Sobuzoxane
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖
- ជំងឺមហារីកMalignant lymphoma
- ជំងឺមហារីកAdult T-cell leukemia lymphoma។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ1600mg បែងចែកជា1~2ដងក្នុង1ថ្ងៃ រយៈពេល5ថ្ងៃជាប់គ្នា បន្ទាប់មកផ្អាកការប្រើប្រាស់រយៈពេល2~3សប្ដាហ៍ (1វដ្ដ)។ អនុវត្តវដ្ដដូចនេះជាបន្តបន្ទាប់តទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ ដោយអាចបង្កើនកម្រិតជាអតិបរមាដល់1ថ្ងៃ2400mgអាស្រ័យទៅលើដំណាក់កាលនៃជំងឺ។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាទាក់ទងនឹងមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន រោគសញ្ញាខ្វះឈាម មិនឃ្លានអាហារ ក្អួតចង្អោរ រាករូស រលាកក្នុងមាត់(ពងបែកក្នុងមាត់) ជ្រុះរោមឬសក់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អាការៈខ្វះឈាម អស់កម្លាំង ក្ដៅខ្លួន ងាយហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្រោមស្បែកជាដើម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ក្អកស្ងួត ពិបាកដកដង្ហើម ដង្ហក់ (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- អាការៈហូរឈាមតាមច្រមុះ តាមអញ្ចាញធ្មេញ ក្រោមស្បែកជាដើម
- ឡើងកន្ទួលក្រហម ទឹកមុខស្លេកស្លាំង ហើម ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។ ហើយត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងនៃឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ដំណើរការផលិតDNAនៅក្នុងកោសិកាមហារីក ដោយបង្អាក់សកម្មភាពរបស់អង់ស៊ីមDNA topoisomerase II នៅដំណាក់កាលG2នៃវដ្ដកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួន(កើនចំនួន)បាន។ ឱសថនេះមិនមានសកម្មភាពកាត់ផ្ដាច់ច្រវាក់DNAនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp