សិក្ខាសាលាស្ដីអំពីប្រព័ន្ធសុខាភិបាលនិងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍នៅប្រទេសជប៉ុន
- 25 មេសា 2019


អ្នកស្រី ស៊ីហ្កិតា យូមិ (Shigeta Yumi) ជាប្រធានចាត់ការទូទៅ នៃ ស្ថាប័នបណ្ដុះបណ្ដាលធនធានមនុស្សក្នុងសហគមន៍នៃប្រទេសជប៉ុន ត្រូវបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសដោយក្រុមហ៊ុនអ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) នៅក្នុងសិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រឆ្នាំទី5 ដែលប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យអន្តរជាតិ នាថ្ងៃទី25 ខែមេសា ឆ្នាំ2019។
នៅក្នុងសិក្ខាសាលាលើកនេះ អ្នកស្រី ស៊ីហ្កិតា បានលើកឡើងអំពីការសហការគ្នារវាងអាជីពផ្សេងៗនៅក្នុងសហគមន៍ ជាពិសេសរវាងបុគ្គលិកសុខាភិបាល រួមមាន វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ។ល។ អ្នកស្រីក៏បានលើកឡើងដែរថា នៅក្នុងការធ្វើការងារជាក្រុម ទោះក្នុងវិស័យណាក៏ដោយ ការផ្សារភ្ជាប់ចិត្តរវាងគ្នាមានសារៈសំខាន់ណាស់។
ដូចម្តេចដែលហៅថា ការផ្សារភ្ជាប់ចិត្តរវាងគ្នា? ការផ្សារភ្ជាប់ចិត្តរវាងគ្នា គឺជាការរក្សានូវចិត្តដែលអាចស្វែងយលអំពីតួនាទីនិងស្ថានភាពរបស់មនុស្សម្នាក់ៗ ដើម្បីអាចបំពេញនិងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងបន្តថែរក្សានូវទំនាក់ទំនងនៃភាពសហការគ្នា។ ហើយវាក៏ជាការសាងនូវភាពជាដៃគូ(ទំនាក់ទំនងនៃការសហការគ្នាលក្ខណៈមិត្តភាព)អោយបានកាន់តែល្អប្រសើរផងដែរ។
ប្រទេសជប៉ុនកំពុងមានការផ្លាស់ប្ដូរទាក់ទងនឹងវិស័យសុខាភិបាល ដោយការផ្ដល់សេវាសុខភាពត្រូវផ្ដោតទៅលើអ្នកជំងឺជាជាងទៅលើវត្ថុដូចជាថ្នាំពេទ្យឬបច្ចេកវិទ្យា។