Panitumumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកនៅពោះវៀនធំ (Colorectal cancer) ដែលកំពុងវិវត្តឬរើឡើងវិញ ហើយមិនអាចព្យាបាលដោយវះកាត់ នៅក្នុងអ្នកជំងឺដែលមានលក្ខណៈសែនKRAS wild-type។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ ប្រើ2សប្ដាហ៍ម្ដង ដោយក្នុង1ដង ប្រើក្នុងកម្រិត6mg/kg (ទម្ងន់រាងកាយ) តាមរយៈការព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់60នាទី។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន មុនលើស្បែក ស្បែកស្ងួត កន្ទួលក្រហមលើស្បែក រាករូស រមាស់ស្បែក មិនឃ្លានអាហារ ចង់ក្អួត នឿយហត់ រលាកភ្នាសសើម រលាកជុំវិញក្រចក រលាកក្នុងមាត់(ពងបែកក្នុងមាត់) ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើមភ្លាមៗ កន្ទាលត្រអាក សម្ពាធឈាមចុះទាប បាត់បង់ស្មារតី (Infusion reaction)

      - កន្ទួលក្រហមមានលក្ខណៈដូចមុនលើស្បែក ស្បែកស្ងួតឬរលាក (រោគសញ្ញាស្បែកធ្ងន់ធ្ងរ)

      - ក្អកស្ងួត ពិបាកដកដង្ហើម ដង្ហក់ ក្ដៅខ្លួន អស់កម្លាំង (ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត ជាដើម)

      - ឈឺពោះ រាករូស ខ្សោះជាតិទឹក (រាករូសធ្ងន់ធ្ងរ)

      - សាច់ដុំកន្ត្រាក់ ស្ពឹក អស់កម្លាំងពេញខ្លួន (រោគសញ្ញានៃកម្រិតម៉ាញ៉េស្យូម(Mg)ក្នុងឈាមចុះទាប)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។

      ・ស្ត្រីដែលអាចមានផ្ទៃពោះ គួរអនុវត្តវិធីពន្យារកំណើតដែលមានប្រសិទ្ធិភាព ក្នុងអំឡុងពេលប្រើប្រាស់ឬក្រោយពេលបញ្ឈប់ការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់6ខែ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ និង ក្រោយពេលបញ្ឈប់ការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់8ខែ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានinfusion reactionធ្ងន់ធ្ងររបស់ឱសថនេះ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ រោគសញ្ញារួមមាន ទងសួតកន្ត្រាក់ កន្ទាលត្រអាក សម្ពាធឈាមចុះទាប បាត់បង់ស្មារតី ស្ទះសរសៃឈាមបេះដូង បេះដូងឈប់លោត ជាដើម។ រោគសញ្ញាទាំងនេះច្រើនកើតឡើងនៅពេលកំពុងប្រើប្រាស់ឱសថនេះជាលើកដំបូងឬនៅក្នុងអំឡុងពេល1ម៉ោងក្រោយចប់ការបញ្ចូលឱសថនេះ។ ប៉ុន្តែ វាក៏អាចកើតឡើងនៅប៉ុន្មានម៉ោងក្រោយចប់ការបញ្ចូលឱសថឬចាប់ពីការប្រើប្រាស់ជាលើកទី2តទៅដែរ ដូច្នេះ ប្រសិនបើឃើញមានរោគសញ្ញាខាងលើកើតឡើង ត្រូវបញ្ឈប់ការបញ្ចូលឱសថនេះភ្លាមនិងមិនត្រូវប្រើប្រាស់ឱសថនេះទៀតឡើយ។

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសផងដែរចំពោះផលរំខានធ្វើអោយកើតមានជំងឺរលាកសួតប្រភេទInterstitial pneumoniaធ្ងន់ធ្ងរដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ នៅពេលមានរោគសញ្ញានៃជំងឺនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ រួចត្រូវព្យាបាលដោយប្រើឱសថស្តេរ៉ូអ៊ីតជាដើម។

      ・បន្ទាប់ពីបញ្ចូលឱសថនេះ ដើម្បីបង្ការឬកាត់បន្ថយរោគសញ្ញាស្បែកដែលអាចកើតឡើង អ្នកជំងឺគួរអនុវត្តការរក្សាអនាម័យស្បែកនិងព្យាយាមថែរក្សាសំណើមលើស្បែក។ មិនគួរងូតទឹកនឹងទឹកក្ដៅយូរនោះទេ ហើយត្រូវរក្សាសំណើមស្បែកអោយបានគ្រប់គ្រាន់ក្រោយងូតទឹក។ មិនគួរប្រើសាប៊ូដែលភ្ញោចស្បែកខ្លាំងឬដុសខាត់ស្បែកខ្លាំងៗនោះទេ។ គួរការពារស្បែកពីពន្លឺព្រះអាទិត្យនិងចៀសវាងប្រើសម្លៀកបំពាក់ឬស្បែកជើងដែលចង្អៀត។

    • សកម្មភាពឱសថ

      ឱសថនេះជាអង់ទីករប្រភេទMonoclonal antibodyដែលកើតពីបន្សំនៃសែននៅលើIgG2មនុស្ស។ ឱសថនេះមានសកម្មភាពភ្ជាប់ជាពិសេសទៅនឹងEGFRនៅលើកោសិកាដែលមានវត្តមានEGFR ដើម្បីបង្អាក់ដំណើរការបង្កើនចំនួនកោសិកាទាំងនោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp