Timolol maleate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក។

    • កម្រិតប្រើប្រាស់

      ថ្នាំបន្តក់ភ្នែក (0.25%, 0.5%):

      <ប្រភេទរយៈពេលសកម្មភាពធម្មតា>

      ជាទូទៅ បន្តក់1ដង1តំណក់ 1ថ្ងៃ2ដង។ ចាប់ផ្ដើមប្រើពីកំហាប់ទាបទៅ (0.25%)។

      <ប្រភេទរយៈពេលសកម្មភាពវែង (XE)>

      បន្តក់1ដង1តំណក់ 1ថ្ងៃ1ដង។ ចាប់ផ្ដើមប្រើពីកំហាប់ទាបទៅ (0.25%)។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺហឺត (Bronchial asthma) ឬ អ្នកដែលមានអាការៈកន្ត្រាក់ទងសួត ឬ អ្នកដែលមានជំងឺសួតលក្ខណៈស្ទះប្រភេទរ៉ាំរ៉ៃ(COPD)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកមានជំងឺខ្សោយបេះដូង(Heart failure) ដែលមិនទាន់គ្រប់គ្រងស្ថានភាពជំងឺបានគ្រប់គ្រាន់។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។

      ・អ្នកដែលមានជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block) កម្រិតII និង III។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

    • ផលរំខាន

      ផលរំខានរួមមាន ក្រហាយភ្នែក ប៉ះពាល់កញ្ចក់ភ្នែក(ឈឺភ្នែក មើលមិនច្បាស់ ទើសក្នុងភ្នែក) ស្រវាំងភ្នែក ជីពចរខ្សោយ ឈឺក្បាល ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទើសក្នុងភ្នែក ឈឺភ្នែក ភ្នែកក្រហម (ជំងឺPemphigus)

      - ដង្ហក់ ពិបាកដកដង្ហើម សម្លេងដកដង្ហើមខុសប្រក្រតី (ទងសួតកន្ត្រាក់ មុខងារដកដង្ហើមចុះខ្សោយ)

      - ពិបាកដកដង្ហើម ងងឹតមុខពេលក្រោកឈរ បាត់បង់ស្មារតី (ស្ទះការបញ្ជូនសញ្ញានៅក្នុងបេះដូង គាំងបេះដូង ត្បៀតសរសៃឈាមក្នុងខួរក្បាល មុខងារបេះដូងចុះខ្សោយ)

      - ក្ដៅខ្លួន ស្នាមក្រហមលើមុខរាងជាមេអំបៅ អស់កម្លាំង (ជំងឺអេរីតេម៉ាតូសពេញរាងកាយ(Systemic lupus erythematosus, SLE)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថOmidenepag isopropyl - អាចធ្វើអោយងាយកើតមានផលរំខានរលាកភ្នែក។

      ・ឱសថAdrenalin, ឱសថDipivefrin hydrochloride - អាចធ្វើអោយរយៈពេលនៃកូនក្រមុំភ្នែករីកអូសបន្លាយ។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ(The sympathetic nervous system) (ឱសថReserpine ជាដើម) - អាចបង្កើនសកម្មភាពទប់ស្កាត់ប្រព័ន្ធភ្ញោចសរសៃប្រសាទ ធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង សម្ពាធឈាម ជាដើម។

      ・ឱសថប្រភេទβ blockers (Atenolol, Propranolol hydrochloride, Metoprolol tartrate ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង ហើយសម្ពាធភ្នែកក៏ថយចុះជាងមុន។

      ・ឱសថប្រភេទCalcium antagonists (Verapamil, Diltiazem) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង និង សម្ពាធឈាម។

      ・ឱសថDigoxin, ឱសថDigitoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមCYP2D6 (Quinidine sulfate hydrate, ឱសថប្រភេទSSRI) - អាចធ្វើអោយសកម្មភាពនៃTimololកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។

      ・ឱសថទប់ស្កាត់គ្រឿងទទួលបេតា (β receptor inhibitors)ជាឱសថក្នុងជម្រើសទី1សម្រាប់ការព្យាបាលជំងឺក្លូកូម ដោយឱសថនេះមិនមានឥទ្ធិពលទៅលើទំហំនៃកូនក្រមុំភ្នែកឬប៉ះពាល់ដល់សមត្ថភាពគំហើញរបស់ភ្នែកនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃគ្រឿងទទួលបេតា (β receptor) ដើម្បីកាត់បន្ថយការផលិតទឹកក្នុងភ្នែក(Aqueous humour) ធ្វើអោយសម្ពាធក្នុងភ្នែកថយចុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp