Vinorelbine ditartrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      - ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma

      - ជំងឺមហារីកសុដន់ដែលរើឡើងវិញឬមិនអាចវះកាត់បាន។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង20〜25mg/m2 ដោយចាក់តាមសរសៃវ៉ែនយឺតៗ និង ទុកគម្លាតរយៈពេល1សប្ដាហ៍រវាងការចាក់ម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ កម្រិតប្រើអតិបរមាក្នុង1ដងគឺ25mg/m2

      ・ករណីជំងឺមហារីកសុដន់ដែលរើឡើងវិញឬមិនអាចវះកាត់បាន:

      ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង25mg/m2 ដោយចាក់តាមសរសៃវ៉ែនយឺតៗ និង ទុកគម្លាតរយៈពេល1សប្ដាហ៍រវាងការចាក់ម្ដងៗ។ អនុវត្តបែបនេះរយៈពេល2សប្ដាហ៍ ហើយនៅសប្ដាហ៍ទី3 ផ្អាកការប្រើប្រាស់ឱសថនេះ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងឱសថនេះ ឬ ឱសថប្រឆាំងមហារីកប្រភេទVinca alkaloidផ្សេងទៀត។

      ・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងធ្លាក់ចុះធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ។

      ・មិនត្រូវប្រើឱសថនេះចាក់ចូលក្នុងចន្លោះខួរឆ្អឹង(Medullary cavity)នោះទេ។

    • ផលរំខាន

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ អស់កម្លាំង ជ្រុះរោមឬសក់ ក្អួតចង្អោរ ដំបៅក្នុងមាត់ ទល់លាមកឬរាករូស ញាណចុះខ្សោយ ឡើងកន្ទួលក្រហម រលាកសរសៃឈាម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រួយខ្លួន ស្នាមជាំស្វាយ វិលមុខ (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - ក្ដៅខ្លួន ឈឺក្បាល ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺទឹកក្នុងសួត)

      - ពិបាកដកដង្ហើម ដង្ហក់ម្ដងៗ ដកដង្ហើមលឺសម្លេងខ្លាំងៗ (ទងសួតកន្ត្រាក់)

      - បត់ជើងធំមិនចេញ ឈឺពោះ ហើមពោះ (ជំងឺស្ទះពោះវៀន(Ileus))

      - អស់កម្លាំង ពិបាកដកដង្ហើម ថប់ទ្រូង (ប៉ះពាល់មុខងារបេះដូង)

      - ឡើងកន្ទួលក្រហម ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ក្អក ឈឺទ្រូង ពិបាកដកដង្ហើម (ស្ទះកំណកឈាមក្នុងសរសៃឈាមនៅសួត)

      - ពិបាកនោម សាច់ដុំកន្ត្រាក់ ស្មារតីដឹងខ្លួនធ្លាក់ចុះ បាត់បង់ចំណង់អាហារ (បណ្ដុំរោគសញ្ញានៃការបញ្ចេញអរម៉ូនទប់ស្កាត់ការបញ្ចេញទឹកនោមខុសប្រក្រតី(Syndrome of inappropriate secretion of antidiuretic hormone))

      - ហើមខ្លួន ឆាប់ហត់ នោមមិនសូវចេញ (មុខងារតម្រងនោមថយចុះ)

      - ឈឺផ្នែកចង្កេះនិងខ្នងខ្លាំងនិងភ្លាមៗ ក្ដៅខ្លួន ក្អួតចង្អោរ (រលាកលំពែងស្រួចស្រាវ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Miconazole ជាដើម) - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទសាច់ដុំងាយកើតឡើង។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទMacrolides(Erythromycin, Clarithromycin ជាដើម) - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទសាច់ដុំងាយកើតឡើង។

      ・ឱសថបញ្ចុះសម្ពាធឈាមប្រភេទCalcium antagonists(Diltiazem, Nifedipine, Verapamil ជាដើម) - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទសាច់ដុំងាយកើតឡើង។

      ・ឱសថព្យាបាលជំងឺផ្នែកស្មារតីប្រភេទBenzodiazepines(Diazepam,

      Triazolam, Midazolam ជាដើម) - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទសាច់ដុំងាយកើតឡើង។

      ・ឱសថMitomycin C - អាចធ្វើអោយផលប៉ះពាល់ប្រព័ន្ធដង្ហើមងាយកើតឡើង។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនត្រូវចាក់បញ្ចូលឱសថនេះតាមឆ្អឹងខ្នងនោះទេ ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិត។

      ・ប្រសិនបើសារធាតុថ្នាំប៉ះត្រូវស្បែក ត្រូវប្រញាប់លាងសម្អាតចេញដោយប្រើសាប៊ូនិងទឹកច្រើន។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទៅលើMicrotubuleនៅក្នុងកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួននិងកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp