Tranexamic acid
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈងាយហូរឈាមដែលអាចបណ្ដាលមកពីការកើនឡើងនៃសកម្មភាពរំលាយកំណកឈាមពេញរាងកាយ(ជំងឺមហារីកគ្រាប់ឈាមស ជំងឺខ្វះឈាមប្រភេទAplastic anemia ជំងឺស្នាមជាំស្វាយលើស្បែក(Purpura) ជាដើម)។
- អាការៈហូរឈាមខុសប្រក្រតីនៅក្នុងពេលឬក្រោយពេលវះកាត់។
- អាការៈហូរឈាមខុសប្រក្រតីដែលអាចបណ្ដាលមកពីការកើនឡើងនៃសកម្មភាពរំលាយកំណកឈាមដោយកន្លែង (ហូរឈាមក្នុងសួត តាមច្រមុះ នៅប្រដាប់ភេទ ក្នុងតម្រងនោម ក្នុងពេលឬក្រោយពេលវះកាត់ក្រពេញប្រូស្តាត)
- អាការៈហើមនិងរមាស់នៅពេលកើតកន្ទួលក្រហម កន្ទាលត្រអាក កន្ទួលក្រហមដោយសារប្រតិកម្មទៅនឹងឱសថឬសារធាតុពុល។
- អាការៈហើមនិងឈឺនៅពេលរលាកបំពង់ក ឬ រលាកក្រពេញអាមីដាល់(Tonsillitis)។
- អាការៈឈឺចាប់នៅពេលកើតមានជំងឺរលាកក្នុងមាត់។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ថ្ងៃ 750~2,000mg (ថ្នាំម្សៅ50%ត្រូវនឹង1.5~4g) ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុ1ឆ្នាំចុះក្រោម:លេប1ថ្ងៃ 75~200mg (ថ្នាំទឹក5%ត្រូវនឹង1.5~4mL) ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។
- កុមារអាយុ2~3ឆ្នាំ:លេប1ថ្ងៃ 150~350mg (ថ្នាំទឹក5%ត្រូវនឹង3~7mL) ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។
- កុមារអាយុ4~6ឆ្នាំ:លេប1ថ្ងៃ 250~650mg (ថ្នាំទឹក5%ត្រូវនឹង5~13mL) ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។
- កុមារអាយុ7~14ឆ្នាំ:លេប1ថ្ងៃ 400~1000mg (ថ្នាំទឹក5%ត្រូវនឹង8~20mL) ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។
- កុមារអាយុ15ឆ្នាំឡើងទៅ:លេប1ថ្ងៃ 750~2000mg (ថ្នាំទឹក5%ត្រូវនឹង15~40mL) ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 250~500mg បែងចែកជា1~2ដងក្នុង1ថ្ងៃ ដោយចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ នៅអំឡុងពេលវះកាត់ឬក្រោយពេលវះកាត់ជាដើម អាចប្រើក្នុងកម្រិត1ដង500~1000mg ចាក់តាមសរសៃវ៉ែន ឬ ប្រើក្នុងកម្រិត1ដង500~2500mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងប្រើប្រាស់ឱសថThrombin។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ក្រហាយទ្រូង រមាស់ស្បែក កន្ទួលក្រហម រាករូស ងងុយគេង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សាច់ដុំកន្ត្រាក់ម្ដងហើយម្ដងទៀត។
- សម្បុរខៀវស្វាយ ពិបាកដកដង្ហើម ពិបាកក្នុងទ្រូង (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។
-
អន្តរប្រតិកម្ម
・ឱសថThrombin - អាចធ្វើអោយការកកើតកំណកឈាមកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថHemocoagulase - អាចធ្វើអោយការកកើតកំណកឈាមកើនឡើងករណីប្រើក្នុងកម្រិតខ្ពស់។
・ឱសថBatroxobin - អាចធ្វើអោយការកកើតកំណកឈាមឬការស្ទះដោយសារកំណកឈាមកើតឡើង។
・ឱសថនៃកត្តាកំណកឈាម (Eptacog alfa ជាដើម) - អាចធ្វើអោយការកកើតកំណកឈាមកើនឡើងនៅកន្លែងដែលមានសកម្មភាពរំលាយកំណកឈាមខ្លាំងក្លា។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់សារធាតុផ្លាស់មីន(Plasmin) ដែលជាសារធាតុមានតួនាទីរំលាយកំណកឈាម(បណ្ដុំនៃសរសៃហ្វីប្រ៊ីន(Fibrin)) ជាលទ្ធផល បណ្ដុំនៃសរសៃហ្វីប្រ៊ីនអាចកកើតនិងស្ថិតនៅដើម្បីទប់ស្កាត់អាការៈហូរឈាម។ ម្យ៉ាងទៀត ឱសថនេះក៏ទប់ស្កាត់សកម្មភាពមួយទៀតរបស់ផ្លាស់មីនក្នុងការផលិតសារធាតុQuinineនិងសារធាតុផ្សេងទៀតដែលជាមូលហេតុបង្កអោយមានអាការៈរលាកឬរោគប្រតិកម្មផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp