Thiamazole
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈនៃការកើនឡើមុខងារក្រពេញទីរ៉ូអ៊ីត(Hyperthyroidism)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- មនុស្សពេញវ័យ:ដំបូង ប្រើក្នុងកម្រិត1ថ្ងៃ 30mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចប្រើ1ថ្ងៃ40~60mg។ នៅពេលរោគសញ្ញាស្ទើរតែបាត់អស់ហើយ ត្រូវបន្ថយកម្រិតឱសថបន្តិចម្ដងៗរៀងរាល់1~4សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ5~10mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:កម្រិតប្រើដំបូងគឺ លេប1ថ្ងៃ10~20mgសម្រាប់កុមារអាយុ5ឆ្នាំ~ក្រោម10ឆ្នាំ និង 1ថ្ងៃ20~30mgសម្រាប់កុមារអាយុ10ឆ្នាំ~ក្រោម15ឆ្នាំ ដោយបែងចែកជា2~4ដងក្នុង1ថ្ងៃ។ នៅពេលរោគសញ្ញាស្ទើរតែបាត់អស់ហើយ ត្រូវបន្ថយកម្រិតឱសថបន្តិចម្ដងៗរៀងរាល់1~4សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ5~10mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- ស្ត្រីមានផ្ទៃពោះ:ដំបូងគឺ ប្រើក្នុងកម្រិត1ថ្ងៃ 15~30mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ នៅពេលរោគសញ្ញាស្ទើរតែបាត់អស់ហើយ ត្រូវបន្ថយកម្រិតឱសថបន្តិចម្ដងៗ រៀងរាល់1~4សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ5~10mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ ត្រូវតាមដានពិនិត្យមុខងារក្រពេញទីរ៉ូអ៊ីតរៀងរាល់2សប្ដាហ៍ ដោយកំណត់កម្រិតឱសថប្រើប្រាស់ជាអប្បបរមា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង30~60mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ភាគច្រើន គេប្រើឱសថនេះនៅក្នុងករណីសង្គ្រោះបន្ទាន់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម កន្ទាលត្រអាក ក្អួតចង្អោរ រាករូស ឈឺក្បាល វិលមុខ ក្ដៅខ្លួន ឈឺសាច់ដុំ ឈឺសន្លាក់ ហើម ជីវ្ហាវិញាណខុសប្រក្រតី។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- វិលមុខ ឈាមច្រមុះ ហ៊ឹងត្រចៀក ឈាមតាមអញ្ចាញធ្មេញ បេះដូងលោតញាប់ មានស្នាមជាំស្វាយលើស្បែក ងាយហូរឈាម (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមគ្រប់ប្រភេទនៅក្នុងរាងកាយ(Pancytopenia))
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយនៅដៃជើង វិលមុខ ដង្ហក់នៅពេលឡើងជណ្ដើរឬទីទួល ឈាមក្រកក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជំងឺខ្វះឈាមប្រភេទAplastic anemia ជាដើម)
- ក្ដៅខ្លួន ឈឺបំពង់ក រួយខ្លួន (រោគសញ្ញានៃការថយចុះគ្រាប់ឈាមស រោគសញ្ញានៃAgranulocytosis)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមប្រែពណ៌ដិតឬពណ៌ត្នោត ក្អួតចង្អោរ រមាស់ស្បែក រួយខ្លួន (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)
- ឈឺសន្លាក់ ហើមសន្លាក់ ក្ដៅខ្លួន ឡើងកន្ទួលក្រហម (ជំងឺរលាកសន្លាក់ច្រើនកន្លែង(Polyarthritis))
- ក្ដៅខ្លួន ស្នាមក្រហមរាងមេអំបៅនៅលើផ្ទៃមុខ ឈឺសាច់ដុំ ឈឺសន្លាក់ ហើមកូនកណ្ដុរ រួយខ្លួន ឈឺផ្នែកខាងលើនៃពោះ (រោគសញ្ញាដូចទៅនឹងSLE)
- បែកញើសទាំងត្រជាក់ អារម្មណ៍ឃ្លាន បេះដូងលោតញាប់ ឈឺក្បាល ញ័រដៃជើង វិលមុខ អស់កម្លាំង (ជំងឺកើតមានអង់ទីករប្រឆាំងអាំងស៊ុលីនក្នុងរាងកាយ(Insulin autoimmune syndrome))
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតInterstitial pneumonia)
- ក្ដៅខ្លួន ឈឺសន្លាក់ ពិបាកដកដង្ហើម ចេញឈាមក្រោមស្បែក(ស្នាមជាំស្វាយលើស្បែក) កន្ទួលក្រហម ឈឺក្បាល ស្ពឹក នោមមានឈាម អាការៈខ្វះឈាម (រោគសញ្ញានៃការរលាកសរសៃឈាមទាក់ទងនឹងការកើតមានអង់ទីករANCA)
- ស្ពឹកនិងរឹងដៃជើង គ្មានកម្លាំងសាច់ដុំ ឈឺសាច់ដុំ ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃWarfarinប្រែប្រួល។
・ឱសថបង្កើនសកម្មភាពបេះដូង (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ទារកដែលកើតពីម្ដាយដែលប្រើប្រាស់ឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ អាចនឹងកើតមានបញ្ហាទាក់ទងនឹងមុខងារក្រពេញទីរ៉ូអ៊ីតក្រោយពេលសម្រាល ដូច្នេះ ត្រូវតាមដានមុខងារក្រពេញនេះនៅក្នុងទារកទើបកើតមួយរយៈពេល។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ដែលធ្វើអោយមានការធ្លាក់ចុះនៃចំនួនគ្រាប់ឈាមសប្រភេទGranulocyte(ជំងឺAgranulocytosis)ធ្ងន់ធ្ងរដែលអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ ជាពិសេសនៅក្នុងអំឡុងពេល2ខែបន្ទាប់ពីចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។ ដូច្នេះ អ្នកជំងឺគួរទទួលការតាមដានចំនួនគ្រាប់ឈាម ដោយការពិនិត្យឈាម2សប្ដាហ៍ម្ដង យ៉ាងហោចណាស់ក្នុងរយៈពេល2ខែដំបូង។ ប្រសិនបើឃើញមានការថយចុះចំនួនគ្រាប់ឈាមសខុសប្រក្រតី(រោគសញ្ញា:ឈឺបំពង់ក ក្ដៅខ្លួនជាដើម) ត្រូវផ្អាកការប្រើប្រាស់ឱសថនេះនិងព្យាបាលអោយបានសមស្រប។ ករណីចាប់ផ្ដើមប្រើឱសថនេះម្ដងទៀត ត្រូវបន្តប្រុងប្រយ័ត្នដូចរៀបរាប់ខាងលើនេះ។
・ឱសថនេះងាយជ្រៀតចូលទឹកដោះម្ដាយ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយការផលិតអរម៉ូនក្រពេញទីរ៉ូអ៊ីត ដោយមានសកម្មភាពទប់ស្កាត់ប្រតិកម្មមួយចំនួននៅក្នុងក្រពេញទីរ៉ូអ៊ីត មានដូចជា ៖
- បង្អាក់សកម្មភាពនៃអង់ស៊ីមPeroxidaseដែលមានតួនាទីធ្វើអុកស៊ីតកម្មអ៊ីយ៉ុងអ៊ីយ៉ូត(I-)ទៅជាសារធាតុអ៊ីយ៉ូត(I) ធ្វើអោយមិនមានសារធាតុអ៊ីយ៉ូតភ្ជាប់ទៅនឹងម៉ូលេគុលThyroglobulin ដើម្បីផលិតទៅជាអរម៉ូនក្រពេញទីរ៉ូអ៊ីតបាន។
- ទប់ស្កាត់ប្រតិកម្មផ្គុំម៉ូលេគុលMonoiodotyrosine(MIT)និងម៉ូលេគុលDiiodotyrosine(DIT)ទៅជាT3ឬT4។
ជាលទ្ធផល កម្រិតនៃអរម៉ូនក្រពេញទីរ៉ូអ៊ីតមានការថយចុះនៅក្នុងឈាម ក៏ដូចជាឥទ្ធិពលនៃអរម៉ូនទាំងនេះចំពោះរាងកាយផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp