Rivaroxaban
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បង្ការការកើតឡើងនៃជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាលនិងជំងឺស្ទះកំណកឈាមពេញរាងកាយ ចំពោះអ្នកជំងឺញ័រថតលើនៃបេះដូងមិនទាក់ទងនឹងប្រឹស(Non-valvular atrial fibrillation, NVAF)។
- ព្យាបាលនិងបង្ការការកើតឡើងវិញនៃជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែននៅផ្នែកជ្រៅនៃរាងកាយនិងជំងឺស្ទះកំណកឈាមក្នុងសួត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការបង្ការការកើតឡើងនៃជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាលនិងជំងឺស្ទះកំណកឈាមពេញរាងកាយ ចំពោះអ្នកជំងឺញ័រថតលើនៃបេះដូងមិនទាក់ទងនឹងប្រឹស(Non-valvular atrial fibrillation, NVAF):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 15mg ក្រោយបរិភោគអាហារ។ ចំពោះអ្នកជំងឺដែលមុខងារតម្រងនោមធ្លាក់ចុះ អាចបន្ថយកម្រិតមកត្រឹម1ថ្ងៃ1ដង10mg។
・ករណីប្រើនៅក្នុងការព្យាបាលនិងបង្ការការកើតឡើងវិញនៃជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែននៅផ្នែកជ្រៅនៃរាងកាយនិងជំងឺស្ទះកំណកឈាមក្នុងសួត:
មនុស្សពេញវ័យ:នៅ3សប្ដាហ៍នៃដំណាក់កាលដំបូងបន្ទាប់ពីកើតមានអាការៈ លេប1ដង15mg 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ បន្ទាប់ពីនោះ លេប1ថ្ងៃ1ដង15mg ក្រោយបរិភោគអាហារ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានអាការៈហូរឈាម (ហូរឈាមនៅក្នុងក្បាល ឬ ហូរឈាមនៅសរីរាង្គសំខាន់ៗផ្សេងទៀត)។
・អ្នកដែលមានជំងឺថ្លើមនិងមានបញ្ហាទាក់ទងនឹងដំណើរការនៃកំណកឈាម។
・អ្នកដែលមានបញ្ហាថ្លើមចាប់ពីកម្រិតមធ្យមឡើងទៅ (Child-Pugh:កម្រិតBឬC)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Ritonavir, Lopinavir/Ritonavir, Atazanavir, Indinavir, Saquinavir, Darunavir, Fosamprenavir, Nelfinavir, Ombitasvir/Paritaprevir/Ritonavir)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានផ្ទុកសារធាតុCobicistat។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Itraconazole, Voriconazole, Miconazole, Ketoconazole)ជាថ្នាំលេបឬថ្នាំចាក់។
・អ្នកដែលមានជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារបាក់តេរី(Bacterial Endocarditis)លក្ខណៈស្រួចស្រាវ។
ក្នុងករណីបង្ការការកើតឡើងនៃជំងឺត្បៀតសរសៃឈាមក្នុងខួរក្បាលនិងជំងឺស្ទះកំណកឈាមពេញរាងកាយ ចំពោះអ្នកជំងឺញ័រថតលើនៃបេះដូងមិនទាក់ទងនឹងប្រឹស(Non-valvular atrial fibrillation, NVAF)៖
・អ្នកដែលមានជំងឺតម្រងនោមចុះខ្សោយ(Ccrក្រោម15mL/min)។
ក្នុងករណីព្យាបាលនិងបង្ការការកើតឡើងវិញនៃជំងឺស្ទះកំណកឈាមក្នុងសរសៃឈាមវ៉ែននៅផ្នែកជ្រៅនិងស្ទះកំណកឈាមក្នុងសួត៖
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ(Ccrក្រោម30mL/min)។
-
ផលរំខាន
ផលរំខានរួមមាន ឈាមច្រមុះ ហូរឈាមក្រោមស្បែក(ស្នាមជាំស្វាយ) ឈាមតាមអញ្ចាញធ្មេញ ហូរឈាមពីមុខរបួស នោមលាយឈាម ភ្នែកក្រហម ក្អកឈាម អាការៈខ្វះឈាម ឈាមក្នុងមាត់ ឈាមឬសដូងបាត លាមកពណ៌ខ្មៅ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្អួតឈាម លាមកពណ៌ខ្មៅ លាមកមានឈាម ឈឺពោះ បាត់បង់ចំណង់អាហារ (ហូរឈាមនៅក្រពះពោះវៀន)
- ចង់ក្អួត វិលមុខ ស្ពឹក ញាណដឹងខុសប្រក្រតី (ហូរឈាមនៅក្នុងក្បាល)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ស្លេស្មមានលាយឈាម ក្អកស្ងួត ដង្ហក់ ពិបាកដកដង្ហើម ក្ដៅខ្លួន (រលាកសួតប្រភេទInterstitial pneumonia)
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក ឈាមក្រកក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។
-
អន្តរប្រតិកម្ម
・ឱសថប្រឆាំងវីរុសហ៊ីវប្រភេទHIV protease inhibitors (Ritonavir, Lopinavir/Ritonavir, Atazanavir, Indinavir, Saquinavir, Darunavir, Fosamprenavir, Nelfinavir, Ombitasvir/Paritaprevir/Ritonavir) ឱសថដែលមានផ្ទុកសារធាតុCobicistat ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Itraconazole, Voriconazole, Miconazole, Ketoconazole)ជាថ្នាំលេបឬថ្នាំចាក់ - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRivaroxabanកើនឡើង នាំអោយហានិភ័យនៃការហូរឈាមកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាម(Heparin, Warfarin, Enoxaparin sodium, Fondaparinux sodium, Dabigatran etexilate methanesulfonate ជាដើម), ឱសថដែលទប់ស្កាត់ប្រតិកម្មនៃការផ្ដុំប្លាកែត(Aspirin, Dipyridamole, Ticlopidine, Clopidogrel, NSAIDs ជាដើម), ឱសថរំលាយកំណកឈាម(Urokinase, t-PA ជាដើម), ឱសថប្រភេទSSRIឬSNRI, ឱសថFluconazole, ឱសថFosfluconazole, ឱសថClarithromycin, ឱសថErythromycin - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។
・ឱសថRifampicin, ឱសថPhenytoin, ឱសថCarbamazepine, ឱសថPhenobarbital, អាហារបំប៉នដែលមានផ្ទុកសារធាតុSt. Johnʼs
Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRivaroxabanថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃការហូរឈាមធ្ងន់ធ្ងរ ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ដោយសារការពិនិត្យសមត្ថភាពកំណកឈាមតាមរយៈការវាស់PT-INR រយៈពេលAPTT ជាដើម នឹងមិនបង្ហាញភាពសុក្រិតនោះទេ ដូច្នេះ គួរកត់សម្គាល់ទៅលើរោគសញ្ញានៃការហូរឈាមផ្សេងៗដែលកើតមាននៅលើអ្នកជំងឺជាជាងលទ្ធផលនៃការពិនិត្យទាំងនេះ។
・នៅពេលប្រើប្រាស់ឱសថនេះរួមជាមួយការចាក់បញ្ចូលថ្នាំស្ពឹកតាមឆ្អឹងខ្នងឬខាងក្រៅភ្នាសរឹង ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានដុំឈាមដែលសង្កត់ទៅលើសរសៃប្រសាទធ្វើអោយកើតមានអាការៈស្ពឹករយៈពេលវែងឬជារៀងរហូត។ សូមពិនិត្យមើលព័ត៌មានបន្ថែមដើម្បីចៀសវាងការកើតមានបញ្ហាធ្ងន់ធ្ងរនេះ។
・ឱសថនេះនឹងធ្វើអោយឈាមក្រកក ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជំងឺត្រូវទទួលការវះកាត់ឬការព្យាបាលធ្មេញជាដើម។ ម្យ៉ាងទៀត ត្រូវសង្កេតមើលរោគសញ្ញានៃការហូរឈាមខុសប្រក្រតីផ្សេងៗជាប្រចាំ។
・ងាយស្រួលប្រើចំពោះអ្នកដែលមានមុខងារតម្រងនោមធ្លាក់ចុះឬអ្នកជំងឺដែលមានវ័យចំណាស់ ជាងឱសថDabigatran etexilate methanesulfonate។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃកត្តាកំណកឈាមXa ដើម្បីបង្អាក់ដំណើរការនៃការកកើតកំណកឈាមខុសប្រក្រតីដែលអាចបង្កជាជំងឺផ្សេងៗ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp