Peginterferon alfa-2b

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ប្រើរួមជាមួយឱសថRibavirin ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ចំពោះអ្នកជំងឺដូចខាងក្រោម:

      (1) អ្នកដែលមានរោគសញ្ញានៃHCV RNAកើនឡើងខ្ពស់នៅក្នុងឈាម។

      (2) អ្នកដែលមិនទទួលបានប្រសិទ្ធិភាពពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង ឬ អ្នកដែលមានរោគសញ្ញារើឡើងវិញម្ដងទៀតបន្ទាប់ពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង។

      - ប្រើរួមជាមួយឱសថRibavirin ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC។

      - ប្រើជាឱសថជំនួយនៅក្រោយពេលវះកាត់ជំងឺមហារីកកោសិកាមេឡានីន(Malignant melanoma)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថអ៊ីនតាហ្វេរ៉ុន(Interferon)ផ្សេងទៀត។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថជីវៈ រួមមាន វ៉ាក់សាំង ជាដើម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថឫសឈើឈ្មោះ Sho-saiko-to។

      ・អ្នកដែលមានជំងឺរលាកថ្លើមដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune hepatitis)។

      ・អ្នកដែលមានជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារថ្លើមបាន(Decompensated liver cirrhosis)។

    • ផលរំខាន

      ផលរំខានរួមមាន ក្ដៅខ្លួន អស់កម្លាំង បាត់បង់ចំណង់អាហារ ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ គេងមិនលក់ ជ្រុះរោមឬសក់ ឡើងកន្ទួលក្រហម រលាកលំពែង(ឈឺពោះ ឈឺផ្នែកចង្កេះនិងខ្នង) រងាញាក់ អស់កម្លាំង ចុះទម្ងន់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia ក្រិនសួត ទឹកដក់ក្នុងសួត)

      - គេងមិនលក់ អារម្មណ៍មិនស្ងប់ អន្ទះអន្ទែង (ជំងឺបាក់ទឹកចិត្ត អារម្មណ៍ចង់សម្លាប់ខ្លួន អារម្មណ៍រីករាយខ្លាំងខុសប្រក្រតី ងាយប្រើអំពើហឹង្សា)

      - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ទឹកនោមផ្អែម)

      - បែកញើស បាត់បង់ចំណង់អាហារ អាការៈខ្វះឈាម (រោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង រួមមាន ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតខុសប្រក្រតី រលាកថ្លើម ជំងឺខ្វះឈាមប្រភេទHemolytic anemia ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត (បញ្ហាថ្លើមធ្ងន់ធ្ងរ)។

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមក្រោមស្បែកនៅតាមដៃជើង ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមឬចំនួនប្លាកែត)

      - លាមកមានឈាម (ហូរឈាមនៅប្រដាប់រំលាយអាហារ)

      - វង្វេងវង្វាន់ មើលឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត (បញ្ហាស្មារតី)

      - ភ្នែកមើលឃើញមិនសូវច្បាស់ មានចំណុចខ្មៅនៅក្នុងគំហើញ (ជំងឺរេទីន)

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis)។

    • អន្តរប្រតិកម្ម

      ・ឱសថឫសឈើឈ្មោះSho-saiko-to - អាចធ្វើអោយកើតមានជំងឺរលាកសួតប្រភេទInterstitial pneumonia។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP1A2(ឱសថTheophylline, ឱសថTizanidine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP2D6(ឱសថMetoprolol, ឱសថAmitriptyline ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថAntipyrine, ឱសថWarfarin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថZidovudine - អាចធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង។

      ・ការព្យាបាលដោយទប់ស្កាត់សកម្មភាពនៃប្រព័ន្ធភាពស៊ាំ - អាចធ្វើអោយប្រសិទ្ធិភាពនៃការព្យាបាលថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ករណីប្រើរួមជាមួយឱសថRibavirin ដើម្បីព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទCឬជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ធ្វើអោយកើតមានជំងឺរលាកសួតប្រភេទ Interstitial pneumonia ឬ ធ្វើអោយអ្នកជំងឺកើតមានអារម្មណ៍ចង់សម្លាប់ខ្លួន។

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ វង្វេង អស់កម្លាំង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលអ៊ីនតាហ្វេរុន(Interferon)ប្រភេទI ដើម្បីជម្រុញការសំយោគសារធាតុផ្សេងៗពីសែននៅក្នុងកោសិកា។ ឱសថនេះប្រើរួមជាមួយឱសថRibavirin ដើម្បីទប់ស្កាត់ការកើនឡើងនៃវីរុសរលាកថ្លើមC ព្រមទាំងជួយអោយរាងកាយអាចកម្ចាត់ចោលនូវវីរុស ធ្វើអោយមុខងារថ្លើមល្អប្រសើរឡើងវិញ។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់ការកើនឡើងនៃកោសិកាមហារីកផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp