Prednisolone sodium succinate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ៖
- ជំងឺទាក់ទងនឹងការបញ្ចេញអរម៉ូនក្នុងរាងកាយ (ជំងឺកើនឡើងខុសប្រក្រតីនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Thyrotoxicosis), ជំងឺចុះខ្សោយមុខងារAdrenal cortexស្រួចស្រាវនិងរ៉ាំរ៉ៃ(Adrenocortical insufficiency), ជំងឺកង្វះACTH (Isolated ACTH deficiency))
- ជំងឺទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ជំងឺរូម៉ាទីស(Rheumatism), ជំងឺអេរីតេម៉ាតូស(Lupus erythematosus))
- ជំងឺKawasaki diseaseក្នុងដំណាក់កាលស្រួចស្រាវ
- ជំងឺតម្រងនោមNephrosis
- ជំងឺបេះដូងCongestive heart failure
- ជំងឺទាក់ទងនឹងរោគប្រតិកម្ម (ជំងឺហឺត, រោគប្រតិកម្មធ្ងន់ធ្ងរ(Anaphylactic shock), ជំងឺរលាកទងសួតលក្ខណៈហឺត(Asthmatic bronchitis), រោគប្រតិកម្មទល់នឹងឱសថឬសារធាតុគីមីផ្សេងៗ)
- ជំងឺទាក់ទងនឹងប្រព័ន្ធឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemiaឬAplastic anemia ជំងឺមហារីកគ្រាប់ឈាមស ។ល។)
- ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (ជំងឺរលាកខួរក្បាលឬខួរឆ្អឹងខ្នង, ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) ជាដើម)
- ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ (ជំងឺរលាកពោះវៀនមិនរាលដាល, ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ)
- ជំងឺថ្លើម (រលាកថ្លើម ថ្លើមរឹង ។ល។)
- ជំងឺរលាកស្រោមខួរឬស្រទាប់ទ្រូងបណ្ដាលមកពីរបេង
- ជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumoniaលក្ខណៈរាលដាល ជំងឺក្រិនសួត ជំងឺរលាកសួតដោយសារវិទ្យុសកម្ម)
- ជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ
- ជំងឺកម្រិតជាតិស្ករក្នុងឈាមទាប(Idiopathic hypoglycemia)
- ជំងឺមហារីកផ្សេងៗ
- រោគសញ្ញាក្រោយពីការវះកាត់ក្រពេញអាដ្រេណាល់(Adrenal gland) ឬ ការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ឬ ការបញ្ចូលឈាម
- ជំងឺទាក់ទងនឹងដៃស្បូន
- ពិសពស់ ពិសសត្វល្អិត
- អាការៈរលាកនៅក្រោយពេលវះកាត់ភ្នែក និង ជំងឺភ្នែកផ្សេងៗ។
- អាការៈរលាកឬឡើងកន្ទួលក្រហមលើស្បែកដោយសារជំងឺស្បែកផ្សេងៗ
- ជំងឺទាក់ទងនឹងត្រចៀកច្រមុះបំពង់ក (ជំងឺថ្លង់ប្រភេទSensorineural hearing lossលក្ខណៈស្រួចស្រាវ, ជំងឺរលាកនិងហើមបំពង់ក, ជំងឺរលាកបំពង់អាហារ, ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម, ជំងឺឃានវិញាណខុសប្រក្រតី, ជំងឺដំបៅមាត់និងរលាកអណ្ដាតដែលពិបាកព្យាបាល)។ល។
សម្គាល់ ៖ ឱសថនេះអាចប្រើចំពោះជំងឺផ្សេងទៀតជាច្រើនក្រៅអំពីជំងឺខាងលើនេះ។ ម្យ៉ាងទៀត វិធីប្រើប្រាស់ឱសថនិងផ្នែកនៃរាងកាយដែលត្រូវប្រើប្រែប្រួលទៅតាមប្រភេទជំងឺនីមួយៗខាងលើ។ សូមពិនិត្យមើលព័ត៌មានបន្ថែម។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・មិនត្រូវចាក់ឱសថនេះចូលទៅក្នុងសន្លាក់ឬបរិវេណសរសៃកែងដែលកំពុងមានជំងឺឆ្លងមេរោគនោះទេ - ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំថយចុះ ដូចនេះ អ្នកជំងឺអាចនឹងមិនអាចទប់ទល់នឹងជំងឺឆ្លងទាំងនោះបាន។
・មិនត្រូវចាក់ឱសថនេះចូលទៅក្នុងសន្លាក់ដែលមិនមានលំនឹង(Flail joint)នោះទេ - អាចធ្វើអោយចលនារបស់សន្លាក់កាន់តែគ្មានលំនឹង។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖
1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។
2. អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន ឬ ជំងឺDiverticulitis។
3. អ្នកដែលមានជំងឺផ្នែកស្មារតី។
4. អ្នកដែលមានជំងឺរបេង។
5. អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសHerpes simplex virus។
6. អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract។
7. អ្នកដែលមានជំងឺក្លូកូម(Glaucoma)។
8. អ្នកដែលមានជំងឺលើសសម្ពាធឈាម។
9. អ្នកដែលមានកម្រិតអេឡិចត្រូឡាយ(Electrolyte)ក្នុងខ្លួនខុសប្រក្រតី។
10. អ្នកដែលមានជំងឺកំណកឈាម។
11. អ្នកដែលទើបទទួលការវះកាត់សរីរាង្គខាងក្នុងរាងកាយ។
12. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។
13. អ្នកដែលមានជំងឺភ្នែកបង្កឡើងដោយវីរុស មេរោគផ្សិត ឬជំងឺរបេង ជាដើម។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ឈឺក្រពះ ក្រហាយទ្រូង សម្ពាធឈាមធ្លាក់ចុះឬកើនឡើង គេងមិនលក់ វិលមុខ ឈឺសាច់ដុំឬសន្លាក់ ហើម បញ្ហាមករដូវ រោគសញ្ញាស្រដៀងជំងឺCushing sydrome សន្លាក់គ្មានលំនឹង(ករណីចាក់ក្នុងសន្លាក់)។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ក្រហមពេញខ្លួន រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) កន្ទាលត្រអាក(រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។)
- ចង់ក្អួត លាមកមានពណ៌ខ្មៅ ឈឺពោះ (ហូរឈាមនៅតាមបំពង់រំលាយអាហារ ធ្លាយក្រពះឬពោះវៀន ដំបៅក្រពះឬពោះវៀន ជាដើម)
- ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)
- អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី)
- ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ សាច់ដុំរឹងនិងស្ពឹក (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជំងឺទាក់ទងនឹងសាច់ដុំជាដើម)
- ស្រវាំងភ្នែក ទំហំនៃគំហើញរួមតូច (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយ ជាដើម)
- ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis))
- ស្ពឹកមួយចំហៀងខ្លួន ឈឺក្បាល ពិបាកនិយាយ ភ្នែកមើលមិនសូវច្បាស់ឬមើលមិនឃើញតែម្ដង ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍គិតឬសម្រេចចិត្ត (ស្ទះសរសៃឈាមក្នុងខួរក្បាល)
- ឈឺទ្រូង ឈឺរាលដល់ចុងដង្ហើមឬដើមដៃឆ្វេងឬស្មា (ស្ទះឬត្បៀតសរសៃឈាមក្នុងបេះដូង)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថPhenobarbital, Phenytoin, Rifampicin - អាចធ្វើអោយប្រសិទ្ធិភាពនៃPrednisolone sodium succinateថយចុះ។
・ឱសថប្រភេទSalicylic acid (Aspirin, Aspirin・dialuminate, Sasapyrineជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃWarfarinថយចុះ។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម(Buformin, Chlorpropamide, Acetohexamideជាដើម) ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមថយចុះ។
・ឱសថបញ្ចុះទឹកនោមប្រភេទបញ្ចេញប៉ូតាស្យូម(Trichlormethiazide, Hydrochlorothiazide, Furosemide, Acetazolamideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។
・វីតាមីនD3(Alfacalcidol ជាដើម) - អាចធ្វើអោយកើតមានរោគសញ្ញានៃកម្រិតកាល់ស្យូមក្នុងឈាមកើនឡើងឬក្រួសក្នុងផ្លូវតម្រងនោម។
・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinកើនឡើង។
・ឱសថErythromycin - អាចធ្វើអោយសកម្មភាពនៃPrednisolone sodium succinateកើនឡើង។
・ឱសថVecuronium bromide, Pancuronium bromide - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺអុតស្វាយឬកញ្ច្រិល ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
・សម្រាប់អ្នកជំងឺដែលប្រើប្រាស់ឱសថនេះរយៈពេលវែងឬក្នុងកម្រិតខ្ពស់ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺអាចមានការធ្លាក់ចុះ ដូច្នេះ គួរចៀសវាងការចាក់វ៉ាក់សាំងរស់(Live vaccine)។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp