Progesterone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺរាំងរដូវ
- អាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ
- ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន
- ជំងឺគ្មានកូនដោយសារខ្សោយមុខងារអង្គលឿង
- អាការៈងាយរលូតកូន(Threatened miscarriage)ឬកូនកើតមុនខែ
- ជំងឺរលូតកូនឬកូនកើតមិនគ្រប់ខែជាបន្តបន្ទាប់។
ករណីថ្នាំសុលតាមទ្វារមាស:
ជាទូទៅ ឱសថនេះប្រើដើម្បីជួយបំពេញមុខងារអង្គលឿងនៅក្នុងការអនុវត្តបច្ចេកទេសបង្កកំណើតក្រៅស្បូន(Assisted ReproductiveTechnology, ART) ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ10~50mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។
ករណីសុលតាមទ្វារមាស:
ប្រើ1ដង100mg 1ថ្ងៃ2~3ដង សុលតាមទ្វារមាស ចាប់ពីថ្ងៃបញ្ចេញមេជីវិតញី ( ឬ នៅពេលដែលភ្នាសក្នុងស្បូនឡើងក្រាស់គ្រប់គ្រាន់ដោយសារការប្រើឱសថEstrogenនៅក្នុងបច្ចេកទេសបញ្ចូលស៊ុតបង្កកំណើត) រហូតដល់រយៈពេល10សប្ដាហ៍យ៉ាងយូរ(ឬការមានផ្ទៃពោះរយៈពេល12សប្ដាហ៍)។
-
ហាមប្រើ
ករណីថ្នាំចាក់:
・អ្នកដែលមានជំងឺថ្លើមឬបញ្ហាថ្លើមធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ (លើកលែងអ្នកដែលមានអាការៈឬជំងឺរលូតកូនឬកូនកើតមិនគ្រប់ខែ)។
・អ្នកដែលធ្លាប់កើតជំងឺរើមនៅពេលមានផ្ទៃពោះ។
ករណីថ្នាំសុលតាមទ្វារមាស::
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់មានឬកំពុងសង្ស័យថាមានជំងឺមហារីកសុដន់ឬជំងឺមហារីកនៅសរីរាង្គបន្តពូជ។
・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺស្ទះសរសៃឈាមវ៉ែនឬអាកទែរដោយសារកំណកឈាម ឬ ជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis)ធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះដែលកូនស្លាប់ក្នុងផ្ទៃ ឬ កូនក្រៅស្បូន។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺប៉ូហ្វីរីន(Porphyria)។
-
ផលរំខាន
ករណីថ្នាំចាក់:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ហើមខ្លួន កើនទម្ងន់ ក្អួតចង្អោរ រាករូស ឈឺក្បាល ងងុយគេង ក្រហមឬឈឺចាប់ឬរឹងនៅកន្លែងចាក់។ល។
ករណីថ្នាំសុលតាមទ្វារមាស::
ផលរំខានរួមមាន ធ្លាក់ឈាម រមាស់នៅទ្វារមាស ជំងឺឆ្លងមេរោគផ្សិតCandida ងងុយគេង ឈឺក្បាល វិលមុខ ឈឺពោះ ឡើងកន្ទួលក្រហម រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើមនិងឈឺនៅជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល (ជំងឺកំណកឈាម(Thrombosis))។
-
អន្តរប្រតិកម្ម
ករណីថ្នាំសុលតាមទ្វារមាស::
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំសុលតាមទ្វារមាសផ្សេងៗ (ឱសថប្រឆាំងមេរោគ ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថProgesteroneប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំចាក់:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះនោះទេ លើកលែងករណីស្ត្រីដែលមានអាការៈឬជំងឺរលូតកូនឬកូនកើតមិនគ្រប់ខែ។
ករណីថ្នាំសុលតាមទ្វារមាស::
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំចាក់:
・ជាទូទៅ គេចាក់បញ្ចូលឱសថនេះតាមសាច់ដុំ។
ករណីថ្នាំសុលតាមទ្វារមាស::
・ឱសថនេះអាចផ្ដល់ផលរំខាន ដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ឱសថនេះមានទម្រង់និងសកម្មភាពដូចទៅនឹងអរម៉ូនស្ត្រីប្រូជេស្តេរ៉ូន(Progesterone)នៅក្ហុងរាងកាយ ដោយរួមមានសកម្មភាពដូចខាងក្រោម ៖
- ចូលរួមបង្កើតភ្នាសនៅខាងក្នុងស្បូនដែលឡើងក្រាស់ដោយសារអរម៉ូនស្ត្រីអេស្រ្តូជេន(Estrogen)
- ទប់ស្កាត់ការកន្ត្រាក់នៃស្បូន និង កាត់បន្ថយប្រតិកម្មនៃសាច់ដុំស្បូនទៅនឹងឥទ្ធិពលនៃអរម៉ូនOxytocin។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp