Potassium L-aspartate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញតម្រូវការសារធាតុប៉ូតាស្យូមនៅក្នុងរាងកាយនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពដូចជា៖

      (1)កំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមដើម្បីបញ្ចុះសម្ពាធឈាម ឱសថអរម៉ូនស្តេរ៉ូអ៊ីត ឱសថបង្កើនសកម្មភាពបេះដូង(Digitoxinជាដើម) ថ្នាំចាក់អាំងស៊ុយលីន ឱសថប្រឆាំងមេរោគមួយចំនួន រយៈពេលយូរជាប់ៗគ្នា

      (2)មានអាការៈស្ពឹកនៅតាមដៃជើងដោយសារការធ្លាក់ចុះទាបនៃកម្រិតប៉ូតាស្យូមក្នុងឈាម

      (3)មានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ រាករូស ការបរិភោគសារធាតុប៉ូតាស្យូមមិនគ្រប់គ្រាន់ និង រយៈពេលក្រោយទទួលការវះកាត់

      (4)អ្នកដែលមានជំងឺបេះដូងនិងស្ថិតក្នុងស្ថានភាពនៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 0.9~2.7g (ថ្នាំម្សៅ50%ត្រូវនឹង 1.8~5.4g) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង3g(ថ្នាំម្សៅ50%ត្រូវនឹង 6g) ទៅតាមរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង 1.71~5.14g (កម្រិតប៉ូតាស្យូម:10~30 mEq) លាយជាមួយទឹកសម្រាប់លាយថ្នាំចាក់ ឬ សេរ៉ូមគ្លុយកូស5% ឬ សេរ៉ូមប្រៃជាដើមដើម្បីពង្រាវអោយបានកំហាប់0.68w/v% (កំហាប់ប៉ូតាស្យូម40mEq/L)ចុះ និងចាក់តាមសរសៃវ៉ែនក្នុងល្បឿនមិនអោយលើសពី8mL/នាទីនោះទេ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 17.1g (កម្រិតប៉ូតាស្យូម:100 mEq)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (មានអាការៈខ្សត់ទឹកនោមដោយបរិមាណទឹកនោមនៅ1ថ្ងៃមុនមានកម្រិតតិចជាង500mL ឬ បរិមាណទឹកនោមនៅមុនពេលប្រើប្រាស់ឱសថនេះមានកម្រិតតិចជាង20mL/ម៉ោង)។

      ・អ្នកដែលមានជំងឺអាឌីសាន់(Addison's disease)។

      ・អ្នកដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់(Hyperkalemia)។

      ・អ្នកដែលមានបញ្ហាផ្នែកដំណើរការឆ្លងកាត់បំពង់អាហារ រួមមាន (1)អ្នកជំងឺដែលមានអាការៈស្ទះនៅបំពង់អាហារ(ដោយសារជំងឺបេះដូងរីកធំ ជំងឺមហារីកបំពង់អាហារ ជំងឺប៉ោងសរសៃឈាមអាកទែរធំនៅក្នុងទ្រូង ជំងឺរលាកបំពង់អាហារដោយសារការច្រាលនៃអាស៊ីត សម្ពាធសង្កត់ទៅលើបំពង់អាហារក្រោយការវះកាត់បេះដូងជាដើម ) (2)អ្នកដែលមានអាការៈស្ទះនៅផ្នែកផ្សេងទៀតនៃបំពង់រំលាយអាហារឬអ្នកជំងឺដែលមានចលនានៃបំពង់រំលាយអាហារចុះខ្សោយ។ (លើកលែងករណីថ្នាំចាក់)

      ・អ្នកដែលមានអាការៈស្ពឹកនៅតាមដៃជើងដោយសារការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថEplerenone។

    • ផលរំខាន

      ផលរំខានរួមមាន បញ្ហាក្រពះពោះវៀន បាត់បង់ចំណង់អាហារ អារម្មណ៍ធ្ងន់នៅចុងដង្ហើម ហ៊ឹងត្រចៀក អារម្មណ៍ក្ដៅក្នុងក្បាល កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង(ស្ពឹកដៃជើងនិងបបូរមាត់ ខ្សោយកម្លាំងសាច់ដុំ ស្ពឹកដៃជើង)។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បេះដូងលោតញាប់ មិនស្រួលក្នុងទ្រូង ឈឺទ្រូង (បញ្ហាមុខងារបញ្ជូនសញ្ញាក្នុងបេះដូង)។

    • អន្តរប្រតិកម្ម

      ・ឱសថEplerenone - អាចធ្វើអោយកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Spironolactone, Triamtereneជាដើម), ឱសថប្រភេទACE inhibitors(Enalapril, Captopril ជាដើម), ឱសថប្រភេទARB(Valsartan, Losartan, Candesartan, Telmisartan ជាដើម), ឱសថប្រភេទNSAIDs(Indometacin ជាដើម), ឱសថប្រភេទβ blockers, ឱសថCiclosporin, ឱសថHeparin, ឱសថDigoxin - អាចធ្វើអោយកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម។

      ・ឱសថប្រឆាំងសកម្មភាពAcetylcholine - អាចធ្វើអោយកើតមានផលប៉ះពាល់ពីPotassium chlorideទៅលើភ្នាសនៃបំពង់រំលាយអាហារ។ (លើកលែងករណីថ្នាំចាក់:)

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ គួរតាមដានបម្រែបម្រួលអេឡិចត្រូឡាយនៅក្នុងឈាម និង បម្រែបម្រួលនៃចង្វាក់បេះដូង(Electrocardiogram)។ ប្រសិនបើមានសញ្ញាណនៃការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ក្នុងករណីថ្នាំចាក់ មិនត្រូវចាក់បញ្ចូលឱសថនេះក្នុងសរសៃឈាមដោយល្បឿនលឿននោះទេ ព្រោះអាចធ្វើអោយមានគ្រោះថ្នាក់គាំងបេះដូង គឺត្រូវបញ្ចូលឱសថនេះតាមរយៈការព្យួរសេរ៉ូម។

    • សកម្មភាពឱសថ

      ឱសថនេះនឹងផ្ដល់ជាអ៊ីយ៉ុងប៉ូតាស្យូមដែលជាអ៊ីយ៉ុងសំខាន់បំផុតមួយនៅក្នុងរាងកាយ។ អ៊ីយ៉ុងប៉ូតាស្យូមមានតួនាទីនៅក្នុងការរក្សាភាពមានលំនឹងរបស់កោសិកា ការបញ្ជូនសញ្ញានៅតាមប្រព័ន្ធសរសៃប្រសាទ ការកន្ត្រាក់នៃបេះដូង ការកន្ត្រាក់នៃសាច់ដុំនៅតាមគ្រោងឆ្អឹងនិងសាច់ដុំរលោង ការរក្សាមុខងារតម្រងនោមអោយមានលក្ខណៈប្រក្រតី ។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp