Rituximab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោមដែលគេរកឃើញថាមានវត្តមានៃអង់ទីសែនCD20នៅលើកោសិកាបង្កជំងឺ៖

      - ជំងឺមហារីកនៅប្រព័ន្ធទឹករងៃប្រភេទNon-Hodgkin lymphoma

      - ជំងឺប្រព័ន្ធទឹករងៃដោយសារការកើនឡើងនៃកោសិកាB (B-cell lymphoproliferative disease)

      - ជំងឺWegener granulomatosis

      - ជំងឺរលាកសរសៃឈាមច្រើនកន្លែង(Microscopic polyangiitis)

      - ជំងឺតម្រងនោមNephrotic syndromeដែលពិបាកព្យាបាល

      - ជំងឺIdiopathic thrombocytopenic purpura(ITP)ដែលរ៉ាំរ៉ៃ

      - ប្រតិកម្មបដិសេធនៅក្នុងការវះកាត់ផ្លាស់ប្ដូរតម្រងនោមឬថ្លើមចំពោះករណីខុសប្រភេទឈាមគ្នា។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្ដៅខ្លួន ចង់ក្អួត បាត់បង់ចំណង់អាហារ ដំបៅក្នុងមាត់ ជីវ្ហាវិញាណមានបញ្ហា រងាញាក់ រមាស់ រលាកភ្នែក ឈឺក្បាល ក្ដៅច្រាល ឡើងកន្ទួលក្រហម សម្ពាធឈាមកើនឡើង ជីពចរលឿន បែកញើសច្រើន ងាយកើតជំងឺឆ្លង អស់កម្លាំង បែកញើសពេលគេង ជំងឺឆ្លងនៅតាមប្រព័ន្ធតម្រងនោម ពិបាកដកដង្ហើម អារម្មណ៍មិនស្រួលក្នុងបំពង់ក ក្អួតចង្អោរ សីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះ ញាណធ្លាក់ចុះ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង វិលមុខ ពិបាកដកដង្ហើម ហើមភ្នែកនិងជុំវិញមាត់ ស្មារតីដឹងខ្លួនធ្លាក់ចុះ ឈឺទ្រូង (រោគប្រតិកម្មធ្ងន់ធ្ងរ ប៉ះពាល់មុខងារបេះដូងឬសួត)

      - បរិមាណទឹកនោមថយចុះ នោមមានឈាម ឈឺនៅផ្នែកខាងនៃពោះ (មុខងារតម្រងនោមធ្លាក់ចុះ បណ្ដុំរោគសញ្ញាដោយសារការងាប់កោសិកាមហារីកច្រើនក្នុងរយៈពេលខ្លី(Tumor lysis syndrome))

      - ក្ដៅខ្លួន រួយខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ញ័រដៃ (មុខងារថ្លើមធ្លាក់ចុះ រលាកថ្លើម ខាន់លឿង)

      - ក្ដៅខ្លួនខ្លាំង ក្រហមភ្នែកនិងត្របកភ្នែក រលាត់បបូរមាត់និងក្នុងមាត់ ស្នាមក្រហមនិងប៉ោងនៅលើស្បែក រមាស់ពេញខ្លួន (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(Toxic Epidermal Necrolysis, TEN))

      - ក្ដៅខ្លួន ឈឺបំពង់ក វិលមុខ ដង្ហក់ បេះដូងលោតញាប់ ឈាមច្រមុះ ងាយហូរឈាម (ប៉ះពាល់ប្រព័ន្ធផលិតឈាម)

      - អាការៈដូចផ្ដាសាយ រួយខ្លួន ក្ដៅខ្លួន ក្អួតចង្អោរ (ជំងឺឆ្លង)

      - សាច់ដុំកន្ត្រាក់ឬប្រកាច់ វិលមុខ ពិបាកនិយាយ ភ្លេចភ្លាំង បាត់បង់ស្មារតី (ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅក្នុងខួរក្បាល)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម ដង្ហក់ (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ក្អួតចង្អោរ ឈឺពោះខ្លាំង មិនបញ្ចេញលាមក (ស្ទះពោះវៀន ធ្លាយក្រពះឬពោះវៀន)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・វ៉ាក់សាំង(ប្រភេទរស់ និង ប្រភេទអសកម្ម) - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងថយចុះ។

      ・ឱសថទប់ស្កាត់សកម្មភាពនៃប្រព័ន្ធភាពស៊ាំ ឱសថប្រភេទអរម៉ូនស្តេរ៉ូអ៊ីត ជាដើម - អាចធ្វើអោយកើតមានជំងឺឆ្លងដោយសារការធ្លាក់ចុះហួសហេតុនៃប្រព័ន្ធភាពស៊ាំ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះរោគប្រតិកម្មធ្ងន់ធ្ងរ និង ផលប៉ះពាល់ទៅលើសួត បេះដូងនិងតម្រងនោម ជាពិសេសនៅរយៈពេល24ម៉ោងក្រោយពេលចាក់បញ្ចូលសារធាតុឱសថ ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ម្យ៉ាងទៀត ក៏ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ទៅលើថ្លើម ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) និង ជំងឺស្លាប់កោសិកាស្បែក(TEN) ដែលសុទ្ធសឹងតែអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិត។

    • សកម្មភាពឱសថ

      ឱសថនេះជាអង់ទីករ មានប្រសិទ្ធិភាពរំលាយកោសិកាដែលមានវត្តមានអង់ទីសែនCD20តាមរយៈប្រតិកម្មCDCនិងADCC ធ្វើអោយកោសិកាទាំងនោះមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp