Zidovudine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ (HIV) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 500~600mg បែងចែកជា2~6ដងក្នុង1ថ្ងៃ ដោយប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានកម្រិតគ្រាប់ឈាមសឬអេម៉ូក្លូប៊ីនមិនគ្រប់គ្រាន់ (សូមពិនិត្យព័ត៌មានបន្ថែមសម្រាប់កម្រិតកំណត់ជាក់លាក់)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថIbuprofen (អាចធ្វើអោយមានអាការៈងាយហូរឈាមកាន់តែធ្ងន់ធ្ងរ)
-
ផលរំខាន
ផលរំខានរួមមាន អាការៈខ្វះឈាម ចង់ក្អួត បាត់បង់ចំណង់អាហារ ឈឺពោះ ឈឺក្បាល ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង ក្ដៅខ្លួន ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែកនៃដៃជើង (រោគសញ្ញាប៉ះពាល់ប្រព័ន្ធផលិតឈាម)
- ហើមខ្លួន ពិបាកដកដង្ហើម ឆាប់ហត់ (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))
- ដកដង្ហើមញាប់ ញ័រនិងស្ពឹកដៃជើង ពិបាកដកដង្ហើម បាត់បង់ស្មារតី (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis) ខ្លាញ់រុំថ្លើម)
- អាការៈប្រកាច់
- ឈឺផ្នែកខាងលើនៃពោះខ្លាំង ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)។
-
អន្តរប្រតិកម្ម
・ឱសថIbuprofen - អាចធ្វើអោយមានអាការៈងាយហូរឈាមកាន់តែធ្ងន់ធ្ងរ ដូច្នេះហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថPentamidine, Pyrimethamine, Sulfamethoxazole/Trimethoprim, Flucytosine, Ganciclovir, Interferon, Vincristine, Vinblastine, Doxorubicin - ផលរំខាននៃZidovudineកាន់តែងាយកើតឡើង
・ឱសថProbenecid - អាចធ្វើអោយការបញ្ចេញចោលនៃឱសថZidovudineថយចុះ។
・ឱសថFluconazole, Fosfluconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថZidovudineកើនឡើង។
・ឱសថRitonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថZidovudineថយចុះ។
・ឱសថRifampicin - អាចធ្វើអោយការបញ្ចេញចោលនៃឱសថZidovudineកើនឡើង។
・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinប្រែប្រួល។
・ឱសថSanilvudine - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថSanilvudineថយចុះ។
・ឱសថRibavirin - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថZidovudineថយចុះ។
・ឱសថAtovaquone - អាចធ្វើអោយកំហាប់ក្នុងឈាមនៃZidovudine ប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចបង្កជាផលរំខានធ្ងន់ធ្ងរលើប្រព័ន្ធផលិតឈាមនៃខួរឆ្អឹង ដូច្នេះត្រូវធ្វើការពិនិត្យកម្រិតគ្រាប់ឈាមរបស់អ្នកជំងឺអោយបានញឹកញាប់ដើម្បីតាមដានឥទ្ធិពលនៃឱសថ។
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទNRTI ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseនិងសកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp