Ranitidine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ បណ្ដុំរោគសញ្ញាZollinger-Ellison ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ បញ្ហាភ្នាសក្រពះលក្ខណៈស្រួចស្រាវ) ។
- បញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។
- ប្រើនៅមុនពេលអនុវត្តការសណ្ដំ។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ បញ្ហាភ្នាសក្រពះលក្ខណៈស្រួចស្រាវ)
- ទប់ស្កាត់អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើដែលបណ្ដាលមកពីការវះកាត់ឬរបួសនៅលើរាងកាយ(ក្រោយការវះកាត់លក្ខណៈធំ ជំងឺប៉ះពាល់សរសៃឈាមខួរក្បាល របួសក្បាលពីខាងក្រៅ មុខងារសរីរាង្គច្រើនចុះខ្សោយ រលាកភ្លើងទំហំធំ ដែលត្រូវការគ្រប់គ្រងស្ថានភាពរាងកាយដិតដល់(ICU))។
- ប្រើនៅមុនពេលអនុវត្តការសណ្ដំ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
・ករណីព្យាបាលដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ ជំងឺរលាកក្រពះមានហូរឈាម) ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) បណ្ដុំរោគសញ្ញាZollinger-Ellison:
មនុស្សពេញវ័យ:លេប1ដង150mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចប្រើ1ថ្ងៃ1ដង300mg នៅមុនពេលចូលគេងក៏បានដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ចំពោះអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ ជាទូទៅ គេចាប់ផ្ដើមព្យាបាលដោយប្រើថ្នាំចាក់ជាមុនសិន រហូតដល់ពេលអ្នកជំងឺអាចប្ដូរមកប្រើថ្នាំលេបវិញ។
・ករណីព្យាបាលបញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ:
មនុស្សពេញវ័យ:លេប1ដង75mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចប្រើ1ថ្ងៃ1ដង150mg នៅមុនពេលចូលគេងក៏បានដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:
មនុស្សពេញវ័យ:ប្រើ1ដង150mg នៅ1ថ្ងៃមុនការវះកាត់ ដោយប្រើនៅមុនពេលចូលគេង និង ប្រើម្ដងទៀតនៅថ្ងៃវះកាត់ដោយប្រើនៅ2ម៉ោងមុនចាប់ផ្ដើមសណ្ដំ។
ករណីថ្នាំចាក់:
・ករណីព្យាបាលអាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើ(បណ្ដាលមកពី ជំងឺដំបៅប្រដាប់រំលាយអាហារ ជំងឺដំបៅដោយសារស្ត្រេសលក្ខណៈស្រួចស្រាវ បញ្ហាភ្នាសក្រពះលក្ខណៈស្រួចស្រាវ):
មនុស្សពេញវ័យ:ប្រើ1ដង50mg 1ថ្ងៃ3~4ដង ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ ករណីចាក់តាមសរសៃវ៉ែន ប្រើដោយលាយកម្រិត1ដង50mgនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសបរិមាណ20mL រួចចាក់ក្នុងសរសៃវ៉ែនយឺតៗ។ ឬក៏អាចលាយនៅក្នុងសេរ៉ូមដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែនក៏បានដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ជាទូទៅ គេតាមដានប្រសិទ្ធិភាពឱសថក្នុងអំឡុងពេល1សប្ដាហ៍ ហើយនៅពេលអ្នកជំងឺអាចប្រើថ្នាំលេបបានហើយ គេនឹងប្ដូរពីការប្រើថ្នាំចាក់ទៅជាថ្នាំលេបវិញ។
・ករណីទប់ស្កាត់អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើដែលបណ្ដាលមកពីការវះកាត់ឬរបួសនៅលើរាងកាយ(ក្រោយការវះកាត់លក្ខណៈធំ ជំងឺប៉ះពាល់សរសៃឈាមខួរក្បាល របួសក្បាលពីខាងក្រៅ មុខងារសរីរាង្គច្រើនចុះខ្សោយ រលាកភ្លើងទំហំធំ ដែលត្រូវការគ្រប់គ្រងស្ថានភាពរាងកាយដិតដល់(ICU)):
មនុស្សពេញវ័យ:ប្រើឱសថនេះ1ដង100mg ដោយលាយជាមួយសេរ៉ូមដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ចំពោះករណីទប់ស្កាត់អាការៈហូរឈាមនៅប្រដាប់រំលាយអាហារផ្នែកខាងលើនៅក្រោយការវះកាត់លក្ខណៈធំ ជាទូទៅ គេប្រើឱសថនេះរយៈពេល3ថ្ងៃ ហើយចំពោះអាការៈហូរឈាមដោយសារជំងឺឬរបួសផ្សេងៗ ជាទូទៅ គេប្រើឱសថនេះរយៈពេល7ថ្ងៃ។
・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:
មនុស្សពេញវ័យ:ប្រើ1ដង50mg ចាក់តាមសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំ នៅ1ម៉ោងមុនចាប់ផ្ដើមសណ្ដំ។ ករណីចាក់តាមសរសៃវ៉ែន ប្រើ1ដង50mgលាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសបរិមាណ20mL រួចចាក់តាមសរសៃវ៉ែនយឺតៗ ឬក៏លាយនៅក្នុងសេរ៉ូម ដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែនក៏បាន។ ករណីការវះកាត់ត្រូវការរយៈពេលវែង អាចប្រើ50mgបន្ថែមទៀត ដោយទុកគម្លាតរយៈពេល6ម៉ោង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ទល់លាមកឬរាករូស ឡើងកន្ទួលក្រហម រមាស់ស្បែក ក្ដៅខ្លួន រលាកសរសៃឈាម រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)(ហើមមុខ ត្របកភ្នែកនិងបបូរមាត់)។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទឹកមុខស្លេកសាំ្លង ពិបាកដកដង្ហើម កន្ទាលត្រអាក(រោគប្រតិកម្មធ្ងន់ធ្ងរ)
- រួយខ្លួន ក្ដៅខ្លួន ឈាមច្រមុះ ហូរឈាមក្រោមស្បែក ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ អាការៈខ្វះឈាម (រោគសញ្ញានៃការថយចុះគ្រាប់ឈាមស គ្រាប់ឈាមក្រហម ប្លាកែត)
- ចង់ក្អួត ក្អួតចង្អោរ អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis)
- ស្មារតីចុះខ្សោយ ពិបាកផ្ដុំអារម្មណ៍គិត ពិបាកសម្រេចចិត្ត (បាត់បង់ស្មារតី ប្រកាច់(Myoclonus))
- ក្តៅខ្លួន អស់កម្លាំង កន្ទួលក្រហមនៅលើស្បែក ភ្នែកនិងក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- បរិមាណទឹកនោមថយចុះ ខ្សត់ទឹកនោម ក្ដៅខ្លួន (ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចប៉ះពាល់ដល់ប្រសិទ្ធិភាពនៃWarfarin។
・ឱសថTriazolam - អាចធ្វើអោយការស្រូបឱសថTriazolamកើនឡើង។
・ឱសថAtazanavir, ឱសថGefitinib - អាចធ្វើអោយការស្រូបឱសថទាំងនេះថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ចំនួនដងនៃការប្រើប្រាស់អាចប្រែប្រួលទៅតាមប្រភេទឱសថនីមួយ ហើយកម្រិតប្រើប្រាស់ក៏អាចប្រែប្រួលទៅតាមជំងឺនីមួយៗផងដែរ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពបង្អាក់ដំណើរការនៃការភ្ញោចគ្រឿងទទួលហ៊ីស្តាមីនH2 (H2 receptors)ដែលស្ថិតនៅលើភ្នាសនៅក្នុងក្រពះ ដើម្បីទប់ស្កាត់ការបញ្ចេញសារធាតុអាស៊ីតក្រពះច្រើនហួសហេតុ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp