Vildagliptin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង50mg 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច។ អាចបន្ថយកម្រិតមកត្រឹមលេប1ថ្ងៃ1ដង 50mg នៅពេលព្រឹក ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន អារម្មណ៍ឃ្លាន ទល់លាមក គ្មានកម្លាំង។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ (មុខងារថ្លើមចុះខ្សោយធ្ងន់ធ្ងរ ខាន់លឿង)
- ហើមត្របកភ្នែក បបូរមាត់និងអណ្ដាត ពិបាកដកដង្ហើម កន្ទាលត្រអាក (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))
- វិលមុខ អស់កម្លាំង បែកញើសទាំងត្រជាក់ ញ័រដៃជើង អារម្មណ៍ឃ្លានខ្លាំង (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)
- ឈឺខ្លាំងនៅផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្អួតចង្អោរ (រលាកលំពែងស្រួចស្រាវ)
- ហើមពោះ ឈឺពោះជាប់រហូត ក្អួតចង្អោរ (ស្ទះពោះវៀន)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ពងទឹកលើស្បែកនិងមានអាការៈរមាស់ខ្លាំង (ជំងឺPemphigoid)
- ឈឺ ស្ពឹក រឹងសាច់ដុំនៅដៃនិងជើង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម), ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម), ឱសថបញ្ចុះខ្លាញ់ប្រភេទFibrates(Bezafibrate, Clofibrateជាដើម)។ល។ - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថAdrenalin(ឬEpinephrine), ឱសថស្តេរ៉ូអ៊ីត(Methylprednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម)។ល។ - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។
・ឱសថប្រភេទACE inhibitors - អាចធ្វើអោយកើតមានអាការៈនៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។
・ប្រសិនបើមិនឃើញមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្រោយប្រើប្រាស់ឱសថនេះរយៈពេល3ខែហើយនោះទេ គួរជ្រើសរើសវិធីព្យាបាលផ្សេងទៀត។
・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖
(1) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ
(2) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលាឬមិនមានតុល្យភាពក្នុងរបបអាហារ
(3) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា
(4) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន
・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・កំហាប់ក្នុងឈាមនៃឱសថនេះអាចកើនឡើងខ្ពស់នៅក្នុងរាងកាយអ្នកជំងឺដែលមានបញ្ហាតម្រងនោម ដូច្នេះ ត្រូវកំណត់កម្រិតប្រើប្រាស់ឱសថអោយបានសមស្រប។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃអង់ស៊ីមDPP-4ដែលជាអង់ស៊ីមមានតួនាទីបំបែកសារធាតុអ៊ីនក្រេធីន(Incretin) ជាលទ្ធផល ធ្វើអោយកម្រិតនៃសារធាតុអ៊ីនក្រេធីនកើនឡើងនៅក្នុងរាងកាយ។ សារធាតុអ៊ីនក្រេធីន(Incretin)មានតួនាទីជម្រុញការបញ្ចេញអរម៉ូនអាំងស៊ុយលីន(ជាអរម៉ូនបញ្ចុះជាតិស្ករក្នុងឈាម) និង ទប់ស្កាត់ការបញ្ចេញអរម៉ូនគ្លុយកាហ្កុង(Glucagon)(ជាអរម៉ូនបង្កើនជាតិស្ករក្នុងឈាម)ពីក្រពេញលំពែង នៅពេលមានការកើនឡើងនៃកម្រិតជាតិស្ករក្នុងឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp