Tizanidine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈកន្ត្រាក់នៃសាច់ដុំ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម:បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) រោគឈឺចង្កេះ។
- អាការៈស្ពឹកសាច់ដុំលក្ខណៈកន្ត្រាក់ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម:ជំងឺទាក់ទងនឹងសរសៃឈាមក្នុងខួរក្បាលឬខួរឆ្អឹង, អាការៈស្ពឹកលក្ខណៈកន្ត្រាក់ទាក់ទងនឹងខួរឆ្អឹង, ជំងឺទាក់ទងនឹងឆ្អឹងកងក, ជំងឺស្ពឹកសាច់ដុំដោយសារការប៉ះពាល់ខួរក្បាល(Cerebral palsy)កើតនៅលើកុមារ, រោគសញ្ញាបន្សល់ក្រោយរបួសពីការប៉ះទង្គិច(ការប៉ះទង្គិចខួរឆ្អឹង ការប៉ះទង្គិចក្បាល), ជំងឺស្វិតសាច់ដុំដោយសារបញ្ហាសរសៃប្រសាទ(Amyotrophic lateral sclerosis, ALS), ជំងឺSpinocerebellar degeneration, ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីអាការៈកន្ត្រាក់នៃសាច់ដុំ:
មនុស្សពេញវ័យ:លេបពី1ថ្ងៃ3mg (ថ្នាំម្សៅ0.2% ត្រូវនឹង1.5g) បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីអាការៈស្ពឹកសាច់ដុំលក្ខណៈកន្ត្រាក់:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ3mg (ថ្នាំម្សៅ0.2% ត្រូវនឹង1.5g) បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗដល់1ថ្ងៃ6~9mg (ថ្នាំម្សៅ0.2% ត្រូវនឹង3~4.5g) បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថFluvoxamine ឬ ឱសថCiprofloxacin។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង ស្ងួតក អស់កម្លាំង វិលមុខ មិនស្រួលក្នុងក្រពះ ចង់ក្អួត បាត់បង់ចំណង់អាហារ ឈឺពោះ ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលក្រហម ស្នាមក្រហមលើស្បែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បែកញើស ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- វិលមុខ អស់កម្លាំង ងងឹតមុខ (សម្ពាធឈាមចុះទាប់ខ្លាំងភ្លាមៗ)
- ហើមខ្លួន ពិបាកដកដង្ហើមនៅពេលទម្រេតខ្លួនជាជាងពេលអង្គុយ (ជំងឺខ្សោយបេះដូង)
- ពិបាកដកដង្ហើម ដកដង្ហើមលឺសម្លេងខុសប្រក្រតី (ប៉ះពាល់ដំណកដង្ហើម)
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា រលាកថ្លើម ខាន់លឿង)។
-
អន្តរប្រតិកម្ម
・ឱសថFluvoxamine, ឱសថCiprofloxacin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថTizanidineកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយកើតមានអាការៈសម្ពាធឈាមចុះទាបខ្លាំងឬជីពចរខ្សោយ។
・ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធសរសៃប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazines, ឱសថប្រភេទBarbiturates ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយកើតមានអាការៈងងុយគេងខ្លាំង។
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Amiodarone, Mexiletine, Propafenone), ឱសថCimetidine, ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Enoxacin, Norfloxacin), ឱសថអរម៉ូនស្ត្រីសម្រាប់ពន្យារកំណើត, ឱសថTiclopidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTizanidineកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP1A2 (Rifampicin, ការជក់បារី ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃTizanidineថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ សម្ពាធឈាមចុះទាប ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គ្រឿងស្រវឹងអាចធ្វើអោយកើតមានអាការៈងងុយគេងខ្លាំង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលអាដ្រេណាលីន(Adrenaline)ប្រភេទα2នៅក្នុងប្រព័ន្ធប្រសាទកណ្ដាល ដើម្បីបន្ធូរអាការៈកន្ត្រាក់នៃសាច់ដុំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp