Propylthiouracil
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈនៃការកើនឡើមុខងារក្រពេញទីរ៉ូអ៊ីត(Hyperthyroidism)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- មនុស្សពេញវ័យ:ដំបូង ប្រើក្នុងកម្រិត1ថ្ងៃ 300mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ ករណីរោគសញ្ញាធ្ងន់ធ្ងរ អាចប្រើ1ថ្ងៃ400~600mg។ នៅពេលរោគសញ្ញាស្ទើរតែបាត់អស់ហើយ ត្រូវបន្ថយកម្រិតឱសថបន្តិចម្ដងៗរៀងរាល់1~4សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ50~100mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:កម្រិតប្រើដំបូងគឺ លេប1ថ្ងៃ100~200mgសម្រាប់កុមារអាយុ5ឆ្នាំ~ក្រោម10ឆ្នាំ និង 1ថ្ងៃ200~300mgសម្រាប់កុមារអាយុ10ឆ្នាំ~ក្រោម15ឆ្នាំ ដោយបែងចែកជា2~4ដងក្នុង1ថ្ងៃ។ នៅពេលរោគសញ្ញាស្ទើរតែបាត់អស់ហើយ ត្រូវបន្ថយកម្រិតឱសថបន្តិចម្ដងៗរៀងរាល់1~4សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ50~100mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- ស្ត្រីមានផ្ទៃពោះ:ដំបូង ប្រើក្នុងកម្រិត1ថ្ងៃ150~300mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ នៅពេលរោគសញ្ញាស្ទើរតែបាត់អស់ហើយ ត្រូវបន្ថយកម្រិតឱសថបន្តិចម្ដងៗរៀងរាល់1~4សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ50~100mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ ត្រូវតាមដានពិនិត្យមុខងារក្រពេញទីរ៉ូអ៊ីតរៀងរាល់2សប្ដាហ៍ ដោយកំណត់កម្រិតឱសថប្រើប្រាស់ជាអប្បបរមា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកើតមានបញ្ហាថ្លើមក្រោយប្រើប្រាស់ឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម កន្ទាលត្រអាក ក្អួតចង្អោរ រាករូស ឈឺក្បាល វិលមុខ ក្ដៅខ្លួន ឈឺសាច់ដុំ ឈឺសន្លាក់ ហើម ជីវ្ហាវិញាណខុសប្រក្រតី។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង (រោគសញ្ញានៃការថយចុះគ្រាប់ឈាមស ជំងឺAgranulocytosis)
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយនៅដៃជើង (រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជំងឺខ្វះឈាមប្រភេទAplastic anemia ជាដើម)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម ខាន់លឿង)
- ក្ដៅខ្លួន ស្នាមក្រហមរាងមេអំបៅនៅលើផ្ទៃមុខ ឈឺសាច់ដុំ ឈឺសន្លាក់ ហើមកូនកណ្ដុរ រួយខ្លួន ឈឺផ្នែកខាងលើនៃពោះ (រោគសញ្ញាដូចទៅនឹងSLE)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតInterstitial pneumonia)
- ក្ដៅខ្លួន ឈឺសន្លាក់ ពិបាកដកដង្ហើម ចេញឈាមក្រោមស្បែក(ស្នាមជាំស្វាយលើស្បែក) កន្ទួលក្រហម ឈឺក្បាល ស្ពឹក នោមមានឈាម អាការៈខ្វះឈាម (រោគសញ្ញានៃការរលាកសរសៃឈាមទាក់ទងនឹងការកើតមានអង់ទីករANCA)
- ឡើងកន្ទួលក្រហម រមាស់ ហើមមុខ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃWarfarinប្រែប្រួល។
・ឱសថបង្កើនសកម្មភាពបេះដូង (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ទារកដែលកើតពីម្ដាយដែលប្រើប្រាស់ឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ អាចនឹងកើតមានបញ្ហាទាក់ទងនឹងមុខងារក្រពេញទីរ៉ូអ៊ីតក្រោយពេលសម្រាល ដូច្នេះ ត្រូវតាមដានមុខងារក្រពេញនេះនៅក្នុងទារកទើបកើតមួយរយៈពេល។
・ករណីប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់ ស្ត្រីបំបៅដោះកូនគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះមានសកម្មផាពប្រឆាំងនឹងវីតាមីនK ជាពិសេស ឱសថនេះអាចបង្កើនសកម្មភាពនៃឱសថWarfarin ជាដើម បង្កជាផលរំខានផ្សេងៗ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយការផលិតអរម៉ូនក្រពេញទីរ៉ូអ៊ីត ដោយមានសកម្មភាពទប់ស្កាត់ប្រតិកម្មមួយចំនួននៅក្នុងក្រពេញទីរ៉ូអ៊ីត មានដូចជា ៖
- បង្អាក់សកម្មភាពនៃអង់ស៊ីមPeroxidaseដែលមានតួនាទីធ្វើអុកស៊ីតកម្មអ៊ីយ៉ុងអ៊ីយ៉ូត(I-)ទៅជាសារធាតុអ៊ីយ៉ូត(I) ធ្វើអោយមិនមានសារធាតុអ៊ីយ៉ូតភ្ជាប់ទៅនឹងម៉ូលេគុលThyroglobulin ដើម្បីផលិតទៅជាអរម៉ូនក្រពេញទីរ៉ូអ៊ីតបាន។
- ទប់ស្កាត់ប្រតិកម្មផ្គុំម៉ូលេគុលMonoiodotyrosine(MIT)និងម៉ូលេគុលDiiodotyrosine(DIT)ទៅជាT3ឬT4។
ជាលទ្ធផល កម្រិតនៃអរម៉ូនក្រពេញទីរ៉ូអ៊ីតមានការថយចុះនៅក្នុងឈាម ក៏ដូចជាឥទ្ធិពលនៃអរម៉ូនទាំងនេះចំពោះរាងកាយផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp