Salmeterol xinafoate + Fluticasone propionate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma)
- កាត់បន្ថយរោគសញ្ញានៃជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។
-
កម្រិតប្រើប្រាស់
ថ្នាំទម្រង់ជាឧបករណ៍បាញ់ស្រូបតាមមាត់:
・ករណីជំងឺហឺត(Bronchial asthma):
- មនុស្សពេញវ័យ:កម្រិតប្រើក្នុង1ដងគឺSalmeterol xinafoate 50μg, Fluticasone propionate 100μg។
ប្រើ1ថ្ងៃ2ដង ស្រូបតាមមាត់។ ទៅតាមស្ថានភាពរោគសញ្ញារបស់អ្នកជំងឺ អាចបង្កើនកម្រិតប្រើក្នុង1ដងនៃ Fluticasone propionate ទៅដល់250μg ឬ 500μg 1ថ្ងៃ2ដង។
- កុមារ:កម្រិតប្រើក្នុង1ដង:Salmeterol xinafoate 25μg / Fluticasone propionate 50μg ឬ Salmeterol xinafoate 50μg / Fluticasone propionate 100μg ទៅតាមស្ថានភាពរោគសញ្ញា។ ប្រើ1ថ្ងៃ2ដង ស្រូបតាមមាត់។
・ករណីជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema):
មនុស្សពេញវ័យ:កម្រិតប្រើក្នុង1ដងគឺSalmeterol xinafoate 50μg, Fluticasone propionate 250μg។
ប្រើ1ថ្ងៃ2ដង ស្រូបតាមមាត់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានជំងឺបង្កដោយមេរោគរបេង។
-
ផលរំខាន
ផលរំខានរួមមាន រោគសញ្ញានៅក្នុងមាត់និងបំពង់ក (ឈ្លក់ ឈឺ ផ្សា មិនស្រួលក្នុងមាត់ឬបំពង់ក) សម្លេងស្អក ឆ្លងមេរោគផ្សិតនៅក្នុងមាត់(Candidiasis) ស្ងួតក្នុងមាត់ ឈឺក្បាល ញ័រដៃជើង រលាកច្រមុះ ឡើងកន្ទួលក្រហម កន្ទាលត្រអាក ហើម ទងសួតកន្ត្រាក់ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- កម្លាំងសាច់ដុំធ្លាក់ចុះ ស្ពឹកដៃជើង ចង្វាក់បេះដូងលោតញាប់ (កម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប)
- ក្ដៅខ្លួន ក្អក ដង្ហក់ (រលាកសួត)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Itraconazole, Ritonavir ជាដើម) - អាចធ្វើអោយកើតមានផលរំខានដូចក្នុងករណីប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតពេញក្នុងខ្លួនផងដែរ។
・ឱសថប្រភេទCatecholamine (Adrenalin, Isoprenaline ជាដើម) - អាចបង្កអោយចង្វាក់បេះដូងដើរខុសប្រក្រតី ឬ បេះដូងឈប់ដើរ។
・ឱសថប្រភេទXanthineផ្សេងទៀត (Aminophylline, Choline theophylline, Diprophylline, Caffein ជាដើម), ឱសថប្រភេទស្តេរ៉ូអ៊ីត, ឱសថបញ្ចុះទឹកនោម - អាចបង្កអោយចង្វាក់បេះដូងដើរខុសប្រក្រតីដោយសារកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាទូទៅ ឱសថនេះនឹងមិនបំបាត់អាការៈហឺតដែលរើឡើងភ្លាមៗនោះទេ ប៉ុន្តែត្រូវប្រើជាប្រចាំនៅក្នុងការបង្ការការកើតឡើងនៃអាការៈហឺត។
・បន្ទាប់ពីប្រើប្រាស់ឱសថនេះរួច គួរខ្ពុរមាត់ចេញ កុំអោយសារធាតុឱសថនៅសល់ក្នុងមាត់ ដើម្បីការពារកុំអោយកើតជំងឺឆ្លងមេរោគផ្សិតនៅក្នុងមាត់(Candidiasis)ឬអាការៈសម្លេងស្អក។
・ប្រើនៅក្នុងករណីដែលការប្រើឱសថស្តេរ៉ូអ៊ីតប្រភេទស្រូបតាមមាត់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងស្ថានភាពជំងឺ។ ការប្រើឱសថនេះរួមជាមួយឱសថភ្ញោចគ្រឿងទទួលβ2ប្រភេទបន្តសកម្មភាពវែងមិនជាការចាំបាច់នោះទេ។ ភាគច្រើន ឱសថនេះត្រូវការរយៈពេលពី3~6ខែដើម្បីដឹងអំពីប្រសិទ្ធិភាពពិតប្រាកដ។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងដោយសារធាតុសកម្មចំនួន 2 ៖
- Salmeterol xinafoate:មានសកម្មភាពភ្ញោចគ្រឿងទទួលβ2(β2 receptor) ធ្វើអោយអង់ស៊ីមAdenylyl cyclaseមានសកម្មភាពបំលែងសារធាតុATPនៅក្នុងកោសិកាទៅជាcAMP។ ការកើនឡើងនៃcAMPមានប្រសិទ្ធិភាពពង្រីកមុខកាត់នៃទងសួតអោយរីកធំទូលាយ សម្រួលដល់ការដកដង្ហើម ព្រមទាំងអាចកាត់បន្ថយអាការៈរលាកនៅទងសួតផងដែរ។
- Fluticasone propionate :ជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវានឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួលគ្លុយកូកូទីកូអ៊ីត(Glucocorticoid receptor)នៅតាមទងសួតនិងសួត។ ជាលទ្ធផល វាមានប្រសិទ្ធិភាពបំបាត់អាការៈរលាករ៉ាំរ៉ៃនៃផ្លូវដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp