Tacrolimus hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេបនិង ថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ប្រតិកម្មបដិសេធ(Rejection reaction)នៅក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គ (តម្រងនោម ថ្លើម បេះដូង សួត លំពែង ពោះវៀនតូច ខួរឆ្អឹង)។

      - ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)

      - ជំងឺរលាកសន្លាក់ប្រភេទRheumatism (Rheumatoid arthritis)ដែលមិនមានឱសថដែលមានប្រសិទ្ធិភាព

      - ជំងឺរលាកតម្រងនោមប្រភេទLupus nephritisដែលមិនអាចព្យាបាលដោយប្រើឱសថស្តេរ៉ូអ៊ីតបាន

      - ជំងឺដំបៅពោះវៀនធំ (Ulcerative colitis)កម្រិតមធ្យម~ធ្ងន់

      - ជំងឺរលាកសួតប្រភេទInterstitial pneumoniaដែលកើតឡើងជាមួយនឹងជំងឺរលាកសាច់ដុំច្រើនកន្លែង(Polymyositis) ឬ ជំងឺរលាកសាច់ដុំនិងស្បែក(Dermatomyositis)។

      ករណីថ្នាំលាប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកស្បែកអាតូភី (Atopic dermatitis)។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺភ្នែកSpring catarrh (ករណីថ្នាំប្រឆាំងរោគប្រតិកម្មមិនបង្ហាញប្រសិទ្ធិភាពគ្រប់គ្រាន់)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេបនិង ថ្នាំចាក់:

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

      ករណីថ្នាំបន្តក់ភ្នែក (0.1%):

      ជាទូទៅ ប្រើឱសថនេះ 1ដង1តំណក់ 1ថ្ងៃ2ដង។ ក្រឡុកមុននឹងប្រើ។

      ករណីថ្នាំលាប (0.03%សម្រាប់កុមារ ឬ 0.1%):

      ប្រើ1ថ្ងៃ 1~2ដង លាបនៅកន្លែងមានបញ្ហា ក្នុងបរិមាណសមស្រប។ បរិមាណអតិបរមាប្រើក្នុង1ដងគឺ5g។ អាចបន្ថយបរិមាណប្រើប្រាស់ទៅតាមអាយុ ករណីប្រើចំពោះកុមារ។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថCiclosporinឬឱសថBosentan។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមប្រភេទPotassium-sparing diuretics (Spironolactone, Potassium Canrenoate, Triamterene ជាដើម)។

      ・មិនត្រូវទទួលការចាក់វ៉ាក់សាំងរស់(Live vaccine)នោះទេ។

      ករណីថ្នាំលាប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្បែកដែលមានការរលាត់ឬដំបៅ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ ឬ អ្នកដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានអាការៈនៃស្បែកក្រហមរាងដូចស្រកាត្រី (Ichthyosiform erythroderma)នៅក្នុងជំងឺមួយចំនួន (បណ្ដុំរោគសញ្ញាNetherton ជាដើម)។

      ・កុមារ។ (ករណីឱសថ0.1%)

      ・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត និង កុមារអាយុក្រោម2ឆ្នាំ។ (ករណីឱសថ0.03%)

      ・អ្នកដែលកំពុងទទួលការព្យាបាលដោយប្រើកាំរស្មីអ៊ុលត្រាវីយូឡេ (ការព្យាបាលដោយPUVA ជាដើម)។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺឆ្លងនៅលើស្បែក។

      ករណីថ្នាំបន្តក់ភ្នែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺឆ្លងមេរោគនៅភ្នែក។

    • ផលរំខាន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ផលរំខានរួមមាន ឈឺពោះ រាករូសឬទល់លាមក រលាកច្រមុះនិងបំពង់ក ញ័រដៃជើង ក្ដៅច្រាល ឈឺក្បាល ចង់ក្អួត ជាតិស្ករក្នុងឈាមកើនឡើង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បរិមាណទឹកនោមថយចុះ ហើមពេញខ្លួន ស្ងួតក (ប៉ះពាល់មុខងារតម្រងនោម ជំងឺNephrotic syndrome)

      - បេះដូងលោតញាប់ ដង្ហក់ ពិបាកក្នុងទ្រូង ហើមពេញខ្លួន (មុខងារបេះដូងចុះខ្សោយ ចង្វាក់បេះដូងខុសប្រក្រតី ស្ទះឬត្បៀតសរសៃឈាមក្នុងបេះដូង ទឹកដក់ក្នុងស្រទាប់បេះដូង ប៉ះពាល់សាច់ដុំបេះដូង)

      - សាច់ដុំកន្ត្រាក់ឬប្រកាច់ ពិបាកនិយាយ បាត់បង់ស្មារតី (ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល)

      - ឈឺក្បាល ស្ពឹកដៃជើងមួយចំហៀង បាត់បង់ស្មារតីរយៈពេលខ្លី (ប៉ះពាល់សរសៃឈាមខួរក្បាល)

      - ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អកស្ងួត (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ក្ដៅខ្លួន អស់កម្លាំង រោគសញ្ញាដូចជាផ្ដាសាយ (ជំងឺឆ្លង)

      - ស្ងួតក ផឹកទឹកច្រើន នោមច្រើន ឆាប់ហត់ (ជំងឺទឹកនោមផ្អែម)

      - ងាយហូរឈាម អស់កម្លាំង ហើម (ជំងឺThrombocytopenic purpura, ជំងឺខ្វះឈាមប្រភេទHemolytic anemia ជំងឺAgranulocytosis)

      - បត់ជើងធំមិនចេញ ឈឺពោះ ហើមពោះ បាត់បង់ចំណង់អាហារ ក្អួតចង្អោរ (ជំងឺស្ទះពោះវៀន(Ileus))

      - ក្តៅខ្លួន ពងទឹកលើស្បែក ដាច់រលាត់នៅភ្នែកនិងមាត់ ក្រហមពេញខ្លួន (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome))។

      ករណីថ្នាំលាប:

      ផលរំខានរួមមាន អារម្មណ៍ក្ដៅលើស្បែក ឈឺឬផ្សាស្បែក រមាស់ស្បែក រលាករន្ធរោម រើម មុន ប៉ោងលើស្បែក ស្ងួតស្បែក ហើម។ល។

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន ក្រហាយភ្នែក ទើសក្នុងភ្នែក ហូរទឹកភ្នែក ។ល។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・វ៉ាក់សាំងរស់(Live vaccine) - ក្នុងអំឡុងពេលប្រើឱសថនេះ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺមានការធ្លាក់ចុះ ដែលមិនអាចទប់ទល់នឹងវ៉ាក់ស៊ាំងរស់បាននោះទេ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថCiclosporin, ឱសថBosentan - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថបញ្ចុះទឹកនោមប្រភេទPotassium-sparing diuretics (Spironolactone, Potassium Canrenoate, Triamterene ជាដើម)។

      ក្រៅពីនេះ នៅមានឱសថផ្សេងៗទៀតជាច្រើន ដែលអាចប្រើរួមជាមួយឱសថនេះបាន ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខាននិងប្រតិកម្មរវាងឱសថ។ ដូច្នេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។

      ករណីថ្នាំលាប:

      ・ការព្យាបាលដោយប្រើកាំរស្មីអ៊ុលត្រាវីយូឡេ (ការព្យាបាលដោយPUVA ជាដើម) - អាចធ្វើអោយកើតមហារីកស្បែក។ ដូច្នេះ ហាមប្រើឱសថនេះ ប្រសិនបើកំពុងទទួលការព្យាបាលដោយប្រើកាំរស្មីអ៊ុលត្រាវីយូឡេ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប ថ្នាំចាក់ ថ្នាំលាប និង ថ្នាំបន្តក់ភ្នែក:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃផលប៉ះពាល់ធ្ងន់ធ្ងរទៅលើតម្រងនោម បេះដូង ខួរក្បាល ប្រព័ន្ធផលិតឈាម ជាដើម ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ប្រព័ន្ធភាពស៊ាំមានការធ្លាក់ចុះ ធ្វើអោយអ្នកជំងឺងាយនឹងឆ្លងមេរោគ ដូច្នេះ អ្នកជំងឺគួរអនុវត្តការលាងដៃ ការខ្ពុរមាត់ ការដុសធ្មេញ ជាដើម ដើម្បីរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន។

      ・សារធាតុនៅក្នុងផ្លែក្រូចថ្លុង និង អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort អាចធ្វើអោយប្រសិទ្ធិភាពឱសថប្រែប្រួល ដូច្នេះ គួរចៀសវាងបរិភោគអាហារទាំងនេះក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំលាប:

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺមហារីកស្បែកឬមហារីកកោសិកាប្រព័ន្ធទឹករងៃ។ ម្យ៉ាងទៀត ការប្រើប្រាស់ឱសថនេះនៅលើស្បែកដែលរលាត់ឬដំបៅ អាចធ្វើអោយសារធាតុឱសថជ្រាបចូលក្នុងឈាម បង្កជាផលរំខានប៉ះពាល់តម្រងនោម ជាដើម។

      ・គួរប្រើប្រាស់សម្លៀកបំពាក់ដើម្បីបិទបាំងស្បែកដែលបានលាបឱសថនេះពីលើកុំអោយប៉ះត្រូវពន្លឺព្រះអាទិត្យ ឬ អំពូលភ្លើងដែលបញ្ចេញកាំរស្មីអ៊ុលត្រាវីយូឡេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់សារធាតុCytokineនិងកោសិកាT Cellsនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីទប់ស្កាត់ប្រតិកម្មបដិសេធ(Rejection reaction)នៅក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គនិងកាត់បន្ថយអាការៈរលាកនៅក្នុងជំងឺផ្សេងៗ។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពទប់ស្កាត់ការបញ្ចេញសារធាតុហ៊ីស្តាមីនពីកោសិកាម៉ាស(Mast cell)ផងដែរ ហើយសកម្មភាពទប់ស្កាត់នេះមានលក្ខណៈខ្លាំងជាងឱសថស្តេរ៉ូអ៊ីតទៅទៀត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp