Pioglitazone hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2 ក្នុងករណីដូចខាងក្រោម៖
・មិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ។
・មិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថស៊ុលហ្វូនីលយូរៀ (Sulfonylureas)។
・មិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថទប់ស្កាត់អាល់ហ្វាគ្លុយកូស៊ីដាស (α-glucosidase inhibitors)
・មិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថបាយក្វាណាយ (Biguanides)
・មិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថអាំងស៊ុយលីន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 15~30mg មុនឬក្រោយបរិភោគអាហារពេលព្រឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ភេទ និងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុ1ថ្ងៃគឺ45mg។
ចំពោះករណីអ្នកជំងឺដែលមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថអាំងស៊ុយលីន ត្រូវលេប1ថ្ងៃ1ដង 15mg នៅមុនឬក្រោយបរិភោគអាហារពេលព្រឹក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ភេទ និងរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុ1ថ្ងៃគឺ30mg។ ចំពោះស្ត្រីនិងមនុស្សចាស់ គួរចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ1ដង 15mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងឬធ្លាប់មានជំងឺខ្សោយបេះដូង។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។
・អ្នកដែលមានជំងឺថ្លើមឬជំងឺតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន អាការៈខ្វះឈាម សម្ពាធឈាមកើនឡើង បេះដូងលោតញាប់ ថប់ទ្រូង មុខក្រហម ឡើងកន្ទួលក្រហម រមាស់ ក្អួតចង្អោរ អារម្មណ៍មិនស្រួលក្នុងក្រពះ ក្រហាយទ្រូង ឈឺពោះ ហើមពោះ រាករូសឬទល់លាមក បាត់បង់ឬកើនចំណង់អាហារ វិលមុខ ឈឺក្បាល ងងុយគេង អស់កម្លាំង ស្ពឹក កើនទម្ងន់ ដង្ហក់ ប៉ះពាល់ភ្នែក។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើម កើនទម្ងន់យ៉ាងឆាប់រហ័ស ដង្ហក់ បេះដូងលោតញាប់ (ជំងឺខ្សោយបេះដូង)
- ហើម កើនទម្ងន់យ៉ាងឆាប់រហ័ស (ជំងឺហើម)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ (មុខងារថ្លើមចុះខ្សោយធ្ងន់ធ្ងរ ខាន់លឿង)
- អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើសទាំងត្រជាក់ ញ័រដៃជើង (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)
- ឈឺ ស្ពឹក រឹងសាច់ដុំនៅដៃនិងជើង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- ឈឺនៅចុងដង្ហើម ចង់ក្អួត លាមកពណ៌ខ្មៅ (ដំបៅក្រពះ)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម), ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម), ឱសថបញ្ចុះខ្លាញ់ប្រភេទFibrates(Bezafibrate, Clofibrateជាដើម), ឱសថWarfarin ជាដើម - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។
・ឱសថAdrenalin(ឬEpinephrine), ឱសថស្តេរ៉ូអ៊ីត(Methylprednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម)។ល។ - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។
・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP2C8(Rifampicinជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPioglitazoneថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។
・ជាទូទៅ ឱសថនេះអាចប្រើនៅមុនឬក្រោយពេលបរិភោគអាហារពេលព្រឹក។
・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ប្រសិនបើមានរោគសញ្ញា ដូចជា ចង់ក្អួត រួយខ្លួន ទឹកនោមប្រែពណ៌លឿងជាដើម ត្រូវពិនិត្យមុខងារថ្លើម។ ម្យ៉ាងទៀត ចាំបាច់ត្រូវធ្វើការពិនិត្យឈាមអោយបាន3ខែម្ដង។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពពង្រឹងសកម្មភាពនៃអរម៉ូនអាំងស៊ុយលីននិងគ្រឿងទទួល(Receptor)របស់អរម៉ូននេះនៅក្នុងរាងកាយ។ អរម៉ូនអាំងស៊ុយលីនជាអរម៉ូនដែលមានតួនាទីបញ្ចុះជាតិស្ករក្នុងឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp