Tretinoin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសប្រភេទPromyelocytic leukemia លក្ខណៈស្រួចស្រាវ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ60~80mg(45mg/m2) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ។

      ・អ្នកដែលមានបញ្ហាថ្លើម ឬ តម្រងនោម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថវីតាមីនA។

      ・អ្នកដែលមានរោគសញ្ញាលើសវីតាមីនAក្នុងរាងកាយ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្ដៅខ្លួន ឈឺក្បាល អស់កម្លាំង គ្រាប់ឈាមសកើនឡើង ជំងឺឆ្លងដូចជារលាកសួតជាដើម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួនលើសពី38អង្សាសេ ពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល អស់កម្លាំង (បណ្ដុំរោគសញ្ញានៃអាស៊ីតរេទីណូអិក(Retinoic acid syndrome))

      - ក្ដៅខ្លួន ឈឺក្បាល ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកដកដង្ហើម ឈឺទ្រូង ថប់ទ្រូង ឈឺពោះ ហើមពោះ ស្ពឹកដៃជើង ស្ពឹកមួយចំហៀងខ្លួន ហើម ឈឺដៃជើង ស្បែកនិងបបូរមាត់និងក្រចកដៃជើងប្រែពណ៌ខៀវស្វាយទៅស្វាយចាស់ លាមកមានឈាម ងាយហូរឈាម (ជំងឺកើតឡើងដោយសារកំណកឈាម(ស្ទះសរសៃឈាមក្នុងខួរក្បាលឬសួត ស្ទះកំណកឈាមនៅក្នុងសរសៃអាកទែរឬសរសៃវ៉ែន ជាដើម))

      - ឈឺតាមសរសៃឈាម ស្នាមជាំពណ៌ស្វាយ ហើម (រលាកសរសៃឈាម)។

    • អន្តរប្រតិកម្ម

      ・វីតាមីនA - អាចធ្វើអោយកើតមានរោគសញ្ញាស្រដៀងទៅនឹងរោគសញ្ញានៃការលើសវីតាមីនA ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinកើនឡើង។

      ・ឱសថTranexamic acid, Aprotinin - អាចធ្វើអោយកើតមានរោគសញ្ញាដោយសារការកើតមានកំណកឈាមនៅក្នុងរាងកាយ។

      ・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Fluconazole, Itraconazole, Voriconazole ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថTretinoinកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ដោយត្រូវប្រើប្រាស់វិធីពន្យារកំណើតនៅមុនពេលប្រើប្រាស់ឱសថនេះរយៈពេល1ខែ ក្នុងអំឡុងពេលប្រើប្រាស់ និង ក្រោយពេលឈប់ប្រើប្រាស់ឱសថនេះរយៈពេល1ខែ។ ម្យ៉ាងទៀត អ្នកជំងឺមិនគួរចាប់ផ្ដើមប្រើប្រាស់ឱសថនេះមុនពេលមករដូវបន្ទាប់បាន2ទៅ3ថ្ងៃនោះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនូវបណ្ដុំរោគសញ្ញានៃអាស៊ីតរេទីណូអិក(Retinoic acid syndrome) ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ម្យ៉ាងទៀត គួរពិនិត្យចំនួនប្លាកែត មុខងារថ្លើម កម្រិតTriglycerideក្នុងឈាមរបស់អ្នកជំងឺអោយបានទៀងទាត់។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតនៅមុនពេលប្រើប្រាស់ឱសថនេះរយៈពេល1ខែ ក្នុងអំឡុងពេលប្រើប្រាស់ និង ក្រោយពេលឈប់ប្រើប្រាស់ឱសថនេះរយៈពេល1ខែ។ ម្យ៉ាងទៀត អ្នកជំងឺមិនគួរចាប់ផ្ដើមប្រើប្រាស់ឱសថនេះមុនពេលមករដូវបន្ទាប់បាន2ទៅ3ថ្ងៃនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់សែន(PML-RAR-α-Chimeric gene)ដែលរំខានដល់ការវិវត្តនៃកោសិកាPromyelocyte។ លទ្ធផលនៃការរំខាននេះ ធ្វើអោយកោសិកាPromyelocyteកើនឡើងខ្ពស់ដោយមិនអាចវិវត្តទៅជាកោសិកាដែលមានមុខងារច្បាស់លាស់នៅក្នុងរាងកាយបាន និង បង្កជាជំងឺមហារីកកោសិកាPromyelocyte។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp