Paclitaxel
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកជាច្រើនប្រភេទ ដូចជា៖
- ជំងឺមហារីកក្រពេញអូវែរ
- ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma
- ជំងឺមហារីកសុដន់
- ជំងឺមហារីកក្រពះ
- ជំងឺមហារីកតួស្បូន
- ជំងឺមហារីកនៅផ្នែកក្បាលនិងកដែលរើឡើងវិញឬឆ្លងទៅផ្នែកផ្សេងទៀតនៃរាងកាយ
- ជំងឺមហារីកបំពង់អាហារដែលរើឡើងវិញឬឆ្លងទៅផ្នែកផ្សេងទៀតនៃរាងកាយ
- ដុំសាច់មហារីកកើតពីកោសិកាសរសៃឈាម(Angiosarcoma)
- ជំងឺមហារីកកស្បូន
- ជំងឺមហារីកកោសិកាអំប្រ៊ីយ៉ុង(Germ cell tumors)(មហារីកក្រពេញពងស្វាស មហារីកក្រពេញអូវែរ មហារីកជាលិកាក្រៅពីក្រពេញភេទ)ដែលរើឡើងវិញឬពិបាកព្យាបាល។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
+ វិធីA: ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 210mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល3ម៉ោង។ បន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់3សប្ដាហ៍។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។
+ វិធីB: ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 100mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ អនុវត្ត1ដងក្នុង1សប្ដាហ៍ រយៈពេល6សប្ដាហ៍ជាប់ៗគ្នា បន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។
+ វិធីC: ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 80mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ អនុវត្ត1ដងក្នុង1សប្ដាហ៍ រយៈពេល3សប្ដាហ៍ជាប់ៗគ្នា (1វដ្ដ)។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។
+ វិធីD: ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 135mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល24ម៉ោង។ បន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់3សប្ដាហ៍។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។
+ វិធីE: ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ថ្ងៃ1ដង 80mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង។ អនុវត្ត1ដងក្នុង1សប្ដាហ៍ រយៈពេល3សប្ដាហ៍ជាប់ៗគ្នា បន្ទាប់ពីនោះ ត្រូវផ្អាកការប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍។ បន្តអនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។
- ករណីព្យាបាលជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma និង ជំងឺមហារីកតួស្បូន: ប្រើប្រាស់វិធីA។
- ករណីព្យាបាលជំងឺមហារីកសុដន់: ប្រើប្រាស់វិធីA ឬ វិធីB។
- ករណីព្យាបាលជំងឺមហារីកក្រពេញអូវែរ: ប្រើប្រាស់វិធីA ឬ ប្រើរួមជាមួយឱសថCarboplatinដោយប្រើប្រាស់វិធីC។
- ករណីព្យាបាលជំងឺមហារីកក្រពះ: ប្រើប្រាស់វិធីA ឬ វិធីE។
- ករណីព្យាបាលជំងឺមហារីកកោសិកាអំប្រ៊ីយ៉ុង(Germ cell tumors)(មហារីកក្រពេញពងស្វាស មហារីកក្រពេញអូវែរ មហារីកជាលិកាក្រៅពីក្រពេញភេទ)ដែលរើឡើងវិញឬពិបាកព្យាបាល: ប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកផ្សេងទៀត ដោយប្រើប្រាស់វិធីA។
- ករណីព្យាបាលជំងឺមហារីកនៅផ្នែកក្បាលនិងកដែលរើឡើងវិញឬឆ្លងទៅផ្នែកផ្សេងទៀតនៃរាងកាយ ជំងឺមហារីកបំពង់អាហារដែលរើឡើងវិញឬឆ្លងទៅផ្នែកផ្សេងទៀតនៃរាងកាយ និង ជំងឺដុំសាច់មហារីកកើតពីកោសិកាសរសៃឈាម(Angiosarcoma): ប្រើប្រាស់វិធីB។
- ករណីព្យាបាលជំងឺមហារីកកស្បូន: ប្រើរួមជាមួយឱសថCisplatin ដោយប្រើប្រាស់វិធីD។
អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងឱសថនេះ ឬ សារធាតុPolyoxyethylene castor oil(ករណីមានផ្ទុកសារធាតុនេះក្នុងឱសថ)។
・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងធ្លាក់ចុះធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានជំងឺឆ្លង។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថ:Disulfiram, Cyanamide, Carmofur, Procarbazine hydrochloride (ករណីមានផ្ទុកជាតិអាល់កុលក្នុងឱសថ)។
-
ផលរំខាន
ផលរំខានរួមមាន ញាណនៅដៃជើងចុះខ្សោយ ឈឺសន្លាក់ ឈឺសាច់ដុំ ក្អួតចង្អោរ ជ្រុះរោមឬសក់ ក្ដៅខ្លួន ឡើងកន្ទួលក្រហម បញ្ហាក្រចក បញ្ហាជីវ្ហាវិញាណ វិលមុខ អស់កម្លាំង រាករូសឬទល់លាមក បាត់បង់ចំណង់អាហារ ដំបៅក្នុងមាត់ រលាកច្រមុះនិងបំពង់ក ទម្ងន់ធ្លាក់ចុះឬកើនឡើង សម្ពាធឈាមកើនឡើង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ឈឺទ្រូង សម្ពាធឈាមធ្លាក់ចុះ ជីពចរលឿនឬយឺតខុសប្រក្រតី ក្ដៅមុខ ហើម បែកញើសទាំងត្រចៀក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន រងាញាក់ ឈឺបំពង់ក ក្អក ឈឺពេលនោម ងាយហូរឈាម ឈាមក្រកក អាការៈខ្វះឈាម(ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ស្ពឹកដៃជើង មិនអាចធ្វើការងារដែលប្រើចុងម្រាមបាន (ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទដៃជើង)
- ក្ដៅខ្លួន ឈឺក្បាល ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis))
- មានអាការៈពិបាកដកដង្ហើមភ្លាមៗ(ជំងឺAcute respiratory distress syndrome)
- បេះដូងលោតញាប់ ដង្ហក់ ឈឺទ្រូង ពិបាកដកដង្ហើម (ស្ទះសរសៃឈាមបេះដូងឬខួរក្បាល មុខងារបញ្ជូនសញ្ញាបេះដូងមានបញ្ហា ស្ទះកំណកឈាមក្នុងសួត រលាកសរសៃឈាមដោយមានកំណកឈាម ទឹកក្នុងសួត)
- ពិបាកស្ដាប់លឺ ហ៊ឹងត្រចៀក
- ឈឺពោះខ្លាំង បត់ជើងមានឈាម (ហូរឈាមឬដំបៅនៅតាមបំពង់រំលាយអាហារ)
- ឈឺពោះខ្លាំង រាករូស (រលាកពោះវៀនធ្ងន់ធ្ងរ)
- បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ទល់លាមកខ្លាំង ឈឺពោះ ហើមពោះ (ស្ទះពោះវៀន ពោះវៀនស្ពឹក)
- ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមថយចុះ)
- ឈឺផ្នែកខាងលើនៃពោះខ្លាំង (រលាកលំពែង)
- នោមមិនចេញ នោមមានឈាម (មុខងារតម្រងនោមថយចុះ)
- ក្តៅខ្លួន ស្នាមក្រហមរាងមូលលើស្បែក រាករូស អាការៈដូចរលាកស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ងាយហូរឈាម ឈាមក្រកក (ជំងឺDisseminated intravascular coagulation syndrome, DIC)
- បរិមាណទឹកនោមថយចុះ (បណ្ដុំរោគសញ្ញាដោយសារការងាប់កោសិកាមហារីកច្រើនក្នុងរយៈពេលខ្លី(Tumor lysis syndrome))
- វិលមុខពេលដើរ ជាប់អណ្ដាត ភ្លេចភ្លាំង កាយវិការយឺតៗ (ជំងឺLeukoencephalopathy)។
-
អន្តរប្រតិកម្ម
・ឱសថDisulfiram, Cyanamide, Carmofur, Procarbazine hydrochloride(ករណីមានផ្ទុកជាតិអាល់កុលក្នុងឱសថ) - ជាតិអាល់កុលអាចប្រតិកម្មជាមួយឱសថទាំងនេះ បង្កអោយមានផលប៉ះពាល់ផ្សេងៗ ដូចជា មុខក្រហម ក្អួតចង្អោរ សម្ពាធឈាមធ្លាក់ចុះ ជីពចរលោតញាប់ វិលមុខ ពិបាកដកដង្ហើម មើលមិនសូវច្បាស់ ។ល។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងងាយកើតឡើង។
・ឱសថCisplatin - អាចធ្វើអោយផលរំខានដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រាសាទដៃជើងងាយកើតឡើង។ ករណីប្រើរួមគ្នា គួរប្រើឱសថPaclitaxelនៅមុនពេលប្រើCisplatin និងត្រូវតាមដានអាការៈរបស់អ្នកជំងឺអោយបានដិតដល់។
・ឱសថDoxorubicin hydrochloride - អាចធ្វើអោយផលរំខានដែលប៉ះពាល់ដល់មុខងារបេះដូងងាយកើតឡើង។ ករណីប្រើរួមគ្នា គួរប្រើឱសថPaclitaxelនៅក្រោយពេលប្រើDoxorubicin និងត្រូវតាមដានអាការៈរបស់អ្នកជំងឺអោយបានដិតដល់។
・វិតាមីនA, ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Miconazole ជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolides(Erythromycin, Clarithromycin ជាដើម), អរម៉ូនប្រភេទស្តេរ៉ូអ៊ីត(Ethinylestradiolជាដើម), ឱសថបញ្ចុះសម្ពាធឈាមCalcium antagonistsប្រភេទDihydropyridine(Nifedipineជាដើម), Ciclosporin, Verapamil, Quinidine, Midazolam, Phenacetin, Lapatinib tosilate hydrate - អាចធ្វើអោយផលប៉ះពាល់ដល់មុខងារខួរឆ្អឹងងាយកើតឡើង។
・ឱសថCefmenoxime hydrochloride, Cefoperazone sodium, Cefbuperazone sodium, Cefminox sodium hydrate,
Cefmetazole sodium, Latamoxef sodium, Metronidazole - ឱសថទាំងនេះអាចមានប្រតិកម្មជាមួយជាតិអាល់កុល ក្នុងករណីឱសថPaclitaxelមានផ្ទុកជាតិអាល់កុល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើនិងក្រោយឈប់ប្រើឱសថនេះមួយរយៈ។
-
ការប្រុងប្រយ័ត្នជាពិសេស
・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើនិងក្រោយឈប់ប្រើឱសថនេះមួយរយៈ ព្រោះសារធាតុឱសថអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអាការៈបណ្ដាលមកពីផលប៉ះពាល់ទៅលើខួរឆ្អឹងនិងអាការៈប្រតិកម្មធ្ងន់ធ្ងរ ព្រោះផលប៉ះពាល់ទាំងនេះអាចមានគ្រោះថ្នាក់ដល់ជីវិត។ ជាទូទៅ ដើម្បីបង្ការអាការៈប្រតិកម្មធ្ងន់ធ្ងរ គេអនុវត្តការធ្វើតេស្តដោយប្រើឱសថDexamethasone, Ranitidine, Famotidine, Diphenhydramine។ សូមពិនិត្យព័ត៌មានបន្ថែមអំពីការអនុវត្តនេះ។
・ករណីឱសថនេះមានផ្ទុកជាតិអាល់កុល វាអាចបង្កជាអាការៈងងុយគេងឬវិលមុខ ដូច្នេះ ក្រោយទទួលឱសថនេះ អ្នកជំងឺមិនគួរបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់នោះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទៅលើMicrotubuleនៅក្នុងកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួននិងកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp