Tramadol hydrochloride + Acetaminophen
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឈឺចាប់ដែលពិបាកព្យាបាលដោយប្រើឱសថបំបាត់ការឈឺចាប់ក្រៅពីប្រភេទអូភីអ័យ៖
- អាការៈឈឺចាប់រ៉ាំរ៉ៃដែលមិនមែនបណ្ដាលមកពីជំងឺមហារីក
- អាការៈឈឺចាប់ក្រោយពេលដកធ្មេញ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
នៅក្នុងឱសថនេះ1គ្រាប់ រួមមាន:Tramadol hydrochloride 37.5mg និង Acetaminophen 325mg។
・ករណីអាការៈឈឺចាប់រ៉ាំរ៉ៃដែលមិនមែនបណ្ដាលមកពីជំងឺមហារីក:
មនុស្សពេញវ័យ:លេប1ដង1គ្រាប់ 1ថ្ងៃ4ដង។ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់4ម៉ោង រវាងការប្រើម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត 2គ្រាប់/ដង និង 8គ្រាប់/ថ្ងៃនោះទេ។ គួរចៀសវាងប្រើនៅពេលពោះទទេ។
- ករណីអាការៈឈឺចាប់ក្រោយពេលដកធ្មេញ:
មនុស្សពេញវ័យ:លេប1ដង2គ្រាប់។ ករណីត្រូវវប្រើបន្ថែមទៀត ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់4ម៉ោង រវាងការប្រើម្ដងៗ ដោយមិនត្រូវប្រើលើសពីកម្រិត 2គ្រាប់/ដង និង 8គ្រាប់/ថ្ងៃនោះទេ។ គួរចៀសវាងប្រើនៅពេលពោះទទេ។
-
ហាមប្រើ
・អ្នកដែលមានអាការៈពុលលក្ខណៈស្រួចស្រាវ ដោយសារការប្រើប្រាស់គ្រឿងស្រវឹង ឱសថធ្វើអោយងងុយគេង ឱសថបំបាត់ការឈឺចាប់ ឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ ឱសថជម្រុញស្មារតី។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMAO inhibitors ឬ ស្ថិតក្នុងអំឡុងពេល14ថ្ងៃបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
・អ្នកជំងឺប្រកាច់ដែលការព្យាបាលមិនទាន់គ្រប់គ្រងស្ថានភាពជំងឺបានគ្រប់គ្រាន់នៅឡើយ។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ក្អួត ងងុយគេង ទល់លាមក វិលមុខ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក ស្មារតីដឹងខ្លួនចុះខ្សោយ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ពិបាកដកដង្ហើម ដកដង្ហើមខ្លីៗនិងលឿនៗ (ប៉ះពាល់ប្រព័ន្ធដំណកដង្ហើម)
- សាច់ដុំកន្ត្រាក់
- មិនអាចបញ្ឈប់ការប្រើប្រាស់ឱសថបាន (រោគសញ្ញាញៀនឱសថ)
- បាត់បង់ស្មារតី
- ក្តៅខ្លួន ភ្នែកក្រហម រលាត់ស្បែកនៅមាត់និងបបូរមាត់ ក្រហមនៅមុខនិងពេញខ្លួន (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ក្ដៅខ្លួន ឡើងកន្ទួលក្រហម ឈឺសន្លាក់ ក្អួតចង្អោរ រាករូស ឈឺពោះ បរិមាណទឹកនោមថយចុះ ហើមខ្លួន (ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)។
- ពិបាកដកដង្ហើម ដកដង្ហើមខុសប្រក្រតី (អាការៈហឺត)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ខាន់លឿង)
- ឈឺបំពង់ក ក្ដៅខ្លួន (ជំងឺគ្រាប់ឈាមសធ្លាក់ចុះប្រភេទGranulocytopenia))។
-
អន្តរប្រតិកម្ម
・ឱសថប្រភេទMAO inhibitors (Selegiline hydrochloride, Rasagiline mesilate) - អាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូចជា បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(វង្វេងវង្វាន់ ក្ដៅខ្លួន បែកញើស ចលនាគ្មានលំនឹង រាករូស ជាដើម), ប៉ះពាល់ប្រព័ន្ធដកដង្ហើម ។ល។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ, ឱសថទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល(ឱសថប្រភេទPhenothiazine, ឱសថរំងាប់អារម្មណ៍និងធ្វើអោយងងុយគេង) - អាចធ្វើអោយងាយកើតមានអាការៈកន្ត្រាក់សាច់ដុំនិងប៉ះពាល់ប្រព័ន្ធដកដង្ហើម។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressant, ប្រភេទSSRI, ឱសថLinezolid - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន(វង្វេងវង្វាន់ ក្ដៅខ្លួន បែកញើស ចលនាគ្មានលំនឹង រាករូស ជាដើម។
・គ្រឿងស្រវឹង - អាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើម។
・ឱសថCarbamazepine, Phenobarbital, Phenytoin, Primidone, Rifampicin, Isoniazid - អាចធ្វើអោយប្រសិទ្ធិភាពបំបាត់ការឈឺចាប់នៃTramadolថយចុះ និង អាចធ្វើអោយងាយប៉ះពាល់ដល់មុខងារថ្លើម។
・ឱសថQuinidine - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
・ឱសថDigoxin - អាចធ្វើអោយកើតមានអាការៈពុលឱសថDigoxin។
・ឱសថOndansetron hydrochloride hydrate - អាចធ្វើអោយប្រសិទ្ធិភាពបំបាត់ការឈឺចាប់នៃTramadolថយចុះ។
・ឱសថBuprenorphine, ឱសថPentazocine - អាចធ្វើអោយប្រសិទ្ធិភាពបំបាត់ការឈឺចាប់នៃTramadolថយចុះ។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចមានឥទ្ធិពលទៅលើសកម្មភាពនៃWarfarin។
・ឱសថដែលមានផ្ទុកសារធាតុEthinylestradiol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAcetaminophenថយចុះនិងកំហាប់ក្នុងឈាមនៃEthinylestradiolកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស សម្រាប់ស្ត្រីដែលស្ថិតនៅរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានប៉ះពាល់ដល់មុខងារថ្លើម ដោយត្រូវតាមដានមុខងារថ្លើមអោយបានទៀតងទាត់ ក្នុងករណីផ្ដល់ParacetamolឬAcetaminophenហួសកម្រិត1500mgក្នុង1ថ្ងៃរយៈពេលវែង។ ម្យ៉ាងទៀត ត្រូវប្រុងប្រយ័ត្នចំពោះការប្រើរួមជាមួយឱសថផ្សេងទៀតដែលមានផ្ទុកសារធាតុTramadolឬParacetamol ព្រោះអាចធ្វើអោយហួសកម្រិតប្រើប្រាស់ បង្កជាផលរំខានធ្ងន់ធ្ងរ។
・គ្រឿងស្រវឹងអាចធ្វើអោយកើតមានផលរំខានពីឱសថនេះ ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងដោយសារធាតុសកម្មភាពចំនួន2៖
(1) Tramadol hydrochloride
- ភ្ញោចគ្រឿងទទួលអូភីអ័យ(Opioid receptors)ប្រភេទμ- receptor។
- ទប់ស្កាត់លំហូរចូលនៃសារធាតុន័រអាដ្រេណាលីន(Noradrenaline)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ។
- ទប់ស្កាត់លំហូរចូលនៃសារធាតុសេរ៉ូតូនីន(Serotonin)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ។
(2) Acetaminophen
- មានសកម្មភាពទៅលើផ្នែកThalamusនិងCerebral cortexដើម្បីបង្កើនកម្រិតអប្បបរមានៃការទទួលអារម្មណ៍ឈឺចាប់។
- ទប់ស្កាត់ដំណើរការប្រតិកម្មអាស៊ីតនីទ្រិចតាមរយៈគ្រឿងទទួលNMDAនិងគ្រឿងទទួលSubstance P។
- សកម្មភាពដោយប្រយោលទៅលើគ្រឿងទទួលសេរ៉ូតូនីននៅក្នុងខួរឆ្អឹង ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp