Zolpidem tartrate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈគេងមិនលក់ (លើកលែងអាការៈគេងមិនលក់ដែលកើតមាននៅក្នុងជំងឺវិកលចរិត(Integration dysfunction syndrome ឬ Schizophrenia) ឬ ជំងឺបាក់ទឹកចិត្តប្រភេទរួមមានអាការៈស្មារតីឡើងខ្ពស់ម្ដងៗ(Manic-depressive psychosis))។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង 5~10mg នៅមុនពេលចូលគេង។ សម្រាប់មនុស្សចាស់ គួរចាប់ផ្ដើមប្រើពីកម្រិត1ដង 5mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ 10mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិត(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានមុខងារដកដង្ហើមកំពុងធ្លាក់ចុះទាបកម្រិតធ្ងន់ធ្ងរ ដូចក្នុងករណីជំងឺសួតមួយចំនួន ឬ ជំងឺសរសៃឈាមខួរក្បាលដំណាក់កាលស្រួចស្រាវ ជាដើម។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក វិលមុខ ងងុយគេង អស់កម្លាំង អារម្មណ៍គេងមិនឆ្អែត ចង់ក្អួត ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្រោយពេលបន្ថយបរិមាណឬឈប់ប្រើប្រាស់ឱសថ មានអារម្មណ៍មិនស្ងប់ឬគេងមិនលក់ (អាការៈញៀន)

      - រវើរវាយ ស្មារតីដឹងខ្លួនថយចុះ ពិបាកសម្រេចចិត្ត (ផលប៉ះពាល់លើប្រព័ន្ធស្មារតី)

      - មិនចាំអ្វីអ្វីដែលកើតឡើងនៅមុនពេលចូលគេងឬពេលក្រោកពាក់កណ្ដាលទីក្នុងអំឡុងពេលគេង (រោគសញ្ញាភ្លេចភ្លាំងបណ្ដោះអាសន្ន)។

      - ពិបាកដកដង្ហើម (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បេកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថសណ្ដំឬស្ពឹក - អាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម។

      ・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, ឱសថប្រភេទMonoamine oxidase inhibitors), គ្រឿងស្រវឹង - អាចធ្វើអោយឥទ្ធិពលនៃផលរំខាន ដូចជា ងងុយគេង វិលមុខ ពិបាកផ្ដុំអារម្មណ៍ ជាដើម កើនឡើង។

      ・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាម ក៏ដូចជា ប្រសិទ្ធិភាពនៃឱសថZolpidemថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្រោយពិសាឱសថនេះ អាចធ្វើអោយកើតមានអាការៈមមើមមាយ និងមិនចាំអ្វីដែលកើតឡើងនៅមុនពេលចូលគេងឬពេលក្រោកពាក់កណ្ដាលទីក្នុងអំឡុងពេលគេង។

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ឱសថនេះជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលខ្លីខ្លាំង។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន អូមេហ្កា1 (ω1(BZD1)receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបាA(GABA A receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp