Potassium chloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំពេញតម្រូវការសារធាតុប៉ូតាស្យូមនៅក្នុងរាងកាយនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពដូចជា (1)កំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមដើម្បីបញ្ចុះសម្ពាធឈាម ឱសថអរម៉ូនស្តេរ៉ូអ៊ីត ឱសថបង្កើនសកម្មភាពបេះដូង(Digitoxinជាដើម) ថ្នាំចាក់អាំងស៊ុយលីន ឱសថប្រឆាំងមេរោគមួយចំនួន រយៈពេលយូរជាប់ៗគ្នា (2)មានអាការៈស្ពឹកនៅតាមដៃជើងដោយសារការធ្លាក់ចុះទាបនៃកម្រិតប៉ូតាស្យូមក្នុងឈាម (3)មានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ រាករូស ការបរិភោគសារធាតុប៉ូតាស្យូមមិនគ្រប់គ្រាន់ និង រយៈពេលក្រោយទទួលការវះកាត់។
- រោគសញ្ញានៃការកើនឡើងកម្រិតបាសនៅក្នុងឈាម(Alkalosis) ដោយសារសារធាតុក្លរធ្លាក់ចុះទាប។
- រោគសញ្ញានៃសារធាតុប៉ូតាស្យូមធ្លាក់ចុះទាបនៅក្នុងឈាម (Hypokalemia)។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំពេញតម្រូវការសារធាតុប៉ូតាស្យូមនៅក្នុងរាងកាយនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពដូចជា (1)កំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមដើម្បីបញ្ចុះសម្ពាធឈាម ឱសថអរម៉ូនស្តេរ៉ូអ៊ីត ឱសថបង្កើនសកម្មភាពបេះដូង(Digitoxinជាដើម) ថ្នាំចាក់អាំងស៊ុយលីន ឱសថប្រឆាំងមេរោគមួយចំនួន រយៈពេលយូរជាប់ៗគ្នា (2)មានអាការៈស្ពឹកនៅតាមដៃជើងដោយសារការធ្លាក់ចុះទាបនៃកម្រិតប៉ូតាស្យូមក្នុងឈាម (3)មានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ រាករូស ការបរិភោគសារធាតុប៉ូតាស្យូមមិនគ្រប់គ្រាន់ និង រយៈពេលក្រោយទទួលការវះកាត់។
- រោគសញ្ញានៃការកើនឡើងកម្រិតបាសនៅក្នុងឈាម(Alkalosis) ដោយសារសារធាតុក្លរធ្លាក់ចុះទាប។
- ប្រើក្នុងការបំពេញបន្ថែមប៉ូតាស្យូមទៅក្នុងសេរ៉ូមអេឡិចត្រូឡាយ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ2~10g (ថ្នាំទឹក10w/v%ត្រូវនឹង20~100mL) បែងចែកជាច្រើនដងក្នុង1ថ្ងៃ ដោយពិសារជាមួយទឹកក្នុងបរិមាណច្រើន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ចំពោះការព្យាបាលរោគសញ្ញានៃសារធាតុប៉ូតាស្យូមធ្លាក់ចុះទាបនៅក្នុងឈាម (Hypokalemia) គេប្រើឱសថប្រភេទមានរយៈពេលសកម្មភាពវែង ដោយលេប1ថ្ងៃ1200mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
- មនុស្សពេញវ័យ:ប្រើ1ដង0.75~3g (កម្រិតប៉ូតាស្យូម10~40mEq) (ថ្នាំចាក់15%ត្រូវនឹង5~20mL) លាយជាមួយទឹកសម្រាប់លាយថ្នាំចាក់ ឬ សេរ៉ូមគ្លុយកូស5% ឬ សេរ៉ូមប្រៃជាដើមដើម្បីពង្រាវអោយបានកំហាប់0.3w/v% (កំហាប់ប៉ូតាស្យូម40mEq/L)ចុះ និងចាក់តាមសរសៃវ៉ែនក្នុងល្បឿនមិនអោយលើសពី8mL/នាទីនោះទេ។
- កុមារ:ជាទូទៅ ត្រូវកំណត់កម្រិតប្រើប្រាស់ទៅតាមមូលហេតុឬកម្រិតនៃកង្វះសារធាតុប៉ូតាស្យូម ប៉ុន្តែ ជាទូទៅ គេប្រើក្នុងកម្រិត1ដង60~380mg (កម្រិតប៉ូតាស្យូម0.8~5mEq) (ថ្នាំចាក់15%ត្រូវនឹង0.4~2.5mL) លាយជាមួយទឹកសម្រាប់លាយថ្នាំចាក់ ឬ សេរ៉ូមគ្លុយកូស5% ឬ សេរ៉ូមប្រៃជាដើមដើម្បីពង្រាវអោយបានកំហាប់0.3w/v% (កំហាប់ប៉ូតាស្យូម40mEq/L)ចុះ និងចាក់តាមសរសៃវ៉ែនក្នុងល្បឿនមិនអោយលើសពី8mL/នាទីនោះទេ។
ករណីប្រើក្នុងការបំពេញបន្ថែមប៉ូតាស្យូមទៅក្នុងសេរ៉ូមអេឡិចត្រូឡាយ ត្រូវប្រើដោយបន្ថែមទៅក្នុងសេរ៉ូមសម្រាប់បំពេញសារធាតុអេឡិចត្រូឡាយ ទៅតាមកម្រិតជាតិទឹកនិងកម្រិតនៃកង្វះសារធាតុអេឡិចត្រូឡាយរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានអាការៈខ្សត់ទឹកនោមឬគ្មានទឹកនោម(បរិមាណទឹកនោមនៅ1ថ្ងៃមុនមានកម្រិតតិចជាង500mL ឬ បរិមាណទឹកនោមនៅមុនពេលប្រើប្រាស់ឱសថនេះមានកម្រិតតិចជាង20mL/ម៉ោង)។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរនិងមានកម្រិតអាសូតក្នុងឈាមខ្ពស់(Azotemia)។
・អ្នកជំងឺអាឌីសាន់(Addison's disease)ដែលមិនទាន់ទទួលការព្យាបាល។
・អ្នកដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់(Hyperkalemia)។
・អ្នកដែលមានបញ្ហាផ្នែកដំណើរការឆ្លងកាត់បំពង់អាហារ រួមមាន (1)អ្នកជំងឺដែលមានអាការៈស្ទះនៅបំពង់អាហារ(ដោយសារជំងឺបេះដូងរីកធំ ជំងឺមហារីកបំពង់អាហារ ជំងឺប៉ោងសរសៃឈាមអាកទែរធំនៅក្នុងទ្រូង ជំងឺរលាកបំពង់អាហារដោយសារការច្រាលនៃអាស៊ីត សម្ពាធសង្កត់ទៅលើបំពង់អាហារក្រោយការវះកាត់បេះដូងជាដើម ) (2)អ្នកដែលមានអាការៈស្ទះនៅផ្នែកផ្សេងទៀតនៃបំពង់រំលាយអាហារឬអ្នកជំងឺដែលមានចលនានៃបំពង់រំលាយអាហារចុះខ្សោយ។ (លើកលែងករណីថ្នាំចាក់:)
・អ្នកដែលមានអាការៈស្ពឹកនៅតាមដៃជើងដោយសារការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថEplerenone។
・អ្នកដែលកំពុងប្រើប្រាស់ឱសថDisulfiram, Cyanamide, Carmofur, Procarbazine hydrochloride។ (ករណីឱសថជាប្រភេទទឹកមានផ្ទុកសារធាតុអាល់កុល)។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ មិនស្រួលក្នុងពោះ រាករូស កន្ទាលត្រអាក ឡើងកន្ទួលក្រហម រមាស់ស្បែក។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺនៅពេលលេប ក្អួតចង្អោរខ្លាំងក្លា ឈឺពោះ ហើមពោះ ក្អួតឈាម ជុះឈាម លាមកពណ៌ខ្មៅ (ស្ទះនៅបំពង់រំលាយអាហារ ដំបៅឬធ្លាយក្រពះពោះវៀន)។ (លើកលែងករណីថ្នាំចាក់)
- វិលមុខ បេះដូងលោតញាប់ ជីពចរខុសប្រក្រតី (បញ្ហាមុខងារបញ្ជូនសញ្ញាក្នុងបេះដូង)។
-
អន្តរប្រតិកម្ម
・ឱសថEplerenone - អាចធ្វើអោយកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថDisulfiram, Cyanamide, Carmofur, Procarbazine hydrochloride - អាចមានប្រតិកម្មជាមួយនឹងសារធាតុអាល់កុលបង្កជាអាការៈផ្សេងៗដូចជាមុខក្រហម សម្ពាធឈាមធ្លាក់ចុះ ចង់ក្អួត ជីពចរដើរញាប់ វិលមុខ ពិបាកដកដង្ហើម មើលមិនសូវច្បាស់ ជាដើម។ (ក្នុងករណីឱសថជាប្រភេទទឹកមានផ្ទុកសារធាតុអាល់កុលតែប៉ុណ្ណោះ)
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងសកម្មភាពAldosteroneក្នុងរាងកាយ (Spironolactone ជាដើម), ឱសថបញ្ចុះទឹកនោមប្រភេទរក្សាកម្រិតប៉ូតាស្យូម(Triamtereneជាដើម), ឱសថAliskiren, ឱសថប្រភេទACE inhibitors(Benazepril, Captopril ជាដើម), ឱសថប្រភេទARB(Valsartan, Losartan, Candesartan, Telmisartan ជាដើម), ឱសថប្រភេទβ-blockers, ឱសថប្រភេទNSAIDs(Indometacin ជាដើម), ឱសថCiclosporin, ឱសថHeparin, ឱសថDigoxin, ឱសថNorethisterone/Ethinylestradiol - អាចធ្វើអោយកម្រិតប៉ូតាស្យូមកើនឡើងខ្ពស់នៅក្នុងឈាម។
・ឱសថប្រឆាំងសកម្មភាពAcetylcholine - អាចធ្វើអោយកើតមានផលប៉ះពាល់ពីPotassium chlorideទៅលើភ្នាសនៃបំពង់រំលាយអាហារ។ (លើកលែងករណីថ្នាំចាក់:)
・ឱសថទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំ (Vecuronium ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថCefmenoxime hydrochloride, Cefoperazone sodium, Cefbuperazone sodium, Cefminox sodium hydrate, Cefmetazole sodium, Latamoxef sodium, Metronidazole - អាចមានប្រតិកម្មជាមួយនឹងសារធាតុអាល់កុលបង្កជាអាការៈផ្សេងៗដូចជាមុខក្រហម ចង់ក្អួត ជីពចរដើរញាប់ បែកញើសច្រើន ឈឺក្បាល ជាដើម (ក្នុងករណីឱសថជាប្រភេទទឹកមានផ្ទុកសារធាតុអាល់កុលតែប៉ុណ្ណោះ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ គួរតាមដានបម្រែបម្រួលអេឡិចត្រូឡាយនៅក្នុងឈាម និង បម្រែបម្រួលនៃចង្វាក់បេះដូង(Electrocardiogram)។ ប្រសិនបើមានសញ្ញាណនៃការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
・ក្នុងករណីថ្នាំចាក់ មិនត្រូវចាក់បញ្ចូលឱសថនេះក្នុងសរសៃឈាមដោយល្បឿនលឿននោះទេ ព្រោះអាចធ្វើអោយមានគ្រោះថ្នាក់គាំងបេះដូង គឺត្រូវបញ្ចូលឱសថនេះតាមរយៈការព្យួរសេរ៉ូម។
-
សកម្មភាពឱសថ
ឱសថនេះជាសារធាតុប៉ូតាស្យូមក្លរ៉ាយ(KCl)ដែលនឹងបំបែកទៅជាអ៊ីយ៉ុងប៉ូតាស្យូមនិងអ៊ីយ៉ុងក្លរនៅក្នុងរាងកាយ។
អ៊ីយ៉ុងប៉ូតាស្យូមមានតួនាទីសំខាន់ណាស់នៅក្នុងរាងកាយ ដូចជា៖
- រក្សាតុល្យភាពនៃសម្ពាធរវាងផ្នែកខាងក្នុងនិងខាងក្រៅនៃកោសិកា។
- ចូលរួមនៅក្នុងប្រតិកម្មសំយោគនិងបំបែកម៉ូលេគុលគ្លីកូជេន(Glycogen)និងប្រូតេអ៊ីន។
- រក្សាមុខងារនៃសាច់ដុំនៅតាមគ្រោងឆ្អឹង សាច់ដុំបេះដូង និង សាច់ដុំរលោនៅតាមក្រពះពោះវៀន។
- បង្កើនសកម្មភាពអង់ស៊ីម និង ធ្វើអោយប្រតិកម្មផ្សេងៗនៅក្នុងកោសិកាមានតុល្យភាពល្អ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp