Triamcinolone acetonide

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលាបក្នុងមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈរលាកអញ្ចាញធ្មេញលក្ខណៈដាច់រលាត់រ៉ាំរ៉ៃ(Chronic desquamative gingivitis)។

      - អាការៈរលាកក្នុងមាត់ឬអណ្ដាត រួមមានការដាច់រលាត់ឬដំបៅ ដែលពិបាកព្យាបាល។

      ករណីថ្នាំបិទក្នុងមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកក្នុងមាត់ឬពងបែកក្នុងមាត់ (Aphthous stomatitis)។

      ករណីថ្នាំលាបលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកឬកន្ទួលក្រហមលើស្បែក ជំងឺរមាស់ស្បែក សត្វល្អិតខាំ រលាកភ្លើង អាការៈប្រតិកម្មទៅនឹងសារធាតុឱសថ ជំងឺPsoriasis ជំងឺពងខ្ទុះនៅបាតដៃនិងជើង(Palmoplantar pustulosis) ជំងឺErythemaប្រភេទផ្សេងៗ ជំងឺស្បែកក្រហម(Erythroderma)(រួមទាំងមូលហេតុមកពីជំងឺមហារីកMalignant lymphoma) ជំងឺនៃបណ្ដុំរោគសញ្ញាស្បែកនិងភ្នាសសើម(រួមទាំងជំងឺBehcet) ជំងឺជ្រុះសក់ជារង្វង់ អាការៈរលាកភ្លើង(រួមទាំងស្លាកស្នាមឬផ្លែ) អាការៈរលាកស្បែកដោយធាតុត្រជាក់ ជំងឺPemphigus ជំងឺDuhring's disease ជំងឺLichen planus ជំងឺPityriasis rubra pilaris។

      ករណីថ្នាំចាក់ចូលក្នុងរាងកាយ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ៖

      - ជំងឺទាក់ទងនឹងការបញ្ចេញអរម៉ូនក្នុងរាងកាយ (ជំងឺកើនឡើងខុសប្រក្រតីនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Thyrotoxicosis), ជំងឺចុះខ្សោយមុខងារAdrenal cortexរ៉ាំរ៉ៃ(Adrenocortical insufficiency), ជំងឺទាក់ទងនឹងសរីរាង្គបន្តពូជដោយសារការបញ្ចេញអរម៉ូនភេទច្រើនខុសប្រក្រតីពីAdrenal cortex (Adrenogenital syndrome))

      - ជំងឺទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ជំងឺរូម៉ាទីស(Rheumatism), ជំងឺអេរីតេម៉ាតូស(Lupus erythematosus))

      - ជំងឺតម្រងនោមNephrosisឬNephrotic syndrome

      - ជំងឺបេះដូងCongestive heart failure

      - ជំងឺទាក់ទងនឹងរោគប្រតិកម្ម (ជំងឺហឺត, ជំងឺរលាកទងសួតលក្ខណៈហឺត(Asthmatic bronchitis), រោគប្រតិកម្មទល់នឹងឱសថឬសារធាតុគីមីផ្សេងៗ)

      - ជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ

      - ជំងឺទាក់ទងនឹងប្រព័ន្ធឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemiaឬAplastic anemia ជំងឺមហារីកគ្រាប់ឈាមស ជំងឺខ្វះឈាមប្រភេទAplastic anemia។ល។)

      - ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ (ជំងឺរលាកពោះវៀនមិនរាលដាល, ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ)

      - ជំងឺក្រិនថ្លើម

      - ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (ជំងឺរលាកខួរក្បាលឬខួរឆ្អឹងខ្នង, ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) ជាដើម)

      - ជំងឺមហារីកោសិកានៃប្រព័ន្ធទឹករងៃ(Malignant lymphoma)

      - ជំងឺកម្រិតជាតិស្ករក្នុងឈាមទាប(Idiopathic hypoglycemia)

      - រោគសញ្ញាក្រោយពីការវះកាត់ក្រពេញអាដ្រេណាល់(Adrenal gland) ឬ ការវះកាត់ផ្លាស់ប្ដូរសរីរាង្គឬជាលិកា

      - ពិសពស់ ពិសសត្វល្អិត

      - ជំងឺមហារីកក្រពេញប្រូស្តាត

      - អាការៈរលាក ឡើងកន្ទួលក្រហមឬរមាស់លើស្បែកដោយសារជំងឺស្បែកផ្សេងៗ

      - ជំងឺរលាកភ្នែក ក្នុងភ្នែក ឬ សរសៃប្រសាទភ្នែក

      - ជំងឺរលាកក្នុងត្រចៀកច្រមុះបំពង់ក

      - ជំងឺដំបៅមាត់ឬរលាកអណ្ដាតដែលពិបាកព្យាបាល

      - ជំងឺរលាកសន្លាក់និងសរសៃសាច់ដុំ។ល។

      សម្គាល់ ៖ ឱសថនេះអាចប្រើចំពោះជំងឺផ្សេងទៀតជាច្រើនក្រៅអំពីជំងឺខាងលើនេះ។ ម្យ៉ាងទៀត វិធីប្រើប្រាស់និងផ្នែកនៃរាងកាយដែលត្រូវបញ្ចូលឱសថប្រែប្រួលទៅតាមប្រភេទជំងឺនីមួយៗ។ សូមពិនិត្យមើលព័ត៌មានបន្ថែម។

      ករណីថ្នាំចាក់ក្នុងភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ករណីប្រើចាក់ក្នុងVitreous body:

      - ប្រើដើម្បីធ្វើអោយអាចពិនិត្យឃើញVitreous body នៅពេលធ្វើការវះកាត់Vitreous body។

      - ព្យាបាលអាការៈហើមម៉ាឃ្យូឡឺដោយសារជំងឺទឹកនោមផ្អែម (Diabetic macular edema)។

      ・ករណីប្រើចាក់ក្រោមTenon capsule:

      - អាការៈហើមម៉ាឃ្យូឡឺដោយសារជំងឺទឹកនោមផ្អែម (Diabetic macular edema)។

      - អាការៈហើមម៉ាឃ្យូឡឺ(Macular edema) ដែលកើតមាននៅក្នុងជំងឺស្ទះសរសៃវ៉ែននៅរេទីន(Retinal vein occlusion)។

      - អាការៈហើមម៉ាឃ្យូឡឺ(Macular edema) ដែលកើតមាននៅក្នុងជំងឺរលាកស្រទាប់យូវៀមិនបណ្ដាលមកពីមេរោគ (Non-infectious uveitis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលាបក្នុងមាត់ (0.1%):

      ប្រើ1ថ្ងៃ 1~ច្រើនដង ក្នុងបរិមាណសមស្រប។

      ករណីថ្នាំបិទក្នុងមាត់(0.025mg/គ្រាប់):

      ប្រើ1ថ្ងៃ 1~2ដង 1ដង1គ្រាប់ បិទនៅលើផ្នែកសនៃដំបៅ។

      ករណីថ្នាំលាបលើស្បែក(0.1%):

      ប្រើ1ថ្ងៃ 2~3ដង ក្នុងបរិមាណសមស្រប លាបនៅលើកន្លែងដែលមានបញ្ហា។ អាចបង្កើនឬបន្ថយការប្រើប្រាស់ទៅតាមរោគសញ្ញា។

      ករណីថ្នាំចាក់ចូលក្នុងរាងកាយ:

      ・ករណីចាក់ក្នុងសាច់ដុំ:1ដង20~80mg រៀងរាល់1~2សប្ដាហ៍។

      ・ករណីចាក់ក្នុងសន្លាក់ ក្នុងជាលិកាទន់ ក្នុងសរសៃកែង(Tendon sheath) ក្នុងថង់ទឹកសន្លាក់(Synovial bursa):ប្រើ1ដង2~40mg។ ជាទូទៅ ត្រូវទុកគម្លាតនៃការចាក់ម្ដងៗយ៉ាងហោចណាស់2សប្ដាហ៍។ អាចបង្កើនឬបន្ថយការប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីចាក់ក្នុងស្បែកនៅកន្លែងដែលមានបញ្ហា:ប្រើ1ដង0.2~1mg រហូតដល់10mg រៀងរាល់1សប្ដាហ៍។ អាចបង្កើនឬបន្ថយការប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើឧបករណ៍ណេប៊ុឡាយហ្សឺ(Nebulizer):ប្រើ1ដង2~10mg 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយការប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីចាក់បញ្ចូលក្នុងច្រមុះ ឆ្អឹងសងខាងច្រមុះ បំពង់ក បំពង់ខ្យល់ ផ្នែកកណ្ដាលនៃត្រចៀក បំពង់ក្នុងត្រចៀក(Auditory tube):ប្រើ1ដង2~10mg 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយការប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីចាក់ទៅក្នុងផ្នែកNasal concha ឬ ផ្នែកNasal polypusនៃច្រមុះ:ប្រើ1ដង2~40mg។ អាចបង្កើនឬបន្ថយការប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីចាក់ទៅក្នុងបំពង់អាហារ:ប្រើ1ដង2mg។ អាចបង្កើនឬបន្ថយការប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់ក្នុងភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ករណីប្រើចាក់ក្នុងVitreous body:

      - ប្រើដើម្បីធ្វើអោយអាចពិនិត្យឃើញVitreous body នៅពេលធ្វើការវះកាត់Vitreous body:លាយឱសថនេះ1ដបនៅក្នុងសេរ៉ូមប្រៃឬទឹកលាងភ្នែក4mL ដើម្បីបានកំហាប់10mg/mL រួចប្រើ0.5~4mgនៃឱសថនេះចាក់ទៅក្នុងVitreous bodyនៃភ្នែក។ អាចប្រែប្រួលកំហាប់ទៅតាមស្ថានភាពអ្នកជំងឺឬវិធីពិនិត្យ ប៉ុន្តែ មិនត្រូវលើសពី40mg/mLនោះទេ។

      - ប្រើនៅក្នុងការព្យាបាលអាការៈហើមម៉ាឃ្យូឡឺដោយសារជំងឺទឹកនោមផ្អែម (Diabetic macular edema):លាយឱសថនេះ1ដបនៅក្នុងសេរ៉ូមប្រៃឬទឹកលាងភ្នែក1mL ដើម្បីបានកំហាប់40mg/mL រួចប្រើ4mgនៃឱសថនេះចាក់ទៅក្នុងVitreous bodyនៃភ្នែក។

      ・ករណីប្រើចាក់ក្រោមTenon capsule:

      លាយឱសថនេះ1ដបនៅក្នុងសេរ៉ូមប្រៃឬទឹកលាងភ្នែក1mL ដើម្បីបានកំហាប់40mg/mL រួចប្រើ20mgនៃឱសថនេះចាក់ក្រោមTenon capsuleនៃភ្នែក។

    • ហាមប្រើ

      ករណីថ្នាំលាបឬបិទក្នុងមាត់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖

      ・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគនៅក្នុងមាត់។

      ករណីថ្នាំលាបលើស្បែក:

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ជំងឺឆ្លងនៅលើស្បែកមួយចំនួន ដូចជា របេងស្បែក រើម អុតស្វាយ(Chicken pox) ជំងឺVaccinia។

      ・ជំងឺរលាករូងត្រចៀកខាងក្រៅដែលមានកន្ទួលក្រហម និង មានធ្លុះក្រដាសត្រចៀក។

      ・ដំបៅលើស្បែក(លើកលែងជំងឺBehcet's disease)

      ・រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។

      ករណីថ្នាំចាក់ចូលក្នុងរាងកាយ:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・មិនត្រូវចាក់ឱសថនេះចូលទៅក្នុងសន្លាក់ឬបរិវេណសរសៃកែងដែលកំពុងមានជំងឺឆ្លងមេរោគនោះទេ - ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺថយចុះ ដូចនេះ វាអាចធ្វើអោយជំងឺឆ្លងកាន់តែធ្ងន់ធ្ងរ។

      ・មិនត្រូវចាក់ឱសថនេះចូលទៅក្នុងសន្លាក់ដែលមិនមានលំនឹង(Flail joint)នោះទេ - អាចធ្វើអោយចលនារបស់សន្លាក់កាន់តែគ្មានលំនឹង។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖

      1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។

      2. អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      3. អ្នកដែលមានជំងឺផ្នែកស្មារតី។

      4. អ្នកដែលមានជំងឺរបេង។

      5. អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសHerpes simplex virus។

      6. អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract។

      7. អ្នកដែលមានជំងឺក្លូកូម(Glaucoma)។

      8. អ្នកដែលមានជំងឺលើសសម្ពាធឈាម។

      9. អ្នកដែលមានកម្រិតអេឡិចត្រូឡាយ(Electrolyte)ក្នុងខ្លួនខុសប្រក្រតី។

      10. អ្នកដែលមានជំងឺកំណកឈាម។

      11. អ្នកដែលទើបទទួលការវះកាត់សរីរាង្គខាងក្នុងរាងកាយ។

      12. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។

      ករណីថ្នាំចាក់ក្នុងភ្នែក:

      រួមសម្រាប់ករណីព្យាបាលទាំងអស់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីប្រើចាក់ក្នុងVitreous body និង ករណីព្យាបាលអាការៈហើមម៉ាឃ្យូឡឺ(Macular edema)ដោយសារជំងឺទឹកនោមផ្អែម:

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺឆ្លងនៅភ្នែកឬជុំវិញភ្នែក។

      ករណីប្រើចាក់ក្នុងVitreous body, ករណីព្យាបាលអាការៈហើមម៉ាឃ្យូឡឺ(Macular edema)ដោយសារជំងឺទឹកនោមផ្អែម និង ករណីប្រើចាក់ក្រោមTenon capsule:

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)ដែលមិនទាន់គ្រប់គ្រងស្ថានភាពជំងឺបានល្អ។

    • ផលរំខាន

      ករណីថ្នាំលាបក្នុងមាត់:

      ផលរំខានរួមមាន ឆ្លងមេរោគក្នុងមាត់ អាការៈប្រតិកម្ម ជីវ្ហាវិញាណថយចុះ ។ល។

      ករណីថ្នាំបិទក្នុងមាត់:

      ផលរំខានរួមមាន ឆ្លងមេរោគក្នុងមាត់ អាការៈហឺត ហើមមុខ ឡើងកន្ទួលក្រហម ។ល។

      ករណីថ្នាំលាបលើស្បែក:

      ផលរំខានរួមមាន ក្រហាយស្បែក ឡើងកន្ទួលក្រហម ជំងឺឆ្លងលើស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺភ្នែកខ្លាំង ឈឺក្បាល ចង់ក្អួត (ជំងឺGlaucoma)

      - ចាំងភ្នែក ស្រវាំងភ្នែក មើលមិនសូវច្បាស់ (ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។

      ករណីថ្នាំចាក់ចូលក្នុងរាងកាយ:

      ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ឈឺក្រពះ ក្រហាយទ្រូង សម្ពាធឈាមកើនឡើង គេងមិនលក់ វិលមុខ ឈឺសាច់ដុំឬសន្លាក់ ហើម បញ្ហាមករដូវ ហើមពោះ ភ្នែកមើលមិនសូវច្បាស់ ភ្នែកលៀន មុន ជ្រុះរោមឬដុះរោមច្រើន ស្នាមជាំលើស្បែក របួសក្រជា មុខមូល។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។)

      - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម)

      - ចង់ក្អួត លាមកមានពណ៌ខ្មៅ ឈឺពោះ (ដំបៅក្រពះឬពោះវៀន)

      - ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)

      - អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី)

      - ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ សាច់ដុំរឹងនិងស្ពឹក (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជំងឺទាក់ទងនឹងសាច់ដុំជាដើម)

      - ស្រវាំងភ្នែក ទំហំនៃគំហើញរួមតូច (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract ជាដើម)

      - ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis))

      - ពិបាកដកដង្ហើម ក្រហមពេញខ្លួន រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ស្រវាំងភ្នែក មើលមិនឃើញ (ប៉ះពាល់ដល់រេទីននៃភ្នែក)

      - ឈឺកំភួនជើង (ដាច់សរសៃសាច់ដុំ(Tendon rupture))។

      ករណីថ្នាំចាក់ក្នុងភ្នែក:

      ផលរំខានរួមមាន ឃើញសត្វល្អិតហោះទៅមក មើលមិនច្បាស់ ភ្នែកស្រវាំង មិនស្រួលក្នុងភ្នែក សភាពជំងឺទឹកនោមផ្អែមមិនល្អ សម្ពាធក្នុងភ្នែកកើនឡើង(ឈឺក្បាលជាដើម) ភ្នែកឡើងបាយ ភ្នែកក្រហម ឈឺភ្នែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ចាំងភ្នែក ភ្នែកស្រវាំង មើលមិនសូវច្បាស់ (ភ្នែកឡើងបាយ)

      - ឈឺក្បាល (សម្ពាធក្នុងភ្នែកកើនឡើង)

      - ឈឺភ្នែក មិនស្រួលក្នុងភ្នែក ភ្នែកក្រហម (រលាកក្នុងភ្នែក)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំចាក់ចូលក្នុងរាងកាយ:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPhenobarbital, Phenytoin, Rifampicin - អាចធ្វើអោយប្រសិទ្ធិភាពនៃTriamcinolone acetonideថយចុះ។

      ・ឱសថប្រភេទSalicylic acid (Aspirin, Aspirin dialuminate, Sasapyrineជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃWarfarinថយចុះ។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម(Buformin, Chlorpropamide, Acetohexamideជាដើម) ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។

      ・ឱសថបញ្ចុះទឹកនោម(លើកលែងប្រភេទរក្សាកម្រិតប៉ូតាស្យូម)(Trichlormethiazide, Hydrochlorothiazide, Furosemide, Acetazolamideជាដើម), ឱសថAmphotericin B- អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។

      ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។

      ・ឱសថErythromycin, Estrogen- អាចធ្វើអោយសកម្មភាពនៃTriamcinolone acetonideកើនឡើង។

      ・ឱសថVecuronium bromide, Pancuronium bromide - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះប្រែប្រួល។

      ・ឱសថDigoxin, Digitoxin ជាដើម- អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។

      ・ឱសថSomatropin - អាចធ្វើអោយប្រសិទ្ធិភាពនៃSomatropinថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលាបឬបិទក្នុងមាត់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងរយៈពេលវែង។

      ករណីថ្នាំលាបលើស្បែក:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើន ឬ ក្នុងរយៈពេលវែង។

      ករណីថ្នាំចាក់ចូលក្នុងរាងកាយ:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំចាក់ក្នុងភ្នែក:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលាបក្នុងមាត់:

      ・គួរចៀសវាងបរិភោគអាហារមួយរយៈពេលខ្លី ក្រោយប្រើប្រាស់ឱសថនេះនៅក្នុងមាត់។

      ・ក្រោយអាការៈធូរស្បើយ គួរបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ហាមប្រើឱសថនេះខុសពីគោលដៅព្យាបាល ដូចជា សម្រាប់បិទភ្ជាប់ធ្មេញសិប្បនិម្មិត ជាដើម។

      ករណីថ្នាំលាបលើស្បែក:

      ・គួរចៀសវាងប្រើឱសថនេះនៅក្រោមម្សៅផាត់មុខ ឬ ក្រោយពេលកោរពុកមាត់ ជាដើម។

      ករណីថ្នាំចាក់ចូលក្នុងរាងកាយ:

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺអុតស្វាយឬកញ្ច្រិល ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ករណីថ្នាំចាក់ក្នុងភ្នែក:

      ・ក្រោយប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈភ្នែកស្រវាំង ឬ ឃើញសត្វល្អិតហោះទៅមកជាដើម ជាបណ្ដោះអាសន្ន ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ រហូតដល់ពេលភ្នែកត្រលប់មកសភាពដើមវិញ។

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយសភាពជំងឺទឹកនោមផ្អែមប្រែប្រួល ដូច្នេះ ចាំបាច់ត្រូវតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ។

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយសម្ពាធក្នុងភ្នែកកើនឡើង ដូច្នេះ ចាំបាច់ត្រូវទទួលការពិនិត្យសម្ពាធភ្នែកអោយបានជាប្រចាំ។

    • សកម្មភាពឱសថ

      ករណីថ្នាំលាបឬបិទក្នុងមាត់:

      ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពបំបាត់អាការៈរលាកនិងឈឺចាប់។ល។

      ករណីថ្នាំលាបលើស្បែក:

      ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដូចជា ក្រហម ហើម រមាស់ ជាដើម។

      ករណីថ្នាំចាក់ចូលក្នុងរាងកាយ:

      ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។

      ករណីថ្នាំចាក់ក្នុងភ្នែក:

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - ជាសារធាតុដែលពិបាករលាយនិងងាយភ្ជាប់ទៅនឹងសារធាតុរាងជាជេល ដូច្នេះ នៅពេលប្រើចាក់ក្នុងVitreous body ឱសថនេះនឹងទៅភ្ជាប់ជាមួយនឹងVitreous body ធ្វើអោយគេអាចពិនិត្យឃើញVitreous bodyបាន។

      - ជាប្រភេទឱសថស្តេរ៉ូអ៊ីត(Glucocorticoid) ដែលមានប្រសិទ្ធិភាពបំបាត់អាការៈរលាកនៅក្នុងភ្នែកនិងកាត់បន្ថយអាការៈហើមនៃរេទីន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp