Povidone-iodine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំខ្ពុរមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគនៅក្នុងមាត់ ដើម្បីព្យាបាលដំបៅក្នុងមាត់ រលាកបំពង់ក រលាកក្រពេញអាមីដាល់ និង ដើម្បីបង្ការការឆ្លងមេរោគនៅពេលមានរបួសក្នុងមាត់ដូចជាពេលដកធ្មេញ។

      ករណីថ្នាំប្រើលើស្បែកជាដើម:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគ:

      - នៅលើស្បែកឬភ្នាសនៅពេលវះកាត់

      - នៅលើស្បែកឬភ្នាសដែលមានរបួសឬដំបៅ

      - នៅលើស្បែកដែលរលាកដោយសារកម្ដៅ

      - នៅលើស្បែកដែលឆ្លងមេរោគ

      - នៅលើស្បែកដែលមានបញ្ហាដោយសារការគេងសង្កត់រយៈពេលយូរ(Bedsore)

      - នៅលើដៃ

      - នៅក្នុងទ្វារមាសនិងបរិវេណប្រដាប់ភេទស្ត្រី នៅពេលស្ត្រីសម្រាលកូន និង នៅពេលត្រូវពិនិត្យទ្វារមាស។

      សម្គាល់:គេបែងចែកឱសថនេះទៅតាមភាគរយនៃសារធាតុថ្នាំនិងផ្នែកនៃរាងកាយដែលអាចប្រើលើបាន ដូច្នេះ សូមពិនិត្យមើលការណែនាំសម្រាប់ឱសថនីមួយៗអោយបានច្បាស់លាស់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំខ្ពុរមាត់(7%):

      ពង្រាវ15~30ដង (ប្រើទឹកប្រមាណ60mLសម្រាប់ឱសថ2~4mL) រួចខ្ពុរក្នុងមាត់ច្រើនដងក្នុង1ថ្ងៃ។

      ករណីថ្នាំលាបលើស្បែក(10%):

      លាបនៅលើស្បែកឬភ្នាសដែលមានរបួសនិងស្បែកដែលរលាកដោយសារកម្ដៅ ក្នុងបរិមាណសមស្រប។

      ករណីថ្នាំលាបលើស្បែក(ប្រភេទលាយជាមួយស្ករស):

      លាបនៅលើស្បែកដែលមានបញ្ហាដោយសារការគេងសង្កត់រយៈពេលយូរ(Bedsore) ស្បែកដែលមានដំបៅដោយសារការរលាកក្ដៅ និង ស្បែកដែលមានដំបៅនៅជើង ក្នុងបរិមាណសមស្រប។

      ករណីថ្នាំទឹក(10%):

      ឱសថនេះប្រើនៅក្នុងការសម្លាប់មេរោគ:

      - នៅលើស្បែកឬភ្នាសនៅពេលវះកាត់

      - នៅលើស្បែកឬភ្នាសដែលមានរបួសឬដំបៅ

      - នៅលើស្បែកដែលរលាកដោយសារកម្ដៅ

      - នៅលើស្បែកដែលឆ្លងមេរោគ។

      លាបឱសថនេះនៅផ្នែកដែលត្រូវសម្លាប់មេរោគ។

      ករណីថ្នាំទឹក(7.5%):

      - សម្លាប់មេរោគនៅម្រាមដៃនិងស្បែក: លាយជាមួយទឹកបន្តិច រួចឈ្លីអោយឡើងពពុះ ហើយលាងទឹកចេញ។

      - សម្លាប់មេរោគនៅផ្នែកដែលត្រូវវះកាត់: ប្រើដោយផ្ទាល់ឬលាយជាមួយទឹកបន្តិច រួចឈ្លីអោយឡើងពពុះ ហើយប្រើស្បែសម្លាប់មេរោគរួចដើម្បីជូតសម្អាត។

      ករណីថ្នាំទឹក(5%):

      សម្លាប់មេរោគនៅដៃ ដោយឈ្លីឱសថពេញបាតដៃ រហូតស្ងួត។

      ករណីថ្នាំលាបប្រើក្នុងផ្នែករោគស្ត្រី(5%):

      សម្លាប់មេរោគនៅក្នុងទ្វារមាសនិងបរិវេណប្រដាប់ភេទស្ត្រី នៅពេលស្ត្រីសម្រាលកូន និង នៅពេលត្រូវពិនិត្យទ្វារមាស។ លាបនៅលើផ្នែកដែលត្រូវសម្លាប់មេរោគឬក្នុងទ្វារមាសរបស់ស្ត្រី។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬសារធាតុអ៊ីយ៉ូត។

    • ផលរំខាន

      ករណីប្រើលើស្បែករឺភ្នាសរឺដៃ:

      ផលរំខានរួមមាន រមាស់ ក្ដៅក្រហាយ ឡើងកន្ទួលក្រហម អាការៈឈឺចាប់។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម អារម្មណ៍មិនស្រួលក្នុងខ្លួន ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។

      ករណីប្រើក្នុងមាត់:

      ផលរំខានរួមមាន ចង់ក្អួត ក្រហាយក្នុងមាត់ ឡើងកន្ទួលក្រហម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម អារម្មណ៍មិនស្រួលក្នុងខ្លួន ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន មិនគួរប្រើឱសថនេះក្នុងទំហំធំលើស្បែករយៈពេលយូរនោះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីប្រើលើស្បែកឬដៃ ប្រសិនបើត្រូវសម្អាតស្បែកដោយប្រើសាប៊ូមុនពេលប្រើឱសថនេះ សូមលាងជម្រះសាប៊ូចេញអោយអស់ជាមុនសិន ព្រោះប្រសិនបើនៅសល់សាប៊ូ នោះប្រសិទ្ធិភាពសម្លាប់មេរោគនឹងថយចុះ។

      ・ករណីប្រើនៅក្នុងមាត់ សារធាតុថ្នាំអាចជាប់នឹងធ្មេញសិប្បនិម្មិតធ្វើអោយប្រែពណ៌ធ្មេញ។ ម្យ៉ាងទៀត ករណីប្រើក្រោយពេលដកធ្មេញជាដើម មិនគួរខ្ពុរមាត់ខ្លាំងពេកទេ ព្រោះអាចធ្វើអោយឈាមក្រកក។

      ・ករណីមានផ្ទុកសារធាតុអេតាណុល(ប្រើសម្លាប់មេរោគនៅលើដៃជាដើម) មិនត្រូវប្រើនៅលើស្បែកឬភ្នាសដែលមានរបួសនោះទេ ព្រោះអាចធ្វើអោយផ្សាខ្លាំង។

      ・ករណីប្រើនៅលើទ្វារមាសស្ត្រីនៅពេលសម្រាលកូន ត្រូវលាងសម្អាតថ្នាំដែលនៅប្រឡាក់ជាប់លើទារកចេញអោយបានឆាប់រហ័ស ជាពិសេសត្រង់ភ្នែក។

      ・ប្រសិនបើអ្នកជំងឺត្រូវប្រើឱសថនេះរយៈពេលយូរនិងក្នុងបរិមាណច្រើន គួរតាមដានមុខងារក្រពេញទីរ៉ូអ៊ីតរបស់អ្នកជំងឺ។

    • សកម្មភាពឱសថ

      ឱសថនេះមានផ្ទុកធាតុអ៊ីយ៉ូត(I2) ដែលធ្វើអុកស៊ីតកម្មជាមួយនឹងទឹកបង្កើតបានជាអ៊ីយ៉ុងH2OI+ ដោយអ៊ីយ៉ុងនេះនឹងទៅភ្ជាប់ជាមួយនឹងប្រូតេអ៊ីនដែលមាននៅលើភ្នាសកោសិការបស់បាក់តេរីឬវីរុសដើម្បីកម្ចាត់មេរោគទាំងនោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp