Telmisartan
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង40mg ដោយចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ20mg និងបង្កើនកម្រិតបន្តិចម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 80mg។ ចំពោះអ្នកជំងឺដែលមានបញ្ហាថ្លើម កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 40mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ ឬ អ្នកដែលមានបញ្ហាមុខងារបញ្ចេញទឹកប្រមាត់ធ្ងន់ធ្ងរ។
・អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ឱសថAliskiren fumarate (លើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។
-
ផលរំខាន
ផលរំខានរួមមាន សម្ពាធឈាមចុះទាប វិលមុខ ឈឺក្បាល ឡើងកន្ទួលក្រហម រមាស់ស្បែក ។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))
- ស្ពឹកដៃជើងនិងបបូរមាត់ កម្លាំងសាច់ដុំចុះខ្សោយ ស្ពឹកដៃជើង (កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់)
- បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយ)
- ត្រជាក់ខ្លួន ចង់ក្អួត ពិបាកដកដង្ហើម ទឹកមុខស្លេកស្លាំង ងងឹតមុខ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- ក្ដៅខ្លួន បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)
- អស់កម្លាំង ឃ្លាន បែកញើស ញ័រដៃ សាច់ដុំកន្ត្រាក់ (ជាតិស្ករក្នុងឈាមធ្លាក់ចុះទាប)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)
- ឈឺសាច់ដុំ គ្មានកម្លាំងសាច់ដុំ ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ហើមបំពង់ក (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
・ឱសថAliskiren fumarate - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់ដល់ តម្រងនោម កម្រិតប៉ូតាស្យូមក្នុងឈាម សម្ពាធឈាម។ ដូច្នេះ ហាមប្រើរួមគ្នា។ (ប៉ុន្តែលើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថDigoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDigoxin កើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Spironolactone, Triamtereneជាដើម), ឱសថបំពេញជាតិប៉ូតាស្យូមក្នុងរាងកាយ(Potassium chlorideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង។
・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithium កើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs(Indometacinជាដើម), ឱសថប្រឆាំងCOX-2 - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះនិងអាចធ្វើអោយប៉ះពាល់ដល់តម្រងនោម។
・ឱសថប្រភេទACE Inhibitors - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់ដល់ តម្រងនោម កម្រិតប៉ូតាស្យូមក្នុងឈាម សម្ពាធឈាម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ម្យ៉ាងទៀត ប្រសិនបើរកឃើញថាមានផ្ទៃពោះក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះភ្លាម។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដូចជា វិលមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ឱសថនេះអាចទទួលឥទ្ធិពលពីអាហារ ដូច្នេះ ប្រសិនបើប្រើឱសថនេះនៅមុនបរិភោគអាហារ គួរប្រើនៅមុនបរិភោគអាហារជារៀងរាល់ថ្ងៃ។ ដូចគ្នាដែរចំពោះករណីប្រើឱសថនេះនៅក្រោយពេលបរិភោគអាហារ។
・ត្រូវការរយៈពេលប្រហែល1ខែដើម្បីដឹងអំពីប្រសិទ្ធិភាព។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលរបស់សារធាតុAngiotensin II (AT1 Receptor) ដើម្បីទប់ស្កាត់សារធាតុនេះមិនអោយភ្ជាប់និងភ្ញោចគ្រឿងទទួលដើម្បីដំណើរការមុខងារបង្កើនសម្ពាធឈាមនៅក្នុងរាងកាយបាន(ការកន្ត្រាក់ធ្វើអោយសរសៃឈាមរួមតូច ជាដើម)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp