Tulobuterol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma)
- ជំងឺរលាកទងសួតស្រួចស្រាវ
- ជំងឺរលាកទងសួតរ៉ាំរ៉ៃ
- ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។
-
កម្រិតប្រើប្រាស់
・ករណីថ្នាំគ្រាប់:
លេប1ដង1mg, 1ថ្ងៃ2ដង។
・ករណីថ្នាំម្សៅ0.1%(សម្រាប់កុមារ):
ពិសារ1ថ្ងៃ0.04mg(ត្រូវនឹងថ្នាំម្សៅ40mg)/kg បែងចែកជា2ដងក្នុង1ថ្ងៃ។ ជាទូទៅ គឺ៖
- កុមារអាយុ0.5~ក្រោម3ឆ្នាំ:1ថ្ងៃ0.25~0.5mg(ត្រូវនឹងថ្នាំម្សៅ0.25~0.5g) បែងចែកជា2ដងក្នុង1ថ្ងៃ។
- កុមារអាយុ3~ក្រោម9ឆ្នាំ:1ថ្ងៃ0.5~1mg(ត្រូវនឹងថ្នាំម្សៅ0.5~1g) បែងចែកជា2ដងក្នុង1ថ្ងៃ។
- កុមារអាយុ9~15ឆ្នាំ:1ថ្ងៃ1~2mg(ត្រូវនឹងថ្នាំម្សៅ1~2g) បែងចែកជា2ដងក្នុង1ថ្ងៃ។
・ករណីថ្នាំបិទលើស្បែក:
បិទនៅលើផ្នែកទ្រូង ខ្នង ឬ ដើមដៃ។
- មនុស្សពេញវ័យ:1ថ្ងៃ1ដង2mg។
- កុមារអាយុ0.5~ក្រោម3ឆ្នាំ:1ថ្ងៃ1ដង0.5mg។
- កុមារអាយុ3~ក្រោម9ឆ្នាំ:1ថ្ងៃ1ដង1mg។
- កុមារអាយុ9ឆ្នាំឡើងទៅ:1ថ្ងៃ1ដង2mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ញ័រដៃជើង បេះដូងលោតញាប់ រមាស់ស្បែកឬរមាស់នៅកន្លែងបិទ រលាកស្បែក ក្រហមនៅកន្លែងបិទ ឡើងកន្ទួលក្រហម កន្ទាលត្រអាក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ក្រហមពេញខ្លួន កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អស់កម្លាំង កម្លាំងសាច់ដុំធ្លាក់ចុះ ពិបាកដកដង្ហើម ស្ពឹកដៃជើង (រោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថកាតេកូឡាមីន (Adrenalin, Isoproterenol, Dopamine ជាដើម) - អាចធ្វើអោយចង្វាក់បេះដូងខុសប្រក្រតី ឬ បេះដូងឈប់ដើរ។
・ឱសថប្រភេទXanthine (Theophylline, Aminophylline hydrate, Diprophylline ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត(Prednisolone, Betamethasone, Hydrocortisone ជាដើម), ឱសថបញ្ចុះទឹកនោម(Trichlormethiazide, Furosemide, Acetazolamide ជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមធ្លាក់ចុះទាប។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវសម្អាតស្បែកអោយបានស្អាតជាមុនសិន មុននឹងបិទឱសថនេះនៅលើស្បែក។ ម្យ៉ាងទៀត ដើម្បីចៀសវាងកុំអោយមានអាការៈរលាកស្បែក គួរផ្លាស់ប្ដូរកន្លែងបិទបន្ដិចម្ដងៗរៀងរាល់ពេល។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយអង់ស៊ីមAdenylyl cyclaseមានសកម្មភាពបំលែងសារធាតុATPនៅក្នុងកោសិកាទៅជាcAMP។ ការកើនឡើងនៃcAMPមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp