលអ្នកជំងឺមានជំងឺស៊ីនដ្រូមអ៊ិច(Syndrome X) ប៉ុន្តែ ស្ទើរគ្រប់ករណី ស្ថានភាពបែបនេះគឺបណ្ដាលមកពីមូលហេតុផ្សេងក្រៅពីបេះដូង។ បើគេប្រើឧបករណ៍តាមដានចង្វាក់បេះដូងជាប់រហូត(Holter electrocardiograph) គេអាចពិនិត្យឃើញភាពខុសប្រក្រតីនៃជំងឺត្បៀតសរសៃឈាមបេះដូងដែលមិនមានរោគសញ្ញាឬជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទមិនប្រក្រតី(ដែលកើតមានអាការៈនៅពេលរាងកាយសម្រាក)។

  ការធ្វើរោគវិនិច្ឆ័យតាមវិធីពិនិត្យដោយការថតCT

  បែងចែកជា Electron beam computed tomography និង Multi-slice computed tomography។ នៅក្នុងការពិនិត្យដោយ Electron beam computed tomography គេធ្វើការវាស់បរិមាណកាល់ស្យូមដែលស្ថិតនៅក្នុងសរសៃអាកទែបេះដូង ដោយការវាស់កាល់ស្យូម(Calcium score)បែបនេះ អាចធ្វើអោយគេប៉ាន់ស្មានដឹងខ្លះៗអំពីហានិភ័យនៃការកើតមានអាការៈគាំងបេះដូង។ ប៉ុន្តែ ដោយសារវត្តមានកាល់ស្យូមនៅក្នុងសរសៃអាកទែអាចសង្កេតឃើញមាននៅក្នុងអ្នកជំងឺដែលមិនសូវមានការស្ទះសរសៃអាកទែផងដែរ ដូច្នេះ ការប្រើប្រាស់Calcium scoreនៅក្នុងការវិនិច្ឆ័យលើភាពចាំបាច់នៃការប្រើបច្ចេកទេសតភ្ជាប់សរសៃអាកទែបេះដូង(Coronary artery bypass grafting, CABG)ឬ បច្ចេកទេសPercutaneous coronary intervention (PCI)មិនសូវជាផ្ដល់ទំនុកចិត្តខ្ពស់នោះទេ។ ម្យ៉ាងទៀត ការពិនិត្យដោយ Electron beam computed tomography ត្រូវការបាញ់កាំរស្មីក្នុងបរិមាណច្រើន ដូច្នេះវាមិនមែនជាវិធីដែលអាចណែនាំចំពោះមនុស្សគ្រប់គ្នាបានទេ។ ប៉ុន្តែ ចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការបាត់បង់ជីវិតឬកើតមានអាការៈគាំងបេះដូង ការពិនិត្យតាមវិធីនេះអាចមានប្រសិទ្ធិភាពទប់ស្កាត់ទាន់ពេលវេលា។ អ្នកដែលមានហានិភ័យខ្ពស់ រួមមាន អ្នកដែលមានជំងឺទឹកនោមផ្អែមឬលើសសម្ពាធឈាម អ្នកដែលមានកម្រិតកូឡេស្តេរ៉ូលក្នុងឈាមខ្ពស់ អ្នកដែលពិនិត្យឃើញភាពខុសប្រក្រតីឬមិនមានភាពច្បាស់លាស់នៅក្នុងការពិនិត្យតាមវិធីបន្ថែមបន្ទុកដោយលំហាត់ប្រាណ។

  ការពិនិត្យដោយ Multi-slice computed tomography គឺជាវិធីពិនិត្យដោយប្រើម៉ាស៊ីនថតCTដែលប្រើឧបករណ៍តូចៗជាច្រើន និង មានភាពសុក្រិតក្នុងការរកឃើញផ្នែកដែលរួមតូចនៅតាមសរសៃអាកទែបេះដូង។ ការពិនិត្យតាមវិធីនេះផ្ដល់បន្ទុកចំពោះរាងកាយតិចតួចប៉ុណ្ណោះ ហើយមានភាពសុក្រិតខ្ពស់ក្នុងការវិនិច្ឆ័យថាតើការស្ទះសរសៃអាកទែជាមូលហេតុនៃការកើតមានរោគសញ្ញាមួយចំនួនរបស់អ្នកជំងឺ(ជាពិសេសអ្នកដែលមិនអាចអនុវត្តវិធីបន្ថែមបន្ទុកទៅលើបេះដូងដោយលំហាត់ប្រាណ(Cardiac stress test)ឬអ្នកដែលមិនអាចធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់តាមវិធីនេះ។

  វិធីនេះក៏អាចប្រើនៅក្នុងការពិនិត្យថាតើមានការស្ទះនៅសរសៃលួស (Stent) ឬផ្នែកតភ្ជាប់សរសៃឈាម ដើម្បីថតយករូបភាពនៃទម្រង់របស់បេះដូងនិងសរសៃវ៉ែនបេះដូង និង ដើម្បីវាយតម្លៃថាតើមានកាល់ស្យូមនៅក្នុងបណ្ដុំកូឡេស្តេរ៉ូលតាមសរសៃឈាម ជាដើម។ ប៉ុន្តែ ការពិនិត្យដោយវិធីនេះមិនអាចប្រើចំពោះស្ត្រីមានផ្ទៃពោះ ឬ អ្នកដែលមិនអាចផ្អាកការដកដង្ហើមរយៈពេល15~20វិនាទី 3~4ដងក្នុងអំឡុងពេលពិនិត្យបាននោះទេ។ ម្យ៉ាងទៀត ចំពោះអ្នកដែលមានចង្វាក់បេះដូងលោតលឿន មិនអាចអនុវត្តវិធីនេះដោយរលូនបាននោះទេ ដូច្នេះ អ្នកជំងឺដែលមានចង្វាក់បេះដូងលើសពី65ដងក្នុង1នាទីអាចនឹងចាំបាច់ប្រើឱសថបន្ថយចង្វាក់បេះដូង ហើយអ្នកដែលមិនអាចទប់ទល់នឹងផលរំខានឬការថយចុះនៃចង្វាក់បេះដូងបានគឺមិនអាចទទួលការពិនិត្យនេះទេ។ ម្យ៉ាងទៀត ការពិនិត្យតាមវិធីនេះក៏ត្រូវទទួលរងការបាញ់កាំរស្មីច្រើនផងដែរ។

  ការធ្វើរោគវិនិច្ឆ័យតាមវិធីពិនិត្យដោយការថតMRI

  វិធីនេះមានប្រយោជន៍សម្រាប់ការវាយតម្លៃទៅលើមុខងារនៃបេះដូង សរសៃអាកទែធំ និង សរសៃអាកទែសួត(សរសៃឈាមធំដែលចេញពីបេះដូងទៅសួត)។ ការថតMRIមិនមានការបាញ់កាំរស្មីនោះទេ ហើយគេប្រើវិធីនេះចំពោះអ្នកដែលមានជំងឺសរសៃអាកទែបេះដូង ដើម្បីវាយតម្លៃទៅលើស្ថានភាពនៃការស្ទះសរសៃអាកទែ ដើម្បីវាស់បរិមាណឈាមរត់នៅក្នុងសរសៃអាកទែបេះដូង និង ដើម្បីពិនិត្យដឹងថាតើមានការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់បេះដូងគ្រប់គ្រាន់ឬទេ។ ម្យ៉ាងទៀត ការពិនិត្យMRIក៏ត្រូវបានប្រើប្រាស់នៅក្នុងការពិនិត្យភាពមិនប្រក្រតីនៃចលនារបស់ជញ្ជាំងបេះដូងនៅពេលបេះដូងទទួលស្ត្រេស និង ដើម្បីវាយតម្លៃទៅលើភាពជាសះស្បើយនៃសាច់ដុំបេះដូងក្រោយទទួលផលប៉ះពាល់ដោយសារអាការៈគាំងបេះដូង។

  អានបន្ថែម
 • ការវិវត្តនៃជំងឺ

  ការជាសះស្បើយ

  មូលហេតុដែលធ្វើអោយជំងឺត្បៀតសរសៃឈាមបេះដូងពិបាកជាសះស្បើយ រួមមាន វ័យចាស់ ជំងឺសរសៃអាកទែបេះដូងប៉ះពាល់ច្រើនកន្លែង ជំងឺទឹកនោមផ្អែម ការជក់បារី ជាដើម ប៉ុន្តែ មូលហេតុដែលសំខាន់ជាងគេគឺការថយចុះនៃមុខងារច្របាច់ឈាមរបស់ថតក្រោមនៃបេះដូង។ ឧទាហរណ៍ ប្រសិនបើចំនួនសរសៃអាកទែបេះដូងដែលខុសប្រក្រតីមានកាន់តែច្រើន ឬក៏ ការស្ទះសរសៃអាកទែបេះដូងមានលក្ខណៈកាន់តែធំ លទ្ធភាពនៃការជាសះស្បើយកាន់តែតិច។ ចំពោះជំងឺត្បៀតសរសៃឈាមបេះដូងមានលំនឹងដែលមានមុខងារបេះដូងធម្មតា លទ្ធភាពនៃការជាសះស្បើយមានច្រើន ប៉ុន្តែ នៅពេលដែលមុខងារច្របាច់ឈាមរបស់បេះដូងមានលក្ខណៈថយចុះ វាអាចប៉ះពាល់ដល់ការជាសះស្បើយរបស់អ្នកជំងឺ។ ដូចគ្នាដែរចំពោះអ្នកដែលមានជំងឺស៊ីនដ្រូមអ៊ិច (Syndrome X)។

  អ្នកជំងឺត្បៀតសរសៃឈាមបេះដូងដែលរួមមានកត្តាហានិភ័យផ្សេងទៀត ដូចជា ជំងឺលើសសម្ពាធឈាម ចង្វាក់បេះដូងខុសប្រក្រតី ឬ ធ្លាប់កើតមានអាការៈគាំងបេះដូង ជាដើម ជាពិសេស អ្នកដែលរួមមានជំងឺទឹកនោមផ្អែម អាចមានអត្រាមរណភាពខ្ពស់ជាងអ្នកដែលមានតែបញ្ហាត្បៀតសរសៃឈាមបេះដូង។

  អានបន្ថែម
 • ការព្យាបាល

  ជំហានដំបូងនៃការព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូង គឺត្រូវបំបាត់កត្ដាហានិភ័យ ដើម្បីពន្យាការវិវត្តនៃជំងឺសរសៃអាកទែបេះដូងឬដើម្បីព្យាបាលជំងឺនេះអោយជាសះស្បើយតែម្ដង។ ចំពោះកត្តាហានិភ័យដែលរួមមានការលើសសម្ពាធឈាមឬការលើសកូឡេស្តេរ៉ូលក្នុងឈាមជាដើម ត្រូវតែព្យាបាលអោយបានឆាប់រហ័ស។ ការផ្ដាច់បារីជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ការព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូង។ ម្យ៉ាងទៀត អ្នកជំងឺត្រូវគ្រប់គ្រងរបបអាហារដោយមិនត្រូវបរិភោគអាហារដែលមានជាតិខ្លាញ់ឬកាបូអ៊ីដ្រាតប្រភេទម៉ូណូសាការីតច្រើននោះទេ ព្រមទាំងគួរតែចាប់ផ្ដើមទម្លាប់នៃការហាត់ប្រាណ។ ករណីអ្នកជំងឺលើសទម្ងន់ គួរបញ្ចុះទម្ងន់។

  ការព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូងអាចប្រែប្រួលទៅតាមស្ថានភាពមានលំនឹងឬកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា។ ករណីរោគសញ្ញាកម្រិតស្រាលដល់កម្រិតមធ្យមប៉ុន្តែមានលំនឹង គេត្រូវព្យាបាលកត្តាហានិភ័យនិងប្រើឱសថដែលមានប្រសិទ្ធិភាពជាប្រចាំ។ ករណីរោគសញ្ញានៃជំងឺនេះនៅតែមិនល្អប្រសើរទោះជាអ្នកជំងឺបានទទួលការព្យាបាលលើកត្តាហានិភ័យឬប្រើប្រាស់ឱសថហើយក៏ដោយ គេត្រូវពិចារណាព្យាបាលដោយការវះកាត់ដើម្បីធ្វើអោយចរន្តឈាមទៅផ្នែកដែលមានបញ្ហានៅក្នុងបេះដូងមានលក្ខណៈរលូនឡើងវិញ។ ករណីរោគសញ្ញាប្រែជាអាក្រក់ភ្លាមៗ អ្នកជំងឺត្រូវសម្រាកក្នុងមន្ទីរពេទ្យ ហើយចាំបាច់ត្រូវទទួលការពិនិត្យដើម្បីវិនិច្ឆ័យអោយដឺងថាតើអាចជាបណ្ដុំរោគសញ្ញាសរសៃអាកទែស្រួចស្រាវ(Acute coronary syndrome)ដែរឬទេ។

  ១. ការព្យាបាលដោយប្រើឱសថ

  ចំពោះជំងឺត្បៀតសរសៃឈាមបេះដូងមានលំនឹង គោលដៅនៃការព្យាបាលដោយឱសថគឺបង្កាឬកាត់បន្ថយការខ្វះចរន្តឈាមទៅកាន់បេះដូង និងទប់ស្កាត់ការកើតឡើងនៃរោគសញ្ញាផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ឱសថដែលត្រូវប្រើរួមមាន 5 ប្រភេទ គឺ ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β-blockers) ឱសថប្រភេទអាស៊ីតនីទ្រិច(Nitrovasodilator) ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(Calcium channel blocker) ឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors) ឱសថប្រឆាំងប្លាកែត(Antiplatelet drugs)។

  ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β-blockers)

  ឱសថនេះមានសកម្មភាពទប់ស្កាត់ឥទ្ធិពលនៃអរម៉ូនអាដ្រេណាលីន (ឬអេភីនេហ្វ្រីន) និង ន័រអាដ្រេណាលីន (ឬន័រអេភីនេហ្វ្រីន) ជាដើមទៅលើបេះដូងនិងសរីរាង្គមួយចំនួនផ្សេងទៀត។ អរម៉ូនទាំងនេះមានតួនាទីភ្ញោចសកម្មភាពរបស់បេះដូង ធ្វើអោយការកន្ត្រាក់បេះដូងកាន់តែលឿន ហើយធ្វើអោយសរសៃអាកទែតូចៗស្ទើរពេញរាងកាយកន្ត្រាក់រួមតូច។ ជាលទ្ធផល សម្ពាធឈាមនៃរាងកាយក៏កើនឡើង។ ដូច្នេះ ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β-blockers)មានប្រសិទ្ធិភាពកាត់បន្ថយការកន្ត្រាក់នៃបេះដូងនិងបញ្ចុះសម្ពាធឈាមនៅពេលរាងកាយសម្រាក ក៏ដូចជានៅពេលរាងកាយធ្វើចលនា ដោយកាត់បន្ថយតម្រូវការអុកស៊ីសែនសម្រាប់ការកើនឡើងនៃសកម្មភាពបេះដូង។ ម្យ៉ាងទៀត ឱសថប្រភេទនេះនឹងជួយកាត់បន្ថយហានិភ័យនៃការកើតមានអាការៈគាំងបេះដូងឬការស្លាប់ភ្លាមៗ ចំពោះអ្នកដែលមានជំងឺសរសៃអាកទែបេះដូង។

  ឱសថប្រភេទអាស៊ីតនីទ្រិច(Nitrovasodilator)

  ឱសថNitroglycerin ជាឱសថដែលបង្ហាញប្រសិទ្ធិភាពយ៉ាងឆាប់រហ័ស ដោយមានសកម្មភាពពង្រីកសរសៃឈាម។ តាមរយៈការប្រើប្រាស់ឱសថនេះ អាការៈនៃជំងឺត្បៀតសរសៃឈាមបេះដូងអាចកាត់បន្ថយពី1.5ដងទៅ3ដងធៀបនឹងអាការៈជាធម្មតារបស់អ្នកជំងឺ ហើយប្រសិទ្ធិភាពនេះនឹងបន្តមានរយៈពេល30នាទី។ ឱសថនេះរួមមានជាទម្រង់គ្រាប់ថ្នាំដាក់ក្រោមអណ្ដាត ឬ ទម្រង់ជាថ្នាំបាញ់និងស្រូបតាមមាត់។ ករណីជាទម្រង់គ្រាប់ថ្នាំ អាចប្រើដាក់នៅកៀនអញ្ចាញចំពោះអ្នកជំងឺមួយចំនួន។ អ្នកជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈនឹងនរនិងរ៉ាំរ៉ៃ ត្រូវទុកដាក់ឱសថជាថ្នាំគ្រាប់ឬថ្នាំបាញ់នៅជាប់ខ្លួនជានិច្ច។ ម្យ៉ាងទៀត អ្នកជំងឺមួយចំនួនអាចដឹងអំពីកម្រិតនៃការធ្វើចលនារាងកាយដែលអាចបង្កអាការៈត្បៀតសរសៃឈាមបេះដូង ដូច្នេះ ពួកគេក៏អាចប្រើឱសថនេះនៅមុនពេលដែលអាការៈអាចកើតឡើងផងដែរ។

  ឱសថម្យ៉ាងទៀតដែលស្ថិតក្នុងប្រភេទដូចគ្នានេះដែរ រួមមាន ឱសថIsosorbideនិងឱសថស្រដៀងនោះ។ ឱសថទាំងនេះជាប្រភេទដែលបង្ហាញសកម្មភាពរយៈពេលយូរ និងត្រូវពិសា 1ថ្ងៃ1ទៅ4ដងជាប្រចាំ។ ម្យ៉ាងទៀត ក៏មានជាទម្រង់បិទលើស្បែកដែលសារធាតុឱសថនឹងត្រូវបានស្រូបចូលតាមស្បែកយឺតៗរយៈពេលជាច្រើនម៉ោង។ ដោយសារការពិសាឱសថនេះជាប្រចាំ អាចធ្វើអោយប្រសិទ្ធភាពឱសថថយចុះ វេជ្ជបណ្ឌិតជំនាញភាគច្រើន ណែនាំការប្រើប្រាស់ឱសថនេះដោយទុកគម្លាតរយៈពេល 8 ទៅ 12 ម៉ោង (ជាទូទៅទុកគម្លាតនៅពេលយប់ លើកលែងករណីអ្នកជំងឺដែលងាយកើតមានអាការៈនៅពេលយប់)។ តាមវិធី គេងាយរក្សាប្រសិទ្ធិភាពឱសថបានរយៈពេលយូរ។ ឱសថនេះខុសពីឱសថទប់ស្កាត់គ្រឿងទទួលបេតា(β-blockers)ត្រង់មិនអាចកាត់បន្ថយហានិភ័យនៃការកើតមានអាការៈគាំងបេះដូងឬការស្លាប់ភ្លាមៗនោះទេ ប៉ុន្តែឱសថនេះមានប្រសិទ្ធភាពកាត់បន្ថយអាការៈរបស់អ្នកដែលមានជំងឺសរសៃអាកទែបេះដូងបានមួយកម្រិតធំដែរ។

  ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម(Calcium channel blocker)

  ឱសថនេះមានប្រសិទ្ធិភាពបង្ការការកន្ត្រាក់រួមតូចនៃសរសៃឈាម ព្រមទាំងមានសកម្មភាពបញ្ឈប់ការកន្ត្រាក់ញ័រនៃសរសៃអាកទែបេះដូងផងដែរ។ ឱសថប្រភេទនេះមានប្រសិទ្ធិភាពខ្ពស់នៅក្នុងការព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូងទម្រង់មិនប្រក្រតី។ ម្យ៉ាងទៀត ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូមនឹងបញ្ចុះសម្ពាធឈាមនៃរាងកាយ។ ហើយក្នុងចំណោមនោះ ឱសថVerapamil និង ឱសថDiltiazem ជាសារធាតុដែលរួមមានសកម្មភាពកាត់បន្ថយល្បឿននៃការកន្ត្រាក់បេះដូងផងដែរ។ ប្រសិទ្ធិភាពនេះមានប្រយោជន៍ចំពោះអ្នកជំងឺដែលមិនអាចប្រើប្រាស់ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β-blockersបាន និង ចំពោះអ្នកជំងឺដែលមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីឱសថប្រភេទអាស៊ីតនីទ្រិច(Nitrovasodilator)។

  ឱសថទប់ស្កាត់អង់ស៊ីមបំលែងអាន់ជីអូថិនស៊ីន(ACE inhibitors) (ឱសថRamipril ជាដើម)

  ឱសថនេះក៏ត្រូវបានប្រើញឹកញាប់ចំពោះអ្នកដែលជំងឺសរសៃអាកទែបេះដូងដូចជាជំងឺត្បៀតសរសៃឈាមបេះដូងជាដើមផងដែរ។ ឱសថនេះមិនមានប្រសិទ្ធិភាពនៅក្នុងការព្យាបាលអាការៈត្បៀតសរសៃឈាមបេះដូងនោះទេ ប៉ុន្តែ វាមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការកើតមានអាការៈគាំងបេះដូង និង ជួយកាត់បន្ថយអត្រាមរណភាពដោយសារជំងឺសរសៃអាកទែបេះដូង។

  ឱសថប្រឆាំងប្លាកែត (Antiplatelet drugs) (ឱសថAspirin, Ticlopidine, Clopidogrel ជាដើម)

  ឱសថនេះមានប្រសិទ្ធភាពផ្លាស់ប្ដូរទម្រង់ធ្វើសកម្មភាពនៃប្លាកែត ដើម្បីកុំអោយប្លាកែតភ្ជាប់ទៅនឹងជញ្ជាំងនៃសរសៃឈាម។ ជាទូទៅ ប្លាកែតស្ថិតនៅក្នុងប្រព័ន្ធឈាមនៃរាងកាយ ហើយនៅពេលដែលមានការខូចខាតដល់សរសៃឈាម វានឹងផ្ដុំគ្នាបង្កើតបានជាកំណកឈាម។ ប៉ុន្តែ នៅពេលដែលប្លាកែតចាប់ផ្ដើមផ្ដុំគ្នានៅត្រង់កន្លែងដែលមានបណ្ដុំអាតេរ៉ូម៉ា (Atheroma) បង្កើនជាកំណកឈាមនៅទីនោះ វាអាចធ្វើអោយសរសៃឈាមរួមតូចឬស្ទះ បង្កជាអាការៈគាំងបេះដូង។ ឱសថ Aspirin មានសកម្មភាពផ្លាស់ប្ដូរប្លាកែតដោយមិនអោយត្រឡប់ទៅសភាពដើមវិញ ហើយវាមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃមរណភាពដោយសារជំងឺសរសៃអាកទែបេះដូង។ មានការណែនាំដល់អ្នកដែលមានជំងឺសរសៃអាកទែបេះដូងមួយចំនួនធំដោយគួរពិសាឱសថ2ប្រភេទគឺឱសថ Aspirin និង ឱសថ Clopidogrel ជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានអាការៈគាំងបេះដូង។ នៅក្រោយការវះកាត់បញ្ចូលសរសៃស្តេន អាចមានករណីដែលអ្នកជំងឺត្រូវផ្លាស់ប្ដូរការប្រើប្រាស់ឱសថពីឱសថClopidogrel ទៅជាឱសថ Prasugrel និងឱសថ Ticagrelor។ អ្នកជំងឺត្បៀតសរសៃឈាមបេះដូងនិងបន្តប្រើប្រាស់ឱសថប្រឆាំងប្លាកែត(Antiplatelet drugs) លើកលែងករណីអ្នកជំងឺមានជំងឺដែលធ្វើអោយងាយហូរឈាមផ្សេងទៀត។

  ២. ការព្យាបាលដោយការវះកាត់

  ការព្យាបាលដោយការវះកាត់ រួមមាន បច្ចេកទេសPercutaneous coronary intervention (PCI) និង បច្ចេកទេសតភ្ជាប់សរសៃអាកទែបេះដូង(Coronary artery bypass grafting, CABG) ជាដើម។ ការព្យាបាលបែបនេះបង្កបន្ទុកដល់រាងកាយ ប៉ុន្តែ វាជាវិធីព្យាបាលដែលមានប្រសិទ្ធិភាព។ ម្យ៉ាងទៀត វាជាវិធីជួសជុលរចនាសម្ព័ន្ធនៃសរសៃឈាមដោយកន្លែង ប៉ុន្តែ វានឹងមិនមានប្រសិទ្ធិភាពបញ្ឈប់ការវិវត្តនៃជំងឺបន្តទៅមុខទៀតនោះទេ។ បន្ទាប់ពីការព្យាបាលដោយការវះកាត់ អ្នកជំងឺនៅតែត្រូវកែតម្រូវកត្តាដែលជាមូលហេតុបង្កអោយកើតមានជំងឺទាំងនេះ។

  បច្ចេកទេសPercutaneous coronary intervention (PCI)

  បន្ទុកទៅលើរាងកាយដោយសារការអនុវត្តបច្ចេកទេសនេះមានលក្ខណៈតិចតួច ដូច្នេះ វាជាវិធីដែលគេប្រើញឹកញាប់ជាងបច្ចេកទេសតភ្ជាប់សរសៃអាកទែបេះដូង(Coronary artery bypass grafting, CABG) ប៉ុន្តែ វិធីមិនអាចមានប្រយោជន៍ចំពោះគ្រប់ស្ថានភាពនោះទេ។ វិធីត្រូវបានគេជ្រើសរើសអនុវត្ត ក្នុងករណីដែលសរសៃអាកទែដែលស្ទះមានត្រឹម1 ឬ 2 កន្លែងហើយផ្នែកដែលស្ទះមិនមានលក្ខណៈវែង។ ប៉ុន្តែ មានការអភិវឌ្ឍនូវបច្ចេកទេសថ្មីៗបន្ថែមនិងបទពិសោធន៍ ធ្វើអោយបច្ចេកទេសនេះត្រូវបានជ្រើសរើសកាន់តែច្រើនឡើង។

  បច្ចេកទេសតភ្ជាប់សរសៃអាកទែបេះដូង(Coronary artery bypass grafting, CABG)

  បច្ចេកទេសនេះមានប្រសិទ្ធិភាពខ្ពស់ចំពោះអ្នកជំងឺត្បៀតសរសៃឈាមបេះដូងនិងអ្នកដែលមានជំងឺសរសៃអាកទែបេះដូងប្រភេទផ្សេងទៀត។ វិធីព្យាបាលនេះនឹងមានប្រសិទ្ធិភាពធ្វើអោយអ្នកជំងឺអាចធ្វើចលនាបានច្រើនជាងមុន ជួយកាត់បន្ថយរោគសញ្ញាផ្សេងៗ និង កាត់បន្ថយការប្រើប្រាស់ឱសថ។ ល័ក្ខខ័ណ្ឌល្អបំផុតសម្រាប់ការជ្រើសរើសបច្ចេកទេសនេះគឺ ជាអ្នកជំងឺត្បៀតសរសៃឈាមបេះដូងកម្រិតធ្ងន់ធ្ងរដែលមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការប្រើប្រាស់ឱសថ មុខងារបេះដូងនៅធម្មតា មិនដែលកើតមានអាការៈគាំងបេះដូង និង មិនមានជំងឺផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់នៅពេលវះកាត់ (ដូចជា ជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមប្រភេទរ៉ាំរ៉ៃ(COPD)ជាដើម)។ ចំពោះអ្នកជំងឺបែបនេះ អត្រាមរណភាពដោយសារការអនុវត្តបច្ចេកទេសនេះគឺតិចជាង1%(លើកលែងករណីបន្ទាន់) ហើយហានិភ័យនៃផលប៉ះពាល់ទៅលើបេះដូងមានតិចជាង5%។ អ្នកជំងឺប្រមាណ85%ដែលបានទទួលការវះកាត់តាមវិធីនេះ អាចទទួលបានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយរោគសញ្ញានិងលទ្ធភាពនៃការជាសះស្បើយមានការកើនឡើង។

  អានបន្ថែម