Risperidone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺវិកលចរឹត (Schizophrenia)។

      - អាការៈងាយប្រតិកម្មដែលជារោគសញ្ញានៃជំងឺAutism Spectrum Disorder ចំពោះអ្នកជំងឺជាកុមារ (ជាគោលការណ៍ ចំពោះកុមារអាយុចន្លោះពី5ឆ្នាំទៅក្រោម18ឆ្នាំ)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺវិកលចរឹត (Schizophrenia)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ជំងឺវិកលចរឹត (Schizophrenia):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពី1ដង 1mg (ថ្នាំទឹក1mg/mLត្រូវនឹង 1mL), 1ថ្ងៃ2ដង រួចបង្កើនកម្រិតបន្តិចម្ដងៗ។ កម្រិតប្រើជាប្រចាំគឺ 1ថ្ងៃ2~6mg (ថ្នាំទឹក1mg/mLត្រូវនឹង 2~6mL)បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 12mg(ថ្នាំទឹក1mg/mLត្រូវនឹង12mL)។

      ・អាការៈងាយប្រតិកម្មដែលជារោគសញ្ញានៃជំងឺAutism Spectrum Disorder ចំពោះកុមារ:

      - កុមារដែលមានទម្ងន់15kg~ក្រោម20kg:ចាប់ផ្ដើមលេបពី1ថ្ងៃ1ដង 0.25mg(ថ្នាំទឹក1mg/mLត្រូវនឹង 0.25mL)។ ចាប់ពីថ្ងៃទី4ទៅ បង្កើនកម្រិត1ថ្ងៃ0.5mg(ថ្នាំទឹក1mg/mLត្រូវនឹង0.5mL) ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញ ប៉ុន្តែ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍រាល់ការបង្កើនកម្រិតម្ដងៗ ដោយបង្កើនម្ដង0.25mg/ថ្ងៃ(ថ្នាំទឹក1mg/mLត្រូវនឹង0.25mL/ថ្ងៃ)។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 1mg(ថ្នាំទឹក1mg/mLត្រូវនឹង1mL)។

      - កុមារដែលមានទម្ងន់20kgឡើងទៅ:ចាប់ផ្ដើមលេបពី1ថ្ងៃ1ដង 0.5mg(ថ្នាំទឹក1mg/mLត្រូវនឹង0.5mL)។ ចាប់ពីថ្ងៃទី4ទៅ បង្កើនកម្រិត1ថ្ងៃ1mg(ថ្នាំទឹក1mg/mLត្រូវនឹង1mL) ដោយបែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញ ប៉ុន្តែ ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍រាល់ការបង្កើនកម្រិតម្ដងៗ ដោយបង្កើនម្ដង0.5mg/ថ្ងៃ(ថ្នាំទឹក1mg/mLត្រូវនឹង0.5mL/ថ្ងៃ)។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃសម្រាប់កុមារដែលមានទម្ងន់20kg~ក្រោម45kgគឺ 2.5mg(ថ្នាំទឹក1mg/mLត្រូវនឹង2.5mL) និង សម្រាប់កុមារដែលមានទម្ងន់45kgឡើងទៅគឺ3mg(ថ្នាំទឹក1mg/mLត្រូវនឹង3mL)។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង 25mg ចាក់ក្នុងសាច់ដុំត្រគាក រៀងរាល់2សប្ដាហ៍ម្ដង។ កម្រិតប្រើនៅលើកដំបូងគឺ25mg ដោយអាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើក្នុង1ដងហួសពី50mgនោះទេ។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។

      ・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទPaliperidone។

      ករណីថ្នាំចាក់:

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។

      ・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)ឬឱសថClozapine។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទPaliperidone។

    • ផលរំខាន

      ផលរំខានរួមមាន កើនទម្ងន់ ចំណង់អាហារកើនឡើង វិលមុខ រោគសញ្ញាAkathisia(នៅមិនស្ងៀម) គេងមិនលក់ឬងងុយគេង ញ័រខ្លួន ទល់លាមក នៅមិនស្ងៀម ហូរទឹកមាត់ អារម្មណ៍មិនស្ងប់ អស់កម្លាំង រឹងសាច់ដុំ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ (Syndrome malin)

      - មិនអាចគ្រប់គ្រងចលនាមុខនិងជុំវិញមាត់បាន (ជំងឺTardive dyskinesia)

      - បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ទល់លាមកខ្លាំង ហើមពោះ (ជំងឺស្ទះពោះវៀនធំលក្ខណៈពោះវៀនស្ពឹក)

      - សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី ចង់ក្អួត (SIADH)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - ចង្វាក់បេះដូងមានលក្ខណៈខុសប្រក្រតី

      - ស្ងួតក ពិសាទឹកច្រើន នោមច្រើន (កម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់, រោគសញ្ញានៃDiabetic ketoacidosis, បាត់បង់ស្មារតីដោយសារកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់)

      - អស់កម្លាំង បែកញើស ញ័រ ងងុយគេង បាត់បង់ស្មារតី (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)

      - ពិបាកដកដង្ហើម ឈឺទ្រូង ហើម (រោគសញ្ញានៃការស្ទះចរន្តឈាមក្នុងសួតដោយសារកំណកឈាម ឬ ការស្ទះចរន្តឈាមនៃសរសៃឈាមវ៉ែនផ្នែកជ្រៅ)

      - ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស)។

    • អន្តរប្រតិកម្ម

      ・ឱសថAdrenaline - អាចធ្វើអោយកើតមានលទ្ធផលផ្ទុយពីសកម្មភាពនៃAdrenaline ដោយសម្ពាធឈាមនឹងធ្លាក់ចុះទាប។ ដូច្នេះ ហាមប្រើរួមគ្នា។(លើកលែងករណីប្រើនៅក្នុងការព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)

      ・ឱសថClozapine - អាចពន្យារពេលនៃការបញ្ចេញRisperidoneពីរាងកាយ។ ដូច្នេះ ហាមប្រើរួមគ្នា។ ជាទូទៅ គេប្រើឱសថClozapineតែឯង ដោយមិនប្រើរួមជាមួយឱសថព្យាបាលជំងឺស្មារតីផ្សេងទៀតឡើយ។ (ករណីថ្នាំចាក់ប៉ុណ្ណោះ)

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថដែលភ្ញោចសរសៃប្រសាទនៃសារធាតុដូប៉ាមីន(Levodopa ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងថយចុះ។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។

      ・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2D6 (Paroxetine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRisperidoneកើនឡើង។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Carbamazepine, Phenytoin, Rifampicin, Phenobarbital ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRisperidoneថយចុះ។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Itraconazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRisperidoneកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង មិនអាចផ្ដុំអារម្មណ៍បាន ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ចំពោះអ្នកដែលមានគម្រោងទទួលការវះកាត់ភ្នែកឡើងបាយ គួរប្រាប់ទៅដល់វេជ្ជបណ្ឌិតអំពីការប្រើប្រាស់ឱសថនេះ ព្រោះអ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថនេះ អាចនឹងទទួលរងផលប៉ះពាល់ភ្នែកក្នុងឬក្រោយពេលវះកាត់ភ្នែកឡើងបាយ។

      ・ផលរំខាននៃឱសថនេះអាចធ្វើអោយកើនទម្ងន់ ដូច្នេះ គួរប្រុងប្រយ័ត្នទាក់ទងនឹងទម្លាប់នៃការបរិភោគ។

      ・អ្នកជំងឺទឹកនោមផ្អែម នៅពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើង ដូច្នេះ គួរធ្វើការពិនិត្យតាមដានអោយបានម៉ត់ចត់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការនៃការភ្ញោចគ្រឿងទទួលដូប៉ាមីនD2 (D2 Dopamine receptor) និង គ្រឿងទទួលសេរ៉ូតូនីន5-HT2 (5-H2 receptor)

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp