Spironolactone

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)

      - អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​)

      - អាការៈហើមដោយសារជំងឺតម្រងនោម

      - អាការៈហើមដោយសារជំងឺថ្លើម

      - អាការៈហើមដោយមិនដឹងមូលហេតុច្បាស់លាស់

      - អាការៈហើមនិងដក់ទឹកក្នុងពោះដោយសារជំងឺមហារីក

      - អាការៈហើមដោយសារអតុល្យភាពនៃសារធាតុចិញ្ចឹមនៅក្នុងរាងកាយ

      - ប្រើនៅក្នុងការធ្វើតេស្តនិងកាត់បន្ថយរោគសញ្ញានៃជំងឺអាល់ដុស្តេរ៉ូន(Primary aldosteronism)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 50~100mg បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ក្រៅពីករណីប្រើនៅក្នុងការធ្វើតេស្តនិងកាត់បន្ថយរោគសញ្ញានៃជំងឺអាល់ដុស្តេរ៉ូន(Primary aldosteronism) ភាគច្រើនគេប្រើឱសថនេះរួមជាមួយឱសថផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានអាការៈគ្មានទឹកនោម។

      ・អ្នកដែលមានជំងឺមុខងារតម្រងនោមចុះខ្សោយលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម។

      ・អ្នកដែលមានជំងឺអាឌីសាន់(Addison's disease)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថTacrolimus ឬ ឱសថEplerenone ឬ ឱសថMitotane។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងដោះ ហើមនិងឈឺដោះ ដុះរោមច្រើន រដូវមិនទៀង រាំងរដូវ សម្លេងគ្រលរ ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក ចង់ក្អួត ស្ងួតក រាករូសឬទល់លាមក អស់កម្លាំង បេះដូងលោតញាប់ ក្ដៅខ្លួន អាចម៍រុយលើស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ចង្វាក់បេះដូងខុសប្រក្រតី ឈឺទ្រូង អស់កម្លាំង (កម្រិតសូដ្យូមក្នុងឈាមធ្លាក់ចុះទាប កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់ កម្រិតអាស៊ីតក្នុងឈាមកើនឡើង ។ល។)

      - បរិមាណទឹកនោមថយចុះ ហើមដៃជើងនិងមុខ ឈឺក្បាល (ជំងឺមុខងារតម្រងនោមចុះខ្សោយលក្ខណៈស្រួចស្រាវ)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម រលាត់ស្បែក ពងទឹកឬកន្ទួលក្រហមលើស្បែក(ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))។

    • អន្តរប្រតិកម្ម

      ・ឱសថTacrolimus, ឱសថEplerenone - អាចធ្វើអោយកម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើងខ្ពស់។ ដូច្នេះ ហាមប្រើរួមគ្នា។

      ・ឱសថMitotane - អាចប្រឆាំងនឹងសកម្មភាពនៃឱសថMitotane។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែខ្លាំង។

      ・ឱសថប៉ូតាស្យូម (Potassium chloride, Potassium gluconate, Potassium aspartate ជាដើម), ឱសថប្រភេទACE inhibitors(Captopril, Enalapril, Lisinopril ជាដើម), ឱសថប្រភេទARB(Losartan, Candesartan, Valsartan ជាដើម), ឱសថAliskiren, ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Triamterene, Potassium Canrenoate ជាដើម), ឱសថCiclosporin, ឱសថDrospirenone - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់។

      ・ឱសថNorepinephrine - អាចធ្វើអោយសកម្មភាពនៃNorepinephrineប្រែប្រួល។

      ・ឱសថSodium lactate - អាចធ្វើអោយប្រសិទ្ធិភាពនៃSodium lactateថយចុះ។

      ・ឱសថAmmonium chloride, ឱសថColestyramine - អាចធ្វើអោយកម្រិតអាស៊ីតក្នុងឈាមកើនឡើង។

      ・ឱសថDigitoxin - អាចធ្វើអោយសកម្មភាពនៃDigitoxinប្រែប្រួល។

      ・ឱសថLithium carbonate - អាចធ្វើអោយសកម្មភាពនៃឱសថLithium carbonateកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថបញ្ចុះកម្ដៅនិងបំបាត់ការឈឺចាប់ប្រភេទNSAIDs(Indometacin ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះមានសកម្មភាពបញ្ចុះទឹកនោម អ្នកជំងឺមិនគួរប្រើឱសថនេះនៅពេលល្ងាចឬពេលយប់នោះទេ ព្រោះអាចធ្វើអោយរំខានដល់ដំណេក។

      ・ឱសថនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះបង្កជាអាការៈវិលមុខជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្សោយ ប៉ុន្តែ ដោយសារឱសថនេះមានសកម្មភាពឱសថខុសគ្នា គេច្រើនប្រើឱសថនេះរួមជាមួយនឹងឱសថប្រភេទលូប(Loop diuretics)។ ឱសថនេះត្រូវការរយៈពេល8~24ម៉ោងមុននឹងបង្ហាញសកម្មភាព ដូច្នេះ ទម្រាំដឹងអំពីប្រសិទ្ធិភាពនៃឱសថនេះ ត្រូវការរយៈពេល2~3ថ្ងៃ។

      ប្រើនៅក្នុងការបង្ការកុំអោយកើតមានរោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមចុះទាប(Hypokalemia) ប៉ុន្តែ ក៏ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងហួសហេតុនៃកម្រិតប៉ូតាស្យូមក្នុងឈាម ស្របពេលជាមួយគ្នានោះផងដែរ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពប្រឆាំងនឹងសកម្មភាពនៃសារធាតុអាល់ដុស្តេរ៉ូន(Aldosterone)ដែលមានតួនាទីនៅក្នុងដំណើរការនៃការស្រូបនិងបញ្ចេញអ៊ីយ៉ុងនៅផ្នែកចុងនៃបំពង់តម្រងនោម(Distal convoluted tubule) ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពជម្រុញការបញ្ចេញចោលនៃអ៊ីយ៉ុងសូដ្យូម(Na+)និងទឹក ប៉ុន្តែទប់ស្កាត់ការបញ្ចេញចោលនៃអ៊ីយ៉ុងក្លរ(Cl-)ទៅក្នុងទឹកនោម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp