Streptomycin sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis)(ករណីប្រើរួមជាមួយឱសថBenzylpenicillinឬឱសថAmpicillinប៉ុណ្ណោះ) ជំងឺប៉ែស(Plague) ជំងឺទន្សាយព្រៃ(Rabbit feverឬTularemia) ជំងឺរបេងសួតនិងរបេងផ្សេងទៀត ជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMAC(Mycobacterium avium complex) ជំងឺវីល(Weil’s disease) ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺរបេង:

      ប្រើ1ថ្ងៃ1g ចាក់ក្នុងសាច់ដុំ។ ប្រើ1សប្ដាហ៍2~3ថ្ងៃ ឬ ប្រើរាល់ថ្ងៃសម្រាប់រយៈពេល1~3ខែដំបូង រួចប្ដូរទៅប្រើ1សប្ដាហ៍2ថ្ងៃវិញបន្ទាប់ពីនោះ។ ចំពោះមនុស្សចាស់អាយុចាប់ពី60ឆ្នាំឡើងទៅ ប្រើ1ដង0.5~0.75g។ ចំពោះកុមារឬមនុស្សដែលមានទម្ងន់ស្រាលខ្លាំង គួរបន្ថយកម្រិតប្រើប្រាស់អោយបានសមស្រប។ ជាទូទៅ ឱសថនេះត្រូវប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងផ្សេងទៀត។

      ・ករណីជំងឺឆ្លងបាក់តេរីម៉ៃកូមិនមែនរបេង(Nontuberculous mycobacterial infection)រួមទាំងជំងឺMAC(Mycobacterium avium complex):

      ប្រើ1ដង0.75~1g, 1សប្ដាហ៍2ដងឬ1សប្ដាហ៍3ដង ចាក់ក្នុងសាច់ដុំ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញា។

      ・ករណីជំងឺផ្សេងទៀតក្រៅពីជំងឺខាងលើ:

      ប្រើ1ថ្ងៃ1~2g បែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      របៀបលាយ:លាយ1gនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ឬសេរ៉ូមប្រៃបរិមាណ3~5mL។ ប្រើភ្លាមៗក្រោយលាយ។

    • ហាមប្រើ

      ・ អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬឱសថប្រឆាំងមេរោគBacitracin។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・សាម៉ីខ្លួនឬអ្នកដែលគ្រួសារធ្លាប់មានបញ្ហាត្រចៀកធ្ងន់ដោយសារការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬដោយសារមូលហេតុផ្សេងទៀត។

    • ផលរំខាន

      ផលរំខានរួមមាន មុខងារតម្រងនោមចុះថយ ក្តៅខ្លួន ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - វិលមុខ ហ៊ឹងត្រចៀក ត្រចៀកធ្ងន់ (ប្រព័ន្ធប្រសាទទី8មានបញ្ហា)

      - ហើម បរិមាណទឹកនោមថយចុះ ឈឺក្បាល (បញ្ហាតម្រងនោមធ្ងន់ធ្ងរ)

      - ចង្វាក់បេះដូងលោតញាប់ បែកញើសទាំងត្រជាក់ កន្ទាលត្រអាក(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ស្បែកឡើងក្រហមនិងរលាត់ ក្តៅខ្លួន ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) ជាដើម)

      - ក្តៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំប្រើជំនួសឈាមដែលមានផលរំខានប៉ះពាល់ដល់តម្រងនោម:

      Dextran, Hydroxyethyl starch ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងនិងកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំបញ្ចុះទឹកនោមប្រភេទLoop (Loop diuretic):

      Ethacrynic acid, Furosemide, Azosemide ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំដែលមានផលប៉ះពាល់ខ្លាំងដល់តម្រងនោមឬប្រព័ន្ធត្រចៀក: Vancomycin hydrochloride, Enviomycin sulfate ថ្នាំប្រឆាំងជំងឺមហារីកដែលមានផ្ទុកជាតិប្លាទីនរួមមានCisplatin, Nedaplatin, Carboplatin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ

      ・ថ្នាំស្ពឹកឬសណ្តំ ថ្នាំបន្ធូរការកន្ត្រាក់របស់សាច់ដុំ:

      Tubocurarine, Pancuronium bromide, Vecuronium bromide, Tolperisone hydrochloride, Botulinum toxin A - អាចប៉ះពាល់ប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម(នៅពេលកើតឡើង គួរបន្សាបការពុលដោយប្រើ:Cholinesterase inhibitor, Calcium)

      ・ឱសថAmphotericin B, Cyclosporin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងឬកាន់តែធ្ងន់ធ្ងរ

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូស៊ីដ(Aminoglycoside antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp