Vancomycin hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      -ជំងឺបណ្ដាលមកពីបាក់តេរីMRSAដែលអាចព្យាបាលដោយឱសថVancomycin:អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺរលាកស្រោមពោះ ជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ។

      -ជំងឺបណ្ដាលមកពីបាក់តេរីMRCNSដែលអាចព្យាបាលដោយឱសថVancomycin:អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកស្រោមពោះ ជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ។

      -ជំងឺបណ្ដាលមកពីបាក់តេរីPRSPដែលអាចព្យាបាលដោយឱសថVancomycin:អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកសួត ជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ។

      -ជំងឺគ្រាប់ឈាមសណឺត្រូហ្វីលថយចុះលក្ខណៈក្ដៅខ្លួន(Febrile neutropenia)ដែលសង្ស័យថាបណ្ដាលមកពីការឆ្លងមេរោគMRSAឬMRCNS។

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនដោយសារឆ្លងបាក់តេរី (រួមទាំងជំងឺរលាកពោះវៀនធំប្រភេទPseudomembranous colitis) និង ប្រើនៅក្នុងការកម្ចាត់បាក់តេរីនៅក្នុងក្រពះពោះវៀននៅពេលអនុវត្តការវះកាត់ផ្លាស់ប្តូរខួរឆ្អឹង(Bone marrow transplantation)។

      ករណីថ្នាំក្រមួនដាក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺភ្នែកដែលបណ្តាលមកពីបាក់តេរី និងដែលការព្យាបាលផ្សេងទៀតមិនបង្ហាញប្រសិទ្ធភាពគ្រប់គ្រាន់ ដូចជា ជំងឺរលាកភ្នែក(Conjunctivitis) ជំងឺរលាកត្របកភ្នែក ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកក្រពេញខ្លាញ់ម៉ាយបូមនៅត្របកភ្នែក(Meibomitis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      -មនុស្សពេញវ័យ:1ថ្ងៃ2g ដោយប្រើ1ដង0.5g រៀងរាល់6ម៉ោង ឬ ប្រើ1ដង1g រៀងរាល់12ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី60នាទីឡើងក្នុងការប្រើ1ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។

      -មនុស្សចាស់:ប្រើ1ដង0.5g រៀងរាល់12ម៉ោង ឬ ប្រើ1ដង1g រៀងរាល់24ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី60នាទីឡើងក្នុងការប្រើ1ដង។

      -កុមារនិងទារក:ប្រើ1ថ្ងៃ40mg/kg បែងចែកជា2~4ដងក្នុង1ថ្ងៃ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី60នាទីឡើងក្នុងការប្រើ1ដង។

      -ទារកទើបកើត:ប្រើ1ដង10~15mg/kg។ ចំពោះទារកក្រោយកើតរហូតដល់អាយុ1សប្ដាហ៍ ប្រើរៀងរាល់12ម៉ោង ហើយចំពោះទារកអាយុក្រោម1ខែ ប្រើរៀងរាល់8ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី60នាទីឡើងក្នុងការប្រើ1ដង។

      ករណីថ្នាំលេប:

      -ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ (រួមទាំងជំងឺ Pseudomembranous colitis):ពិសារ1ដង 0.125~0.5g, 1ថ្ងៃ4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់និងរោគសញ្ញា។

      -ប្រើសម្លាប់បាក់តេរីក្នុងក្រពះពោះវៀនពេលអនុវត្តការវះកាត់ផ្លាស់ប្ដូរខួរឆ្អឹង(Bone marrow transplantation):ពិសារ1ដង 0.5g, 1ថ្ងៃ4~6ដង ដោយប្រើរួមជាមួយឱសថកម្ចាត់បាក់តេរីនិងពពួកផ្សិតលក្ខណៈមិនស្រូបផ្សេងទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។

      ករណីថ្នាំក្រមួនដាក់ភ្នែក(1%):

      ជាទូទៅ ប្រើ1ថ្ងៃ4ដង ក្នុងបរិមាណសមស្រប។

    • ហាមប្រើ

      ករណីថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងមេរោគTeicoplanin ឱសថប្រឆាំងបាក់តេរីប្រភេទប៉ិបទីត ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside។

      ・អ្នកដែលមានបញ្ហាត្រចៀកធ្ងន់ដោយសារឱសថប្រឆាំងមេរោគTeicoplanin ឱសថប្រឆាំងបាក់តេរីប្រភេទប៉ិបទីត ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside ឬ មានបញ្ហាត្រចៀកធ្ងន់ដោយសារមូលហេតុផ្សេងទៀត។

      ករណីថ្នាំលេប:

      ・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំក្រមួនដាក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ មុខក្រហម ពងទឹក អាការៈខ្វះឈាម ក្តៅខ្លួន ឈឺតាមសរសៃឈាម ឈឺចុកនៅត្រង់កន្លែងចាក់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម វិលមុខ ហើមភ្នែកនិងបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ហើម បរិមាណទឹកនោមថយចុះឬបត់ជើងតូចមិនចេញ ក្តៅខ្លួន (រលាកតម្រងនោម មុខងារតម្រងនោមធ្លាក់ចុះ)

      - ស្បែកឡើងក្រហមនិងរលាត់ ក្តៅខ្លួនខ្លាំង ពងទឹក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - ឈឺបំពង់ក ចង្វាក់បេះដូងលោតញាប់ ចេញឈាមតាមអញ្ចាញធ្មេញ (ជំងឺប្លាកែតថយចុះ ជំងឺគ្រាប់ឈាមសថយចុះប្រភេទAgranulocytosis )

      - វិលមុខ ហ៊ឹងត្រចៀក សមត្ថភាពស្ដាប់ធ្លាក់ចុះ (ប្រព័ន្ធប្រសាទទី8មានបញ្ហា)

    • អន្តរប្រតិកម្ម

      ករណីថ្នាំចាក់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំសណ្តំThiopentalជាដើម - ការប្រើក្នុងពេលតែមួយអាចធ្វើអោយមានអាការៈប្រតិកម្មធ្ងន់ធ្ងរដូចជាឡើងស្នាមក្រហមនៅលើស្បែក។ល។ ត្រូវបញ្ចប់ការប្រើថ្នាំVancomycinអោយបាន1ម៉ោងមុនពេលប្រើថ្នាំសណ្តំ។

      ・ថ្នាំដែលមានផលប៉ះពាល់ខ្លាំងដល់តម្រងនោមឬប្រព័ន្ធត្រចៀកដូចជាថ្នាំប្រឆាំងមេរោគប្រភេទAminoglycosid រួមមានArbekacin, Tobramycinជាដើម ព្រមទាំងថ្នាំប្រឆាំងជំងឺមហារីកដែលមានផ្ទុកជាតិប្លាទីនរួមមានCisplatin, Nedaplatinជាដើម - អាចធ្វើអោយមានផលរំខានកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំដែលមានផលប៉ះពាល់ខ្លាំងដល់តម្រងនោម ដូចជា Amphotericin B, Cyclosporinជាដើម - អាចធ្វើអោយមានផលរំខានកាន់តែធ្ងន់ធ្ងរ

      ករណីថ្នាំលេប:

      ・ថ្នាំបញ្ចុះកូឡេស្តេរ៉ូល Colestyramine - អាចធ្វើអោយប្រសិទ្ធិភាពរបស់Vancomycinថយចុះ ដូច្នេះ ត្រូវទុកគម្លាតនៃការប្រើថ្នាំនីមួយៗរយៈពេលពីរទៅបីម៉ោង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・រយៈពេលនៃការប្រើប្រាស់អាស្រ័យទៅតាមស្ថានភាពជំងឺ។

      ・សម្រាប់ថ្នាំចាក់ ត្រូវចៀសវាងការលាយជាមួយថ្នាំខាងក្រោម:

      Aminophylline, Fluorouracil, Hydrocortisone sodium succinate, Cefotaxime, Cefmenoxime, Cefozopran, Panipenem /Betamipron, Aztreonam

      ・ការចាក់បញ្ចូលថ្នាំអាចធ្វើអោយរលាកដល់សរសៃឈាមនិងកកើតកំណកឈាម ដូច្នេះត្រូវប្រយ័ត្នចំពោះកំហាប់ថ្នាំនិងល្បឿនបញ្ចូលថ្នាំតាមសេរ៉ូម។ ករណីត្រូវប្រើថ្នាំច្រើនដង គួរប្តូរកន្លែងចាក់បញ្ចូល។ ម្យ៉ាងទៀត ការជ្រៀបចេញនៃសារធាតុថ្នាំទៅក្រៅសរសៃឈាមអាចធ្វើអោយកោសិកានៅជុំវិញងាប់ ដូច្នេះត្រូវប្រុងប្រយ័ត្នមិនត្រូវអោយសារធាតុថ្នាំជ្រៀបចេញទៅក្រៅសរសៃឈាមនោះទេ។

      ・ការចាក់ថ្នាំនេះតាមសាច់ដុំអាចបណ្តាលអោយមានអាការៈឈឺចាប់ខ្លាំង ដូច្នេះ មិនគួរចាក់តាមសាច់ដុំនោះទេ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទគ្លីកូប៉ិបទីត(Glycopeptide antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតភ្នាសកោសិកាក្រៅ បំផ្លាញភ្នាសកោសិកាក្នុង និង បង្អាក់សកម្មភាពបង្កើតRNAរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

      ម្យ៉ាងទៀត ឱសថនេះមានប្រសិទ្ធិភាពប្រឆាំងចំពោះបាក់តេរីMRSAឬMRCNSផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp