សិក្ខាសាលាស្ដីអំពីអត្ថប្រយោជន៍នៃសេវាថែទាំសុខភាពចល័ត
- 16 សីហា 2019


វាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលារបស់ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) នាខែសីហានេះគឺ អ្នកស្រី ឌីផន ភិរម្យ ជាប្រធានក្រុមហ៊ុន ម៉ាច់ សេវាថែទាំសុខភាពចល័ត ដោយអ្នកស្រីបានណែនាំអំពីសេវាសុខភាពថ្មីមួយសម្រាប់ប្រជាជនកម្ពុជា។ អ្នកស្រីបានលើកឡើងថា អ្នកស្រីមានគំនិតបង្កើតជាសេវាថែទាំសុខភាពអ្នកជំងឺដល់គេហដ្ឋាននេះជាយូរមកហើយ ដោយសារអ្នកស្រីបានស្វែងយល់អំពីស្ថានភាពលំបាកនៅក្នុងគ្រួសារដែលត្រូវមើលថែទាំសមាជិកជាអ្នកជំងឺត្រូវសម្រាកលើគ្រែជានិច្ច។ អ្នកជំងឺភាគច្រើនជាអ្នករងគ្រោះដោយសារជំងឺស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល ឬ ជាមនុស្សចាស់ជរា ដែលត្រូវការមើលថែទាំជាប្រចាំ។ ការសម្រួលបន្ទុករបស់សមាជិកគ្រួសារនិងការលើកទឹកចិត្តដល់អ្នកជំងឺទាំងផ្នែកសុខភាពរាងកាយនិងផ្លូវចិត្តជាគោលដៅចម្បងនៃការបង្កើតសេវាថែទាំសុខភាពចល័តមួយនេះរបស់អ្នកស្រី។
នៅក្នុងសេវាសុខភាពនេះ អ្នកជំងឺនឹងទទួលបានការមើលថែទាំពីគិលានុបដ្ឋាយិកាទៅតាមពេលវេលានៃការស្នើរបស់សមាជិកគ្រួសារ។ ហើយក្រុមហ៊ុនម៉ាច់ក៏មានវេជ្ជបណ្ឌិតដែលនឹងធ្វើដំណើរទៅពិនិត្យស្ថានភាពរបស់អ្នកជំងឺដល់គេហដ្ឋានផងដែរ។
ក្រុមហ៊ុន អ៊ីម៉ាតុគឹ មេឌីក និង ក្រុមហ៊ុន ម៉ាច់ មានចក្ខុវិស័យរួមគ្នានៅក្នុងការធ្វើអោយបច្ចេកវិទ្យានិងការផ្ដល់សេវាសុខភាពថ្មីៗចូលមកដល់ប្រទេសកម្ពុជា ដើម្បីធានាបាននូវការរស់នៅប្រកបដោយសុខភាពល្អរបស់ប្រជាជនកម្ពុជា។