Somatropin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោមក្នុងករណីមិនមានការបិទជិទនៃខ្សែឆ្អឹងខ្ចីនៅផ្នែកខាងចុងឆ្អឹង ៖

      - ជំងឺក្រិនដោយសារការបញ្ចេញអរម៉ូនលូតលាស់មិនគ្រប់គ្រាន់

      - ជំងឺក្រិនដោយសារជំងឺTurner syndrome

      - ជំងឺក្រិនដោយសារជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ

      - ជំងឺក្រិនដោយសារជំងឺPrader-Willi syndrome

      - ជំងឺក្រិនដោយសារជំងឺNoonan syndrome

      - ជំងឺក្រិនដោយសារឆ្អឹងខ្ចីខុសប្រក្រតី (ឆ្អឹងខ្ចីមិនដុះឬដុះតិច)

      - ជំងឺនៃការបញ្ចេញអរម៉ូនលូតលាស់មិនគ្រប់គ្រាន់ (ករណីធ្ងន់ធ្ងរប៉ុណ្ណោះ)

      - ជំងឺក្រិនប្រៀបធៀបទៅនឹងអាយុ(Small-for-gestational age short stature)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺទឹកនោមផ្អែម។

      ・អ្នកដែលមានជំងឺមហារីក។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកជំងឺPrader-Willi syndrome ដែលមានស្ថានភាពលើសទម្ងន់ធ្ងន់ធ្ងរឬមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ហើម ឆាប់ខឹង ជ្រុះរោមឬសក់ ឈឺសន្លាក់ឬនៅតាមឆ្អឹងជើង(ឆ្អឹងកំពុងលូតលាស់) ឈឺសាច់ដុំ ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ពេញខ្លួន ស្នាមក្រហមលើស្បែក ភ្នែកមើលមិនសូវច្បាស់ ក្អួតចង្អោរ ឆ្អឹងខ្នងប្រែប្រួល។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សាច់ដុំកន្ត្រាក់ឬប្រកាច់

      - បែកញើស ស្រកទម្ងន់ ជីពចរកើនឡើង (រោគសញ្ញានៃមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង)

      - ហើមពេញខ្លួន បរិមាណទឹកនោមថយចុះ ពិបាកដកដង្ហើម (ជំងឺតម្រងនោមNephrotic syndrome)

      - ស្ងួតក ផឹកទឹកច្រើន ឆាប់ហត់ (ជំងឺទឹកនោមផ្អែម)

      - ជង្គង់មិនប៉ះគ្នានៅពេលឈរ (អាការៈជើងកោងកើនឡើង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថស្តេរ៉ូអ៊ីត - អាចធ្វើអោយសកម្មភាពនៃSomatropinថយចុះ។

      ・ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។

      ・ឱសថនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីម3A (ឱសថប្រភេទអរម៉ូនភេទ, ឱសថCiclosporin, ឱសថព្យាបាលជំងឺប្រកាច់ ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់ដូចទៅនឹងអរម៉ូនលូតលាស់(Growth hormone)នៅក្នុងរាងកាយមនុស្ស ដោយមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលនៃអរម៉ូននេះនៅសរីរាង្គថ្លើមដើម្បីបញ្ចេញសារធាតុSomatomedin ដែលនឹងទៅភ្ញោចកោសិកាឆ្អឹងខ្ចីធ្វើអោយមានការលូតលាស់ឆ្អឹង។ ម្យ៉ាងទៀត ឱសថនេះក៏មានសកម្មភាពជាច្រើនទាក់ទងនឹងប្រតិកម្មផ្សេងៗនៅក្នុងរាងកាយដូចទៅនឹងសកម្មភាពរបស់អរម៉ូនលូតលាស់របស់មនុស្សផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp