Peplomycin sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឹមហារីកដូចខាងក្រោម៖

      - ជំងឺមហារីកស្បែក

      - ជំងឺមហារីកនៅផ្នែកក្បាលនិងក រួមមាន មហារីកឆ្អឹងចង្កាលើ(Maxillary carcinoma) មហារីកអណ្ដាត មហារីកបបូរមាត់ មហារីកបំពង់ក(Pharyngeal cancer) មហារីកបំពង់សម្លេង(Laryngeal cancer) មហារីកក្រអោមមាត់ជាដើម

      - ជំងឺមហារីកសួត (ប្រភេទSquamous cell carcinoma)

      - ជំងឺមហារីកក្រពេញប្រូស្តាត

      - ជំងឺមហារីកMalignant lymphoma។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ការចាក់តាមសរសៃវ៉ែន:

      មនុស្សពេញវ័យ ប្រើ5mg~10mgលាយនៅក្នុងសូលុយស្យុងអំបិលឬគ្លុយកូសជាដើមបរិមាណប្រហែល5~20mL រួចចាក់ចូលតាមសរសៃវ៉ែនដោយយឺតៗ។

      ・ការចាក់ក្នុងសាច់ដុំ:

      មនុស្សពេញវ័យ ប្រើ5mg~10mgលាយនៅក្នុងសូលុយស្យុងអំបិលជាដើមបរិមាណប្រហែល5mL រួចចាក់ក្នុងសាច់ដុំ។

      ・ការចាក់តាមសរសៃអាកទែ:

      មនុស្សពេញវ័យ ប្រើ5mg~10mgលាយនៅក្នុងសូលុយស្យុងអំបិលជាដើមបរិមាណ3~25mLដែលមានលាយឱសថទប់ស្កាត់កំណកឈាមដូចជាHeparinជាដើម រួចចាក់ចូលតាមសរសៃអាកទែតែម្ដងឬបញ្ចូលជាបន្តបន្ទាប់។

      ・ភាពញឹកញាប់នៃការប្រើប្រាស់ឱសថនេះ:

      ជាទូទៅ គឺ2~3ដងក្នុង1សប្ដាហ៍ ប៉ុន្តែ អាចបង្កើនឬបន្ថយទៅតាមរោគសញ្ញា ដូចជា 1ថ្ងៃ1ដង(ជាប់ៗគ្នា)ឬ1សប្ដាហ៍1ដង។ កម្រិតប្រើប្រាស់ក្នុង1សប្ដាហ៍ ជាទូទៅគឺ20~30mg។

      ・បរិមាណសរុបសម្រាប់ការប្រើប្រាស់ឱសថនេះ:

      ត្រូវបន្តការព្យាបាលរហូតដល់មហារីកបាត់ទៅវិញ ដោយគួរប្រើក្រោមបរិមាណ150mgជាសរុប។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាសួតធ្ងន់ធ្ងរ ឬ អ្នកដែលរកឃើញមានបញ្ហានៅសួតដូចជាក្រិនសួតជាដើមតាមរយៈការពិនិត្យនៅលើរួបភាពវេជ្ជសាស្ត្រដោយកាំរស្មីអ៊ិច។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬសារធាតុស្រដៀងគ្នានេះ(Bleomycin)។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងទទួលការបាញ់វិទ្យុសកម្មទៅលើផ្នែកទ្រូងនិងផ្នែកជុំវិញនោះ។

    • ផលរំខាន

      ផលរំខានរួមមាន ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis) ក្ដៅខ្លួន រលាកក្នុងមាត់(ពងបែកក្នុងមាត់) មិនឃ្លានអាហារ ជ្រុះរោមឬសក់ អស់កម្លាំងពេញខ្លួន ក្អួតចង្អោរ កន្ទួលក្រហមលើស្បែក កន្ទាលត្រអាក ស្នាមក្រហមលើស្បែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម ( ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis))

      - សម្ពាធឈាមចុះទាប រងាញាក់ ក្ដៅខ្លួន ស្មារតីវង្វេងវង្វាន់ ដកដង្ហើមលឺសម្លេងខុសប្លែក ក្អួត (ស្សុក(Shock))។

    • អន្តរប្រតិកម្ម

      ・ការបាញ់វិទ្យុសកម្មទៅលើផ្នែកទ្រូងនិងផ្នែកជុំវិញនោះ - អាចធ្វើអោយកើតមានផលប៉ះពាល់ដល់សរីរាង្គសួត ដូចជា រលាកសួត ក្រិនសួតជាដើម លក្ខណៈធ្ងន់ធ្ងរ ដូច្នេះ មិនត្រូវអនុវត្តរួមគ្នានោះទេ។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយប៉ះពាល់ដល់សួត ដូចជា រលាកសួត ក្រិនសួត ជាដើម។

      ・ការបាញ់វិទ្យុសកម្មទៅលើផ្នែកក្បាល - អាចធ្វើអោយអាការៈរលាកក្នុងមាត់ រលាកគែមមាត់ជាដើម កាន់តែមិនល្អ។ ម្យ៉ាងទៀត អាចបង្កជាអាការៈរលាកបំពង់កនិងសម្លេងស្អក។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានផលរំខានធ្ងន់ធ្ងរប៉ះពាល់សួតរបស់ឱសថនេះ ដូចជា ជំងឺរលាកសួតប្រភេទInterstitial pneumonia និង ជំងឺក្រិនសួត(Pulmonary fibrosis)ជាដើម ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ・គេអាចប្រើឱសថប្រភេទប្រឆាំងហ៊ីស្តាមីន(Antihistamine)ឬឱសថបញ្ចុះកម្ដៅនៅមុនឬក្រោយពេលប្រើឱសថនេះ ដើម្បីបង្កាការកើតមានអាការៈក្ដៅខ្លួន។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពបង្អាក់ដំណើរការសំយោគDNAនិងកាត់ផ្ដាច់ច្រវាក់DNA។ ឱសថនេះមានកម្រិតសកម្មភាពប្រហាក់ប្រហែលគ្នាទៅនឹងឱសថBleomycinដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp