Voglibose

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បញ្ចុះជាតិស្ករក្នុងឈាមដែលកើនឡើងខ្ពស់ក្រោយពេលបរិភោគអាហារ ចំពោះអ្នកមានជំងឺទឹកនោមផ្អែម (ប្រើក្នុងករណីដែលការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ ឬ បូករួមទាំងការប្រើឱសថបញ្ចុះជាតិស្ករក្នុងឈាមឬអាំងស៊ុយលីនមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់តែប៉ុណ្ណោះ)

      - បង្ការការកើតជំងឺទឹកនោមផ្អែមប្រភេទទី2 ចំពោះអ្នកដែលមានការកើនឡើងនៃជាតិស្ករក្នុងឈាមខុសប្រក្រតីនៅក្រោយពេលបរិភោគអាហារ (ប្រើក្នុងករណីដែលការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់តែប៉ុណ្ណោះ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - បញ្ចុះជាតិស្ករក្នុងឈាមដែលកើនឡើងខ្ពស់ក្រោយពេលបរិភោគអាហារ ចំពោះអ្នកមានជំងឺទឹកនោមផ្អែម:

      មនុស្សពេញវ័យ:លេប1ដង0.2mg, 1ថ្ងៃ3ដង ភ្លាមៗមុនបរិភោគអាហារ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ដង0.3mg។

      - បង្ការការកើតជំងឺទឹកនោមផ្អែមប្រភេទទី2 ចំពោះអ្នកដែលមានការកើនឡើងនៃជាតិស្ករក្នុងឈាមខុសប្រក្រតីនៅក្រោយពេលបរិភោគអាហារ:

      មនុស្សពេញវ័យ:លេប1ដង0.2mg, 1ថ្ងៃ3ដង ភ្លាមៗមុនបរិភោគអាហារ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស លាមកជ្រាយ លឺសម្លេងនៅក្នុងពោះ ផោមច្រើន ឈឺពោះ ទល់លាមក បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ក្រហាយទ្រូង ស្ងួតក វិលមុខ អាការៈខ្វះឈាម ស្ពឹក ហើមមុខ ស្រវាំងភ្នែក អារម្មណ៍ច្រាលក្ដៅ អស់កម្លាំង បែកញើស ជ្រុះរោមឬសក់ ឡើងកន្ទួលក្រហម រមាស់ ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើស ញ័រដៃជើង (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)

      - ហើមពោះខ្លាំង ឈឺពោះជាប់រហូត ក្អួតចង្អោរ (ស្ទះពោះវៀន)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ (មុខងារថ្លើមចុះខ្សោយធ្ងន់ធ្ងរ ខាន់លឿង)

      - ទល់លាមក បាត់បង់ស្មារតី (រោគសញ្ញានៃការកើនឡើងសារធាតុអាម៉ូញាក់ក្នុងឈាម(Hyperammonemia)កាន់តែធ្ងន់ធ្ងរចំពោះអ្នកដែលមានជំងឺក្រិនថ្លើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម), ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម), ឱសថបញ្ចុះខ្លាញ់ប្រភេទFibrates(Bezafibrate, Clofibrateជាដើម), ឱសថWarfarin ជាដើម - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថAdrenalin(ឬEpinephrine), ឱសថស្តេរ៉ូអ៊ីត(Methylprednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម)។ល។ - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះអាចបរិមាណទឹកដោះថយចុះ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។

      ・ឱសថនេះទប់ស្កាត់ការស្រូបជាតិស្ករនៅក្នុងអាហារ ដូច្នេះ ជាទូទៅ ឱសថនេះប្រើនៅមុនពេលបរិភោគអាហារភ្លាម (ក្នុងអំឡុងពេល10នាទីមុនបរិភោគអាហារ)។ ឱសថនេះនឹងមិនបង្ហាញប្រសិទ្ធិភាពទេ ប្រសិនបើមិនមានអាហារ។

      ・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគសារធាតុគ្លុយកូសក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ (ស្ករឬទឹកផ្លែឈើមិនមានប្រសិទ្ធិភាពនោះទេ)។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមα-glucosidase ដែលជាអង់ស៊ីមមានតួនាទីបំបែកសមាសធាតុស្ករអោយទៅជាគ្លុយកូស។ ការទប់ស្កាត់នេះអាចកាត់បន្ថយការស្រូបគ្លុយកូសពីអាហារនៅក្នុងពោះវៀន ហើយជាលទ្ធផល អាចទប់ស្កាត់ការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាមនៅក្រោយពេលបរិភោគអាហារ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp