Tiotropium bromide hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖

      - ជំងឺហឺត(Bronchial asthma)

      - ជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។

      ករណីថ្នាំកាប់ស៊ុល:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      ・ករណីជំងឺហឺត(Bronchial asthma):

      មនុស្សពេញវ័យ: ប្រើ1ថ្ងៃ1ដង2.5μg ដោយបាញ់ដើម្បីស្រូបតាមមាត់។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង5μg។

      ・ករណីជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema):

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង5μg ដោយបាញ់ដើម្បីស្រូបតាមមាត់។

      ករណីថ្នាំកាប់ស៊ុល:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង18μg ដោយប្រើឧបករណ៍ដែលផលិតសម្រាប់ប្រើជាមួយឱសថនេះ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទAtropine។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិត(Angle-closure glaucoma))។

      ・អ្នកដែលមានបញ្ហាផ្នែកមុខងារបញ្ចេញទឹកនោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly) ជាដើម។

    • ផលរំខាន

      ផលរំខានរួមមាន ស្ងួតក សម្លេងស្អក ឡើងកន្ទួលក្រហម រមាស់ស្បែក កន្ទាលត្រអាក វិលមុខ បេះដូងលោតញាប់ ចង្វាក់បេះដូងលោតញាប់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើមនៅពេលទម្រេតខ្លួនជាងនៅពេលអង្គុយ បេះដូងលោតញាប់ ឈឺទ្រូង (មុខងារបេះដូងចុះខ្សោយ ញ័រថតលើនៃបេះដូង ជាដើម)

      - ហើមពោះ ក្អួតចង្អោរ ទល់លាមក (ស្ទះពោះវៀន(Ileus))

      - មើលមិនសូវច្បាស់ ឈឺភ្នែក ឈឺក្បាល ភ្នែកក្រហម (ជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))

      - ហើមបំពង់ក កន្ទាលត្រអាក រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីប្រើឱសថនេះរួមជាមួយឱសថបំបាត់ការរលាកទងសួត(ឱសថស្តេរ៉ូអ៊ីត) ទោះជាអាការៈពិបាកដកដង្ហើមបានធូរស្រាលភ្លាមៗបន្ទាប់ពីប្រើឱសថនេះក៏ដោយ ក៏អ្នកជំងឺមិនគួរឈប់ប្រើឱសថបំបាត់ការរលាកជាប្រចាំនោះដែរ។

      ・ឱសថនេះមិនមានប្រសិទ្ធិភាពបំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗនោះទេ ប៉ុន្តែ វាមានប្រសិទ្ធិភាពកាត់បន្ថយអាការៈងាយប្រតិកម្មរបស់បំពង់ខ្យល់ជាដើម ដោយគេច្រើនប្រើឱសថនេះសម្រាប់ការបង្ការកុំអោយកើតមានអាការៈហឺត។ ឱសថនេះត្រូវការរយៈពេលយូរបន្តិចមុននឹងបង្ហាញប្រសិទ្ធិភាព។

    • សកម្មភាពឱសថ

      ឱសថនេះនឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួលប្រភេទមូស្កាលីន(Muscarine receptor)នៃសារធាតុអាសេទីលកូលីន(Acetylcholine) ធ្វើអោយសារធាតុអាសេទីលកូលីនមិនអាចភ្ជាប់ទៅនឹងគ្រឿងទទួលរបស់វាបាន ជាលទ្ធផល សកម្មភាពកន្ត្រាក់ទងសួតនៃសារធាតុនេះត្រូវបានទប់ស្កាត់ ហើយទងសួតក៏រីកធំទូលាយ សម្រួលដល់ការដកដង្ហើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp