Tobramycin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា រលាកត្របកភ្នែក រលាកថង់ទឹកភ្នែក រលាកក្រពេញខ្លាញ់នៅត្របកភ្នែក(Stye) រលាកផ្នែកសនៃភ្នែក(Conjunctivitis) រលាកកញ្ចក់ភ្នែក(Keratitis)(រួមទាំងជំងឺដំបៅកញ្ចក់ភ្នែក)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺស្បែកមានខ្ទុះរ៉ាំរ៉ៃ(Chronic pyoderma) ជំងឺឆ្លងបណ្តាលមកពីរបួសឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ។

      ករណីថ្នាំប្រភេទស្រូបចូលតាមមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាផ្លូវដង្ហើមដែលបណ្ដាលមកពីការឆ្លងបាក់តេរី Pseudomonas aeruginosaនៅក្នុងជំងឺ Cystic fibrosis។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំបន្តក់ភ្នែក0.3%:

      បន្តក់1ដង1~2តំណក់, 1ថ្ងៃ4~5ដង។

      ករណីថ្នាំចាក់:

      -មនុស្សពេញវ័យ:ចំពោះជំងឺរលាកប្លោកនោមនិងរលាកតម្រងនោម(Pyelonephristis) ប្រើ1ថ្ងៃ120mg បែងចែកជា2ដងក្នុង1ថ្ងៃ។ ចំពោះជំងឺឆ្លងក្រៅពីនោះ ប្រើ1ថ្ងៃ180mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ចាក់ក្នុងសាច់ដុំឬព្យួរសេរ៉ូមតាមសរសៃវ៉ែន(រយៈពេល30នាទី~2ម៉ោង)។ ករណីកម្រិតប្រើប្រាស់ក្នុង1ដងស្មើនឹង90mg គួរព្យួរសេរ៉ូមដោយប្រើរយៈពេលយ៉ាងហោចណាស់1ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      -កុមារ:ប្រើ1ថ្ងៃ3mg/kg បែងចែកជា2~3ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំឬព្យួរសេរ៉ូមតាមសរសៃវ៉ែន(រយៈពេល30នាទី~2ម៉ោង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំប្រភេទស្រូបចូលតាមមាត់:

      មនុស្សពេញវ័យ:ប្រើ1ដង300mg, 1ថ្ងៃ2ដង រយៈពេល28ថ្ងៃ។ បន្ទាប់ពីនោះ ផ្អាកការប្រើរយៈពេល28ថ្ងៃ (1វដ្ត)។ បន្តអនុវត្តបែបនេះ។

    • ហាមប្រើ

      ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំប្រភេទស្រូបចូលតាមមាត់:

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬឱសថប្រឆាំងមេរោគBacitracin។

      ករណីថ្នាំចាក់:

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬឱសថប្រឆាំងមេរោគBacitracin។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・សាម៉ីខ្លួនឬអ្នកដែលគ្រួសារធ្លាប់មានបញ្ហាត្រចៀកធ្ងន់ដោយសារការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬដោយសារមូលហេតុផ្សេងទៀត។

    • ផលរំខាន

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន ហើមត្របកភ្នែក ភ្នែកក្រហម រមាស់ ឈឺ។ល។

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន ឡើងកន្តួលក្រហម រមាស់ ក្តៅខ្លួន ឈឺត្រចៀក ស្ពឹកដៃជើងឬមាត់ ឈឺនៅកន្លែងចាក់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - បរិមាណទឹកនោមថយចុះ ស្ងួតក ហើម (បញ្ហាតម្រងនោម)

      - វិលមុខ ហ៊ឹងត្រចៀក ត្រចៀកធ្ងន់ (ប្រព័ន្ធប្រសាទទី8មានបញ្ហា)

      ករណីថ្នាំប្រភេទស្រូបចូលតាមមាត់:

      ផលរំខានរួមមាន ក្អក រលាកបំពង់ក រលាកច្រមុះ ឈឺទ្រូង ឡើងស្លេស្ម បញ្ហាជីវ្ហាវិញាណ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បរិមាណទឹកនោមថយចុះ ស្ងួតក ហើម (បញ្ហាតម្រងនោម)

      - វិលមុខ ហ៊ឹងត្រចៀក ត្រចៀកធ្ងន់ (ប្រព័ន្ធប្រសាទទី8មានបញ្ហា)

    • អន្តរប្រតិកម្ម

      ករណីថ្នាំចាក់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំប្រើជំនួសឈាមដែលមានផលរំខានប៉ះពាល់ដល់តម្រងនោម:

      Dextran, Hydroxyethyl starch ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងនិងកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំបញ្ចុះទឹកនោមប្រភេទLoop (Loop diuretic):

      Ethacrynic acid, Furosemide, Azosemide ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំដែលមានផលប៉ះពាល់ខ្លាំងដល់តម្រងនោមឬប្រព័ន្ធត្រចៀក: Vancomycin hydrochloride, Enviomycin sulfate ថ្នាំប្រឆាំងជំងឺមហារីកដែលមានផ្ទុកជាតិប្លាទីនរួមមានCisplatin, Nedaplatin, Carboplatin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំស្ពឹកឬសណ្តំ ថ្នាំបន្ធូរការកន្ត្រាក់របស់សាច់ដុំ:

      Tubocurarine, Pancuronium bromide, Vecuronium bromide, Tolperisone hydrochloride, Botulinum toxin A, Colistin sodium methanesulfonate - អាចប៉ះពាល់ប្រព័ន្ធគ្រប់គ្រងដំណកដង្ហើមឬប្រព័ន្ធសរសៃប្រសាទ

      ・ឱសថAmphotericin B, Cyclosporin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ករណីថ្នាំប្រភេទស្រូបចូលតាមមាត់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំបញ្ចុះទឹកនោមប្រភេទLoop (Loop diuretic):Furosemide ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ・ឱសថ Mannitol

      ・ថ្នាំដែលមានផលប៉ះពាល់ខ្លាំងដល់តម្រងនោមឬប្រព័ន្ធត្រចៀក: Vancomycin hydrochloride, Enviomycin sulfate ថ្នាំប្រឆាំងជំងឺមហារីកដែលមានផ្ទុកជាតិប្លាទីនរួមមានCisplatin, Nedaplatin, Carboplatin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំបន្ធូរការកន្ត្រាក់របស់សាច់ដុំ:Botulinum toxin A ជាដើម - អាចប៉ះពាល់ប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម

      ・ឱសថAmphotericin B, Cyclosporin, Tacrolimus, Cefalotin sodium, Polymyxin B ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងឬកាន់តែធ្ងន់ធ្ងរ

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំចាក់ និង ថ្នាំប្រភេទស្រូបចូលតាមមាត់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។(មានការស្រាវជ្រាវបង្ហាញថាការប្រើឱសថនេះធ្វើអោយទារកកើតមកមានបញ្ហាប្រព័ន្ធប្រសាទទី8)

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំចាក់:

      ・មិនត្រូវលាយជាមួយManitol 20%នោះទេ ព្រោះអាចកើតមានការប្រែប្រួលប្រសិទ្ធិភាព

      ・មិនត្រូវលាយជាមួយPiperacillinនោះទេ ព្រោះអាចកើតមានការប្រែប្រួលប្រសិទ្ធិភាព គឺគួរចាក់បញ្ចូលតាមផ្លូវផ្សេងគ្នា

      ・ថ្នាំដែលត្រូវចាក់តាមសាច់ដុំត្រូវប្រុងប្រយ័ត្នចំណុចដូចខាងក្រោម៖

      - មិនគួរចាក់នៅកន្លែងដដែលៗនោះទេ

      - ត្រូវចៀសវាងកន្លែងដែលមានសរសៃប្រសាទច្រើនឆ្លងកាត់

      - កន្លែងចាក់អាចក្លាយជាមានលក្ខណៈរឹង ដូច្នេះគួរច្របាច់តិចៗនៅកន្លែងចាក់បន្ទាប់ពីពេលចាក់ថ្នាំរួចភ្លាម។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូស៊ីដ(Aminoglycoside antibiotic)នឹងបង្កផលប៉ះពាល់ខ្លាំងផ្នែកប្រព័ន្ធដង្ហើមរបស់អ្នកជំងឺដែលទទួលការបញ្ចូលឈាមច្រើនពីឈាមដែលប្រើCitric acid hydrateក្នុងការប្រឆាំងកំណកឈាម

      ករណីថ្នាំប្រភេទស្រូបចូលតាមមាត់:

      ・ឱសថនេះអាចមិនមានប្រសិទ្ធិភាពឬសុវត្ថិភាពចំពោះអ្នកជំងឺដូចខាងក្រោម៖

      - ក្មេងក្រោមអាយុ6ឆ្នាំ

      - អ្នកជំងឺដែលមានFEV1តិចជាង25%ឬច្រើនជាង75%ធៀបទៅនឹងកម្រិតប្រក្រតី

      - អ្នកជំងឺដែលកំពុងមានជំងឺBurkholderia cepacia

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូស៊ីដ(Aminoglycoside antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp