Streptozocin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកកោសិកាបញ្ចេញក្នុង(Neuroendocrine tumor, NET) នៃក្រពេញលំពែង ឬ ក្រពះពោះវៀន។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・វិធីប្រើប្រាស់ឱសថរយៈពេល5ថ្ងៃ:
ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ1ដង500mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ បន្ទាប់ពីនោះ ផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល37ថ្ងៃ (1វដ្ត)។ អនុវត្តបែបនេះម្ដងហើយម្ដងទៀត។
・វិធីប្រើប្រាស់ឱសថរយៈពេល1សប្ដាហ៍:
ជាទូទៅ ប្រើក្នុងកម្រិត1ថ្ងៃ1ដង1000mg/m2 (ផ្ទៃក្រឡារាងកាយ) រៀងរាល់1សប្ដាហ៍ម្ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត1500mg/m2 (ផ្ទៃក្រឡារាងកាយ)ក្នុង1ដងនោះទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មដោយសារសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ឈឺសរសៃឈាម ចង់ក្អួត ទល់លាមក អស់កម្លាំង ជីវ្ហាវិញាណខុសប្រក្រតី។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បរិមាណទឹកនោមថយចុះ ហើម ស្ងួតក (មុខងារតម្រងនោមចុះខ្សោយ)
- រោគសញ្ញាខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ស្ងួតក ផឹកទឹកច្រើន នោមច្រើន ឆាប់ហត់ ស្រកទម្ងន់ (មុខងារទប់ទល់នឹងការកើនឡើងនៃជាតិស្ករក្នុងឈាមមានបញ្ហា)
- អស់កម្លាំងពេញខ្លួន មិនឃ្លានអាហារ ចង់ក្អួត ក្អួត ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូស៊ីត (Aminoglycoside antibiotics) - អាចធ្វើអោយផលប៉ះពាល់តម្រងនោមកើនឡើង។
・ឱសថប្រឆាំងមហារីកប្រភេទផ្សេងទៀត វិទ្យុសកម្ម - អាចធ្វើអោយផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងកើនឡើង។
・ឱសថDoxorubicin - អាចពន្យារពេលនៃការស្ថិតក្នុងរាងកាយរបស់ឱសថDoxorubicin ធ្វើអោយផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងកើនឡើង។
・ឱសថប្រភេទស្តេរ៉ូអ៊ីត (លើកលែងថ្នាំលាប) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើង។
・ឱសថPhenytoin - អាចធ្វើអោយប្រសិទ្ធភាពនៃឱសថStreptozocinថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីដែលអាចមានផ្ទៃពោះនិងអ្នកជំងឺជាបុរសដែលដៃគូគ្រួសារអាចមានផ្ទៃពោះ ត្រូវអនុវត្តការពន្យារកំណើត។
・ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅដោះកូន។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលដោយប្រើឱសថនេះ។
・ការពិសោធន៍ទៅលើសត្វបង្ហាញអំពីការពុលនៃឱសថនេះ ដូច្នេះ អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះត្រូវអនុវត្តការពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះនិងក្រោយបញ្ចប់ការប្រើរយៈពេលប្រហែល6ខែ។
-
សកម្មភាពឱសថ
ឱសថនេះស្ថិតក្នុងប្រភេទNitrosourea ដោយមានសកម្មភាពបន្ថែមម៉ូលេគុលអាល់គីល(Alkylation)ទៅលើDNA ដើម្បីបង្អាក់ដំណើរការសំយោគDNA ធ្វើអោយកោសិកាមហារីកមិនអាចរស់រានបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp