Bisoprolol fumarate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង (Angina pectoris)
- ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់ដោយសារបញ្ហាថតខាងក្រោមនៃបេះដូង(Premature ventricular contraction)
- ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃដោយសារសាច់ដុំបេះដូងមិនសូវកន្ត្រាក់(Dilated cardiomyopathy) ឬ ដោយសារជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង(Ischemic heart disease) ចំពោះអ្នកជំងឺដែលកំពុងទទួលការព្យាបាលដោយប្រើឱសថប្រភេទACE inhibitorsឬARB ឱសថបញ្ចុះទឹកនោម ឱសថប្រភេទDigitalis។ល។
- ជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)។
ករណីថ្នាំបិទនៅលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម) និង ជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
・ករណីជំងឺលើសសម្ពាធឈាមដែលក្មានជំងឺផ្សេងទៀតជាដើមហេតុ(កម្រិតស្រាល~មធ្យម) ជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) ជំងឺបេះដូងកន្ត្រាក់ខុសចង្វាក់ដោយសារបញ្ហាថតខាងក្រោមនៃបេះដូង(Premature ventricular contraction):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីជំងឺខ្សោយបេះដូងរ៉ាំរ៉ៃដោយសារសាច់ដុំបេះដូងមិនសូវកន្ត្រាក់(Dilated cardiomyopathy) ឬ ដោយសារជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង(Ischemic heart disease):
ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង0.625mg រយៈពេលយ៉ាងហោចណាស់2សប្ដាហ៍។ ប្រសិនបើអ្នកជំងឺអាចទប់ទល់នឹងការប្រើប្រាស់ឱសថនេះបាន អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង1.25mg ហើយអាចបង្កើនកម្រិតជាលំដាប់រៀងរាល់4សប្ដាហ៍ឬយូរជាងនេះ។ អាចបន្ថយឬបង្កើនកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ករណីបង្កើនកម្រិត ត្រូវបង្កើនបន្តិចម្ដងៗជាលំដាប់គឺ 1ថ្ងៃ1ដង0.625mg, 1.25mg, 2.5mg, 3.75mg, 5mg។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ1ដង1.25~5mg។ កម្រិតអតិបរមាគឺ1ថ្ងៃ1ដង5mg។
・ករណីជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation):
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ1ដង2.5mg។
ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ1ថ្ងៃ1ដង5mg។
ករណីថ្នាំបិទលើស្បែក:
・ករណីជំងឺលើសសម្ពាធឈាមដែលមិនមែនបណ្ដាលមកពីជំងឺផ្សេងទៀត(កម្រិតស្រាល~មធ្យម)):
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង8mg បិទនៅលើផ្នែកទ្រូង ដើមដៃឬផ្នែកខ្នង ដោយផ្លាស់ប្ដូររៀងរាល់24ម៉ោង។ ត្រូវចាប់ផ្ដើមពីកម្រិត1ថ្ងៃ1ដង4mg ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ហើយកម្រិតអតិបរមាគឺ1ថ្ងៃ8mg។
・ករណីជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation):
មនុស្សពេញវ័យ:ចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ1ដង4mg បិទនៅលើផ្នែកទ្រូង ដើមដៃឬផ្នែកខ្នង ដោយផ្លាស់ប្ដូររៀងរាល់24ម៉ោង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង8mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាគឺ1ថ្ងៃ8mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។
・អ្នកជំងឺខ្សោយបេះដូងដែលត្រូវទទួលឱសថបង្កើនសកម្មភាពបេះដូងឬឱសថពង្រីកសរសៃឈាមដោយការចាក់បញ្ចូលឱសថតាមសរសៃឈាមវ៉ែន។
・អ្នកជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាទាក់ទងនឹងចរន្តឈាមធ្ងន់ធ្ងរ (អាការៈរលួយដោយសារការស្លាប់កោសិកា ជាដើម)។
・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ជីពចរដើរយឺត វិលមុខ អស់កម្លាំង បេះដូងចុះខ្សោយ ពិបាកដកដង្ហើម សម្ពាធឈាមទាប។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង ពិបាកដកដង្ហើម ហើមពេញខ្លួន (ជំងឺខ្សោយបេះដូង ជំងឺជីពចរខ្សោយធ្ងន់ធ្ងរ ជំងឺទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចបង្កើនសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាម។
・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem, Nifedipine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថDigoxin, ឱសថMetildigoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថClonidine, ឱសថGuanabenz acetate - អាចកើតមានអាការៈដូចជាសម្ពាធឈាមកើនឡើង ឈឹក្បាលបន្ទាប់ពីឈប់ប្រើឱសថClonidine ឬ ឱសថGuanabenz acetate។
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Disopyramide, Procainamide, Ajmaline, Amiodarone ជាដើម) - អាចធ្វើអោយមុខងារបេះដូងចុះខ្សោយខ្លាំង។
・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។
・ឱសថដែលមានសកម្មភាពបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំង។
・ឱសថFingolimod - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ជាពិសេស នៅពេលចាប់ផ្ដើមប្រើឱសថនេះដំបូង។
・កម្រិតប្រើប្រាស់ត្រូវចាប់ផ្ដើមពីកម្រិតទាបទៅ។ ឱសថមានប្រសិទ្ធិភាពកែលម្អមុខងារនៃថតក្រោមខាងឆ្វេងនៃបេះដូង។
・ករណីថ្នាំបិទនៅលើស្បែក អ្នកជំងឺអាចបិទនៅលើទ្រូង ដើមដៃ ឬ ខ្នង។
・ករណីត្រូវប្រើឱសថនេះរយៈពេលវែង ត្រូវតាមដានមុខងារបេះដូងដោយការពិនិត្យជាទៀងទាត់។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលបេតា1(Beta 1 receptor)ដើម្បីទប់ស្កាត់ការភ្ញោចពីសារធាតុCatecholamineនៅក្នុងបេះដូងធ្វើអោយបរិមាណឈាមនិងចំនួនដងនៃការច្របាច់បេះដូងថយចុះ និងនៅក្នុងសរសៃឈាមដើម្បីបន្ធូរការកន្ត្រាក់នៃសរសៃឈាម ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនិងបន្ថយបន្ទុកទៅលើបេះដូង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp