Pamidronate disodium hydrate = Pamidronic acid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- រោគសញ្ញានៃការកើនឡើងកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាមដោយសារជំងឺមហារីក។
- ការរីករាលដាលនៃជំងឺមហារីកសុដន់ទៅឆ្អឹងលក្ខណៈរលាយកោសិកាឆ្អឹង (ប្រើរួមជាមួយការព្យាបាលដោយគីមី ការព្យាបាលដោយអរម៉ូន ឬ ការព្យាបាលដោយវិទ្យុសកម្ម)
- ជំងឺខ្សោយការផលិតឆ្អឹង(Osteogenesis imperfecta)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・រោគសញ្ញានៃការកើនឡើងកម្រិតកាល់ស្យូមខ្ពស់នៅក្នុងឈាមដោយសារជំងឺមហារីក:
មនុស្សពេញវ័យ:ប្រើតែ1ដងក្នុងកម្រិត30~45mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់4ម៉ោង។ ទុកគម្លាតយ៉ាងហោចណាស់1សប្ដាហ៍ ដើម្បីតាមដានប្រសិទ្ធិភាពឱសថ មុននឹងសម្រេចថាចាំបាច់ត្រូវប្រើឱសថនេះម្ដងទៀត។
・ការរីករាលដាលនៃជំងឺមហារីកសុដន់ទៅឆ្អឹងលក្ខណៈរលាយកោសិកាឆ្អឹង:
មនុស្សពេញវ័យ:ប្រើ1ដង90mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់4ម៉ោង។ បន្តប្រើឱសថនេះរៀងរាល់4សប្ដាហ៍។
・ជំងឺខ្សោយការផលិតឆ្អឹង(Osteogenesis imperfecta):
- កុមារអាយុក្រោម2ឆ្នាំ:ប្រើ1ថ្ងៃ1ដង0.5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់4ម៉ោង។ បន្តប្រើឱសថនេះរយៈពេល3ថ្ងៃជាប់ៗគ្នា និង ទុកគម្លាតរយៈពេល2ខែមុននឹងចាប់ផ្ដើមប្រើសារជាថ្មីម្ដងទៀត។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ60mg។
- កុមារអាយុ2ឆ្នាំ~ក្រោម3ឆ្នាំ:ប្រើ1ថ្ងៃ1ដង0.75mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់4ម៉ោង។ បន្តប្រើឱសថនេះរយៈពេល3ថ្ងៃជាប់ៗគ្នា និង ទុកគម្លាតរយៈពេល3ខែមុននឹងចាប់ផ្ដើមប្រើសារជាថ្មីម្ដងទៀត។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ60mg។
- កុមារអាយុ3ឆ្នាំឡើងទៅ:ប្រើ1ថ្ងៃ1ដង1.0mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់4ម៉ោង។ បន្តប្រើឱសថនេះរយៈពេល3ថ្ងៃជាប់ៗគ្នា និង ទុកគម្លាតរយៈពេល4ខែមុននឹងចាប់ផ្ដើមប្រើសារជាថ្មីម្ដងទៀត។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ60mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។
-
ផលរំខាន
ផលរំខានរួមមាន អាការៈខ្វះឈាម ក្ដៅខ្លួន ឈឺសន្លាក់ ឈឺសាច់ដុំ ឡើងកន្ទួលក្រហម រមាស់ ឈឺក្បាល វិលមុខ ងងុយគេង ការប្រែប្រួលកម្រិតម៉ាញ៉េស្យូម ប៉ូតាស្យូម ផូស្វ័រជាដើមក្នុងឈាម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ដង្ហក់ ពិបាកដកដង្ហើម ដកដង្ហើមលឺសម្លេងខុសប្រក្រតី (រោគប្រតិកម្មធ្ងន់ធ្ងរ)
- បរិមាណទឹកនោមថយចុះ ខ្សត់ទឹកនោម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយ ជំងឺតម្រងនោមNephrotic syndrome ជំងឺរលាកតម្រងនោមប្រភេទInterstitial nephritis)
- គ្មានកម្លាំងនៅសាច់ដុំ សាច់ដុំរួមស្វិត ស្ពឹកម្រាមដៃ (រោគសញ្ញានៃកម្រិតកាល់ស្យូមក្នុងឈាមធ្លាក់ចុះទាប)
- ឈឺចង្កា ធ្មេញរង្គើ ហើមអញ្ចាញធ្មេញ (ជំងឺខូចឆ្អឹងចង្កា រលាកឆ្អឹងចង្កា)
- រលាកនៅត្រចៀកផ្នែកខាងក្រៅ មានទឹករងៃហូរចេញពីត្រចៀក ឈឺត្រចៀក (ជំងឺខូចឆ្អឹងរន្ធត្រចៀក)
- ឈឺនៅភ្លៅឬគល់ភ្លៅ (បាក់ឆ្អឹងឬប្រេះឆ្អឹងភ្លៅ)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទCalcitonin - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមកើនឡើងខ្ពស់ភ្លាមៗ។
・ឱសថCinacalcet - អាចធ្វើអោយកម្រិតកាល់ស្យូមនៅក្នុងឈាមធ្លាក់ចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មុនចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរទទួលការពិនិត្យមាត់ធ្មេញ ហើយប្រសិនបើមានបញ្ហាមាត់ធ្មេញដែលត្រូវការដកធ្មេញឬវះកាត់ អ្នកជំងឺគួរធ្វើការព្យាបាលមាត់ធ្មេញចប់រួចរាល់ជាមុនសិន ព្រោះការដកធ្មេញជាដើមអាចធ្វើអោយផលរំខាននៃឱសថនេះរប៉ះពាល់ដល់ចង្កាងាយនឹងកើតឡើង។ ម្យ៉ាងទៀត អ្នកជំងឺគួររក្សាអនាម័យមាត់ធ្មេញជានិច្ច ព្រមទាំងទទួលការពិនិត្យសុខភាពមាត់ធ្មេញអោយបានទៀងទាត់។
・ឱសថនេះរអាចផ្ដល់រំខានជាអាការៈងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
នៅក្នុងឆ្អឹងមានកោសិកា2ប្រភេទ គឺកោសិកាបំបែកឆ្អឹង និង កោសិកាផលិតឆ្អឹង។ សកម្មភាពនៃឱសថនេះនៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែ មានការស្រាវជ្រាវបង្ហាញថា ឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃវដ្ដអាស៊ីតមេវ៉ាឡូនិច(Mevalonate pathway)និងប្រតិកម្មផ្សេងៗទៀតនៅក្នុងកោសិកាបំបែកឆ្អឹង ធ្វើអោយកោសិកានេះមិនអាចធ្វើសកម្មភាពរំលាយឆ្អឹងបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp