Prochlorperazine maleate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺវិកលចរឹត (Schizophrenia)

      - អាការៈចង់ក្អួតឬក្អួតចង្អោរនៅមុនឬក្រោយពេលវះកាត់ ជាដើម។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈចង់ក្អួតឬក្អួតចង្អោរនៅមុនឬក្រោយពេលវះកាត់ ជាដើម។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីជំងឺវិកលចរឹត (Schizophrenia):

      + មនុស្សពេញវ័យ:លេប1ថ្ងៃ15~45mg បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
      + កុមារ: លេប1ដង 2.5mg 1ថ្ងៃ2~3ដង។ កម្រិតប្រើអតិបរមាសម្រាប់កុមារទម្ងន់15kgចុះក្រោមគឺ1ថ្ងៃ7.5mg។

      ・ករណីអាការៈចង់ក្អួតឬក្អួតចង្អោរនៅមុនឬក្រោយពេលវះកាត់ ជាដើម:

      + មនុស្សពេញវ័យ:លេប1ថ្ងៃ5~20mg បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
      + កុមារ: លេប1ដង 2.5mg 1ថ្ងៃ2~3ដង។ កម្រិតប្រើអតិបរមាសម្រាប់កុមារទម្ងន់15kgចុះក្រោមគឺ1ថ្ងៃ7.5mg។

      ករណីថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង5mg ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:ប្រើ1ថ្ងៃ1ដង0.1mg/kg ចាក់ក្នុងសាច់ដុំ។ គួរចៀសវាងប្រើចំពោះទារកអាយុក្រោម6ខែ។

    • ហាមប្រើ

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma) ឬ ស្ថានភាពដែលប្រព័ន្ធចរន្តឈាមចុះខ្សោយ។

      ・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទPhenothiazinesឬឱសថស្រដៀងនោះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកជំងឺដែលសង្ស័យថាមានបញ្ហាប៉ះពាល់ខួរក្បាលផ្នែកSubcortex (រលាកខួរក្បាល មហារីកខួរក្បាល រោគសញ្ញាក្រោយប៉ះទង្គិចក្បាល ជាដើម)។

    • ផលរំខាន

      ផលរំខានរួមមាន បណ្ដុំរោគសញ្ញាប៉ាឃីនសុន(ញ័រដៃ សាច់ដុំរឹង) ស្ងួតក ទល់លាមក អស់កម្លាំង រោគសញ្ញាប្រតិកម្ម ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រឹងសាច់ដុំ ជីពចរដើរលឿន ក្ដៅខ្លួន (Syndrome malin)

      - វិលមុខ បេះដូងលោតញាប់ ដង្ហក់ (ចង្វាក់នៃការកន្ត្រាក់ថតក្រោមនៃបេះដូងកើនឡើង ស្លាប់ភ្លាមៗ)

      - បេះដូងលោតញាប់ ដង្ហក់ ក្ដៅខ្លួន ឈឺបំពង់ក (ជំងឺខ្វះឈាមប្រភេទAplastic anemia, ជំងឺខ្វះឈាមប្រភេទHemolytic anemia, រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស)

      - ទល់លាមក ហើមពោះ ឈឺពោះខ្លាំង (ជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក)

      - ធ្វើចលនាអណ្ដាតឬមាត់ ចលនារាងកាយមិនអាចបញ្ជាបាន (ជំងឺTardive dyskinesia, ជំងឺTardive dystonia)

      - សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី កម្រិតសូដ្យូមក្នុងឈាមចុះទាប (SIADH)

      - ភ្នែកមើលមិនសូវច្បាស់ កញ្ចក់ភ្នែកប្រែពណ៌ (បញ្ហាភ្នែក)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ដង្ហក់ ឈឺទ្រូង ឈឺដៃជើង ហើម (រោគសញ្ញានៃការស្ទះចរន្តឈាមក្នុងសួតដោយសារកំណកឈាម ឬ ការស្ទះចរន្តឈាមនៃសរសៃឈាមវ៉ែនផ្នែកជ្រៅ)។

    • អន្តរប្រតិកម្ម

      ・ឱសថAdrenaline - អាចធ្វើអោយកើតមានលទ្ធផលផ្ទុយពីសកម្មភាពនៃAdrenaline ដោយសម្ពាធឈាមនឹងធ្លាក់ចុះទាប។ ដូច្នេះ ហាមប្រើរួមគ្នា។(លើកលែងករណីប្រើនៅក្នុងការព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។

      ・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាប។

      ・ឱសថដែលមានសកម្មភាពស្រដៀងAtropine - អាចធ្វើអោយសកម្មភាពប្រឆាំងសារធាតុអាសេទីលកូលីននៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថDomperidone, ឱសថMetoclopramide - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងមុខងារនៃក្រពេញបញ្ចេញក្នុងជាដើម។

      ・ឱសថLithium - អាចធ្វើអោយកើតមានផលរំខានផ្សេងៗប៉ះពាល់ដល់មុខងារបេះដូងនិងខួរក្បាល។

      ・ឱសថភ្ញោចគ្រឿងទទួលដូប៉ាមីន(Levodopa, Bromocriptine mesilate ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។

      ・ថ្នាំសម្លាប់សត្វល្អិតប្រភេទផូស្វាតរីរាង្គ - អាចធ្វើអោយជាតិពុលនៃថ្នាំសម្លាប់សត្វល្អិតប្រភេទផូស្វាតរីរាង្គកើនឡើង។ ដូច្នេះ គួរចៀសវាងប៉ះពាល់ថ្នាំសម្លាប់សត្វល្អិតប្រភេទនេះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង មិនអាចផ្ដុំអារម្មណ៍បាន ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង។

      ・ការប៉ះពាល់ថ្នាំសម្លាប់សត្វល្អិតប្រភេទផូស្វាតរីរាង្គនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយជាតិពុលនៃថ្នាំសម្លាប់សត្វល្អិតប្រភេទនេះកាន់តែខ្លាំងក្លា។ ដូច្នេះ គួរចៀសវាងប៉ះពាល់ថ្នាំសម្លាប់សត្វល្អិតប្រភេទនេះ។

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងការប៉ះត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ ព្រោះឱសថនេះមានផលរំខានអាចធ្វើអោយស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចតទៅ៖

      - សកម្មភាពព្យាបាលរោគសញ្ញាទាក់ទងនឹងស្មារតី:ទប់ស្កាត់ការភ្ញោចគ្រឿងទទួលនៃសារធាតុដូប៉ាមីន(Dopamine) ន័រអាដ្រេណាលីន(Noradrenaline) សេរ៉ូតូនីន(Serotonin) ដែលបញ្ចេញពីសរសៃប្រសាទប្រភេទរៀងៗខ្លួនមកក្នុងស៊ីណាប់(Synapse)(ចន្លោះរវាងកោសិកាសរសៃប្រសាទ)។

      - សកម្មភាពបំបាក់អាការៈក្អួតចង្អោរ:ទប់ស្កាត់ការភ្ញោចគ្រឿងទទួលD2 (D2 receptor)នៃសារធាតុដូប៉ាមីន(Dopamine) នៅផ្នែកCTZ(Chemoreceptor trigger zone)នៃខួរក្បាល។

      - សកម្មភាពរំងាប់អារម្មណ៍:ទប់ស្កាត់ការភ្ញោចគ្រឿងទទួលនៃសារធាតុន័រអាដ្រេណាលីន(Noradrenaline)ដែលបញ្ចេញពីសរសៃប្រសាទទៅក្នុងស៊ីណាប់(Synapse)(ចន្លោះរវាងកោសិកាសរសៃប្រសាទ)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp