Acute viral hepatitis (ជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវ)

    • លក្ខណៈទូទៅ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
    • ការបង្ការ
  • លក្ខណៈទូទៅ

    ជាទូទៅ ជំងឺរលាកថ្លើមកើតឡើងដោយសារវីរុស ជាពិសេស វីរុស5ប្រភេទដែលបង្កជាជំងឺរលាកថ្លើម រួមមាន ប្រភេទA ប្រភេទB ប្រភេទC ប្រភេទD ប្រភេទE។ ក្រៅពីនេះ ជំងឺរលាកថ្លើមមានមូលហេតុអាចបណ្ដាលមកពីការពិសាគ្រឿងស្រវឹងហួសកម្រិតឬការប្រើប្រាស់ឱសថមួយចំនួនដូចជាឱសថព្យាបាលជំងឺរបេង Isoniazid ជាដើម។ មានករណីមួយចំនួនតួចដែលជំងឺរលាកថ្លើមកើតឡើងដោយសារជំងឺឆ្លងវីរុសផ្សេងទៀត ដូចជា ជំងឺInfectious mononucleosis ជំងឺរើមសាមញ្ញ(Herpes simplex) ជំងឺឆ្លងវីរុសសាយតូមេហ្កាឡូ(Cytomegalovirus infection)។ល។ នៅក្នុងជំងឺឆ្លងឬជំងឺផ្សេងទៀតមួយចំនួន អាចមានការកើតឡើងនូវការរលាកនៅផ្នែកតួចនៃសរីរាង្គថ្លើម ប៉ុន្តែ វាកម្របង្ហាញជារោគសញ្ញាឬបញ្ហាផ្សេងៗណាស់។

    ជំងឺរលាកថ្លើម រួមមាន ជំងឺរលាកថ្លើមស្រួចស្រាវដែលការកើតអាការៈមានរយៈពេលខ្លី និង ជំងឺរលាកថ្លើមរ៉ាំរ៉ៃដែលបន្តកើតមានអាការៈចាប់ពី6ខែឡើងទៅ។

    ជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវ ជាស្ថានភាពនៃការកើតមានការរលាកនៅសរីរាង្គថ្លើមដែលកើតឡើងដោយសារការឆ្លងវីរុសមួយប្រភេទក្នុងចំណោមវីរុសរលាកថ្លើមទាំង5ប្រភេទ។

    ・រោគសញ្ញានៃជំងឺរលាកថ្លើមស្រួចស្រាវអាចមានករណីចាប់ពីមិនមានរោគសញ្ញាអ្វីទាំងអស់រហូតដល់ករណីរោគសញ្ញាធ្ងន់ធ្ងរ។

    ・ជំងឺនេះរួមមានរោគសញ្ញាដូចជា បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ក្ដៅខ្លួន អាការៈឈឺចាប់នៅផ្នែកខាងលើនៃពោះខាងស្ដាំ ស្បែកនិងភ្នែកប្រែពណ៌លឿង ជាដើម។

    ・រោគវិនិច្ឆ័យផ្អែកទៅលើការពិនិត្យរាងកាយនិងការពិនិត្យឈាម

    ・ជំងឺរលាកថ្លើមប្រភេទA ប្រភេទB និង ប្រភេទE អាចបង្ការបានដោយប្រើវ៉ាក់សាំង

    ・ជាទូទៅ ជំងឺនេះមិនត្រូវការការព្យាបាលជាពិសេសអ្វីនោះទេ។

    ក្រៅពីវីរុសរលាកថ្លើមទាំង5ប្រភេទ (A, B, C, D, E) ជំងឺរលាកថ្លើមស្រួចស្រាវអាចកើតឡើងដោយសារវីរុសប្រភេទផ្សេងទៀតដែលមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយ។ ភាគច្រើនជាងគេគឺបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទA បន្ទាប់ពីនោះគឺប្រភេទB។ កត្តាដែលបង្កើនហានិភ័យនៃការឆ្លងជំងឺនេះគឺ ការសាក់ ការចាក់ដោតក្រវិលនៅលើដងខ្លួន ការប្រើម្ជុលរួមគ្នា ការមានដៃគូរួមភេទច្រើន ។ល។

    អានបន្ថែម
  • រោគសញ្ញា

    រោគសញ្ញានៃជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវ អាចចាប់ពីរោគសញ្ញាស្រាលដូចទៅនឹងជំងឺផ្ដាសាយធំរហូតដល់រោគសញ្ញាចុះខ្សោយមុខងារថ្លើមដែលអាចមានគ្រោះថ្នាក់ដល់ជីវិត។ អាចមានករណីដែលអ្នកជំងឺមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់។ ភាពធ្ងន់ធ្ងរនៃរោគសញ្ញានិងរយៈពេលចាំបាច់សម្រាប់ការជាសះស្បើយមកវិញខុសគ្នាខ្លាំងទៅតាមប្រភេទវីរុសបង្កជំងឺនិងប្រតិកម្មរាងកាយរបស់អ្នកជំងឺក្នុងការទប់ទល់នឹងជំងឺនេះ។ ជំងឺរលាកថ្លើមប្រភេទAនិងប្រភេទC ភាគច្រើនបង្ហាញរោគសញ្ញាស្រាលឬគ្មានរោគសញ្ញា ហើយអ្នកជំងឺមួយចំនួនមិនអាចសម្គាល់ដឹងបាននោះទេ។ ចំពោះជំងឺរលាកថ្លើមប្រភេទBនិងប្រភេទE ភាគច្រើនបង្ករោគសញ្ញាធ្ងន់ធ្ងរ។ នៅពេលដែលអ្នកជំងឺកើតមានជំងឺរលាកថ្លើមប្រភេទBនិងប្រភេទDស្របពេលតែមួយ សភាពរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។

    រោគសញ្ញានៃជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវ ជាទូទៅ ច្រើនកើតឡើងភ្លាមៗ មានដូចជា បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ក្ដៅខ្លួន អាការៈឈឺចាប់នៅផ្នែកខាងលើនៃពោះខាងស្ដាំ(ទីតាំងនៃសរីរាង្គថ្លើម)។ អ្នកដែលជក់បារីអាចមានអារម្មណ៍ថាបារីលែងឆ្ងាញ់។ ពេលខ្លះ ជាពិសេសរលាកថ្លើមប្រភេទB អ្នកជំងឺអាចកើតមានអាការៈឈឺសន្លាក់និងកន្ទាលត្រអាករមាស់ក៏មាន។

    ជាទូទៅ 3~10ថ្ងៃក្រោយ ទឹកនោមរបស់អ្នកជំងឺនឹងមានពណ៌ដិត ហើយរោគសញ្ញាខាន់លឿង(ស្បែកនិងផ្នែកសនៃភ្នែកប្រែជាពណ៌លឿង)នឹងកើតមានឡើង។ រោគសញ្ញាទាំងអស់នេះកើតឡើងដោយសារសារធាតុប៊ីលីរូប៊ីន(Bilirubin)ប្រមូលផ្ដុំច្រើននៅក្នុងឈាម។ សារធាតុប៊ីលីរូប៊ីន(Bilirubin)ជាសារធាតុពណ៌ចម្បងនៃទឹកប្រមាត់ដែលផលិតនៅក្នុងសរីរាង្គថ្លើម។ រោគសញ្ញាភាគច្រើននឹងបាត់ទៅវិញនៅដំណាក់កាលនេះ ហើយទោះជារោគសញ្ញាខាន់លឿងកាន់តែធ្ងន់ធ្ងរក៏ដោយ ក៏អ្នកជំងឺមានអារម្មណ៍ថាស្ថានភាពរាងកាយបានធូរស្បើយច្រើន។ រោគសញ្ញាខាន់លឿងនឹងកើនឡើងរហូតដល់អតិបរមាក្នុងរយៈពេល1ទៅ2សប្ដាហ៍ ហើយនឹងបាត់ទៅវិញបន្តិចម្ដងៗក្នុងរយៈពេល2ទៅ4សប្ដាហ៍។ លាមករបស់អ្នកជំងឺនឹងមានពណ៌ស្លេក ហើយស្បែកចាប់ផ្ដើមរមាស់ ដែលសុទ្ធសឹងជារោគសញ្ញានៃការដក់ទឹកប្រមាត់ក្នុងរាងកាយ(ការហូរនៃទឹកប្រមាត់ថយចុះឬឈប់តែម្ដង)។ រោគសញ្ញាទាំងនេះងាយកើតឡើងជាពិសេសចំពោះអ្នកជំងឺរលាកថ្លើមប្រភេទA។

    ជាកម្រ ជំងឺរលាកថ្លើមស្រួចស្រាវនឹងវិវត្តទៅជាធ្ងន់ធ្ងរ ដោយមុខងារថ្លើមរបស់អ្នកជំងឺចុះខ្សោយខ្លាំង (ហៅថា Fulminant hepatitis)។ ស្ថានភាពនេះច្រើនកើតឡើងចំពោះអ្នកជំងឺរលាកថ្លើមប្រភេទB។ ប្រសិនបើអ្នកជំងឺកំពុងកើតជំងឺរលាកថ្លើមប្រភេទDទៀត នោះហានិភ័យនឹងកាន់តែខ្ពស់។ ស្ថានភាពរលាកថ្លើម Fulminant hepatitis នឹងវិវត្តទៅមុខយ៉ាងឆាប់រហ័សបំផុត ដោយសារធាតុពុលដែលធម្មតាត្រូវបានកម្ចាត់ចោលដោយសរីរាង្គថ្លើមនឹងប្រមូលផ្ដុំច្រើននៅក្នុងប្រព័ន្ធឈាមនៃរាងកាយ ហើយចូលទៅដល់ខួរក្បាល បង្កផលប៉ះពាល់ដល់មុខងារខួរក្បាល (ហៅថាHepatic encephalopathy)។ ស្ថានភាពរលាកថ្លើម Fulminant hepatitis អាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិត ជាពិសេសចំពោះមនុស្សពេញវ័យ។

    អ្នកជំងឺរលាកថ្លើមដោយសារវីរុសលក្ខណៈស្រួចស្រាវ ជាទូទៅ នឹងជាសះស្បើយវិញក្នុងរយៈពេល4ទៅ8សប្ដាហ៍ ដោយមិនចាំបាច់ទទួលការព្យាបាល។ ប៉ុន្តែ ចំពោះអ្នកដែលឆ្លងវីរុសរលាកថ្លើមប្រភេទC អាចនឹងក្លាយជាអ្នកផ្ទុកវីរុសនេះនៅក្នុងរាងកាយ(Carrier)។ ចំពោះអ្នកដែលឆ្លងវីរុសរលាកថ្លើមប្រភេទB មិនសូវមានករណីដែលអ្នកជំងឺបន្តផ្ទុកវីរុសនេះទេបន្ទាប់ពីជាសះស្បើយ។ អ្នកផ្ទុកវីរុស មានន័យថាជាអ្នកដែលស្ថិតក្នុងស្ថានភាពដែលមានវីរុសនៅក្នុងខ្លួនប៉ុន្តែមិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់ ហើយមានលទ្ធភាពអាចចម្លងវីរុសនោះទៅអ្នកដទៃបាន។ អ្នកផ្ទុកវីរុសអាចមើលទៅដូចជាគ្មានជំងឺ ប៉ុន្តែ ពួកគេប្រឈមមុខនឹងការកើតជំងឺរលាកថ្លើមរ៉ាំរ៉ៃ ហើយក៏អាចវិវត្តទៅជាជំងឺក្រិនថ្លើម(Cirrhosis)ឬជំងឺមហារីកថ្លើមផងដែរ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    វេជ្ជបណ្ឌិតនឹងសង្ស័យថាជាជំងឺរលាកថ្លើមដោយសារវីរុសស្រួចស្រាវដោយផ្អែកលើរោគសញ្ញារបស់អ្នកជំងឺ។ វេជ្ជបណ្ឌិតនឹងធ្វើការស្ទាបទៅលើពោះនៅផ្នែកដែលជាទីតាំងនៃសរីរាង្គថ្លើម ដោយប្រមាណ50ភាគរយនៃអ្នកជំងឺរលាកថ្លើមដោយសារវីរុសស្រួចស្រាវនឹងទទួលអារម្មណ៍ឈឺនៅពេលត្រូវសង្កត់ដោយដៃ ហើយផ្នែកនោះមានលក្ខណៈហើមបន្តិចបន្តួច។

    ការពិនិត្យឈាមអាចអោយគេវាយតម្លៃទៅលើស្ថានភាពនៃមុខងារថ្លើមនិងទៅលើកម្រិតខូចខាតនៃសរីរាង្គថ្លើម។ ម្យ៉ាងទៀត ការពិនិត្យនេះអាចអោយគេដឹងថាមានការរលាកនៅសរីរាង្គថ្លើមដែរឬទេ ហើយការរលាកនោះកើតឡើងដោយសារការប្រើគ្រឿងស្រវឹងហួសហេតុឬដោយសារវីរុស។ ការពិនិត្យឈាមក៍ត្រូវបានអនុវត្តដើម្បីកំណត់រកប្រភេទនៃវីរុសរលាកថ្លើមផងដែរ ដោយផ្អែកលើការពិនិត្យរកវត្តមាននៃផ្នែករបស់វីរុសឬវត្តមាននៃអង់ទីករប្រឆាំងវីរុសមួយចំនួន។

    ករណីដែលការពិនិត្យឈាមមិនអាចវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ គេអាចអនុវត្តការវិភាគជាលិកា(Biopsy) ដោយប្រើម្ជុលដើម្បីទាញយកសំណាកជាជាលិកាថ្លើមមកពិនិត្យ។

    ករណីគេសង្ស័យខ្លាំងថាជាជំងឺរលាកថ្លើមស្រួចស្រាវ គេព្យាយាមស្វែងរកមូលហេតុបង្កជំងឺនេះ។ ជាទូទៅ វេជ្ជបណ្ឌិតនឹងសាកសួរអំពីសកម្មភាពផ្សេងៗរបស់អ្នកជំងឺដែលអាចបង្កហានិភ័យនៃការកើតជំងឺរលាកថ្លើមដោយសារវីរុស។ ដើម្បីស្វែងរកមូលហេតុបង្កជំងឺក្រៅពីការឆ្លងវីរុស វេជ្ជបណ្ឌិតនឹងសាកសួរអ្នកជំងឺអំពីការប្រើប្រាស់ឱសថដែលអាចបង្កជាការរលាកថ្លើម(ឱសថព្យាបាលជំងឺរបេង Isoniazid ជាដើម) ឬ បរិមាណគ្រឿងស្រវឹងដែលអ្នកជំងឺពិសាជាប្រចាំ ។ល។

    អានបន្ថែម
  • ការព្យាបាល

    ករណីភាគច្រើននៃជំងឺនេះ គឺមិនត្រូវការការព្យាបាលជាពិសេសទេ ប៉ុន្តែ ករណីជំងឺរលាកថ្លើមស្រួចស្រាវវិវត្តទៅជាធ្ងន់ធ្ងរខ្លាំង អ្នកជំងឺត្រូវគេងសម្រាកពេទ្យ។ ជាទូទៅ ក្រោយរយៈពេលប៉ុន្មានថ្ងៃ ចំណង់អាហាររបស់អ្នកជំងឺនឹងត្រឡប់មកដូចធម្មតាវិញ ហើយអ្នកជំងឺមិនចាំបាច់គេងសម្រាកនៅលើគ្រែនោះទេ។ របបអាហារដែលតឹងរ៉ឹងឬការកំណត់ចលនារាងកាយគឺមិនចាំបាច់នោះទេ ហើយអ្នកជំងឺក៏មិនចាំបាច់ទទួលវីតាមីនអ្វីនោះដែរ។ នៅពេលដែលរោគសញ្ញាខាន់លឿងបាត់ទៅវិញ ទោះជាលទ្ធផលពិនិត្យមុខងារថ្លើមមិនទាន់ត្រឡប់មកប្រក្រតីវិញក៏ដោយ ក៏អ្នកជំងឺភាគច្រើនអាចវិលត្រឡប់ធ្វើសកម្មភាពប្រចាំថ្ងៃដូចធម្មតាបាន។

    អ្នកជំងឺរលាកថ្លើមត្រូវតមពិសាគ្រឿងស្រវឹងរហូតដល់ពេលជាសះស្បើយទាំងស្រុង។ ដោយសារឱសថដូចជាWarfarinឬTheophyllineជាដើម អាចប្រមូលផ្ដុំច្រើនហួសកម្រិតនៅក្នុងរាងកាយ ដោយសារសរីរាង្គថ្លើមដែលទទួលផលប៉ះពាល់មិនអាចធ្វើប្រតិកម្មកម្ចាត់សារធាតុទាំងនេះបានគ្រប់គ្រាន់ ដូច្នេះ វេជ្ជបណ្ឌិតអាចនឹងត្រូវបន្ថយកម្រិតប្រើប្រាស់ឬសុំអោយអ្នកជំងឺផ្អាកការប្រើប្រាស់ឱសថជាបណ្ដោះអាសន្នសិន។

    ចំពោះជំងឺរលាកថ្លើមធ្ងន់ធ្ងរ(Fulminant hepatitis)ដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទB គេអាចប្រើឱសថប្រឆាំងវីរុសដើម្បីព្យាបាល។ ប៉ុន្តែ វិធីព្យាបាលដែលមានប្រសិទ្ធិភាពបំផុតនោះគឺការវះកាត់ផ្លាស់ប្ដូរសរីរាង្គថ្លើម ហើយវាប្រហែលជាក្ដីសង្ឃឹមតែមួយគត់ដើម្បីបន្តជីវិតរបស់អ្នកជំងឺ(ជាពិសេសចំពោះមនុស្សពេញវ័យ)។

    អានបន្ថែម
  • ការបង្ការ

    ដើម្បីការពារកុំអោយឆ្លងវីរុសរលាកថ្លើមប្រភេទA ប្រភេទB ប្រភេទE គេអាចប្រើវិធីចាក់វ៉ាក់សាំងការពារ។

    ・វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទA ត្រូវបានណែនាំចំពោះកុមារទាំងអស់ និង ចំពោះមនុស្សពេញវ័យដែលប្រឈមមុខនឹងការកើតជំងឺនេះដូចជាធ្វើដំណើរទៅតំបន់ដែលជំងឺនេះកំពុងរីករាលដាល។ល។

    ・វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB ត្រូវបានណែនាំចំពោះមនុស្សដែលមានអាយុក្រោម18ឆ្នាំគ្រប់គ្នាទាំងអស់។

    ・វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទE ភាគច្រើនត្រូវបានប្រើប្រាស់នៅតំបន់ដែលជំងឺនេះកំពុងរីករាលដាល។

    ដោយសារវ៉ាក់សាំងទាំងនេះរួមមានដំណើរការនៃការបង្កើតអង់ទីករប្រឆាំងនឹងវីរុសផ្សេងៗ វ៉ាក់សាំងការពារជំងឺរលាកថ្លើមត្រូវការរយៈពេលប៉ុន្មានសប្ដាហ៍មុននឹងអាចបង្ហាញប្រសិទ្ធិភាពការពារជំងឺអតិបរមា គឺដូចទៅវឹងវ៉ាក់សាំងប្រភេទផ្សេងៗទៀតដែរ។

    អ្នកដែលមិនបានទទួលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទA ហើយកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការឆ្លងជំងឺនេះ គេអាចប្រើឱសថប្រភេទជាអង់ទីករ(Immunoglobulin)ទម្រង់ជាថ្នាំចាក់។ តាមរយៈវិធីនេះ អ្នកជំងឺអាចទទួលការការពារពីការឆ្លងជំងឺនេះឬអាចកាត់បន្ថយកម្រិតធ្ងន់ធ្ងរនៃជំងឺប្រសិនបើឆ្លង។ ប៉ុន្តែ ប្រសិទ្ធិភាពការពារនៃឱសថនេះមិនមានលក្ខណៈដូចគ្នាចំពោះអ្នកជំងឺទាំងអស់គ្នានោះទេ ហើយវាគ្រាន់តែជាវិធីបណ្ដោះអាសន្នប៉ុណ្ណោះ។

    អ្នកដែលមិនបានទទួលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB ហើយកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការឆ្លងជំងឺនេះ គេអាចប្រើឱសថប្រភេទជាអង់ទីករ(Immunoglobulin)ប្រឆាំងវីរុសរលាកថ្លើមប្រភេទBនិងទទួលវ៉ាក់សាំងការពារបន្ថែម។ ឱសថអ៊ីមុយណូក្លូប៊ុយលីនប្រឆាំងវីរុសរលាកថ្លើមប្រភេទB រួមមាន អង់ទីករទប់ទល់នឹងវីរុសរលាកថ្លើមប្រភេទB និង មានប្រសិទ្ធិភាពជួយដល់សកម្មភាពរាងកាយទាំងមូលប្រឆាំងនឹងការឆ្លងវីរុសនេះ។ ឱសថនេះអាចបង្ការការកើតមានរោគសញ្ញា និង អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាករណីរោគសញ្ញាកើតឡើង ប៉ុន្តែ វាមិនត្រូវបានធានានៅក្នុងការបង្ការមិនអោយកើតមានការឆ្លងវីរុសនៅក្នុងរាងកាយនោះទេ។ ករណីមួយចំនួន ដូចជា អ្នកដែលមានប្រព័ន្ធភាពស៊ាំកំពុងធ្លាក់ចុះឬអ្នកដែលកំពុងទទួលការលាងឈាមជាដើមអាចនឹងចាំបាច់ត្រូវការការចាក់វ៉ាក់សាំងបន្ថែមពីលើការប្រើឱសថខាងលើ។

    មិនមានវ៉ាក់សាំងដែលអាចការពារការឆ្លងវីរុសរលាកថ្លើមប្រភេទCឬប្រភេទDនោះទេ។ ប៉ុន្តែ វ៉ាក់សាំងប្រឆាំងវីរុសរលាកថ្លើមប្រភេទBមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសរលាកថ្លើមប្រភេទDបាន។

    វិធីដែលអាចអនុវត្តដើម្បីបង្ការការឆ្លងវីរុសរលាកថ្លើម រួមមានដូចខាងក្រោម៖

    + មុននឹងប៉ះពាល់ចំណីអាហារ ត្រូវលាងដៃអោយបានស្អាតជាមុនសិនជានិច្ច

    + មិនត្រូវប្រើម្ជុលចាក់ថ្នាំរួមគ្នានោះទេ

    + មិនត្រូវប្រើវត្ថុដែលអាចជាប់ឈាមដូចជាច្រាសដុសធ្មេញ កាំបិតកោរជាដើម រួមគ្នានោះទេ

    + គួររួមភេទដោយប្រើស្រោមអនាម័យជាដើម

    + មិនត្រូវមានដៃគូរួមភេទច្រើននោះទេ។

    ឈាមដែលប្រើនៅក្នុងការបញ្ចូលឈាមនៅមន្ទីរពេទ្យ ជាទូទៅ ត្រូវបានពិនិត្យមុននឹងប្រើប្រាស់ ដូច្នេះ វាមិនគួរជាមូលហេតុនៃការឆ្លងនោះទេ ប៉ុន្តែ គេគួរអនុវត្តការបញ្ចូលឈាមក្នុងករណីចាំបាច់តែប៉ុណ្ណោះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសរលាកថ្លើម។ អ្នកជំងឺដែលគម្រោងត្រូវទទួលការវះកាត់ អាចត្រូវបានបូមឈាមរបស់ខ្លួនរយៈពេលប៉ុន្មានសប្ដាហ៍ទុកជាមុន ដើម្បីចៀសវាងការទទួលការបញ្ចូលឈាមពីអ្នកផ្ដល់ឈាមទូទៅ។

    អានបន្ថែម