Ramucirumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីកក្រពះដែលកំពុងវិវត្តឬរើឡើងវិញ ហើយមិនអាចព្យាបាលដោយវះកាត់អោយជាសះស្បើយបាន

      - ជំងឺមហារីកនៅពោះវៀនធំ (Colorectal cancer) ដែលកំពុងវិវត្តឬរើឡើងវិញ ហើយមិនអាចព្យាបាលដោយវះកាត់អោយជាសះស្បើយបាន

      - ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma ដែលកំពុងវិវត្តឬរើឡើងវិញ ហើយមិនអាចព្យាបាលដោយវះកាត់បាន

      - ជំងឺមហារីកកោសិកាថ្លើមដែលមិនអាចព្យាបាលដោយវះកាត់បាន និង មិនមានកម្រិតAFPក្នុងឈាមកើនឡើងបន្ទាប់ពីការព្យាបាលដោយគីមីដល់កម្រិតចាប់ពី400ng/mLឡើងទៅ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺមហារីកក្រពះដែលកំពុងវិវត្តឬរើឡើងវិញ ហើយមិនអាចព្យាបាលដោយវះកាត់អោយជាសះស្បើយបាន និង ជំងឺមហារីកកោសិកាថ្លើមដែលមិនអាចព្យាបាលដោយវះកាត់បាន និង មិនមានកម្រិតAFPក្នុងឈាមកើនឡើងបន្ទាប់ពីការព្យាបាលដោយគីមីដល់កម្រិតចាប់ពី400ng/mLឡើងទៅ:

      មនុស្សពេញវ័យ ប្រើ2សប្ដាហ៍ម្ដង។ កម្រិតប្រើក្នុង1ដងគឺ8mg/kg (ទម្ងន់រាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល60នាទី។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ・ករណីជំងឺមហារីកនៅពោះវៀនធំ (Colorectal cancer) ដែលកំពុងវិវត្តឬរើឡើងវិញ ហើយមិនអាចព្យាបាលដោយវះកាត់អោយជាសះស្បើយបាន:

      មនុស្សពេញវ័យ ប្រើ2សប្ដាហ៍ម្ដង។ កម្រិតប្រើក្នុង1ដងគឺ8mg/kg (ទម្ងន់រាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល60នាទី។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ប្រើឱសថនេះរួមជាមួយ ឱសថIrinotecan hydrochloride hydrate ឱសថLevofolinate និង ឱសថFluorouracil។

      ・ករណីជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma ដែលកំពុងវិវត្តឬរើឡើងវិញ ហើយមិនអាចព្យាបាលដោយវះកាត់បាន:

      មនុស្សពេញវ័យ ប្រើ3សប្ដាហ៍ម្ដង។ កម្រិតប្រើក្នុង1ដងគឺ10mg/kg (ទម្ងន់រាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលប្រហែល60នាទី។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ប្រើឱសថនេះរួមជាមួយឱសថDocetaxel។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺពោះ សម្ពាធឈាមកើនឡើង រាករូស គ្មានកម្លាំង ឈាមច្រមុះ រលាកក្នុងមាត់(ពងបែកក្នុងមាត់) ហើមដៃជើង ឈឺក្បាល ទឹកនោមប្រៃ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ធ្ងន់ក្បាល ឈឺក្បាល ងងឹតមុខ បែកញើសទាំងត្រជាក់ ស្ពឹកមួយចំហៀងខ្លួន វិលមុខ ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកនិយាយ គំហើញនៃភ្នែកធ្លាក់ចុះ ស្ពឹក ថប់ទ្រូង ឈឺទ្រូង ពិបាកដកដង្ហើម ក្អក ស្បែក បបូរមាត់និងក្រចកដៃជើងប្រែពណ៌ខៀវស្វាយឬស្វាយចាស់ (ជំងឺស្ទះដោយសារកំណកឈាម រួមមាន ស្ទះសរសៃឈាមក្នុងខួរក្បាលឬបេះដូង ត្បៀតសរសៃឈាមក្នុងខួរក្បាលឬបេះដូង ជាដើម)

      - ឈឺជើងខ្លាំង ហើមជើង បែកញើស ក្ដៅខ្លួន ក្អក ស្មារតីដឹងខ្លួនធ្លាក់ចុះ ឈឺទ្រូង ពិបាកដកដង្ហើម (ជំងឺស្ទះនៅសរសៃឈាមវ៉ែនដោយសារកំណកឈាម)

      - ពិបាកដកដង្ហើមភ្លាមៗ កន្ទាលត្រអាក សម្ពាធឈាមចុះទាប បាត់បង់ស្មារតី ហើមបបូរមាត់ អណ្ដាតនិងត្របកភ្នែក ក្ដៅខ្លួន រងាញាក់ ក្អក ចង់ក្អួត វិលមុខ បេះដូងលោតញាប់ (Infusion reaction)

      - ឈឺពោះខ្លាំង ក្អួតចង្អោរ ក្ដៅខ្លួន ពិបាកដកដង្ហើម (ធ្លាយក្រពះឬពោះវៀន)

      - ក្អួតឈាម ក្អួតចង្អោរ ឈឺពោះ លាមកលាយឈាម លាមកពណ៌ខ្មៅ (ហូរឈាមតាមក្រពះពោះវៀន)

      - រួយខ្លួន ហើមពេញខ្លួន ចង់ក្អួត ពិបាកដកដង្ហើម ដង្ហក់ពេលធ្វើចលនា (ជំងឺមុខងារបេះដូងចុះខ្សោយ)

      - របួសក្រជាសះស្បើយ

      - សាច់ដុំកន្ត្រាក់ឬប្រកាច់ គំហើញរបស់ភ្នែកមានបញ្ហា បាត់បង់ស្មារតី (ជំងឺPosterior reversible encephalopathy syndrome)

      - ហើមពេញខ្លួន បរិមាណទឹកនោមថយចុះ (ជំងឺតម្រងនោមNephrotic syndrome)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម ដង្ហក់ (ជំងឺរលាកសួតInterstitial pneumonia)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើប្រាស់មួយរយៈពេល។

      ・ស្ត្រីបំបៅដោះកូន គួរចៀសវាងការបំបៅដោះក្នុងអំឡុងពេលប្រើឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ដែលបង្កអោយមានជំងឺធ្លាយក្រពះឬពោះវៀន ជំងឺហូរឈាមក្នុងក្រពះពោះវៀនធ្ងន់ធ្ងរ ជំងឺស្ទះសរសៃឈាមនៅខួរក្បាលឬបេះដូងដោយសារកំណកឈាម ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

    • សកម្មភាពឱសថ

      ឱសថនេះជាអង់ទីករប្រឆាំងនឹងVEGFR-2 ដោយឱសថនេះរារាំងការភ្ជាប់នៃ VEGF-A, VEGF-C និង VEGF-D ទៅនឹងVEGFR-2 ដើម្បីទប់ស្កាត់ការភ្ញោចសកម្មភាពរបស់VEGFR-2។ ជាលទ្ធផល ឱសថនេះអាចរារាំងការកើនឡើង ការធ្វើចលនា និង ការរស់រានរបស់កោសិកាEndothelial cells ក៏ដូចជាការកើតឡើងនៃសរសៃឈាមថ្មីៗនៅក្នុងជាលិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp