Acute coronary syndrome (បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ)

    • លក្ខណៈទូទៅ
    • មូលហេតុ
    • បំណែងចែកប្រភេទ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការវិវត្តនៃជំងឺ
    • ការព្យាបាល
    • ការបង្ការ
  • លក្ខណៈទូទៅ

    បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងស្រួចស្រាវកើតឡើងដោយសារការស្ទះភ្លាមៗនៅក្នុងសរសៃឈាមអាកទែនៃបេះដូង។ ការស្ទះបែបនេះអាចបង្កជាអាការៈត្បៀតសរសៃឈាមបេះដូងលក្ខណៈគ្មានលំនឹង(Unstable angina)ឬជាអាការៈគាំងបេះដូង(ជំងឺស្ទះសរសៃឈាមបេះដូង Myocardial infarction) ទៅតាមផ្នែកដែលស្ទះនិងទំហំនៃការស្ទះនៅក្នុងបេះដូង។

    ・បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងស្រួចស្រាវ រួមមាន អាការៈឈឺចាប់ឬថប់ទ្រូង ដង្ហក់ អស់កម្លាំង ជាដើម។

    ・នៅពេលរោគសញ្ញាកើតឡើង ត្រូវប្រញាប់ហៅរថយន្តសង្គ្រោះបន្ទាន់ រួចអោយអ្នកជំងឺពិសាឱសថ Aspirin ដោយទំពាអោយម៉ត់។

    ・នៅមន្ទីរពេទ្យ វេជ្ជបណ្ឌិតអាចវិនិច្ឆ័យបានថាជាបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងស្រួចស្រាវ ដោយផ្អែកលើការពិនិត្យចង្វាក់បេះដូង(ECG) និង ការពិនិត្យសារធាតុមួយចំនួននៅក្នុងឈាម។

    ・វិធីព្យាបាលប្រែប្រួលទៅតាមប្រភេទនៃបណ្ដុំរោគសញ្ញានេះ ប៉ុន្តែ ជាទូទៅ គេធ្វើការព្យាបាលដោយបង្កើនចរន្តឈាមទៅកន្លែងដែលកើតមានការស្ទះ។

    អានបន្ថែម
  • មូលហេតុ

    បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងស្រួចស្រាវកើតឡើងដោយសារការស្ទះភ្លាមៗនៅក្នុងសរសៃឈាមអាកទែនៃបេះដូង ធ្វើអោយការផ្គត់ផ្គង់ឈាមទៅផ្នែកមួយនៃសាច់ដុំបេះដូងថយចុះយ៉ាងខ្លាំងឬរាំងស្ទះតែម្ដង។ ការថយចុះនៃការផ្គត់ផ្គង់ឈាមទៅដល់ជាលិកាផ្នែកណាមួយហៅថា Ischemia។ នៅពេលចរន្តឈាមផ្គត់ផ្គង់មានការថយចុះខ្លាំងលើសពី2-3នាទី នោះជាលិកានៃបេះដូងនឹងស្លាប់។ ជំងឺស្ទះសរសៃឈាមបេះដូង (Myocardial infarction) ឬហៅសាមញ្ញថា គាំងបេះដូង (Heart attack) កើតឡើងនៅពេលដែលជាលិកាបេះដូងស្លាប់ មិនអាចបំពេញមុខងារបាន ដោយសារការផ្គត់ផ្គត់ឈាមទៅបេះដូងមានការថយចុះខ្លាំង។

    មូលហេតុភាគច្រើននៃការស្ទះសរសៃឈាមអាកទែបេះដូងគឺ កំណកឈាម។ ជាធម្មតា នៅតាមជញ្ជាំងនៃសរសៃឈាមអាកទែមានបណ្ដុំនៃសារធាតុខ្លាញ់ដូចជាកូឡេស្តេរ៉ូលជាដើម (បណ្ដុំជាតិខ្លាញ់បែបនេះ ហៅថា អាតេរ៉ូម៉ា (Atheroma)) ធ្វើអោយសរសៃឈាមអាកទែរួមតូចបន្តិចជាស្រេច។ ប្រសិនបើអាតេរ៉ូម៉ានេះបែកធ្លាយ នោះនឹងមានការបញ្ចេញសារធាតុដែលបង្កអោយមានបណ្ដុំប្លាកែត ដែលធ្វើអោយងាយកើតមានជាកំណកឈាម។ នៅក្នុងមនុស្សប្រហែល2ភាគ3 កំណកឈាមទាំងនេះនឹងរលាយដោយឯកឯងក្នុងរយៈពេលប្រហែល1ថ្ងៃ ប៉ុន្តែ រយៈពេលនេះក៏អាចទៅបង្កការស្ទះចរន្តឈាមនៅក្នុងបេះដូង ធ្វើអោយផ្នែកមួយចំនួននៃបេះដូងទទួលផលប៉ះពាល់។

    មានករណីកម្រដែលកំណកឈាមកើតឡើងនៅក្នុងបេះដូងតែម្ដង ហើយបង្កការស្ទះនៅតាមសរសៃឈាមអាកទែ និង នាំអោយកើតមានអាការៈគាំងបេះដូង។ ការស្ទះចរន្តឈាមក៏អាចកើតឡើងដោយសារការញ័រនៃសរសៃអាកទែបេះដូង បង្កជាការគាំងបេះដូងផងដែរ។ ការញ័រសរសៃអាកទែបេះដូងបែបនេះអាចបណ្ដាលមកពីការប្រើប្រាស់ឱសថCocaineជាដើម ហើយក៏មានករណីដែលមិនមានមូលហេតុច្បាស់លាស់ផងដែរ។

    អានបន្ថែម
  • បំណែងចែកប្រភេទ

    គេបែងចែកប្រភេទនៃបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងស្រួចស្រាវទៅតាមលទ្ធផលពិនិត្យចង្វាក់បេះដូង(ECG) និង ការពិនិត្យសារធាតុក្នុងឈាមដែលបញ្ចេញពីផ្នែកនៃបេះដូងដែលទទួលការខូចខាត។ វិធីព្យាបាលក៏ប្រែប្រួលទៅតាមប្រភេទនៃបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងស្រួចស្រាវផងដែរ ដូច្នេះ ការស្គាល់ប្រភេទនៃជំងឺនេះមានសារៈសំខាន់ណាស់។ បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ បែងចែកជា 3 ប្រភេទ គឺ ជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈគ្មានលំនឹង(Unstable angina) ជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)ប្រភេទSTកើនឡើង និង ជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)ប្រភេទSTមិនកើនឡើង។

    ជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈគ្មានលំនឹង(Unstable angina)

    ជាជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris) ដែលមានរោគសញ្ញាប្រែប្រួលច្រើន ហើយអាការៈកើតឡើងរយៈពេលអូសបន្លាយវែងឬកាន់តែអាក្រក់ទៅៗឬមានរោគសញ្ញាកម្រិតធ្ងន់។ ម្យ៉ាងទៀត ទោះជាគេអនុវត្តការពិនិត្យចង្វាក់បេះដូងឬការពិនិត្យឈាមចំពោះអ្នកជំងឺប្រភេទនេះ ក៏គេមិនអាចដឹងមុនអំពីការកើតឡើងនៃអាការៈគាំងបេះដូងនោះទេ។

    ជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)ប្រភេទSTកើនឡើង

    គេអាចដឹងថាជាជំងឺស្ទះសរសៃឈាមបេះដូងតាមរយៈការពិនិត្យឈាម ប៉ុន្តែ គេមិនសង្កេតឃើញមានការប្រែប្រួលនៅលើរូបភាពបង្ហាញចង្វាក់បេះដូង(ECG)នោះទេ ដោយជាធម្មតា ជំងឺស្ទះសរសៃឈាមបេះដូងនឹងធ្វើអោយSTកើនឡើង។

    ជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)ប្រភេទSTមិនកើនឡើង

    គេអាចដឹងថាជាជំងឺស្ទះសរសៃឈាមបេះដូងតាមរយៈការពិនិត្យឈាម ហើយគេសង្កេតឃើញមានការប្រែប្រួលនៅលើរូបភាពបង្ហាញចង្វាក់បេះដូង(ECG)គឺSTកើនឡើង។

    អានបន្ថែម
  • រោគសញ្ញា

    បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងស្រួចស្រាវទាំង3ប្រភេទបង្ហាញជារោគសញ្ញាស្រដៀងគ្នា ដូច្នេះ គេពិបាកនឹងវិនិច្ឆ័យដឹងអំពីប្រភេទដោយផ្អែកតែទៅលើរោគសញ្ញានោះទេ។ ជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈគ្មានលំនឹង(Unstable angina) មានរោគសញ្ញាដូចទៅនឹងជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris)ទូទៅ ដោយរួមមាន អាការៈថប់ទ្រូង អាការៈឈឺចាប់នៅក្រោយឆ្អឹងទ្រូង។ ប៉ុន្តែ អ្នកជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈគ្មានលំនឹងអាចបង្ហាញរោគសញ្ញាដែលប្រែប្រួលច្រើន។ នៅក្នុងជំងឺនេះ រោគសញ្ញាត្បៀតសរសៃឈាមបេះដូងអាចកើតឡើងញឹកញាប់ជាងធម្មតា ឬ អាចមានលក្ខណៈធ្ងន់ធ្ងរជាងធម្មតា ឬ អាចកើតឡើងនៅពេលរាងកាយសម្រាកឬក្រោយធ្វើលំហាត់ប្រាណស្រាលៗ។ ប្រហែល2ភាគ3នៃអ្នកដែលកើតមានអាការៈគាំងបេះដូង គឺបានឆ្លងកាត់ការកើតមានរោគសញ្ញានៃជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈគ្មានលំនឹង អាការៈដង្ហក់ ឬ អស់កម្លាំងខ្លាំង ប៉ុន្មានថ្ងៃឬប៉ុន្មានសប្ដាហ៍មុនកើតអាការៈគាំងបេះដូង។

    រោគសញ្ញាពិសេសដែលសម្គាល់ជំងឺគាំងបេះដូង គឺអាការៈឈឺចាប់ដែលផ្ដើមចេញពីផ្នែកកណ្ដាលនៃទ្រូង រាលដាលដល់ខ្នង ចង្កា និង ទៅដល់ដៃខាងឆ្វេង។ មានករណីកម្រខ្លះដែលអាការៈឈឺចាប់អាចរាលដាលដល់ដៃខាងស្ដាំ។ ហើយក៏មានករណីដែលអ្នកជំងឺទទួលអារម្មណ៍ឈឺចាប់នៅផ្នែកទាំងនេះ ប៉ុន្តែ មិនមានការឈឺចាប់នៅទ្រូងនោះទេ។ អារម្មណ៍ឈឺចាប់នៅក្នុងជំងឺគាំងបេះដូងស្រដៀងទៅនឹងការឈឺចាប់នៅក្នុងជំងឺត្បៀតសរសៃឈាមបេះដូង ដោយគ្រាន់តែវាមានលក្ខណៈខ្លាំងជាងនិងយូរជាង ហើយទោះជាអ្នកជំងឺសម្រាកនៅស្ងៀមឬប្រើប្រាស់ឱសថនីត្រូគ្លីសេរីន (Nitroglycerin)ហើយក៏ដោយ ក៏អាការៈមិនធូរស្បើយដែរ។ មានករណីកម្រដែលអ្នកជំងឺមានអារម្មណ៍ឈឺចាប់នៅផ្នែកពោះ ជាពិសេសនៅពេលអ្នកជំងឺភើហើយអាការៈឈឺចាប់នោះធូរស្បើយទៅវិញ គេអាចយល់ច្រឡំថាវាជារោគសញ្ញានៃអាការៈពិបាករំលាយអាហារ។ ក្រៅពីនេះ អ្នកជំងឺជាស្ត្រីអាចបង្ហាញអាការៈខុសប្លែកពីអាការៈទូទៅនៃជំងឺនេះ ធ្វើអោយគេពិបាកវិនិច្ឆ័យដឹង។

    អ្នកដែលកើតមានអាការៈគាំងបេះដូង ប្រហែល1ភាគ3គឺមិនមានអាការៈឈឺចាប់ក្នុងទ្រូងនោះទេ។ អ្នកទាំងនោះភាគច្រើនអាចជាស្ត្រី អ្នកមិនមែនជនជាតិស្បែកស អ្នកមានអាយុចាប់ពី75ឆ្នាំឡើង អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងឬជំងឺទឹកនោមផ្អែម អ្នកដែលធ្លាប់កើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល។

    រោគសញ្ញាផ្សេងទៀត រួមមាន ស្មារតីធ្លាក់ចុះ ភាំងស្មារតី បែកញើសច្រើនភ្លាមៗ ចង់ក្អួត ដង្ហក់ បេះដូងលោតញាប់ ។ល។

    ក្នុងពេលកំពុងគាំងបេះដូង អ្នកជំងឺមានអាការៈនៅមិនស្ងៀម បែកញើស ភ័យ ដួលសន្លប់ជាដើម។ ករណីខ្លះ ក៏មានរោគសញ្ញាដូចជា បបូរមាត់ ដៃ និង ជើង ប្រែសម្បុរទៅជាខៀវស្លេកជាដើមផងដែរ។

    ចំពោះមនុស្សចាស់ អាចកើតមានរោគសញ្ញាដែលកម្រ ប៉ុន្តែ ភាគច្រើន រោគសញ្ញាដែលច្បាស់ជាងគេគឺដង្ហក់។ អាចមានករណីដែលចេញជារោគសញ្ញាស្រដៀងទៅនឹងអាការៈក្រពះមិនស្រួលឬរោគសញ្ញាស្រដៀងទៅនឹងជំងឺស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល។ មនុស្សចាស់ខ្លះអាចកើតមានរោគសញ្ញាវង្វេងទិសដៅ។ ប៉ុន្តែ ប្រហែល2ភាគ3នៃអ្នកជំងឺជាមនុស្សចាស់គឺបង្ហាញរោគសញ្ញាឈឺទ្រូងដូចទៅនឹងមនុស្សវ័យក្មេងផងដែរ។

    រោគសញ្ញានៃជំងឺគាំងបេះដូងមានច្រើនសណ្ឋាន ប៉ុន្តែ ម្នាក់ក្នុងចំណោម5នាក់នៃអ្នកជំងឺគាំងបេះដូងអាចកើតមានអាការៈស្រាលប៉ុណ្ណោះឬមិនមានរោគសញ្ញាតែម្ដង។ ជំងឺគាំងបេះដូងដែលមិនមានរោគសញ្ញាអោយដឹងច្បាស់លាស់បែបនេះ អាចរកឃើញទាន់ពេលវេលាតាមរយៈការពិនិត្យចង្វាក់បេះដូងជាទៀងទាត់។

    នៅប៉ុន្មានម៉ោងមុនកើតមានអាការៈគាំងបេះដូង គេអាចស្ដាប់លឺសម្លេងខុសប្រក្រតីនៃបេះដូងបានប្រសិនបើមានឧបករណ៍ស្ដាប់បេះដូង។

    ជំងឺផ្សេងទៀតដែលអាចកើតឡើងបន្ត

    បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ អាចបង្កជាជំងឺផ្សេងៗទៀតទៅតាមកម្រិត រយៈពេល និង ទីតាំងនៃការស្ទះសរសៃអាកទែបេះដូង។ ប្រសិនបើសាច់ដុំបេះដូងទទួលការខូចខាតច្រើនផ្នែក ធ្វើអោយបេះដូងបំពេញមុខងារមិនមានប្រសិទ្ធិភាពនោះទេ។ ហើយប្រសិនបើចរន្តឈាមដែលផ្គត់ផ្គង់ទៅប្រព័ន្ធបញ្ជូនសញ្ញាភ្ញោចការកន្ត្រាក់របស់បេះដូងត្រូវបានរាំងស្ទះ វានឹងមានឥទ្ធិពលទៅដល់ចង្វាក់បេះដូង។

    ផលប៉ះពាល់ទៅលើមុខងារច្របាច់ឈាមរបស់បេះដូង

    នៅពេលកើតមានអាការៈគាំងបេះដូង ផ្នែកមួយនៃជាលិកាសាច់ដុំបេះដូងបានស្លាប់។ ជាលិកាដែលស្លាប់នោះនឹងត្រូវបានជំនួសដោយជាលិកាក្រិន ហើយមិនអាចធ្វើសកម្មភាពកន្ត្រាក់បានទៀតនោះទេ។ ជាលទ្ធផល សាច់ដុំបេះដូងដែលអាចបំពេញមុខងារច្របាច់ឈាមមានកាន់តែតិចទៅៗ។ នៅពេលជាលិកាដែលស្លាប់មានលក្ខណៈធំ វាធ្វើអោយមុខងារច្របាច់ឈាមរបស់បេះដូងថយចុះ ហើយការផ្គត់ផ្គង់ឈាមនិងអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយមានលក្ខណៈមិនគ្រប់គ្រាន់។ នៅពេលនោះអ្នកជំងឺនឹងចាប់ផ្ដើមកើតមានបញ្ហាផ្សេងទៀត ដូចជា ជំងឺខ្សោយមុខងារបេះដូង ជំងឺសម្ពាធឈាមចុះទាប ឬ ទាំងពីររួមគ្នាតែម្ដង។ ប្រសិនបើជាលិការបស់បេះដូងពាក់កណ្ដាលឡើងទៅទទួលការខូចខាតឬស្លាប់លែងដំណើរការតែម្ដង នោះបេះដូងមិនអាចបំពេញមុខងារបាន ធ្វើអោយអ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការទទួលផលប៉ះពាល់សុខភាពធ្ងន់ធ្ងរឬមានគ្រោះថ្នាក់ដល់ជីវិតតែម្ដង។

    ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា (β blockers) ជាពិសេស ឱសថប្រភេទទប់ស្កាត់សកម្មភាពអង់ស៊ីមACE (ACE inhibitors) ជាដើម មានប្រសិទ្ធិភាពកាត់បន្ថយបន្ទុកនៃការធ្វើសកម្មភាពរបស់បេះដូង ដូច្នេះ ការប្រើប្រាស់ឱសថទាំងនេះ អាចទប់ស្កាត់ការរីករាលដាលនៃការខូចខាតជាលិកានៅក្នុងបេះដូង ហើយជួយរក្សាទម្រង់និងស្ថានភាពបំពេញមុខងាររបស់បេះដូង។

    បេះដូងដែលទទួលការខូចខាតនឹងខំប្រឹងបំពេញបន្ថែមមុខងារដែលបាត់បង់ ដោយពង្រីកទំហំរបស់ខ្លួន។ ប៉ុន្តែ នៅពេលបេះដូងរីកធំ វាអាចធ្វើអោយចង្វាក់បេះដូងប្រែប្រួលខុសប្រក្រតី។

    ផលប៉ះពាល់ទៅលើចង្វាក់បេះដូង

    អ្នកដែលធ្លាប់កើតមានអាការៈគាំងបេះដូង 90%ឡើងនឹងកើតមានអាការៈចង្វាក់បេះដូងខុសប្រក្រតី។ នេះក៏ដោយសារតែការគាំងបេះដូងបានបង្កផលប៉ះពាល់ទៅដល់ប្រព័ន្ធបញ្ជូនសញ្ញាភ្ញោចការកន្ត្រាក់បេះដូង។ នៅពេលដែលផលប៉ះពាល់នោះកើតមានចំពោះផ្នែកដែលជាប្រភពបង្កើតចង្វាក់បេះដូង វាធ្វើអោយចង្វាក់បេះដូងធ្លាក់ចុះយឺតជាងធម្មតាខ្លាំង ហើយផលប៉ះពាល់នៅផ្នែកផ្សេងទៀត អាចធ្វើអោយចង្វាក់បេះដូងកើនឡើងលឿនខុសពីធម្មតាឬមិនមានចង្វាក់ថេរ។ ក៏មានករណីខ្លះដែលការបញ្ជូនសញ្ញាភ្ញោចត្រូវបានរំខាននៅផ្នែកណាមួយនៃបេះដូង ធ្វើអោយការកន្ត្រាក់បេះដូងមានលក្ខណៈយឺតឬមិនមានការកន្ត្រាក់តែម្ដង។

    ម្យ៉ាងទៀត ផ្នែកនៃបេះដូងដែលចរន្តឈាមថយចុះប៉ុន្តែជាលិកានៅផ្នែកនោះនៅមិនទាន់ស្លាប់នៅឡើយ អាចប្រែក្លាយទៅជាងាយប្រតិកម្មទៅនឹងរំញោច ធ្វើអោយកើតមានជាជំងឺចង្វាក់បេះដូងខុសប្រក្រតីប្រភេទVentricular tachycardiaឬVentricular fibrillationជាដើម។ ស្ថានភាពចង្វាក់បេះដូងខុសប្រក្រតីបែបនេះមានឥទ្ធិពលខ្លាំងចំពោះមុខងារច្របាច់ឈាមរបស់បេះដូង រហូតអាចក្លាយជាមូលហេតុធ្វើអោយបេះដូងលែងកន្ត្រាក់។ ស្ថានភាពបែបនេះអាចធ្វើអោយអ្នកជំងឺបាត់បង់ស្មារតីឬបាត់បង់ជីវិតតែម្ដង ជាពិសេស នៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពដែលកម្រិតប៉ូតាស្យូម(K)ក្នុងឈាមធ្លាក់ចុះទាប ឬ មានអតុល្យភាពនៃសារធាតុគីមីមួយចំនួនក្នុងឈាម។

    ផលប៉ះពាល់ផ្សេងទៀត

    ក្រោយកើតមានអាការៈគាំងបេះដូង អ្នកជំងឺអាចកើតមានជំងឺរលាកស្រោមបេះដូង(Pericarditis)ក្នុងអំឡុងពេល1ទៅ2ថ្ងៃ ឬ 10ថ្ងៃទៅ2ខែក្រោយកើតមានអាការៈ។ ជំងឺរលាកស្រោមបេះដូងច្រើនកើតមានចំពោះអ្នកជំងឺដែលមិនបានទទួលការព្យាបាលដោយPCI (Percutaneous coronary intervention)ឬដោយCABG (Coronary artery bypass grafting)ដើម្បីបើកនូវសរសៃឈាមអាកទែដែលស្ទះ។ រោគសញ្ញានៃជំងឺគាំងបេះដូងងាយនឹងកត់សម្គាល់ ប៉ុន្តែ ជំងឺរលាកស្រោមបេះដូងដែលឆាប់កើតមានក្រោយអាការៈគាំងបេះដូងមិនសូវត្រូវបានគេកត់សម្គាល់ដឹងនោះទេ។ ជំងឺរលាកស្រោមបេះដូងអាចដឹងបានតាមរយៈការប្រើឧបករណ៍ស្ដាប់បេះដូងដែលបញ្ចេញសម្លេងនិងចង្វាក់ដូចវត្ថុកំពុងកកិតគ្នានៅរយៈពេល2ទៅ3ថ្ងៃក្រោយកើតមានអាការៈគាំងបេះដូង។ អាចមានករណីដែលការរលាកបង្កជាការដក់ទឹកបន្តិចបន្តួចនៅចន្លោះស្រទាប់ទាំង2នៃស្រោមបេះដូង។ ជំងឺរលាកស្រោមបេះដូងដែលកើតមានក្រោយអាការៈគាំងបេះដូង ហៅថា បណ្ដុំរោគសញ្ញាដ្រេស្លឺ(Dressler syndrome)។ ជំងឺនេះរួមមានរោគសញ្ញាជាច្រើនដូចជា ការដក់ទឹកនៅចន្លោះស្រទាប់នៃស្រោមបេះដូង រលាកស្រោមទ្រូង ដក់ទឹកក្នុងទ្រូង ឈឺសន្លាក់ជាដើម។

    ក្រៅពីនេះ បញ្ហាផ្សេងៗទៀតដែលកើតឡើងក្រោយអ្នកជំងឺកើតមានអាការៈគាំងបេះដូង រួមមាន មុខងារប្រើសបេះដូងថយចុះ រហែកសាច់ដុំបេះដូង ការឡើងប៉ោងនៅថតក្រោមនៃបេះដូង ការកកើតកំណកឈាម សម្ពាធឈាមចុះទាប ។ល។ នៅក្រោយហេតុការណ៍គាំងបេះដូង សរសៃប្រសាទនឹងប្រែជាងាយប្រតិកម្ម ហើយអ្នកជំងឺងាយកើតជំងឺធ្លាក់ទឹកចិត្តដែលអាចជាកម្រិតធ្ងន់ធ្ងរឬអូសបន្លាយរយៈពេលវែង។

    ជាសង្ខេប ក្រោយអាការៈគាំងបេះដូង អ្នកជំងឺអាចកើតមានរោគសញ្ញាដូចខាងក្រោម៖ សាច់ដុំបេះដូងដាច់រហែក ចរន្តឈាមឆ្លងកាត់ប្រើសបេះដូងហូរបញ្ច្រាស ការឡើងប៉ោងនៃជាលិកាថតក្រោមនៃបេះដូង ការកកើតកំណកឈាម រោគសញ្ញាខ្សោយមុខងារបេះដូង សម្ពាធឈាមចុះទាប ចង្វាក់បេះដូងខុសប្រក្រតី រលាកស្រោមបេះដូង។ល។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    នៅពេលអ្នកជំងឺជាបុរសអាយុ35ឆ្នាំឡើងទៅឬជាស្ត្រីអាយុ40ឆ្នាំឡើងទៅត្អូញអំពីអាការៈឈឺចាប់នៅទ្រូង វេជ្ជបណ្ឌិតនឹងសង្ស័យថាអ្នកជំងឺកំពុងកើតមានបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ។ ប៉ុន្តែ មានជំងឺផ្សេងៗទៀតផងដែរដែលមានអាការៈដូចគ្នា ដូចជា ជំងឺរលាកសួត ជំងឺស្ទះកំណកឈាមនៅក្នុងសរសៃអាកទែសួត ជំងឺរលាកស្រោមបេះដូង ជំងឺបាក់ឆ្អឹងជំនីរ ជំងឺញ័របំពង់អាហារ អាការៈពិបាករំលាយអាហារ របួសប៉ះទង្គិចពីខាងក្រៅ ឬ ជាអាការៈឈឺសាច់ដុំទ្រូងនៅក្រោយពេលហាត់ប្រាណ។

    ជាទូទៅ គេអាចធ្វើរោគវិនិច្ឆ័យថាជាជំងឺគាំងបេះដូងក្នុងរយៈពេលប៉ុន្មានម៉ោង តាមរយៈការពិនិត្យចង្វាក់បេះដូង(ECG) និង ការពិនិត្យឈាមទាក់ទងនឹងសារធាតុមួយចំនួន។

    ការពិនិត្យចង្វាក់បេះដូង(ECG) គឺជាការពិនិត្យដំបូងនិងសំខាន់ជាងគេនៅពេលគេសង្ស័យថាអ្នកជំងឺកំពុងកើតមានបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ។ ការពិនិត្យនេះបង្ហាញក្រាបនៃសញ្ញាភ្ញោចការកន្ត្រាក់ជាចង្វាក់របស់បេះដូង។ ករណីភាគច្រើន គេអាចវិនិច្ឆ័យដឹងភ្លាមៗថាអ្នកជំងឺកំពុងកើតមានអាការៈគាំងបេះដូងតាមការពិនិត្យនេះ។ ហើយវេជ្ជបណ្ឌិតនឹងសម្រេចចិត្តលើប្រភេទឱសថសម្រាប់ការព្យាបាលដោយផ្អែកលើភាពអប្រក្រតីនៅលើECG។ ម្យ៉ាងទៀត ដោយមើលទៅលើECG គេអាចស្មានដឹងអំពីផ្នែកនៃសាច់ដុំបេះដូងដែលទទួលរងការខូចខាត។ ចំពោះអ្នកជំងឺដែលធ្លាប់កើតជំងឺបេះដូងពីមុនមក គេអាចសង្កេតឃើញមានភាពប្រែប្រួលនៃECG ហើយធ្វើអោយការធ្វើស្វែងរកផ្នែកខូចខាតនៃសាច់ដុំបេះដូងដែលទើបមានការលំបាក។ ដូច្នេះ ចំពោះអ្នកដែលធ្លាប់មានជំងឺបេះដូង គួរមានលទ្ធផលពិនិត្យECGពីមុនដែលអាចយកមកប្រៀបធៀបជាមួយនឹងការពិនិត្យថ្មីៗ។ ប្រសិនបើការពិនិត្យECGប៉ុន្មានដងរៀងរាល់2ទៅ3ម៉ោងម្ដងមិនបង្ហាញភាពអប្រក្រតីទេ វេជ្ជបណ្ឌិតអាចវិនិច្ឆ័យថាមិនមែនជាអាការៈគាំងបេះដូងនោះទេ។

    ការពិនិត្យឈាមដើម្បីស្វែងរកសារធាតុមួយចំនួនដែលសម្គាល់ជំងឺបេះដូងក៏មានប្រយោជន៍ផងដែរនៅក្នុងការធ្វើរោគវិនិច្ឆ័យ។ សារធាតុទាំងនេះស្ថិតនៅក្នុងសាច់ដុំបេះដូងនៅពេលធម្មតា ប៉ុន្តែ នៅពេលដែលសាច់ដុំបេះដូងទទួលការខូចខាតឬស្លាប់ សារធាតុទាំងនេះនឹងបញ្ចេញទៅក្នុងចរន្តឈាម។ សារធាតុដែលគេតែងពិនិត្យជាទូទៅ រួមមាន ប្រូតេអ៊ីននៃសាច់ដុំបេះដូង(Troponin I និង Troponin T) អង់ស៊ីមCK-MB។ កំហាប់ក្នុងឈាមនៃសារធាតុទាំងនេះនឹងកើនឡើងក្នុងអំឡុងពេល6ម៉ោងក្រោយកើតមានអាការៈគាំងបេះដូង ដោយបន្តស្ថិតក្នុងកម្រិតខ្ពស់ដូចនេះរយៈពេល36~48ម៉ោងបន្ទាប់ពីនោះ។ ជាទូទៅ គេធ្វើការពិនិត្យកម្រិតនៃសារធាតុទាំងនេះរយៈពេល24ម៉ោងគិតចាប់ពីពេលអ្នកជំងឺចូលសម្រាកពេទ្យ ដោយអនុវត្តការពិនិត្យរៀងរាល់6~8ម៉ោងម្ដង។

    ករណីព័ត៌មានពីការពិនិត្យចង្វាក់បេះដូង(ECG)និងការពិនិត្យឈាមមិនច្បាស់លាស់គ្រប់គ្រាន់អាចអោយគេវិនិច្ឆ័យបាន គេអាចអនុវត្តការពិនិត្យអេកូបេះដូងឬការពិនិត្យRI។ តាមរយៈការពិនិត្យអេកូបេះដូង គេអាចដឹងថាតើផ្នែកមួយនៃថតក្រោមខាងឆ្វេងនៃបេះដូង(ថតដែលបញ្ជូនឈាមចេញពីបេះដូងទៅគ្រប់ផ្នែកនៃរាងកាយ)មានចលនាមិនប្រក្រតីឬទេ។ នេះជាសញ្ញាបង្ហាញអំពីការខូចខាតដែលបង្កដោយជំងឺគាំងបេះដូង។

    គេអាចធ្វើរោគវិនិច្ឆ័យទៅលើជំងឺ Dressler syndrome (ជំងឺរលាកស្រោមបេះដូងដែលកើតឡើងក្រោយអ្នកជំងឺមានអាការៈគាំងបេះដូងរយៈពេល10ឆ្នាំ~2ខែ) ដោយសង្កេតទៅមើលរោគសញ្ញានិងពេលវេលានៃការកើតមានរោគសញ្ញា។

    ការពិនិត្យផ្សេងទៀត

    នៅក្នុងអំឡុងពេលនិងក្រោយពេលចេញពីមន្ទីរពេទ្យភ្លាមៗ គេអាចអនុវត្តការពិនិត្យផ្សេងៗទៀត ដើម្បីវាយតម្លៃថាតើមានផលប៉ះពាល់លើមុខងាររបស់បេះដូងបន្ថែមទៀតដែរឬទេ។ ឧទាហរណ៍ ឧបករណ៍តាមដានចង្វាក់បេះដូងយកតាមខ្លួនបាន (Holter electrocardiography)អាចកត់ត្រានូវបម្រែបម្រួលនៃសកម្មភាពសញ្ញាភ្ញោចនៅក្នុងបេះដូង ដោយការពិនិត្យនេះអាចធ្វើអោយគេរកឃើញនូវស្ថានភាពខ្វះការផ្គត់ផ្គង់ឈាមក្នុងសាច់ដុំបេះដូងឬជំងឺចង្វាក់បេះដូងដែលមិនបង្ហាញជារោគសញ្ញា។ ម្យ៉ាងទៀត ការពិនិត្យចង្វាក់បេះដូងតាមរយៈការបន្ថែមបន្ទុកដោយការហាត់ប្រាណនៅមុនពេលចេញពីមន្ទីរពេទ្យនិងក្រោយពេលចេញពីមន្ទីរពេទ្យភ្លាមៗ អាចអោយគេស្មានដឹងអំពីកម្រិតជាសះស្បើយនិងដឹងអំពីស្ថានភាពកង្វះការផ្គត់ផ្គង់ឈាមទៅបេះដូងក្រោយពេលអ្នកជំងឺកើតមាទៅបេះដូងតាមរយៈការពិនិត្យទាំងនេះ វេជ្ជបណ្ឌិតនឹងចាប់ផ្ដើមអោយអ្នកជំងឺប្រើប្រាស់ឱសថព្យាបាល។ ហើយប្រសិនបើនៅតែមានផ្នែកនៃបេះដូងដែលខ្វះការផ្គត់ផ្គង់ឈាម វេជ្ជបណ្ឌិតអាចអនុវត្តការពិនិត្យដោយថតរូបភាពសរសៃអាកទែបេះដូង សម្រាប់ការវាយតម្លៃថាតើចាំបាច់ត្រូវអនុវត្តបច្ចេកទេសPercutaneous coronary intervention (PCI) ឬ បច្ចេកទេសCoronary artery bypass grafting (CABG) ដើម្បីកែលម្អចរន្តឈាមនៅក្នុងបេះដូងឡើងវិញដែរឬទេ។

    អានបន្ថែម
  • ការវិវត្តនៃជំងឺ

    អ្នកដែលមានជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈគ្មានលំនឹង(Unstable angina)ភាគច្រើន អាចនឹងកើតមានអាការៈគាំងបេះដូងក្នុងអំឡុងពេលប្រហែល3ខែ។

    ករណីអ្នកជំងឺអាចបន្តរស់រានបន្ទាប់ពីកើតមានអាការៈគាំងបេះដូងរយៈពេល2ទៅ3ថ្ងៃ អ្នកជំងឺមួយចំនួនធំអាចមានលទ្ធភាពជាសះស្បើយ ប៉ុន្តែ អ្នកជំងឺប្រហែល10%អាចនឹងបាត់បង់ជីវិតក្នុងអំឡុងពេល1ឆ្នាំ។ មរណភាពច្រើនកើតមាននៅក្នុងអំឡុងពេល3ទៅ4ខែក្រោយអាការៈគាំងបេះដូង ជាពិសេស អ្នកដែលមានជំងឺត្បៀតសរសៃឈាមបេះដូង (Angina pectoris) ជំងឺចង្វាក់បេះដូងដោយសារបញ្ហាថតក្រោមនៃបេះដូង ឬ ជំងឺខ្សោយមុខងារបេះដូង។ ករណីទំហំបេះដូងរបស់អ្នកជំងឺរីកធំក្រោយពេលកើតមានអាការៈគាំងបេះដូង នោះការជាសះស្បើយក៏មិនសូវបានល្អប្រសើរដូចករណីបេះដូងរក្សាទំហំធម្មតានោះទេ។ ចំពោះមនុស្សចាស់ អត្រាមរណភាពឬកើតមានជំងឺខ្សោយមុខងារបេះដូងជាដើមក្រោយអាការៈគាំងបេះដូងមានកម្រិតខ្ពស់។ អ្នកជំងឺដែលមានមាឌតូចអាចនឹងពិបាកជាសះស្បើយជាងអ្នកដែលមានមាឌធំ ហើយស្ត្រីងាយទទួលលទ្ធផលអាក្រក់ច្រើនជាងបុរស។

    អានបន្ថែម
  • ការព្យាបាល

    បណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវត្រូវការការព្យាបាលជាបន្ទាន់។ ពាក់កណ្ដាលនៃអ្នកជំងឺគាំងបេះដូងស្លាប់នៅក្នុងអំឡុងពេល3ទៅ4ម៉ោងបន្ទាប់ពីកើតមានអាការៈ។ ការព្យាបាលចាប់ផ្ដើមកាន់តែឆាប់ លទ្ធភាពរស់របស់អ្នកជំងឺកាន់តែខ្ពស់។ ប្រសិនបើគេសង្ស័យថាជាបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ គេត្រូវរួសរាន់ហៅរថយន្តសង្គ្រោះបន្ទាន់ដែលមានអ្នកជំនាញជាប្រញាប់ ជាជាងទំនាក់ទំនងទៅក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាងជាដើម ដែលនាំអោយពន្យាពេលដល់ការសង្គ្រោះ។

    ជាទូទៅ អ្នកជំងឺគាំងបេះដូងនឹងត្រូវបញ្ជូនចូលបន្ទប់ប្រពោធនកម្មផ្នែកជំងឺទាក់ទងនឹងសរសៃឈាម(CCU)ពេលទៅដល់មន្ទីរពេទ្យ។ នៅទីនោះ បុគ្គលិកពេទ្យនឹងចាប់ផ្ដើមធ្វើការតាមដានចង្វាក់បេះដូង សម្ពាធឈាម កម្រិតអុកស៊ីសែនក្នុងឈាម ជាដើម ហើយគេនឹងធ្វើការវាយតម្លៃទៅលើកម្រិតនៃផលប៉ះពាល់ទៅលើបេះដូង។ គិលានុបដ្ឋាយិការដែលធ្វើការនៅCCU គឺជាអ្នកជំនាញដែលអាចថែទាំអ្នកជំងឺបេះដូង និង ដឹងអំពីវិធីសង្គ្រោះនៅពេលមានហេតុការណ៍បន្ទាន់កើតឡើង។

    ប្រសិនបើគេមិនសង្កេតឃើញមានរោគសញ្ញានៃជំងឺផ្សេងទៀតដែលបង្កដោយការគាំងបេះដូងនៅប៉ុន្មានថ្ងៃក្រោយអាការៈគាំងបេះដូងទេនោះ ភាគច្រើនអ្នកជំងឺអាចចាកចេញពីមន្ទីរពេទ្យដោយសុវត្ថិភាពបាន។ ប្រសិនបើអ្នកជំងឺបង្ហាញរោគសញ្ញានៃជំងឺចង្វាក់បេះដូងខុសប្រក្រតី(Arrhythmia)ជាដើម ឬ ករណីអ្នកជំងឺស្ថិតក្នុងស្ថានភាពដែលបេះដូងមិនអាចបំពេញមុខងារច្របាច់ឈាមបានពេញលេញ អ្នកជំងឺអាចនឹងត្រូវបន្តគេងសម្រាកនៅមន្ទីរពេទ្យរយៈពេលយូរ។

    ការព្យាបាលដោយឱសថ

    នៅពេលគេសង្ស័យថាជាអាការៈគាំងបេះដូង ដំបូងត្រូវទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ បន្ទាប់មកត្រូវអោយអ្នកជំងឺទំពារនិងលេបឱសថAspirin។ ប្រសិនបើគ្មានឱសថAspirinនៅគេហដ្ឋានឬក្នុងរថយន្តសង្គ្រោះបន្ទាន់នោះទេ ត្រូវអនុវត្តនៅពេលទៅដល់មន្ទីរពេទ្យភ្លាម។ ឱសថAspirinមានប្រសិទ្ធិភាពធ្វើអោយកំណកឈាមដែលស្ទះនៅក្នុងសរសៃអាកទែបេះដូង ធ្វើអោយលទ្ធភាពសង្គ្រោះជីវិតអ្នកជំងឺកើនឡើង។ ចំពោះអ្នកជំងឺដែលមានប្រតិកម្មអាលែកហ្ស៊ីនឹងឱសថAspirin គេអាចប្រើឱសថClopidogrel ជំនួសវិញ ហើយក៏មានករណីដែលត្រូវប្រើឱសថទាំងពីររួមគ្នា។

    ការកាត់បន្ថយបន្ទុកទៅលើបេះដូងក៏អាចកាត់បន្ថយការខូចខាតនៃជាលិកាបេះដូងផងដែរ ដូច្នេះ គេអាចប្រើឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា(β blockers)ដើម្បីកាត់បន្ថយការកន្ត្រាក់នៃបេះដូង។ នៅពេលការកន្ត្រាក់ថយចុះ បន្ទុកទៅលើបេះដូងក៏ថយចុះផងដែរ ធ្វើអោយអាចកាត់បន្ថយទំហំនៃការខូចខាតទៅលើជាលិការបស់បេះដូង។

    ស្ទើរគ្រប់ករណីអ្នកជំងឺទាំងអស់ គេអាចប្រើឱសថHeparinជាដើម ដើម្បីបង្ការការកកើតនៃកំណកឈាមថ្មីៗ។

    ការផ្គត់ផ្គង់អុកស៊ីសែនអោយបានគ្រប់គ្រាន់ដល់អ្នកជំងឺក៏ជាកត្តាសំខាន់ដែរ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បេះដូង ដោយគេអាចប្រើឧបករណ៍Nasal cannula ឬ Face mask ដើម្បីបញ្ចូលអុកស៊ីសែនទៅអោយអ្នកជំងឺ។

    ក្រោយកើតមានអាការៈគាំងបេះដូង អ្នកជំងឺអាចនឹងទទួលអារម្មណ៍មិនស្រួលឬភ័យបារម្ភខ្លាំង ដូច្នេះ អាចមានករណីដែលអ្នកជំងឺត្រូវប្រើប្រាស់ឱសថMorphine ដើម្បីសម្រួលអារម្មណ៍របស់អ្នកជំងឺ ហើយឱសថនេះក៏អាចកាត់បន្ថយបន្ទុករបស់បេះដូងបានផងដែរ។ ស្ទើរតែគ្រប់អ្នកជំងឺត្រូវប្រើឱសថNitroglycerin ដោយឱសថនេះអាចកាត់បន្ថយបន្ទុករបស់បេះដូងផង នឹង អាចកាត់បន្ថយអាការៈឈឺចាប់តាមរយៈសកម្មភាពពង្រីកសរសៃអាកទែ។ ជាទូទៅ អ្នកជំងឺប្រើឱសថនេះដោយដាក់ក្រោមអណ្ដាត រួចទទួលឱសថនេះក្នុងទម្រង់ចាក់តាមសរសៃវ៉ែន។

    ឱសថប្រភេទទប់ស្កាត់អង់ស៊ីមACE (ACE inhibitors) មានប្រសិទ្ធិភាពកាត់បន្ថយការរីកធំនៃបេះដូង ដែលអាចបង្កើនលទ្ធភាពបន្តជីវិតរបស់អ្នកជំងឺ។ ដូច្នេះ គេចាប់ផ្ដើមប្រើប្រាស់ឱសថនេះក្នុងអំឡុងពេលប៉ុន្មានថ្ងៃក្រោយកើតមានអាការៈ និង អ្នកជំងឺបន្តប្រើប្រាស់ឱសថនេះរហូតតទៅ។

    ឱសថព្យាបាលជំងឺលើសជាតិខ្លាញ់ក្នុងឈាមប្រភេទស្តាទីន (Statins) ត្រូវបានគេប្រើប្រាស់នៅក្នុងការបង្ការការកើតមានជំងឺទាក់ទងនឹងសរសៃអាកទែបេះដូងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ គេក៏បានរកឃើញថាឱសថនេះក៏មានប្រសិទ្ធិភាពព្យាបាលបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវរយៈពេលខ្លីផងដែរ។ ប្រសិនបើអ្នកជំងឺមិនធ្លាប់ប្រើប្រាស់ឱសថប្រភេទនេះ វេជ្ជបណ្ឌិតអាចនឹងអោយអ្នកជំងឺចាប់ផ្ដើមប្រើប្រាស់។

    ការព្យាបាលដោយការវះកាត់សម្រួលចរន្តឆ្លងកាត់សរសៃឈាមអាកទែ

    ពេលវេលានិងរបៀបនៃការអនុវត្តការវះកាត់សម្រួលចរន្តឆ្លងកាត់សរសៃឈាមអាកទែដែលកំពុងស្ទះ គឺអាស្រ័យទៅប្រភេទនៃបណ្ដុំរោគសញ្ញាសរសៃឈាមបេះដូងលក្ខណៈស្រួចស្រាវ និង ថាតើអ្នកជំងឺមកដល់មន្ទីរពេទ្យបានឆាប់ប៉ុណ្ណា។

    ចំពោះអ្នកជំងឺដែលកើតមានអាការៈស្ទះសរសៃឈាមបេះដូង(Myocardial infarction)ប្រភេទSTកើនឡើង ការបើកផ្លូវដែលស្ទះនៅក្នុងសរសៃអាកទែបេះដូងអោយបានកាន់តែឆាប់កាន់តែល្អ ដើម្បីសង្គ្រោះជាលិកាបេះដូងពីការខូចខាតនិងជីវិតរបស់អ្នកជំងឺ។ វេជ្ជបណ្ឌិតនឹងសាកល្បងប្រើប្រាស់ការព្យាបាលដើម្បីបើកផ្លូវដែលស្ទះក្នុងសរសៃឈាមក្នុងអំឡុងពេល90នាទីបន្ទាប់ពីអ្នកជំងឺមកដល់មន្ទីរពេទ្យ។ ដូច្នេះ ចំពោះអ្នកជំងឺប្រភេទនេះ ពេលវេលានៃការអនុវត្តវិធីព្យាបាលដោយការសម្រួលចរន្តឆ្លងកាត់សរសៃឈាមអាកទែមានសារសំខាន់ជាងការជ្រើសរើសវិធីអនុវត្ត។ ករណីដែលវេជ្ជបណ្ឌិតអាចអនុវត្តការព្យាបាលក្នុងអំឡុងពេល90នាទីបន្ទាប់ពីអ្នកជំងឺចាប់ផ្ដើមមានអាការៈ វិធីព្យាបាលដោយ Percutaneous coronary intervention (PCI)ជាវិធីដ៏ល្អបំផុត។ ក្នុងរយៈពេលនេះ ប្រសិនបើគេមិនអាចអនុវត្តPCIបានទេនោះ គេគួរប្រើប្រាស់ឱសថរំលាយកំណកឈាមចាក់តាមសរសៃវ៉ែន ដើម្បីសម្រួលផ្លូវឆ្លងកាត់សរសៃអាកទែ។ ឱសថទាំងនេះ រួមមាន Streptokinase, Tecnecteplase (TNK-tPA), Alteplase, Reteplase ជាដើម។ គេគួរប្រើឱសថទាំងនេះកាន់តែឆាប់កាន់តែល្អ ដោយប្រសិនបើគេប្រើក្នុងអំឡុងពេល3ម៉ោងគេនឹងទទួលបានប្រសិទ្ធិភាពខ្ពស់ ហើយប្រសិនបើគេប្រើក្នុងអំឡុងពេល12ម៉ោងបន្ទាប់ពីអ្នកជំងឺមកដល់មន្ទីរពេទ្យក៏ទទួលបានប្រសិទ្ធិភាពមួយកម្រិតផងដែរ។ អ្នកជំនាញសង្គ្រោះបន្ទាន់ក៏អាចប្រើប្រាស់ឱសថទាំងនេះចំពោះអ្នកជំងឺមុនមកដល់មន្ទីរពេទ្យបានផងដែរ។ អ្នកជំងឺប្រហែលពាក់កណ្ដាលដែលបានទទួលឱសថរំលាយកំណកឈាម អាចនឹងត្រូវទទួលការអនុវត្តការព្យាបាលដោយPCIបន្ទាប់ពីនោះមុនពេលចាកចេញពីមន្ទីរពេទ្យ។

    ផលរំខាននៃឱសថរំលាយកំណកឈាម គឺអាចបង្កអោយមានអាការៈងាយហូរឈាម ដូច្នេះ គេមិនអាចប្រើឱសថទាំងនេះចំពោះអ្នកដែលមានជំងឺហូរឈាមនៅប្រដាប់រំលាយអាហារ អ្នកដែលមានជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ អ្នកដែលកើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាលថ្មីៗ អ្នកដែលទើបទទួលការវះកាត់ក្នុងរយៈពេល1ខែមុនពេលកើតមានអាការៈគាំងបេះដូង។ ក្រៅពីល័ក្ខខ័ណ្ឌទាំងនេះ អ្នកជំងឺជាមនុស្សចាស់ក៏អាចប្រើប្រាស់ឱសថរំលាយកំណកឈាមដោយសុវត្ថិភាពផងដែរ។

    ចំពោះអ្នកជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)ប្រភេទSTមិនកើនឡើងឬជំងឺត្បៀតសរសៃឈាមបេះដូងលក្ខណៈគ្មានលំនឹង(Unstable angina) ជាទូទៅ ការព្យាបាលដោយPCIឬដោយប្រើឱសថរំលាយកំណកឈាមភ្លាមៗមិនមានប្រសិទ្ធិភាពព្យាបាលនោះទេ។ ប៉ុន្តែ ជាទូទៅ វេជ្ជបណ្ឌិតអាចនឹងអនុវត្តការព្យាបាលដោយPCIនៅថ្ងៃដំបូងឬថ្ងៃបន្ទាប់នៃការចូលសម្រាកពេទ្យរបស់អ្នកជំងឺ ដោយគេនឹងអនុវត្តឆាប់ជាងនេះក្នុងករណីរោគសញ្ញារបស់អ្នកជំងឺកាន់តែមិនល្អឬអ្នកជំងឺកើតមានរោគសញ្ញានៃជំងឺផ្សេងទៀត។

    ទៅតាមស្ថានភាពរបស់អ្នកជំងឺ គេអាចប្រើប្រាស់វិធីCoronary artery bypass grafting (CABG) ជំនួសអោយការព្យាបាលដោយPCIឬដោយប្រើឱសថរំលាយកំណកឈាម។ ឧទាហរណ៍ ចំពោះអ្នកជំងឺដែលមិនអាចប្រើឱសថរំលាយកំណកឈាម(ដូចជា អ្នកដែលមានជំងឺងាយហូរឈាម ធ្ងន់ អ្នកដែលកើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាលថ្មីៗ អ្នកដែលទើបទទួលការវះកាត់លក្ខណៈធំ ជាដើម) អាចនឹងទទួលការព្យាបាលដោយCABG។ ម្យ៉ាងទោះ ចំពោះអ្នកជំងឺដែលមិនអាចទទួលការព្យាបាលដោយPCI (ឧទាហរណ៍ ករណីការស្ទះកើតឡើងច្រើនកន្លែង ករណីមុខងារបេះដូងកំពុងធ្លាក់ចុះ ជាពិសេសករណីអ្នកជំងឺមានជំងឺទឹកនោមផ្អែមផងដែរ) វេជ្ជបណ្ឌិតអាចជ្រើសរើសការព្យាបាលដោយCABG។

    ការថែទាំអ្នកជំងឺជាទូទៅ

    ដោយសារការធ្វើចលនារាងកាយ ការទទួលអារម្មណ៍តានតឹង អាចបង្កើនបន្ទុកទៅលើមុខងារបេះដូង ដូច្នេះ អ្នកជំងឺដែលទើបកើតមានអាការៈគាំងបេះដូង គួរសម្រាកនៅក្នុងបន្ទប់ដែលស្ងាត់និងដោយស្ងប់ចិត្តរយៈពេលប៉ុន្មានថ្ងៃ។ ការសួរសុខទុក្ខអ្នកជំងឺគួរអនុញ្ញាតត្រឹមតែក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។ អ្នកជំងឺអាចមើលកម្មវិធីទូរទស្សន៍ដែលមិនផ្ដល់អារម្មណ៍តានតឹងបាន។

    ការជក់បារីជាកត្តាគ្រោះថ្នាក់ដ៏ធំសម្រាប់ជំងឺទាក់ទងនឹងសរសៃអាកទែបេះដូង ដូច្នេះ អ្នកជំងឺមិនត្រូវជក់បារីឬស្ថិតក្នុងបរិស្ថានដែលមានផ្សែងបារីនោះទេ។

    គេអាចអោយអ្នកជំងឺប្រើប្រាស់ឱសថបន្ទន់លាមក ដើម្បីកុំអោយអ្នកជំងឺពិបាកប្រឹងនៅពេលទល់លាមក។ ករណីអ្នកជំងឺមិនអាចបញ្ចេញទឹកនោមបាន ឬ ករណីវេជ្ជបណ្ឌិតត្រូវការដឹងច្បាស់លាស់អំពីបម្រែបម្រួលនៃបរិមាណទឹកនោម គេអាចនឹងអនុវត្តការស៊កទុយោតាមផ្លូវនោមរបស់អ្នកជំងឺ។

    ករណីអ្នកជំងឺជាមនុស្សដែលងាយគិតឬបារម្ភច្រើន ដែលក៏នឹងក្លាយជាបន្ទុកទៅលើបេះដូងផងដែរនោះ គេអាចប្រើឱសថសម្រួលស្មារតី (ឧទាហរណ៍ ឱសថប្រភេទបេនហ្សូដ្យាហ្សិផាម មាន Lorazepam ជាដើម)។ ចំពោះអ្នកជំងឺដែលមានអាការៈបាក់ទឹកចិត្តកម្រិតស្រាល គេនឹងជម្រុញអោយអ្នកជំងឺនិយាយចេញនូវទុក្ខកង្វល់របស់ខ្លួនប្រាប់ទៅវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ក្រុមគ្រួសារ ឬមិត្តភក្តិ ជាដើម។ ប៉ុន្តែ ក៏មានអ្នកជំងឺមួយចំនួនដែលត្រូវការប្រើប្រាស់ឱសថព្យាបាលជំងឺបាក់ទឹកចិត្ត។

    ការចាកចេញពីមន្ទីរពេទ្យ

    ករណីអ្នកជំងឺមិនកើតមានជំងឺផ្សេងទៀតបន្សល់ពីជំងឺគាំងបេះដូង ហើយការព្យាបាលដោយPCIទទួលបានជោគជ័យ ជាទូទៅ អ្នកជំងឺអាចចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីរយៈពេល3ទៅ4ថ្ងៃ ប៉ុន្តែ ក៏មានអ្នកជំងឺដែលត្រូវការការសម្រាកពេទ្យរយៈពេលយូរជាងនេះ។

    នៅពេលចេញពីមន្ទីរពេទ្យ វេជ្ជបណ្ឌិតនឹងអាចអោយអ្នកជំងឺប្រើប្រាស់ឱសថដូចជា ឱសថNitroglycerin ឱសថAspirinឬClopidogrel ឱសថទប់ស្កាត់គ្រឿងទទួលបេតា(β blockers) ឱសថទប់ស្កាត់អង់ស៊ីមACE និង ឱសថបញ្ចុះជាតិខ្លាញ់ក្នុងឈាម (ឱសថប្រភេទស្តាទីន(Statins))។

    អ្នកជំងឺដែលកើតមានបណ្ដុំរោគសញ្ញាDressler syndrome ជាទូទៅ ត្រូវប្រើឱសថAspirin។ ករណីភាគច្រើន ឱសថColchicineអាចនឹងបង្ហាញប្រសិទ្ធិភាពឆាប់រហ័ស។ ជំងឺនេះអាចកើតឡើងវិញ ទោះជាព្យាបាលហើយក៏ដោយ។ ចំពោះបណ្ដុំរោគសញ្ញាDressler syndrome កម្រិតធ្ងន់ គេអាចប្រើឱសថបំបាត់ការរលាកប្រភេទNSAID (ដូចជាIbuprofenជាដើម)រយៈពេលខ្លី។

    ការអនុវត្តការស្ដារនីតិកាយសម្បទា (Rehabilitation)

    ដើម្បីជាសះស្បើយ ការអនុវត្តការស្តារនីតិកាយសម្បទាទៅលើមុខងារបេះដូងមានសារៈសំខាន់ណាស់ ដូច្នេះ គេចាប់ផ្ដើមអនុវត្តចាប់តាំងពីពេលអ្នកជំងឺសម្រាកនៅក្នុងមន្ទីរពេទ្យ។ ក្រោយពេលសម្រាកនៅស្ងៀមរយៈពេល2ទៅ3ថ្ងៃ ប្រសិនបើអ្នកជំងឺមិនចាប់ផ្ដើមធ្វើចលនារាងកាយនោះទេ វាអាចធ្វើអោយកម្លាំងសាច់ដុំនិងមុខងារបេះដូងចុះខ្សោយ ហើយអាចធ្វើអោយអ្នកជំងឺកើតមានអារម្មណ៍បាក់ទឹកចិត្តឬគ្មានកម្លាំង។ ចំពោះអ្នកដែលកើតមានអាការៈគាំងបេះដូង ប៉ុន្តែ មិនកើតមានជំងឺឬបញ្ហាផ្សេងទៀតក្រោយពីនោះ អ្នកជំងឺគួរចាប់ផ្ដើមធ្វើចលនារាងកាយដោយមានជំនួយចាប់ពីថ្ងៃទី1នៃការគេងសម្រាកពេទ្យ ដូចជា ក្រោកខ្លួនអង្គុយលើកៅអី ជាដើម។ ហើយនៅថ្ងៃទី2និងថ្ងៃទី3 អ្នកជំងឺគួរអនុវត្តចលនាស្រាលៗ ដូចជា ក្រោកដើរទៅបន្ទប់ទឹក ដោយបន្តបន្ថែមចលនារាងកាយជារៀងរាល់ថ្ងៃបន្ទាប់ពីនោះ។ ប្រសិនបើអនុវត្តបានល្អ អ្នកជំងឺអាចត្រឡប់ទៅរកសកម្មភាពរស់នៅប្រចាំថ្ងៃជាធម្មតាវិញក្នុងរយៈពេល6សប្ដាហ៍។ អ្នកជំងឺគួរមានកម្មវិធីសម្រាប់ការធ្វើចលនារាងកាយទៅតាមអាយុនិងស្ថានភាពសុខភាពរបស់អ្នកជំងឺ។

    អានបន្ថែម
  • ការបង្ការ

    ក្រោយកើតមានអាការៈគាំងបេះដូង អ្នកជំងឺគួរប្រើប្រាស់ឱសថAspirinក្នុងបរិមាណទាបរៀងរាល់ថ្ងៃ។ ឱសថAspirinមានប្រសិទ្ធិភាពទប់ស្កាត់ការកកើតកំណកឈាមពីប្លាកែត ដោយអាចកាត់បន្ថយហានិភ័យនៃមរណភាពនិងការកើតឡើងវិញនៃអាការៈគាំងបេះដូងបាន15~30%។ ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅ មិនធ្លាប់កើតមានអាការៈគាំងបេះដូងឬអាការៈស្ទះឬហូរឈាមក្នុងខួរក្បាល ប៉ុន្តែ មានកត្តាហានិភ័យចាប់ពី2ឡើងទៅ ពួកគាត់គួរប្រើប្រាស់ឱសថAspirinក្នុងបរិមាណទាបរៀងរាល់ថ្ងៃដើម្បីបង្ការការកើតមានអាការៈគាំងបេះដូងឬអាការៈស្ទះឬហូរឈាមក្នុងខួរក្បាល។ អ្នកដែលមានប្រតិកម្មអាលែកហ្ស៊ីទៅនឹងឱសថAspirin អាចប្រើប្រាស់ឱសថClopidogrelជំនួសវិញ។

    ក្រោយកើតមានអាការៈគាំងបេះដូង អ្នកជំងឺគួរប្រើប្រាស់ឱសថAspirinក្នុងបរិមាណទាបរៀងរាល់ថ្ងៃ។ ឱសថAspirinមានប្រសិទ្ធិភាពទប់ស្កាត់ការកកើតកំណកឈាមពីប្លាកែត ដោយអាចកាត់បន្ថយហានិភ័យនៃមរណភាពនិងការកើតឡើងវិញនៃអាការៈគាំងបេះដូងបាន15~30%។ ចំពោះអ្នកជំងឺដែលមានអាយុចាប់ពី50ឆ្នាំឡើងទៅ មិនធ្លាប់កើតមានអាការៈគាំងបេះដូងឬអាការៈស្ទះឬហូរឈាមក្នុងខួរក្បាល ប៉ុន្តែ មានកត្តាហានិភ័យចាប់ពី2ឡើងទៅ ពួកគាត់គួរប្រើប្រាស់ឱសថAspirinក្នុងបរិមាណទាបរៀងរាល់ថ្ងៃដើម្បីបង្ការការកើតមានអាការៈគាំងបេះដូងឬអាការៈស្ទះឬហូរឈាមក្នុងខួរក្បាល។ អ្នកដែលមានប្រតិកម្មអាលែកហ្ស៊ីទៅនឹងឱសថAspirin អាចប្រើប្រាស់ឱសថClopidogrelជំនួសវិញ។

    ជាទូទៅ ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា(β blockers) ដូចជា ឱសថMetoprolol ជាដើម ត្រូវបានគេប្រើប្រាស់ផងដែរ ដោយឱសថនេះអាចកាត់បន្ថយហានិភ័យនៃការស្លាប់ប្រហែល25%។ ឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា(β blockers)មានប្រសិទ្ធិភាពកាន់តែខ្ពស់ចំពោះអាការៈគាំងបេះដូងកម្រិតកាន់តែធ្ងន់ ប៉ុន្តែ ដោយសារអ្នកជំងឺមួយចំនួនមិនអាចទ្រាំទ្រនឹងផលរំខាននៃឱសថនេះ ដូចជា ដកដង្ហើមលឺសម្លេងខុសប្រក្រតី អស់កម្លាំង ត្រជាក់ដៃជើង ជាដើម។

    ការប្រើប្រាស់ឱសថបញ្ចុះជាតិខ្លាញ់និងការកែលម្អរបបអាហារក៏អាចកាត់បន្ថយហានិភ័យនៃមរណភាពក្រោយអាការៈគាំងបេះដូង។ អ្នកដែលធ្លាប់កើតមានអាការៈគាំងបេះដូងនិងស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល ហើយមានកត្តាហានិភ័យខ្ពស់(ជាពិសេសអ្នកដែលធាត់លើសទម្ងន់និងមានជំងឺទឹកនោមផ្អែម) នឹងទទួលបានប្រសិទ្ធិភាពល្អពីឱសថបញ្ចុះជាតិខ្លាញ់។

    ឱសថប្រភេទACE inhibitors មានដូចជា Captopril, Enalapril, Lisinopril, Ramipril ជាដើម ក៏ត្រូវបានប្រើប្រាស់នៅក្រោយពេលកើតមានអាការៈគាំងបេះដូងផងដែរ។ ឱសថទាំងនេះមានប្រសិទ្ធិភាពអាចបង្ការការកើតឡើងនៃជំងឺខ្សោយមុខងារបេះដូងឬមរណភាពបាន ជាពិសេសចំពោះអ្នកដែលកើតមានអាការៈគាំងបេះដូងកម្រិតធ្ងន់ធ្ងរឬអ្នកដែលមានជំងឺខ្សោយមុខងារបេះដូង(Heart failure)។

    ការកែប្រែទម្លាប់រស់នៅក៏ជាកត្តាចាំបាច់ផងដែរ ដោយអ្នកជំងឺត្រូវជ្រើសរើសយករបបអាហារដែលផ្ទុកជាតិខ្លាញ់តិច និង ត្រូវបង្កើនការហាត់ប្រាណ។ ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាមឬទឹកនោមផ្អែម ពួកគេគួរទទួលការព្យាបាលដើម្បីគ្រប់គ្រងជំងឺទាំងនេះអោយបានសមស្រប។ ចំពោះអ្នកដែលជក់បារីត្រូវផ្ដាច់ការជក់បារី។

    អានបន្ថែម